រញ្ជួយដីកម្រិតធ្ងន់នៅតួកគី និងស៊ីរី សម្លាប់មនុស្សជាង៤០០០នាក់ ខណៈជាច្រើននាក់ផ្សេងទៀតរងរបួស

អ្នករួចផុតជីវិតពីគ្រោះរញ្ជួយដី ឈរមើលទទៅ​គំនរ​បាក់បែក ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​បន្ទាប់​ពី​រញ្ជួយ​ដី​នៅ Hatay ប្រទេស​តួកគី កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ (REUTERS/Umit Bektas)

គិតមកទល់ពេលនេះ រញ្ជួយដីកម្រិតធ្ងន់បានវាយប្រហារ​ប្រទេស​តួកគី និ​ង​ប្រទេសស៊ីរី​ ដែលចាប់ផ្ដើមតាំងពីថ្ងៃចន្ទម្សិលមិញ​ បាន​សម្លាប់​មនុស្ស​ជាង ៤ ០០០ នាក់ និងរាប់រយនាក់ផ្សេងទៀត​រង​របួស ខណៈ​អគារជាច្រើនបានដួលរលំ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

ការរញ្ជួយដីកម្រិត ៧,៨ រិចទ័រ បានវាយប្រហារប្រទេសទាំងពីរនេះកាលពីព្រឹកថ្ងៃចន្ទ ដោយបានធ្វើឱ្យអគារជាច្រើនដួលរលំ និងបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ផ្សេងទៀតរងរបួស ឬគ្មានផ្ទះសម្បែង។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រោះអាសន្នរបស់តួកគី (AFAD) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ខ្លួនថា មនុស្សជិត ៨ ០០០នាក់ ត្រូវបានជួយសង្គ្រោះពីអគារចំនួន ៤ ៧៥៨ ដែលត្រូវបានបំផ្លាញ។

ប្រមុខ​ AFAD លោក យូនុស សេហ្សឺ (Yunus Sezer) បាននិយាយថា មនុស្សចំនួន២ ៩២១នាក់បានស្លាប់នៅក្នុងប្រទេសតួកគី ខណៈការរញ្ជួយដីនៅតែបន្តអង្រួនតំបន់។ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះរញ្ជួយដីអឺរ៉ុប (EMSC) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥,៦រិចទ័រ បានវាយប្រហារភាគកណ្តាលនៃប្រទេសតួកគី នៅថ្ងៃអង្គារនេះ។

ងាកមកប្រទេសស៊ីរី យ៉ាងហោចណាស់មនុស្សចំនួន ១ ៤៤៤ នាក់បានស្លាប់ និងប្រហែល ៣ ៥០០នាក់បានរងរបួស។ នេះបើយោងតាមតួលេខរបស់រដ្ឋាភិបាលក្រុងដាម៉ាស (Damascus) និងក្រុមអ្នកជួយសង្គ្រោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ