មនុស្សពីរនាក់ត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង ពីបទបន្លំខ្លួនធ្វើជាសមត្ថកិច្ច និងកំហែងយកប្រាក់ពីអ្នកដទៃ

សាលាដំបូងខេត្តបាត់ដំបង។ (ហ៊ុយ ឧស្សាហ៍/ VOD)

សមត្ថកិច្ច​ខេត្ត​បាត់ដំបង​ ចាប់​ខ្លួន​មនុស្ស​ពីរ​នាក់ដែលជាបងប្អូននឹងគ្នា​ ពី​បទបន្លំខ្លួន​​ធ្វើជាសមត្ថកិច្ច និង​កំហែងយក​ប្រាក់​ពី​អ្នក​ដទៃ។

លោក អ៊ឹម កុសល អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ឈ្មោះ ឯម សុវិសាល និង​ឈ្មោះ ឯម​ សុវិសេដ្ឋ នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង។ លោក អ៊ឹម កុសល មិន​បាន​បញ្ជាក់​ថា​ពួក​គេបន្លំខ្លួន​​ធ្វើ​ជា​មន្ត្រី​កម្រិត​ណានោះ​ទេ ប៉ុន្តែ​បាន​អះអាង​ថា​មាន​ជន​រងគ្រោះ​មក​ប្តឹង​សមត្ថកិច្ច​ ដោយ​អះអាង​ថា​ បុគ្គលទាំងពីរនេះ​បាន​កំហែងយក​ប្រាក់​រាប់​ពាន់​ដុល្លារ​ពី​ពួកគេ។

លោក អ៊ឹម កុសល បាន​បន្ត​ថា បុគ្គល​ទាំង​ពីរនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្តបាត់ដំបង ហើយ​នឹង​ត្រូវសាកសួរដោយ​សាលា​ដំបូង​ខេត្ត​បាត់ដំបង។

លោក អ៊ឹម កុសល បានមានប្រសាសន៍ថា៖ «យើងពិបាកដឹងថាតើពួកគេកំហែងយកប្រាក់ប៉ុន្មានដង ពីព្រោះយើងមិនមានពាក្យបណ្ដឹងពីជនរងគ្រោះផ្សេងទៀត ហើយនេះគឺជាពាក្យបណ្ដឹងដំបូង ដូច្នេះយើងចាត់វិធានការ។ ហើយយើងសង្ឃឹមថា ប្រសិនបើជនរងគ្រោះផ្សេងទៀតដាក់ពាក្យបណ្តឹង នោះសមត្ថកិច្ចនឹង​មាន​ភស្តុតាង​បន្ថែម»។

យោងតាមការ​បង្ហោះ​តាមបណ្ដាញសង្គម​ហ្វេសប៊ុក​របស់​នគរបាល​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី៦ ខែកុម្ភៈ ​បានអះអាង​ថា ​បុគ្គលទាំង​ពីរនេះ​បានបន្លំខ្លួន​​ធ្វើជាសមត្ថកិច្ច​ ដោយ​មិន​បាន​បញ្ជាក់​ថា​ពួកគេបន្លំខ្លួន​​ធ្វើជា​មន្ត្រី​កម្រិត​ណា​ទេ។​

លោក អ៊ឹម កុសល បាននិយាយថា ឈ្មោះ ឯម សុវិសាល និង ឯម​ សុវិសេដ្ឋ ជាប់ពាក់ព័ន្ធនឹងករណីមួយផ្សេងទៀតនៅខេត្តពោធិសាត់ ប៉ុន្តែលោកឱ្យអ្នករាយការណ៍ព័ត៌មានទៅសួរក្រសួងព័ត៌មាន សម្រាប់ព័ត៌មានលម្អិតអំពីការចាប់ខ្លួនបុគ្គលទាំងពីរនេះនៅខេត្តពោធិ៍សាត់។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហោះអំពីករណីនេះ កាលពីថ្ងៃទី៥ ខែកុម្ភៈ ដោយនិយាយថា បុគ្គលទាំងពីរនេះជាបងប្អូននឹងគ្នា ដែលធ្លាប់ត្រូវបាននគរបាលខេត្តពោធិ៍សាត់ឃាត់ខ្លួន។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​​ចោទ​ប្រកាន់​ថា​បានបន្លំខ្លួន​​ក្នុងតួនាទីមួយចំនួន ​ដូច​ជា អ្នក​កាសែត មន្ត្រីនគរបាល​សេដ្ឋកិច្ច​របស់​ក្រសួង​មហាផ្ទៃ មន្ត្រី​នាយកដ្ឋាន​ព្រៃ​ឈើ និង​
មន្ត្រី​ក្រសួង​ព័ត៌មាន។

​លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើហ្វេសប៊ុកថា៖​ «​ពួកគេ​បន្ត​កំហែងយក​ប្រាក់​ពី​អ្នក​ដទៃ ហើយ​រូបភាព​របស់​ពួកគេ​ត្រូវ​បាន​បង្ហោះ​នៅលើបណ្តាញសង្គម​ហ្វេសប៊ុក ​ព្រោះ​ពួកគេ​ត្រូវ​បាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ឃាត់ខ្លួន។ កាល​ពី​ម្សិល​មិញ នគរបាលខេត្ត​បាត់ដំបង ​បាន​ចាប់​ខ្លួន​ពួក​គេ​ ពាក់​ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​ឈ្មោះ​អ្នក​ដទៃ​ដើម្បី​កំហែងយកប្រាក់​ពី​ប្រជាពលរដ្ឋ»។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក ផុស សុវណ្ណ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​អំពី​ករណី​នេះ​ទេ។

យោងតាមវិទ្យុបាយ័ន អ្នកសារព័ត៌មានចំនួន៥នាក់ រួមទាំងឈ្មោះ ឯម សុវិសាល និងឈ្មោះ ឯម​ សុវិសេដ្ឋ ត្រូវបាននគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនពីបទកំហែងយកប្រាក់ពីប្រជាពលរដ្ឋក្នុងតំបន់។

ប្រភពដដែលបន្តថា បុគ្គលទាំងពីរនេះក៏បានគំរាមគ្រួសារនៅភូមិបំណាក់ ស្រុកក្រគរ ដែលទុកឈើនៅក្រោមផ្ទះ ដោយអះអាងថា ខ្លួនជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Brothers Arrested for Impersonating Officials, Extortion

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ