កម្ពុជាផ្ដល់ជំនួយ ១០ម៉ឺនដុល្លារ ដល់តួកគីក្រោយរងគ្រោះរញ្ជួយដី

ពលរដ្ឋរងគ្រោះ ដើរ​កាត់​អគារ​បាក់​រលំ​ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​នៅ Kahramanmaras ប្រទេស​តួកគី កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។ (REUTERS/Cagla Gurdogan)

រដ្ឋាភិបាលកម្ពុជា​ ប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគីដែលកំពុងទទួលរងគ្រោះរញ្ជួយដីបណ្តាលឱ្យមនុស្សជាច្រើនពាន់នាក់បាត់បង់ជីវិត។ រដ្ឋាភិបាលអះអាងថា ជំនួយមនុស្សធម៌នេះ គឺដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី៨ ខែកុម្ភៈ លើកឡើងថា កម្ពុជា មានក្ដីរន្ធត់បន្ទាប់ពីបានទទួលព័ត៌មានអំពីសោកនាដកម្មនៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីនៅខេត្តភាគអាគ្នេយ៍នៃសាធារណរដ្ឋតួកគី។

សេចក្តីថ្លែងការណ៍បន្តថា ការផ្តល់ជំនួយមនុស្សធម៌នេះ គឺក្នុងស្មារតីមិត្តភាពជិតស្និទ្ធ សាមគ្គីភាព និងចូលរួមជួយសម្រាលទុក្ខលំបាករបស់រដ្ឋាភិបាលតួកគី។

កាលពីថ្ងៃទី៦ ខែកុម្ភៈ គ្រោះរញ្ជួយដីកម្រិត ៧,៨ រិចទ័រ បានធ្វើឱ្យអគាររាប់ពាន់ រួមទាំង មន្ទីរពេទ្យ សាលារៀន ដួលរលំ ហើយមនុស្សរាប់ម៉ឺននាក់រងរបួស និងបានធ្វើឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតគ្មានផ្ទះសម្បែង នៅក្នុងប្រទេសតួកគី និងភាគខាងជើងប្រទេសស៊ីរី។

គិតមកដល់ថ្ងៃទី៨ ខែកុម្ភៈនេះ ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគី បានកើនឡើងដល់ ៥ ៨៩៤នាក់ និងជាង ៣៤ ០០០នាក់បានរងរបួស រីឯនៅក្នុងប្រទេសស៊ីរី ចំនួនអ្នកស្លាប់កើនដល់ប្រមាណ១ ៩៣២នាក់។

ទោះជាយ៉ាងណា នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស មិនបានឃើញបញ្ជាក់អំពីការផ្តល់ជំនួយមនុស្សធម៌ទៅដល់ប្រទេសស៊ីរីនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ