រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានជំរុញឱ្យមានកិច្ចសហការជាសកល និងការផ្ទេរបច្ចេកវិទ្យា និងបច្ចេកទេសកាន់តែមានប្រសិទ្ធភាព ជាពិសេសពីបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ទៅកាន់ប្រទេសដែលមានការអភិវឌ្ឍតិចតួច ដើម្បីកិច្ចគាំពារបរិស្ថាន និងដោះស្រាយបញ្ហាកាកសំណល់។
ការជំរុញនេះបានធ្វើឡើងនៅក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា នៅសណ្ឋាគារសុខា ខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងបណ្តាប្រទេសចំនួន៣៩ ក្នុងនោះ រួមមាន មន្ត្រីរដ្ឋាភិបាល ទីភ្នាក់ងារអន្តរជាតិ ទីភ្នាក់ងារជំនួយ វិស័យឯកជន គ្រឹះស្ថានស្រាវជ្រាវ អង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានាផ្សេងទៀត សរុបប្រមាណជាង ៤០០នាក់។
ក្នុងវេទិកានេះមានការជជែកពាក់ព័ន្ធនឹងគោលនយោបាយ ការផ្តល់ការគាំទ្រទៅលើ 3R (ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញនូវសំណល់រឹងនិងប្លាស្ទិក) ការចែករំលែកនូវចំណេះដឹងព័ត៌មាន ការផ្តល់នូវជំនួយបច្ចេកទេសឱ្យគ្នាទៅវិញទៅមក ក៏ដូចជាបទពិសោធនានាដល់សមាជិក ព្រមទាំងរឹតបន្តឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់គោលការណ៍ 3R។
រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃប្រទេសកម្ពុជា លោក សាយ សំអាល់ បានថ្លែងក្នុងវេទិកានេះថា ស្របពេលដែលតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាតំបន់មួយដែលមានកំណើនសេដ្ឋកិច្ច និងថាមពល បញ្ហាកាកសំណល់ រួមទាំងសំណល់ប្លាស្ទិក ក៏មានការកើនឡើងច្រើនផងដែរ ដែលតម្រូវឱ្យធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាទាំងនោះឱ្យមានប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ លោកថា ប្រទេសកម្ពុជា បានប្រឈមនឹងបញ្ហាបរិស្ថានថ្មីៗ ដូចជា កាកសំណល់ ការបំពុល និងការបាត់បង់នូវលក្ខណៈធម្មជាតិ រួមជាមួយនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ ដែលទាមទារឱ្យមានដំណោះស្រាយថ្មីៗ និងកាន់តែមានភាពទូលំទូលាយជាងមុន។
ករណីនេះ លោករំពឹងថា លទ្ធផលនៃវេទិកានេះនឹងជួយឱ្យមានកំណែទម្រង់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងកាកសំណល់ ការបំពុល និងភាពវិលជុំនៃការប្រើប្រាស់ និងការកែច្នៃនូវធនធានឡើងវិញ ដើម្បីសម្រេចបាននូវសង្គមដែលគ្មានកាកសំណល់ និងគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោក សាយ សំអាល់ បន្តថា៖ «សម្រាប់ការធ្វើបដិវត្តកម្មសម្រាប់សង្គមដែលពុំមានការសំណល់ អ្វីដែលយើងត្រូវការគឺសាមគ្គីភាពជាសកល កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមុន ព្រមទាំងការផ្ទេរនូវបច្ចេកវិទ្យាដែលមានប្រសិទ្ធភាព ជាពិសេសពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដល់ប្រទេសដែលកំពុងមានការអភិវឌ្ឍតិចតួច បើសិនយើងចង់ឆ្លើយតបទៅនឹងបញ្ហាសកលបន្ទាន់ ហើយនិងធ្វើការសង្គ្រោះដល់ផែនដីរបស់យើងនោះ»។
អនុរដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃប្រទេសជប៉ុន លោក Shigeki Kobayashi បានថ្លែងថា ការគ្រប់គ្រងកាកសំណល់ ជាបញ្ហាសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ ហើយដោយផ្អែកលើបច្ចេកវិទ្យា និងការគ្រប់គ្រងសំណល់នេះដែរ ប្រទេសជប៉ុន បានគាំទ្រទៅលើការកែលម្អលើការគ្រប់គ្រងកាកសំណល់នៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់។
លោកថា៖ «តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី យើងនឹងបន្តការគាំទ្ររបស់យើង ហើយក៏ដូចជាធ្វើការសម្របសម្រួល ការផ្លាស់ប្តូរក្នុងការរៀបចំនូវសេដ្ឋកិច្ចចក្រាថ្នាក់ជាតិនៅក្នុងប្រទេសនីមួយៗ […] ខ្ញុំសូមឱ្យភាគីពាក់ព័ន្ធទាំងអស់បង្កើតនូវភាពជាដៃគូដ៏រឹងមាំនៅទីនេះ ដើម្បីពង្រឹងនូវគោលការណ៍ 3R និងសេដ្ឋកិច្ចចក្រា នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ផ្សេងៗទៀត»។
ប្រធានប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Alissar Chaker មានប្រសាសន៍ថា ទន្ទឹមនឹងការកើនឡើងនូវនគរូបនីយកម្ម និងស្របពេលដែលប្រជាពលរដ្ឋកាន់តែច្រើនធ្វើចំណាកស្រុកពីតំបន់ជនបទទៅកាន់ទីក្រុង ការប្រឈមផ្នែកបរិស្ថាន សង្គម និងសេដ្ឋកិច្ច ក៏មានការកើនឡើងផងដែរ បូករួមទាំងការកើនឡើងនូវកាកសំណល់។ លោកស្រីបន្តថា ការបំពុលដោយប្លាស្ទិកបានក្លាយទៅជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សុខភាពសាធារណៈ និងការរស់នៅរបស់ប្រជាពលរដ្ឋ ដែលករណីនេះទាមទារឱ្យមានការផ្លាស់ប្តូរនូវឥរិយាបថនៃការប្រើប្រាស់ធនធាន និងសម្ភារ ដើម្បីការពារនូវបរិស្ថាន សុវត្ថិភាព និងសុខុមាលភាពសម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយ។
លោកស្រីបន្ថែមថា៖ «យើងក៏ទន្ទឹងរង់ចាំការបន្តភាពជាដៃគូ និងការសហការរបស់យើងជាមួយតួអង្គពាក់ព័ន្ធទាំងអស់ ដែលមានវត្តមាននៅទីនេះ [វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា] នៅថ្ងៃនេះ ដើម្បីការផ្លាស់ប្តូរដ៏រលូន និងយូរអង្វែងទៅកាន់សេដ្ឋកិច្ចវិលជុំនៅកម្ពុជា»។
បើតាមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា នៅកម្ពុជា មានកាកសំណល់ប្រមាណជាង ១ម៉ឺនតោន ត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ ក្នុងនោះមានសំណល់ពី ៦០ទៅ៦៥ភាគរយ ជាសំណល់សរីរាង្គ, ២០ភាគរយជាសំណល់ប្លាស្ទិក និងប្រមាណ ១០ភាគរយ ជាសំណល់រឹង។ លោកបន្តថា សំណល់ដែលត្រូវបង្កើតឡើង គឺមានត្រឹម ៦០ភាគរយ ត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ខណៈការដកហូតយកមកកែច្នៃឡើងវិញ មានចន្លោះពី ១០ទៅ ១៥ភាគរយ ប៉ុណ្ណោះ។
លោក នេត្រ ភក្ត្រា បានឱ្យដឹងផងដែរថា ការអនុវត្តនូវគោលការណ៍ 3R និងសេដ្ឋកិច្ចចក្រាឬសេដ្ឋកិច្ចវិលជុំ ដោយកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ គឺជាផ្នែកមួយដើម្បីធានាឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។
លោកថា៖ «ហើយការអនុវត្តនូវគោលការណ៍ 3R និងសេដ្ឋកិច្ចចក្រានេះ មិនមែនត្រឹមតែធ្វើឱ្យមានការការពារនូវបរិស្ថាននោះទេ ប៉ុន្តែគោលការណ៍នេះក៏បានចូលរួមនៅក្នុងការសម្រេចបាននូវគោលការណ៍អភិវឌ្ឍន៍ដោយចីរភាព ដែលយើងបានកំណត់ដែរ ដូចជា ពាក់ព័ន្ធនឹងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ពាក់ព័ន្ធជាមួយគុណភាពទឹក គុណភាពបរិស្ថាន ហើយនិងផាសុកភាព ហើយជាពិសេសនោះ គឺពាក់ព័ន្ធជាមួយនឹងសុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់យើង ការរស់នៅ ហើយនិងការធ្វើឱ្យមាននិរន្តរភាពនិងការពារបាននូវភពផែនដី»។
កាលពីដើមឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព» ដោយដាក់បញ្ជូលកិច្ចការថែរក្សាបរិស្ថាន ដើម្បីគ្រប់គ្រងសំរាម ថែរក្សាអនាម័យ បរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ។ តាមរយៈគោលនយោបាយថ្មីនេះ រដ្ឋាភិបាលកម្ពុជារំពឹងថានឹងជំរុញឱ្យមានការដោះស្រាយបញ្ហាកាកសំណល់គ្រប់ប្រភេទ នៅទូទាំងប្រទេស។
គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព» ក៏បានតម្រូវឱ្យអាជ្ញាធរពាក់ព័ន្ធ រៀបចំវេទិកាសាធារណៈ យ៉ាងហោចណាស់មួយដងក្នុងមួយខែ ដើម្បីទទួលយកសំណើរបស់ប្រជាពលរដ្ឋ និងជំរុញឱ្យអាជ្ញាធរដោះស្រាយបញ្ហានានាដែលកើតមានក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស៕