កម្ពុជាប្ដេជ្ញាទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី៨០ម៉ឺននាក់ទៅ១លាននាក់នៅឆ្នាំ២០២៣

កម្ពុជារៀបចំការទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរចិន ១២៥នាក់ ដែលមកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបញ្ជាក់ថា នេះជាជើងហោះហើរពីប៉េកាំងមកភ្នំពេញឡើងវិញលើកទី១ ក្រោយរដ្ឋាភិបាលចិនបើកឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។ (ហ្វេសប៊ុក៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia)

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា ឆ្នាំ២០២៣នេះ កម្ពុជានឹងខិតខំប្រឹងប្រែងទាក់ទាញ​ភ្ញៀវទេសចរចិនឱ្យបានចន្លោះពី ៨០ម៉ឺននាក់ ទៅ ១លាននាក់ ដោយរំពឹងថាចាប់ពីខែមីនា ឆ្នាំនេះទៅ ភ្ញៀវទេសចិន​មកលេងកម្សាន្តនៅកម្ពុជានឹងមានការកើនឡើងជាលំដាប់។

ថ្លែងក្នុងឱកាសទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរចិន ១២៥នាក់ ដែលមកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា បន្ទាប់ពីការមកដល់របស់ភ្ញៀវទេសចរចិនលើកដំបូងនេះ កម្ពុជានឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី ៨០ម៉ឺននាក់ ទៅ ១លាននាក់ ក្នុងឆ្នាំ២០២៣​។

ទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ ​នៅថ្ងៃទី៨ ខែកុម្ភៈ បានឱ្យដឹងថា ភ្ញៀវទេសចរចិនជាង១០០នាក់ដែលមកកម្ពុជានេះ គឺជាជើងហោះហើរពីប៉េកាំង មកភ្នំពេញ ឡើងវិញ លើកទី១ ក្រោយពីរដ្ឋាភិបាលចិនបើកឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។

ប្រភពដដែលបានស្រង់ប្រសាសន៍របស់លោក ថោង ខុន ដោយនិយាយថា ភ្ញៀវទេសចរចិនដែលចុះមកកាលពីថ្ងៃ​ទី៧ ខែកុម្ភៈ​ គឺមានចំនួន ១២៥នាក់ អ្នកខ្លះមកដើរលេងតាមរយៈក្រុមហ៊ុនទេសចរណ៍ និងមកដើរលេងជាមួយមិត្តភក្តិធម្មតាខ្លះ។ ប្រតិបត្តិការហោះហើរនេះធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Air China ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋចិន។

ទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ បានសរសេរថា៖ «ឯកឧត្ដមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរឱ្យបានត្រឹមត្រូវ ខណៈទីផ្សារទេសចរចិន គឺជាទីផ្សារធំសម្រាប់តែកម្ពុជា និងពិភពលោក»។

លោក ថោង ខុន បានបន្ថែមទៀតថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ក៏នឹងមានជើងហោះលើកដំបូងពីគួនមីង មកសៀមរាប និងពីសៀងហៃ មកសៀមរាប ដែលនឹងប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះមានសុទិដ្ឋិនិយមថា ការធ្វើដំណើរទេសចរចិនមកកម្ពុជានឹងកើនឡើងជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣​។

ក្រសួងទេសចរណ៍បន្តថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាទើបទទួលបានទេសចរអន្តរជាតិប្រមាណ៤០ម៉ឺននាក់ ក្នុងនោះក៏មានទេសចរចិនប្រមាណ ២៥ ០០០នាក់ដែរ។ ចំនួននេះ ក្រសួងថាមានការកើនឡើង ៩០១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងខែមករានោះដែរ ជើងហោះហើរដែលចូលមកដល់កម្ពុជាមានចំនួនសរុប ១ ៦៤៨ជើង ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបាន១ ១៧៨ជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ