អនុប្រធានបក្សភ្លើងទៀន អះអាងថា គណបក្សនឹងប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សនៅជិតថ្ងៃបោះឆ្នោត ដោយថាបេក្ខភាពដែលត្រូវជ្រើសរើសអាចជាបុគ្គលនៅក្នុង ឬបុគ្គលចូលរួមជាមួយបក្ស គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចឱ្យប្រជាពលរដ្ឋជឿទុកចិត្ត។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានប្រាប់វីអូឌីនៅថ្ងៃពុធថា គណបក្សភ្លើងទៀន មិនទាន់បានកំណត់ ឬជ្រើសរើសបុគ្គលដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅឡើយទេ ខណៈបេក្ខជនឈរជាតំណាងរាស្ត្រមកដល់ពេលនេះ គណបក្សភ្លើងទៀនក៏នៅមិនទាន់រៀបចំនោះដែរ។
លោកបញ្ជាក់ថា បច្ចុប្បន្ន គណបក្សភ្លើងទៀន កំពុងរៀបចំគោលនយោបាយ និងពង្រឹងសមត្ថភាព ព្រមទាំងសកម្មភាពសកម្មជននៅថ្នាក់មូលដ្ឋាន ដើម្បីទាក់ទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋ អំឡុងពេលឃោសនាបោះឆ្នោតខាងមុខ។
ចំណែកបេក្ខភាពនាយករដ្ឋមន្ត្រីវិញ លោកថា គណបក្សនឹងប្រកាសនៅពេលជិតបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខនេះ។
លោកមានប្រសាសន៍ថា៖ «ធម្មតា យើងនឹងជ្រើសរើសបុគ្គលនៅក្នុងគណបក្សដែលមានលក្ខណៈសម្បត្តិឱ្យប្រជាពលរដ្ឋអាចជឿទុកចិត្តបាន ថាគាត់មានចំណេះ ជំនាញ មានបទពិសោធ មានលក្ខណៈសម្បត្តិយល់ដឹងអំពីការគ្រប់គ្រងបានត្រឹមត្រូវ ច្បាស់លាស់ ដើម្បីពេលដែលយើងប្រកាសទៅ គឺថាពលរដ្ឋអាចមានជំនឿថា អ្នកនោះអាចនឹងស័ក្តិសមជាអ្នកដឹកនាំ ឱ្យពួកគាត់បានទទួលក្ដីសង្ឃឹមកើត។ ដូច្នេះយើងកំពុងពិនិត្យរៀបចំគោលនយោបាយឱ្យបានរួចរាល់សិន មុននឹងយើងគិតថាតើអ្នកណាក្នុងចំណោមអ្នកដឹកនាំ ឬក៏អាចមានអ្នកណាដែលនឹងមកចូលរួមជាមួយនឹងគណបក្សភ្លើងទៀនថ្មីទៀត ដែលមានលក្ខណៈសម្បត្តិដូចជាយើងចង់បាននោះ»។
គណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រ៊ាង សុំមិនធ្វើអត្ថាធិប្បាយ ដោយថា រឿងនេះទុកឱ្យថ្នាក់ដឹកនាំជាអ្នកសម្រេច។
លោកថា៖ «ខ្ញុំអត់ទាន់ហ៊ាននិយាយទេ ដោយសារមានបញ្ហា ហើយស្ថានការណ៍នយោបាយមានការរឹតត្បិត ដូចព្រឹត្តិការណ៍ចាប់ឯកឧត្ដមអនុប្រធាន ថាច់ សេដ្ឋា ដាក់គុក ដាក់អីហ្នឹង»។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញកត្តាចំនួន ២ ដែលនាំឱ្យគណបក្សភ្លើងទៀន មិនទាន់ប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងនោះ លោកថា មកពីគណបក្សនេះមិនទាន់មើលឃើញបុគ្គលលេចធ្លោ និងមានការគាំទ្រពីប្រជាពលរដ្ឋ បន្ទាប់ពីលោក សម រង្ស៊ី ដែលជាអ្នកបង្កើតគណបក្សនេះ។
កត្តាមួយទៀត អាចមកពីគណបក្សភ្លើងទៀន បារម្ភពីការធ្វើទុក្ខបុកម្នេញណាមួយមុនការបោះឆ្នោត ខណៈបច្ចុប្បន្ន ថ្នាក់ដឹកនាំគណបក្សចំនួន ២រូប កំពុងជាប់បណ្ដឹងនៅតុលាការផងដែរ។
លោកយល់ថា គណបក្សភ្លើងទៀន មានការគាំទ្រច្រើនមិនអាស្រ័យទៅលើបេក្ខភាព ឬឥស្សរជននយោបាយទេ ផ្ទុយទៅវិញ វាអាស្រ័យទៅគោលនយោបាយគណបក្ស និងភាពស្មោះត្រង់ ព្រមទាំងឆន្ទៈពិតប្រាកដ និងដឹកនាំតាមគន្លងប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋបានផ្ដល់ការជឿទុកចិត្ត។
លោកបន្តថា៖ «ប្រជាពលរដ្ឋសង្ឃឹមគាត់អាចធ្វើកិច្ចការបាន តាមរយៈគោលនយោបាយបក្ស ឬតាមសន្យារបស់បក្ស ក៏ប៉ុន្តែហេតុដែលខ្ញុំលើកឡើង វាមិនសូវសំខាន់ ដោយសារគណបក្សភ្លើងទៀនហាក់ដូចជាមិនទាន់បង្ហាញកម្លាំងបានច្រើន ដែលអាចសង្ឃឹមយកតំណែងនាយករដ្ឋមន្ត្រីទេ។ បើអាចប្រកាសបេក្ខភាពទៅឈរឈ្មោះនៅក្នុងសភា អាហ្នឹងវាសមជាង អនុប្រធានសភាទី២ និងទី១ អាហ្នឹងអាចធ្វើឱ្យប្រជាពលរដ្ឋជឿជាក់ជាង។ យើងមើលពីកម្លាំងពីការគាំទ្ររបស់គណបក្សភ្លើងទៀន តាមរយៈការបោះឆ្នោតឃុំសង្កាត់ មិនទាន់បានលទ្ធភាពទទួលបានដូចគណបក្សសង្គ្រោះជាតិផង»។
លោកថា៖ «គណបក្សសង្គ្រោះជាតិ ក៏មិនទាន់បានទទួលបានសំឡេងច្រើន ដែលអាចឈ្នះការបោះឆ្នោតធ្វើជានាយករដ្ឋមន្ត្រី រៀបចំរដ្ឋាភិបាលទេ បើយើងមើល។ គណបក្សភ្លើងទៀន បច្ចុប្បន្ននេះ បើយើងមើលទៅ កម្លាំងនៃការរៀបចំដូចជានៅខ្សោយ នៅតិចជាងកម្លាំងគណបក្សសង្គ្រោះជាតិ ដែលយើងមើលធៀបគ្នា។ ហើយបរិយាកាសនយោបាយក៏មិនល្អដូចឆ្នាំ២០១៧។ ហើយម្យ៉ាងទៀត សេរីភាពនៃការប្រកួតប្រជែង ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏វាខុសពីឆ្នាំ២០១៧ដែរ»។
គិតមកដល់ពេលនេះ ថ្នាក់ដឹកនាំភ្លើងទៀនចំនួន ២រូប កំពុងជាប់បណ្ដឹងនៅតុលាការ។ ក្នុងនោះ មានអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ជាប់បណ្ដឹងនៅតុលាការ «រឿងបរិហារកេរ្តិ៍» ដែលប្ដឹងដោយគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងការរិះគន់បញ្ហាការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០២២។
ចំណែកអនុប្រធានគណបក្សភ្លើងទៀនមួយរូបទៀត គឺលោក ថាច់ សេដ្ឋា ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្រោមបទចោទប្រកាន់ថា «ចេញសែកអត់មានលុយ ឬហៅថាសែកស្អុយ»។
ដោយឡែក លោក គង់ គាំ ក៏បានប្រកាសលាលែងពីតួនាទីឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសមិនប្ដឹងលោកទៅតុលាការ ក្រោយពីលោក គង់ គាំ និងភរិយា ប្រគល់ដី និងផ្ទះដែលគ្រប់គ្រងរាប់សិបឆ្នាំ ត្រលប់ទៅឱ្យក្រសួងការបរទេសវិញ៕