សង្គមស៊ីវិល និងបក្សជំទាស់ រំពឹងថាវត្តមានប្រធានាធិបតីអាល្លឺម៉ង់មកកម្ពុជានឹងជួយឱ្យស្ថានភាពធូរស្រាលមុនការបោះឆ្នោត

ប្រធានាធិបតី​អាឡឺម៉ង់ លោក Frank-Walter Steinmeier នៅវិមាន Bellevue ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៣។ ( Emmanuele Contini/NurPhoto via REUTERS)

សង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោត និងបក្សជំទាស់ រំពឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអាល្លឺម៉ង់មកកម្ពុជា នឹងជួយសម្រួលស្ថានភាពមុនការបោះឆ្នោតនៅកម្ពុជាឱ្យធូរស្រាលវិញ។​

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស លើកឡើងថា ការចូលរួមពីប្រទេសជាម្ចាស់ហត្ថលេខី ព្រមទាំងសហភាពអឺរ៉ុប សុទ្ធតែបានដើរតួនាទីជួយសម្រួលស្ថានភាពនយោបាយការបរទេសកម្ពុជា។

ក្រៅពីនោះ លោកមានសុទិដ្ឋិនិយមថា ទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លីម៉ង់នាពេលនេះ ក៏អាចជាចំណុចមួយជួយជំរុញភាពត្រូវរ៉ូវគ្នានៃស្ថានភាពនយោបាយកម្ពុជាដែរ ខណៈកន្លងទៅសហភាពអឺរ៉ុប ក្នុងនោះក៏មានអាល្លឺម៉ង់ តែងចេញសាររួមគ្នាជំរុញឱ្យមានការស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោក កន សាវាង្ស ថា៖ «បញ្ហាពាក់ព័ន្ធនឹងការបោះឆ្នោតហ្នឹងច្បាស់ជាមានការលើកឡើងហើយ តែគ្រាន់តែថាក្នុងកម្រិតណាមួយនៅក្នុងកិច្ចការបរទេស ដែលគេបានជ្រើសរើសយកមកជជែកហ្នឹង។ យើងនឹងតាមដានទាំងអស់គ្នាបន្តទៅទៀត។ […] ហើយខ្ញុំសង្ឃឹមថានឹងមានសេណារីយ៉ូថ្មីមួយនៅក្នុងដំណើរការសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ហ្នឹង គឺថាអាចឈានទៅរកភាពប្រសើរ បើសិនជាមានការសម្របសម្រួលជជែកណាមួយអំពីបញ្ហាទាំងអស់ហ្នឹងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា»។

អ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា ថ្លែងថា ដំណើរទស្សនកិច្ចនេះអាចនឹងជជែកពីការរឹតចំណងការទូតរវាងប្រទេសកម្ពុជា-អាល្លឺម៉ង់ ខណៈកម្ពុជាស្ថិតក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលនេះស៊ីចង្វាក់នឹងយុទ្ធសាស្រ្តរបស់អាល្លឺម៉ង់ដែលចង់វិនិយោគក្នុងតំបន់នេះ ស្របពេលបច្ចុប្បន្នកម្ពុជាកំពុងមានឥទ្ធិពលផ្នែកវិស័យការទូតផងដែរ។ លោកថា ពួកគេក៏អាចនិយាយពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ និងមនុស្សធម៌នៅកម្ពុជាដែរ។

ក្រៅពីនេះ លោកជឿថា អាល្លឺម៉ង់អាចនឹងជជែកពីបញ្ហាសិទ្ធិមនុស្សជាមួយរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិល ព្រោះប្រទេសនេះប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ បើទោះជាយ៉ាងណា លោកយល់ថា ស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជាអាចមិនប្រែប្រួលទេ ព្រោះអាល្លឺម៉ង់ហាក់មិនសូវមានឥទ្ធិពលប៉ុន្មានទេលើផ្នែកទាំងនេះនៅកម្ពុជា បើទោះគេជាសមាជិករបស់សហភាពអឺរ៉ុបក៏ដោយ។

លោក វណ្ណ ប៊ុនណា ថា៖ «ហេតុផលដែលធ្វើឱ្យដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់មកកម្ពុជាហ្នឹង មិនអាចមានស្ថានភាពធូរស្រាលមុនការបោះឆ្នោតនេះ គឺដោយសាររដ្ឋាភិបាលកម្ពុជា គឺគាត់មានយុទ្ធសាស្រ្តរួចហើយក្នុងការឆ្លើយតបទៅសម្ពាធបរទេស។ អ៊ីចឹងទៅ ជាយុទ្ធសាស្រ្តរបស់បក្សកាន់អំណាច គឺគាត់មិនដែលធ្វើទៅតាមជាការចង់បានរបស់ប្រទេសមហាអំណាចនានា ឬទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យនោះទេ។ អ្វីដែលគាត់ផ្តោតសំខាន់ គឺធ្វើយ៉ាងម៉េចឱ្យយុទ្ធសាស្រ្តនយោបាយរបស់គាត់បានជោគជ័យ ហើយអាចរក្សាកាន់អំណាចបន្តទៀតបាន។ ទាក់ទងនឹងមតិសាធារណៈរបស់មហាអំណាច ពួកគាត់អាចនឹងស្តាប់ ប៉ុន្តែពួកគាត់មិនធ្វើតាមទេ»។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ និយាយថា លោកមិនទាន់ទទួលបានព័ត៌មានពីការណាត់ជួបណាមួយពីអ្នកតំណាងរបស់អាល្លឺម៉ង់នៅឡើយ។

បើទោះជាយ៉ាងនេះក្តី លោកថា បើមានឱកាសបានជួប បក្សជំទាស់មួយនេះនឹងអំពាវនាវឱ្យអាល្លឺម៉ង់ជួយជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យត្រលប់មករកស្ថានភាពល្អប្រសើរ។

លោក គីមសួរ ភីរិទ្ធ ថា៖ «សុំឱ្យគេពិនិត្យឡើងវិញអំពីដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺនៅមុនការបោះឆ្នោតនេះ ដើម្បីធ្វើម៉េចឱ្យបរិយាកាសនយោបាយហ្នឹងវាល្អប្រសើរ ដើម្បីធានាដល់ការបោះឆ្នោតមួយដែលសេរី យុត្តិធម៌ និងត្រឹមត្រូវ ហើយគ្រប់គណបក្សនយោបាយអាចធ្វើសកម្មភាពដោយគ្មានការគំរាមកំហែងនិងអំពើហិង្សា នេះគឺជាបំណងយើង។ ប្រហែលជាសង្គមស៊ីវិលក៏គេអាចនឹងគិតគូរពាំនាំអំពីបញ្ហានេះផងដែរ»។

សម្រាប់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន យល់ថា ការលើកឡើងរបស់សង្គមស៊ីវិល និងគណបក្សជំទាស់ ដែលថា ទស្សនកិច្ចនេះនឹងអាចធ្វើឱ្យស្ថានភាពមុនការបោះឆ្នោតមានភាពល្អប្រសើរឡើងវិញ គឺគ្រាន់ជាការទស្សន៍ទាយរបស់ពួកគេដើម្បីធ្វើឱ្យកងរំពងប៉ុណ្ណោះ។

លោកថា ការជួបជាមួយសង្គមស៊ីវិល គឺជារឿងធម្មតាទេ ព្រោះអាល្លឺម៉ង់មានទំនាក់ទំនងគាំទ្រអង្គការក្រៅរដ្ឋាភិបាលដែរ។ ក្រៅពីនោះ បើសួរនាំរឿងការបោះឆ្នោត ពួកគេអាចនឹងសួរក្រសួងការបរទេសកម្ពុជាពីរឿងនេះបន្តិចបន្តួចទេ។

លោក ផៃ ស៊ីផាន ថា៖ «គាត់ក៏សួរក្រសួងការបរទេស សួរយ៉ាងតិចតួចបំផុត “តើការបោះឆ្នោតប្រព្រឹត្តទៅយ៉ាងម៉េចដែរ?” សុំសម្របសម្រួលអី! ជាភាសាការទូតទេ អាហ្នឹងនោះ។ គេអត់មានសិទ្ធិមកបង្ខំឱ្យខ្មែរធ្វើអញ្ចេះធ្វើអញ្ចុះទេ។ អាហ្នឹងបើយើងនិយាយឱ្យដល់ន័យ»។

លោក ផៃ ស៊ីផាន ទទួលស្គាល់ថា កន្លងមក អាល្លឺម៉ង់ពិតជាបានគាំទ្រកម្ពុជាច្រើន ដូចជា ពង្រឹងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ពង្រឹងមន្ត្រីព័ត៌មាន និងក្រុម Politik Café ជាដើម។

យ៉ាងណា លោកបង្ហើបថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានដំណើរទស្សនកិច្ចមួយទៅកាន់ប្រទេសឡាវ និងវៀតណាម ដែលនេះ លោកមិនដឹងថាដំណើរនេះអាចជួនគ្នានឹងកាលបរិច្ឆេទរបស់ប្រធានាធិបតីអាល្លឺម៉ង់មកកម្ពុជា ឬយ៉ាងណាទេ។

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ អះអាងថា លោកមិនបានដឹងទេ ថាតើភាគីអាល្លឺម៉ង់មានណាត់ជួបជាមួយថ្នាក់ដឹកនាំកម្ពុជារូបណាខ្លះរួចហើយឬនៅ ខណៈមិនដឹងដូចគ្នាថាដំណើរទស្សនកិច្ចនេះមានរបៀបវារៈសម្រាប់ជជែកអ្វីខ្លះដែរ។ លោកប្រាប់ឱ្យអ្នកសារព័ត៌មានសួរទៅអ្នកនាំពាក្យក្រសួងការបរទេសវិញ។

វីអូឌី បានទាក់ទងជាច្រើនលើកទៅកាន់លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈនេះ ប៉ុន្តែលោកមិនលើកទូរសព្ទ។

ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier គ្រោងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងជួបពិភាក្សាជាមួយមេដឹកនាំនយោបាយកម្ពុជា និងតំណាងសង្គមស៊ីវិលដទៃទៀតនៅរាជធានីភ្នំពេញ។ ក្រៅពីនោះ លោកក៏នឹងសិក្សាដោយផ្ទាល់អំពីស្ថានភាពបច្ចុប្បន្ននៃកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីនដែលអាល្លឺម៉ង់កំពុងគាំទ្រ និងអំពីការងារជួសជុលដែលកំពុងធ្វើឡើងនៅបរិវេណប្រាសាទអង្គរវត្ត។ លោកប្រធានាធិបតី ក៏នឹងទៅមើលទីតាំងមួយរំឭកដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហមផងដែរ។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ចាត់ទុកថា នេះជាកំណត់ត្រាប្រវត្តិសាស្ត្រមួយដែលថ្នាក់ដឹកនាំកំពូលរបស់អាល្លឺម៉ង់មកទស្សនកិច្ចនៅកម្ពុជា ខណៈកន្លងទៅ មានថ្នាក់ដឹកនាំអាល្លឺម៉ង់ខ្ពស់បំផុតត្រឹមរដ្ឋមន្ត្រីការបរទេសប៉ុណ្ណោះ។

លោកស្រីយល់ថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ប្រាកដជាមានការលើកឡើងនូវបរិបទនយោបាយ និងស្ថានភាពប្រជាធិបតេយ្យមិនខាន ព្រោះអាល្លឺម៉ង់ជាប្រទេសគាំទ្រលទ្ធិប្រជាធិបតេយ្យ។ លោកស្រីបន្តថា ត្រង់ចំណុចថា វត្តមានប្រធានាធិបតីអាល្លឺម៉ង់នៅកម្ពុជាអាចនឹងធ្វើឱ្យស្ថានភាពមុនការបោះឆ្នោតមានភាពប្រសើរឬអត់នោះ គឺអាស្រ័យលើឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជាខ្លួនឯងដែលត្រូវដោះស្រាយបញ្ហាជាតិ។

លោកស្រី ចក់ សុភាព បញ្ជាក់ថា៖ «រដ្ឋាភិបាលក៏ធ្លាប់លើកឡើងថា មិនមានប្រទេសណាជ្រៀតជ្រែកទេ។ ប៉ុន្តែខ្ញុំយល់ថា រឿងគេជ្រៀតជ្រែក មិនជ្រៀតជ្រែក ជារឿងមួយហើយ ​ប៉ុន្តែសំខាន់រឿងស្ថានភាពសិទ្ធិមនុស្សប្រសើរ ឬការបោះឆ្នោតដោយសេរី និងយុត្តិធម៌ហ្នឹង ក៏វានឹងអាស្រ័យលើឆន្ទៈរបស់រដ្ឋាភិបាលខ្លួន​ឯងដែរ។ អ៊ីចឹងខ្ញុំយល់ថា រាល់ជំនួបសំខាន់ៗរបស់បរទេសហ្នឹង​នឹងអាចមានការលើកឡើង ប៉ុន្តែនៅទីបំផុតហ្នឹង គឺរដ្ឋាភិបាលខ្លួនឯងទេដែលត្រូវមានទំនួលខុសត្រូវ ក្នុងការជំរុញ និងបង្ហាញឱ្យសាធារណជនទាំងអស់បានឃើញថា ខ្លួនបានអនុលោមតាមគោលការណ៍សិទ្ធិមនុស្សទាំងអស់ដែលខ្លួនបានទទួលស្គាល់»។

ជាការកត់សម្គាល់ នេះជាលើកទីមួយហើយដែលប្រធានាធិបតីអាល្លឺម៉ង់ គ្រោងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា លោកប្រធានាធិបតីនឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៥ ខែកុម្ភៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ