អ្នកជំនាញពិភាក្សាពី​ការបង្កើតភាពស៊ីសង្វាក់គ្នា ដើម្បីសម្រេចគោលដៅ​SDG និង​កិច្ចព្រមព្រៀង​​ទីក្រុង​ប៉ារីស​ស្តី​ពី​​ការ​ប្រែ​ប្រួល​​អាកាស​ធាតុ

មន្ត្រីជំនាញ​មកពីក្រសួងបរិស្ថាន​នៃបណ្តាប្រទេស​ក្នុងតំប់អាស៊ី និងប៉ាស៊ីហ្វិក បានពិភាក្សា​គ្នា លើការ​​​​បង្កើតភាពស៊ីសង្វាក់គ្នា ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) និង​កិច្ចព្រមព្រៀងទីក្រុង ប៉ារីស ស្តីពី​ ការប្រែប្រួលអាកាសធាតុ តាមរយៈសេដ្ឋកិច្ចចក្រា ឬសេដ្ឋកិច្ច​វិល​ជុំ។

កិច្ចពិភាក្សានេះ បានធ្វើឡើង​នៅក្នុង​វេទិកា​ថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣​នេះ នៅសណ្ឋាគារ​សុខា ខេត្តសៀមរាប។

រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួង​បរិស្ថានកម្ពុជា លោក​ នេត្រ ភក្ត្រា មាន​ប្រសាសន៍​​ថា មន្ត្រីជំនាញបច្ចេកទេស មកពីបណ្តាប្រទេសនានា រួមនឹងអង្គការដៃគូបានជជែកពិភាក្សាយ៉ាងផុសផុល ដើម្បីពិនិត្យលើបញ្ហាដែលបានជួបប្រទះ និងដំណោះស្រាយ។

លោកបន្តថា ក្នុងវេទិកានេះ វាគ្មិនមកពីក្រសួងបរិស្ថានកម្ពុជា វៀតណាម អូស្ត្រាលី ហ្វីលីពីន អង្គការយូនីដូបានធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗមួយចំនួន ដើម្បីជជែកពិភាក្សា ក្នុងនោះ​រួមមាន ជីវសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងវិលជុំ នៅក្នុងរបៀបវារៈអាកាសធាតុ និងកាលានុវត្តន៍ភាព វិថីទៅកាន់អព្យាក្រឹត្យកាបូន តួនាទីរបស់សេដ្ឋកិច្ចចក្រា កាតាលីករសកម្ម​ភាព​រួមសម្រាប់សហគ្រាសធុនតូច និងមធ្យម​នាំទៅរកការផ្លាស់ប្តូរកាបូនទាប យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា និង​ផែនទីបង្ហាញផ្លូវរបស់កម្ពុជាក្នុងការប្រើ​ប្រាស់ និង​ផលិត​ភាព​ប្រកបដោយនិរន្តរភាព រួមទាំង​យុទ្ធសាស្ត្រសេដ្ឋកិច្ចចក្រា និងផែនការសកម្មភាពនានាជាដើម​។

លោកបន្តថា គ្រប់គ្នា​​បានឯកភាពគ្នាថា ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចចក្រា ឬសេដ្ឋកិច្ចវិលជុំ​ គឺចាំបាច់ត្រូវសម្រេច​បាន​ទាំង​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និងគោលដៅផ្នែកការប្រែប្រួលអាកាសធាតុ ដែលបានព្រមព្រៀងដោយសហគមន៍អន្តរជាតិ និងដើម្បីជួយកសាងសេដ្ឋកិច្ចពិភពលោកឡើងវិញ។ បណ្តា​ប្រទេសនានាបានបង្ហាញពីភាពចាំបាច់នៃសមត្ថភាព​ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។

លោក នេត្រ ភក្ត្រា បានលើកឡើងថា កម្ពុជាបានរៀបចំយុទ្ធសាស្ត្រសេដ្ឋកិច្ចចក្រា ដើម្បីជួយឱ្យប្រសើរឡើងនូវទិដ្ឋភាព​ជាច្រើននៃ​សេដ្ឋកិច្ច និងសង្គម និងការសម្រេច​បាននូវនិរន្តរភាពបរិស្ថាន ដោយការលើកកម្ពស់ការប្រើប្រាស់ថាមពល និងធនធានសម្ភារៈឱ្យកាន់តែមានប្រសិទ្ធភាព ខណៈពេលកម្ពុជា កំពុងកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់ធនធានហួសកម្រិត និងការបង្កើតកាកសំណល់។

គួរបញ្ជាក់ថា វេទិកា​ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោម​ប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ច​ចក្រាទៅក្នុងការអភិវឌ្ឍ​លើគ្រប់វិស័យ​ឆ្ពោះទៅ​សម្រេច​បាន​សង្គមគ្មានសំណល់​ និងគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព ដោយមានការ​ចូលរួមពីតំណាងបណ្តាប្រទេស​ចំនួន​៣៩​ សរុបប្រមាណ ៥០០នាក់៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ