ក្រសួង​​​នឹង​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​ ​ក្រោយ​​បញ្ជូន​​​មនុស្ស​ចេញ​អស់​ ​​​

មណ្ឌលសង្គមកិច្ចព្រៃស្ពឺ។ (លីកាដូ)

ក្រសួងសង្គមកិច្ចអះអាងពីការចាប់ផ្ដើមកំណត់អត្តសញ្ញាណ​​ជនអនាថា និងក្រុមមនុស្សផ្សេងទៀតដែលកំពុងរស់នៅក្នុងមណ្ឌលព្រៃស្ពឺ ដើម្បីបញ្ជូនពួកគេទៅកាន់មណ្ឌលនានា​ និងទៅកាន់ស្រុកកំណើត ហើយ​មណ្ឌលព្រៃស្ពឺ​នេះនឹងអាចបិទតែម្តង ក្នុងករណី​បញ្ជូន​មនុស្សចេញ​អស់​។​​ ​

​​ការលើកឡើងរបស់ក្រសួងនេះ​ ក្រោយ​​តំណាងឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR) លោកស្រី រួអេដា អែលហាច (Roueida EI Hage) កាលពីថ្ងៃ​ទី​​៧ ខែកុម្ភៈ ​ ​បានពិភាក្សាការងារជាមួយ​ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត​ ស្តីពីស្ថានភាពនៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ឬ មណ្ឌលព្រៃស្ពី​។​​ ​

ទំព័រហ្វេសប៊ុករបស់ OHCHR កាលពីថ្ងៃទី៧ ខែកុម្ភៈ បានឱ្យដឹងថា ក្នុងជំនួបនោះ ភាគីទាំងពីរ  ​បានពិភាក្សាអំពីផែនការនៃកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយភាពចន្លោះប្រហោងនៅ​​មណ្ឌលព្រៃស្ពឺ លក្ខខណ្ឌរស់នៅមណ្ឌលស្តារនីតិសម្បទា យន្តការបញ្ជូនបន្ត និងសិទ្ធិទទួលបានជំនួយផ្នែកវេជ្ជសាស្រ្ដដល់ពួកគេ។

អ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក តូច ចាន់នី មានប្រសាសន៍ថា ក្រសួងបានសម្រេច​បញ្ជូន​មនុស្ស​ចេញពីមណ្ឌលព្រៃស្ពឺចាប់ពីថ្ងៃទី៨ ខែកុម្ភៈទៅ​​ ដោយ​ក្រសួងកំពុង​កំណត់អត្តសញ្ញាណ​ម​នុស្ស​នៅក្នុងមណ្ឌលនេះ​ជាផ្នែកៗ។

លោកបន្តថា  ​​ប្រសិន​​បុគ្គល​​​ដែលធ្លាប់ពាក់ព័ន្ធនឹងគ្រឿងញៀននឹងត្រូវបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន​​ ហើយប្រសិនបើពួកគេជាជនអនាថា ​នឹ​ងស្វែងរក​ផ្ទះសម្បែងតាមបណ្ដាខេត្តនានា​ ហើយផ្ដល់​បណ្ណ​ក្រីក្រដល់ពួកគេ​​​។ លោកថា ចំណែកជនមានវិប្បល្លា​សស្មារតីនឹងបញ្ជូនទៅ​​មណ្ឌលវិប្បល្លា​សស្មារតីជាដើម​​។

លោកបន្តថា៖«ហើយថ្ងៃហ្នឹង​ ខ្ញុំគិតថា​ល្ងាច​នេះ​មន្ទីរសង្គមកិច្ចមួយចំនួន​​មកទទួលនៅមណ្ឌលព្រៃស្ពឺ​។ យើងធ្វើអីចឹងទៅអស់ហើយ​ ហើយបញ្ហាព្រៃស្ពឺមិនមានច្រើនទៀតទេ​»។​​​​

អ្នកនាំពាក្យក្រសួងសង្គមកិច្ច​​​​រូបនេះ​បន្ថែម​ថា ​ប្រសិន​បើ​ក្រសួងអាច​បញ្ជូន​មនុស្ស​ដែលរស់នៅ​ទីនោះ​អស់​​ ក្រសួង​នឹង​​​​​បិទមណ្ឌល​សំចតព្រៃស្ពី​តែម្តង ប៉ុន្តែ​​ប្រសិន​បើមិនអាចទេ ​​​​​​អ្នកដែលរស់នៅទីនោះគឺសម្រាប់​តែ​ជនអនាថាប៉ុណ្ណោះ​។

លោកបន្ថែមថា«ប្រសិនបើយើងដោះបញ្ហាហ្នឹងអស់ គឺអត់មានមនុស្សទេ ត្រូវបិទហើយ ប៉ុន្តែឥឡូវត្រូវដោះបញ្ហា​​ឱ្យអស់សិន »។

នាយកទទួលបន្ទុកកិច្ចការ​ទូទៅនៃអង្គការ​ការ​ពារ​សិទ្ធិមនុស្សលីកាដូ លោក អំ សំអាត នៅតែមានការបារម្ភថា ​​​ប្រសិនបើមណ្ឌលព្រៃស្ពឺ​មិនមានការកែប្រែឱ្យប្រសើរនោះទេ នោះការរំលោភសិទ្ធិមនុស្សនៅតែមាន។ ​

លោកថា«យើងជាអង្គការលីកាដូនៅតែមើលឃើញ នឹងនៅតែបារម្ភអំពីមណ្ឌលនេះ មិនមានការកែលម្អមានភាពល្អប្រសើរទេ។ ចឹងនៅតែកន្លែងមួយដែលមានការរំលោភសិទ្ធមនុស្ស។ អ៊ីចឹងបានយើងនៅតែទទូចថា ប្រសិនបើកែលម្អមិនបានទេ គួរតែពិចារណាទៅទាក់ទងនឹងការបិទ ដើម្បីកុំឱ្យមានការរិះគន់ទៅដល់ក្រសួង ឬរាជរដ្ឋាភិបាលនោះ»។

អង្គការលីកាដូ (LICADHO) ចេញផ្សាយសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មនុស្សពីរនាក់បានស្លាប់​បាត់បង់ជីវិត​ ​ខណៈ​​កំពុង​​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​របស់​រដ្ឋ​​ ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២។ បន្ថែមពីនេះ ​មាន​ភស្តុតាង​បង្ហាញ​ថា​ ​មនុស្សជា​ង​​ ១​០​នាក់​បាន​ស្លាប់ ​​ក្នុងចំណោម​អ្នកជាប់ឃុំ​ទាំងអស់​នៅ​ក្នុងមណ្ឌលមួយនេះ នៅចន្លោះ​ខែ​កក្កដា​ ​និង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​​​។​

សេចក្តីថ្លែងការណ៍បានបន្តថា ការ​ស្លាប់នៅមណ្ឌលព្រៃស្ពឺទាំងពីរនាក់​ក្នុងខែសីហា ដោយការឃុំខ្លួនមិនត្រឹមត្រូវនោះ គឺមានស្ត្រីម្នាក់ ​និង​បុរស​ម្នាក់។ ​លីកាដូ បានឱ្យដឹងថា ​អ្នកជាប់ឃុំ​ទាំងពីរនាក់នោះ មាន​ជំងឺ​ធ្ងន់ធ្ងរ​ត្រូវ​បាន​ទុកចោល​នៅ​លើ​ឥដ្ឋ​ នៅក្នុងបន្ទប់​ឃុំឃាំង រហូតដល់ស្លាប់ នៅចំពោះមុខ​អ្នកជាប់ឃុំ​ផ្សេងទៀត​ ដោយមិន​​បាន​ផ្ដល់​ការ​ព្យាបាល​ឱ្យ​បាន​គ្រប់គ្រាន់ឡើយ។

កាល​ពីថ្ងៃទី​ ១ មិថុនា ឆ្នាំ​២០១៦​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់​លើកឡើងថា មណ្ឌលព្រៃស្ពឺ​ក្នុងរយៈពេលជាច្រើនឆ្នាំនេះ នៅតែមិនអាចកែលម្អសេវារបស់ខ្លួនឱ្យ​មានភាពល្អប្រសើរបាន។

លោក ហ៊ុន សែន មានប្រសាសន៍ពេលនោះថា លោក​ដឹង​ថាមណ្ឌលមួយនេះរងនូវការតិះដៀលជាច្រើនពីមហាជន ​ដោយសារតែមណ្ឌលមួយនេះបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។ លោកក៏បានស្នើឱ្យ​បិទមណ្ឌលព្រៃស្ពឺនេះចោលតែម្តង បើសិនជាមិនមានការកែប្រែសេវាឱ្យ​ល្អប្រសើរនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ