នៅសល់ពេលជាង១ខែទៀតទេ នឹងត្រូវដល់ពេល ដែលគណៈបក្សនយោបាយ ត្រូវដាក់បញ្ជីឈ្មោះភ្នាក់ងារសង្កេតការណ៍ ដើម្បីឃ្លាំមើលពីដំណើរការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលនឹងត្រូវចាប់ផ្តើម នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះហើយ ខណៈដែលគណបក្សនយោបាយ នៅក្រៅរដ្ឋាភិបាលមួយចំនួន បានអះអាងពីការតៀមខ្លួនរួចរាល់ហើយដែរ ដើម្បីបញ្ជូនបញ្ជីឈ្មោះអ្នកសង្កេតការណ៍ ទៅតាមការកំណត់របស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត។
យោងតាមប្រតិទិនដែលចេញដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្ហាញថា ពេលវេលាដែលគណបក្សនយោបាយ ត្រូវចុះឈ្មោះអ្នកសង្កេតការណ៍ បម្រើឱ្យការបោះឆ្នោតថ្នាក់ជាតិ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា និងបញ្ចប់ទៅវិញនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។
បន្ថែមលើសេចក្តីជូនដំណឹងនេះ អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា ឱ្យដឹងនៅថ្ងៃទី៨ ខែ កុម្ភៈនេះថា ការដែលស្ថាប័នជាតិរៀបចំការបោះឆ្នោត ផ្តល់ដំណឹងក្នុងរយៈពេលយូរថ្ងៃបែបនេះ គឺដើម្បីទុកពេលឱ្យគណបក្សនយោបាយ មានពេលវេលាគ្រប់គ្រាន់ ក្នុងការដាក់បញ្ជីឈ្មោះ អ្នកសង្កេតការណ៍។ លោកបន្តថា កាលបរិច្ចេទដែល គ.ជ.ប. បានកំណត់រួចហើយនេះ អាចនឹងជួយសម្រួលការងារបានច្រើន សម្រាប់គណបក្សនយោបាយ ដែលនឹងត្រូវចូលរួមប្រកួតប្រជែង នៅថ្ងៃខាងមុខ។
លោកបន្តថា៖«បានជម្រាបរួចហើយអំពីប្រតិទិន ហើយគណបក្សនយោបាយលោកក៏ត្រូវធ្វើការប្រុងប្រៀបរៀបចំខ្លួនដើម្បីឱ្យស្ថិតនៅក្នុងកាលបរិច្ចេទដែល គ.ជ.ប. ប្រកាសហ្នឹងគឺអនុវត្តដោយទាន់ពេលទាន់វេលា និងមិនមានការយឺតយ៉ាវក្នុងការសហការគ្នារៀបចំការបោះឆ្នោតមួយ »។
រដ្ឋាភិបាល បានកំណត់យកថ្ងៃអាទិត្យ ទី ២៣ ខែ កក្កដា ឆ្នាំ២០២៣ ជាការបោះឆ្នោតជ្រើសរើសជ្រើសតាំងតំណាងរាស្រ្ត លើកទី៧។ ការបោះឆ្នោតលើកនេះ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់អះអាងហើយថា សម្រាប់អាណត្តិថ្មី នៃរដ្ឋសភាដែលនឹងកើតក្រោយការបោះឆ្នោតនេះ នឹងលែងជាសភាតាមបែបឯកបក្សតទៅទៀតហើយ។
ចំណែក អ្នកនាំពាក្យគណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន អះអាងថា សម្រាប់គណបក្សរាជានិយមមួយនេះ បានត្រៀមរួចរាល់ហើយ ក្នុងការដាក់បញ្ជីឈ្មោះ អ្នកសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជាតិខាងមុខនេះ។ លោកបន្តថា គិតត្រឹមថ្ងៃនេះ គណបក្សហ្វ៊ុនស៊ិនប៉ិច សម្រេចលើផែនការរបស់ខ្លួនជិតនឹង១០០ភាគរយទៅហើយ ក្នុងការត្រៀមដាក់បញ្ជីឈ្មោះ អ្នកសង្កេតការណ៍នេះ។
លោកបន្តថា៖«គេហៅថាភ្នាក់ងារអ្នកសង្កេតការណ៍នេះគឺជាអង្គដ៏សំខាន់សម្រាប់ពិនិត្យ និងឃ្លាំមើលអំពីការបោះឆ្នោត ហើយនិងរាប់សន្លឹកឆ្នោត។អញ្ចឹងគណបក្ស ហ្វ៊ុនស៊ិនប៉ិចផ្តោតសំខាន់ណាស់លើកិច្ចការនេះ។ ជារួមគណបក្សហ្វ៊ុនស៊ិនប៉ិច យើងបានត្រៀមជារួមទូទាំងរាជធានី ខេត្តស្ទើរតែជិត ៧០ ទៅ ៨០ភាគរយហើយសម្រាប់ភ្នាក់ងារដែលនឹងទៅចូលរួមហ្នឹង »។
មិនខុសពីគណបក្ស ហ្វ៊ុនស៊ិនប៉ិច នេះទេ សូម្បីគណបក្សខ្មែររួបរួមជាតិ ក៏មានជំហរដូចគ្នានេះដែរ។ លោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានគណបក្សក្រៅរដ្ឋាភិបាលមួយនេះ បានអះអាងថា ពីពេលនេះរហូតដល់កាលបរិច្ចេទ នៃការដាក់បញ្ជីឈ្មោះភ្នាក់ងារសង្កេតការណ៍ គឺគណបក្សខ្មែររួបរួមជាតិ បានបំពេញកិច្ចការរបស់ខ្លួន ស្ទើរចប់ទាំងស្រុងទៅហើយ។ ប៉ុន្តែគណបក្សខ្មែររួបរួមជាតិ ហាក់ខុសប្លែកពីគណបក្សហ្វ៊ុនស៊ិនប៉ិចបន្តិច នៅត្រង់ថានៅចំពោះមុខនេះ អ្វីដែលគណបក្សក្រៅរដ្ឋាភិបាលមួយនេះ កំពុងតែដាក់នៅក្នុងផែនការ គឺផ្តោតទៅលើខេត្តដែលមានអាទិភាពអាសនៈខ្ពស់ជាងគេ។ ក្នុងន័យនេះ លោក យ៉ែម បុញ្ញឫទ្ធិ លើកឡើងថា មូលហេតុដែលគណបក្សខ្មែររួបរួមជាតិ ចាត់ទុកជាខេត្តដែលមានភាពចាំបាច់ ដោយសារខេត្តទាំងនោះ ជាគោលដៅនៃយុទ្ធសាស្រ្ត ក្នុងការដណ្តើមកៅអី សម្រាប់ទៅអង្គុយនៅក្នុងរដ្ឋសភា។
លោកបន្តថា៖«ជុំវិញរឿងនេះ យើងកំពុងតែពិនិត្យ និងរៀបចំបញ្ជូនភ្នាក់ងារសង្កេតការណ៍មួយចំនួនដើម្បីចុះបញ្ជីឈ្មោះដែរ។ ប៉ុន្តែយើងកំពុងតែគិតបូកសរុបការងារទៅតាមខេត្ត និងមណ្ឌលនីមួយៗ។ យើងចែកចេញជា២ដែលយើងឱ្យឈ្មោះថាខេត្តដែលផ្តល់ជាអាទិភាពចំនួន ១៣ខេត្តចំពោះខេត្តដែលមានអាសនៈ៥កៅអីឡើងទៅ ហើយទី២ខេត្តដែលមានអាសនៈ៤កៅអីចុះមក។ ដូច្នេះដែលយើងកំពុងតែគិតគូរដំបូងនេះ សម្រាប់ខេត្តដែលមានអាទិភាពទី១ »។
ដោយឡែក សម្រាប់គណបក្សភ្លើងទៀនវិញ ហាក់មិនទាន់ចាប់អារម្មណ៍នៅឡើយទេ អំពីការដាក់ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតនេះ។ អ្នកនាំពាក្យគណបក្សក្រៅរដ្ឋាភិបាលមួយនេះ យល់ឃើញថា ពេលវេលានៅវែងឆ្ងាយតទៅទៀត រឿងដាក់ភ្នាក់ងារសង្កេតការណ៍នេះ ក្នុងពេលដែលគណបក្សមិនទាន់ទាំងបានត្រៀមដាក់បញ្ជីបេក្ខជនដែលឈរបោះឆ្នោតនៅឡើយផង។
បើតាមលោក គីមសួរ ភារិទ្ធ ដែលជាអ្នកនាំពាក្យជំទាស់នេះ យល់ឃើញថា វាហាក់ជាការប្រយ៉ាប់ពេកហើយ ដែលនិយាយដល់ការដាក់បញ្ជីភ្នាក់ងារសង្កេតការណ៍នៅពេលនេះ។ លោកបន្តថា នៅចំពោះមុខនេះ គណបក្សភ្លើងទៀន ក៏មិនទាន់ប្រាកដថា នឹងត្រូវចូលរួមបោះឆ្នោតដែរឬយ៉ាងនោះទេ បើស្ថានភាពនយោបាយ ហាក់មិនទាន់មានភាពចាស់ទុំបែបនេះ។
លោកបន្តថា៖«ហ្នឹងហើយប៉ុន្តែយើងអត់អាចដាក់ទៅពីចម្ងាយទៅទេ ព្រោះវាអត់អីប្រញាប់ទៅដាក់ភ្នាក់ងារបើបេក្ខជនមិនទាន់មានផងទៅដាក់ភ្នាក់ងារសង្កេតការណ៍អី ហើយយើងក៏មិនទាន់ថាយើងពិនិត្យមើលថាតើការបោះឆ្នោតហ្នឹង និងបរិយាកាសការបោះឆ្នោតហ្នឹងវាអាចឱ្យយើងចូលរួម ឬមិនចូលរួមទេ។ គោលដៅយើង ឬបុព្វហេតុយើង យើងធ្វើគណបក្សដើម្បីចូលរួមការបោះឆ្នោតហើយ ប៉ុន្តែបើបរិយាកាសនយោបាយ មិនល្អប្រសើរក៏យើងមិនត្រូវធ្វើទាំងប្រថុយដែរ »។
នៅមុនការបោះឆ្នោតនេះ គេសង្កេតឃើញថា គណបក្សភ្លើងទៀន តែងរងការគំរាមកំហែងជាញឹកញាប់ពីលោក ហ៊ុន សែន បម្រុងនឹងរំលាយជាច្រើនដង។ មានអ្នកនយោបាយជាស់ខ្ពស់មួយចំនួន របស់គណបក្សជំទាស់នេះ ត្រូវជាប់បណ្តឹងនៅតុលាការ ហើយដោយការយាយីខាងនយោបាយ និងភាពស្មុគស្មាញខាងផ្លូវច្បាប់ផង បង្ខំចិត្តឱ្យលោក គង់ គាំ ដែលជាឧត្តមទីប្រឹក្សាជាន់ខ្ពស់ របស់គណបក្សភ្លើងទៀន ត្រូវសម្រេចចិត្តចាកចេញវិញ។
ចំណែក លោក សំ គន្ធាមី ដែលជានាយកប្រតិបត្តិ នៃអង្គការនិចហ្វិក យល់ឃើញថា បើពិនិត្យអំពីពេលវេលា នៃការទុកពេលដាក់បញ្ជីឈ្មោះសម្រាប់ភ្នាក់ងារសង្កេតការណ៍នេះ វាហាក់សមល្មម ដែលបើកផ្លូវឱ្យគណបក្សនយោបាយ បានត្រៀមខ្លួនគ្រប់គ្រាន់។ លើសពីនេះទៅទៀត ការកំណត់ពេលដោយ គ.ជ.ប. នៅពេលនេះ ត្រូវបានអ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ ចាត់ទុកថាវាជាការផ្តល់តម្លាភាព គ្រប់ភាគីដែលនឹងត្រូវចូលរួមបោះឆ្នោត នៅក្នុងអាណត្តិនេះ។
លោកបន្តថា៖«ពេលវេលាវាល្មមសមរម្យហើយ ព្រោះអីគណបក្សដែលមានស្រាប់ដែលទទួលស្គាល់ពីក្រសួងមហាផ្ទៃហ្នឹងហ្អា គាត់ដាក់ទៅ គ.ជ.ប. ទៅដើម្បីជូនដំណឹងទៅ គ.ជ.ប. ថាគណបក្សគាត់ចូលរួមបោះឆ្នោត ហើយឈ្មោះបេក្ខជនតាមមណ្ឌលអញ្ចឹងទៅបាទ »។
សេចក្តីប្រកាសព័ត៌មាន របស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត ដែលចេញកាលពីថ្ងៃទី ៣ ខែ មករា កំណត់ថា ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ គឺត្រូវមានហត្ថលេខាដោយប្រធាន ឬតំណាងគណបក្សនយោបាយ ដែលទទួលបានការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរ ពីប្រធានគណបក្សនយោបាយ៕