សហជីពអះអាងថា កម្មករ–កម្មការិនីជាង១ ៤០០នាក់ បម្រើការងារនៅរោងចក្រ អ៊ឹម និងវ៉េ កាត់ដេរអន្តរជាតិ អិលធីឌី (M&V International Manufacturing Ltd,.) ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានថៅកែអនុញ្ញាតឱ្យចូលធ្វើការងារវិញ ក្រោយថៅកែប្រកាសព្យួរការពារជិត២ ០០០នាក់កាលពីពាក់កណ្ដាលខែមុន។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង បានចេញលិខិតមួយដោយអនុញ្ញាតឱ្យថៅកែរោងចក្រ អ៊ឹម និងវ៉េ ព្យួរកិច្ចសន្យាការងារកម្មករ–កម្មការិនីចំនួន ១ ៩៧៤នាក់ ក្នុងចំណោមកម្មករ ៣ ០១៧នាក់ ដែលកំពុងបម្រើការងារនៅរោងចក្រនេះ។
សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្មករ–កម្មការិនី ១ ៤២០នាក់ ត្រូវបានថៅកែអនុញ្ញាតឱ្យចូលធ្វើការងារវិញ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈនេះ ខណៈកម្មករផ្សេងទៀតបន្តព្យួរដដែល។
អគ្គហេរញ្ញិកសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា អ្នកស្រី សំ ស្រីមុំ ដែលមានសមាជិកនៅរោងចក្រ អ៊ឹម និងវ៉េ បញ្ជាក់បន្ថែមថា ករណីថៅកែអនុញ្ញាតឱ្យកម្មករមួយចំនួនចូលបម្រើការងារវិញមុនកំណត់នេះ ដោយសារតែខាងរោងចក្រមានអីវ៉ាន់ ឬការងារឱ្យកម្មករធ្វើបណ្ដើរៗឡើងវិញ។
ក្រុមសហជីព និងកម្មករនៅតាមបណ្ដារោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមួយចំនួន ប្រាប់វីអូឌី កាលពី ខែមករា ឆ្នាំ២០២៣នេះថា មានរោងចក្រជាច្រើនបានព្យួរការងារកម្មករ និងរោងចក្រខ្លះទៀតបិទទ្វារ នៅដើមឆ្នាំ២០២៣នេះ ហើយថា ការព្យួរការងារ និងការបិទទ្វាររោងចក្រនេះ បានធ្វើឱ្យប៉ះពាល់ជាខ្លាំងចំពោះការចំណាយរបស់កម្មករ ជាពិសេសជីវភាពគ្រួសាររបស់ពួកគេ៕