ពលរដ្ឋរងគ្រោះពីការបាក់ច្រាំងព្រែកហូរ ចំនួន៣១គ្រួសារ នៅសង្កាត់កំពង់សំណាញ់ ស្នើដល់អាជ្ញាធរផ្ដល់ទីលំនៅជាបន្ទាន់ ក្រោយពីមានការបាក់ដីអស់រយៈពេល៤ថ្ងៃមក ខណៈអាជ្ញាធរថាមិនទាន់អាចស្វែងរកទីជម្រកបានទេ។
បើតាមពលរដ្ឋ និងមេភូមិ ដែលរងគ្រោះទាំង៣១គ្រួសារដែលនៅជាប់ព្រែកហូរ ស្ថិតនៅក្នុងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ថាគ្រួសារផ្សេងទៀតក៏នឹងរងគ្រោះពីការបាក់ដី និងប្រេះស្រុតផ្ទះដែរ ដោយសារតែមានក្រុមហ៊ុនចិនដែលកំពុងស្ដារព្រែកបានបិទទំនប់ទឹកខាងលើ ដែលធ្វើឱ្យទឹកស្រកវិញ ហើយផ្ទះដែលនៅជាប់ព្រែកហូរ ក្នុងភូមិអាចម៍កុកនោះចាប់ផ្ដើមបាក់ស្រុត។
មេភូមិអាចម៍កុក លោក ឈួន ហុង បានឱ្យដឹងថា ផ្ទះពលរដ្ឋចំនួន៣១គ្រួសារជាប់ព្រែកហូរកំពុងបាក់ស្រុត ដោយចាប់ផ្ដើមចាប់ពីថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ខណៈដែលផ្ទះផ្សេងទៀតអាចនឹងត្រូវរើចេញផងដែរ ដោយក្រុមហ៊ុនចិនកំពុងសិក្សាចំនួនផ្ទះផ្សេងទៀតដែលត្រូវរុះរើចេញបន្ថែម។
លោកបន្តថា មូលហេតុនៃការបាក់ស្រុតនេះបណ្ដាលមកពីក្រុមហ៊ុនចិនដែលបានបិទទ្វារទំនប់ព្រែកត្នោត ដែលធ្វើឱ្យទឹកស្រកវិញ ហើយផ្ទះមួយចំនួនដែលនៅនឹងជាប់ព្រែកនេះចាប់ផ្ដើមបាក់ស្រុត។ លោកថា ការបិទទំនប់នេះ ដោយសារតែរដ្ឋ និងក្រុមហ៊ុនចិន សម្រេចស្ដារព្រែកហូរឱ្យជ្រៅបន្ថែម ដើម្បីជាកន្លែងបង្ហូរពីស្ទឹងព្រែកត្នោតដែលលិចសឹងតែរាល់ឆ្នាំ។

លោកថា៖ «៣១គ្រួសារ គ្រាន់តែប្រេះ! ថ្ងៃក្រោយមានទៀត ឥលូវក៏មានប្រះដែរ។ គម្រោងយើងដើរក្រោយចិនទេ ចិនវាស់ប៉ះត្រង់ណា ខាងគេអ្នកទូទាត់។ ចិននឹងធ្វើគម្រោង ដើម្បីពង្វាងទឹកស្ទឹងព្រែកត្នោត»។
ទោះជាយ៉ាងណា មេភូមិរូបនេះថា អាជ្ញាធរ និងអភិបាលខេត្ត នៅមិនទាន់ស្វែងរកទីតាំងដើម្បីឱ្យពលរដ្ឋរស់នៅកន្លែងថ្មីនៅឡើយទេ។
ពលរដ្ឋរងគ្រោះពីការបាក់ផ្ទះ អ្នកស្រី ឈុំ វណ្ណៈ អាយុ៥៣ឆ្នាំ បានលើកឡើងថា ផ្ទះថ្មរបស់អ្នកស្រីបានប្រេះ ហើយនឹងបាក់ក្នុងថ្ងៃណាមួយមិនខាន។
អ្នកស្រីបន្ថែមថា បច្ចុប្បន្ននេះ អ្នកស្រីបានរើទៅនៅជាមួយគេមួយរយៈ ហើយអ្នកស្រីថា មិនមានលទ្ធភាពក្នុងការស្វែងរកទីជម្រកថ្មីនោះទេ ដូច្នេះអ្នកស្រីនៅតែស្នើដល់អាជ្ញាធរខេត្ត និង ក្រុមហ៊ុនចិន ពន្លឿនដោះស្រាយដល់គ្រួសារជនរងគ្រោះ។
អ្នកស្រីថា៖ «ខូចខាតអស់ហើយ បើថាត្រូវជួយកូនចៅ ជួយឱ្យលឿនមក ព្រោះវាអត់មានកន្លែងនៅ អត់មានកន្លែងជ្រកនៅ។ តែបាក់បែកអ៊ីចឹងហើយ រស់នៅម៉េចកើត? សុំផ្ទះបងប្អូននៅ ទម្រាំបានកន្លែងរស់នៅ»។
ចំណែកពលរដ្ឋរងគ្រោះម្នាក់ទៀត អ្នកស្រី ស៊ីម សោភ័ណ្ឌ បន្ទាប់ពីមានការប្រេះផ្ទះម្ដងបន្ដិចៗមក បានធ្វើឱ្យគ្រួសារមានការភ័យខ្លាច និងបានរើចេញតាំងពីថ្ងៃទី០៥មកម៉្លេះ ហើយអ្នកស្រីនៅតែមកមើលផ្ទះដោយសោកស្ដាយជាខ្លាំង។
អ្នកស្រីថា៖ «ថ្ងៃនេះក៏មានបន្តស្រុតទៀតដែរ គ្រាន់តែស្រុតតិច ព្រោះយើងលើកអីវ៉ាន់ធ្ងន់ៗអស់ហើយ។ ប្រេះនេះតិចនោះតិច ឱ្យយើងភ័យ រើចេញហ្មងទៅ»។
ដូចគ្នានេះដែរ អ្នកស្រីនៅតែស្នើដល់អាជ្ញាធរផ្ដល់លំនៅឋានដល់អ្នកស្រី ព្រោះថា គ្រួសារអ្នកស្រីមិនមានលទ្ធភាពក្នុងការស្វែងរកទីលំនៅថ្មីនោះទេ។
អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានប្រាប់វីអូឌីនៅថ្ងៃនេះថា ក្នុងនាមជាអាជ្ញាធរខេត្ត កំពុងស្វែងរកទីជម្រកដល់ពលរដ្ឋ តែយ៉ាងណាលោកមិនទាន់អាចបញ្ជាក់ថានឹងរកបាននៅពេលណា ឬលំនៅឋានថ្មីយ៉ាងដូចម្ដេចនោះដែរ ដោយលោកថា ការដែលមិនទាន់កំណត់លំនៅដ្ឋាននេះ ដោយសារតែពលរដ្ឋរស់នៅលើដីចំណីព្រែក។
លោកថា៖ «អត់មានលក្ខខណ្ឌទេ តែកាតព្វកិច្ចខ្ញុំជាអាជ្ញាធរ ត្រូវតែបម្រើគាត់ ហើយមិនមែនថាចោលគាត់ទេ ធ្វើម៉េចអាចរកលំនៅឋានសមរម្យមួយជូនបងប្អូនយើង»។
ទោះជាយ៉ាងណា អភិបាលខេត្តរូបនេះបដិសេធមិនបញ្ជាក់ថាមានក្រុមហ៊ុនចិនស្ដារព្រែកហូរតាមការលើកឡើងរបស់ពលរដ្ឋ និងមន្រ្តីមូលដ្ឋាននោះទេ។
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ផ្ទះពលរដ្ឋចំនួន៦៥គ្រួសារ ស្មើ៦១ខ្នងផ្ទះ ស្ថិតនៅភូមិព្រែកថី និងភូមិព្រែកសំរោង នៃសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក៏បានរងផលប៉ះពាល់ពីការបាក់ដី ដោយផ្ទះចំនួន៦ខ្នងបានបាក់ធ្លាក់ចូលទឹកព្រែក ហើយផ្ទះផ្សេងទៀតអាជ្ញាធរតម្រូវឱ្យរើចេញ ខណៈដែលពេលនេះ ពួកគេមិនទាន់អាចទទួលបានលំនៅឋានសមរម្យពីរដ្ឋាភិបាលនៅឡើយទេ ទោះបីជាអាជ្ញាធរខេត្តធ្លាប់សន្យាក៏ដោយ៕