អង្គការសង្គមស៊ីវិលយល់ឃើញថាដីរដ្ឋគួរដកហូតមកវិញក្រោយកម្ទេចរបងនៅឆ្នេរអូរឈើទាល

ទីតាំងរបងដែលសង់លើ​​ឆ្នេ​​រអូរឈើទាល ត្រូវបានអាជ្ញាធរខេត្តវាយកម្ទេចចោលជាស្ថាពរហើយកាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយរងការរិះគន់ និងមានការផ្សព្វផ្សាយពីបណ្ដាញសារព័ត៌មាន។ (ផ្ដល់ឱ្យ)

ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវឱ្យរដ្ឋាភិបាលត្រូវនិរាករចោលនូវប្លង់កម្មសិទ្ធិដែលទ​​ទួ​​​​​ល​​បានភាពស្របច្បាប់ ក្នុងនាមជានីតិបុគ្គល ទៅលើផ្ទៃដីមួយប្លង់ដែលមានទំហំជាង ៨ពាន់​​ម៉ែ​​ត្រ​​​​កា​​រ៉េ ដែលគេចាត់ទុកថា ការអនុវត្តបែបនេះ ​វាជាការ​បំពានទៅនឹងគោលការណ៍ច្បាប់ ហើ​​យធ្វើ​​ឱ្យ​​ប៉ះ​​ពាល់ដល់សោភ័ណភាពតំបន់ឆ្នេរសមុទ្រថែមទៀតផង។

ប្រតិកម្មពីអ្នកជំនាញការស្រាវជ្រាវការអភិវឌ្ឍសង្គម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ស្រ​​ប​​ពេលរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ហើយថា របង​​ដែ​​លនៅលើដីតំបន់ឆ្នេរសមុទ្រនេះ ត្រូវបានកម្ទេចចោលជាស្ថាពរហើយ គិតត្រឹមយប់ថ្ងៃទី៨ ខែកុម្ភៈ​នេះ។

លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យ​ល់ឃើញថា ផ្អែកគោលការណ៍ច្បាប់ ដីតំបន់ឆ្នេរសមុទ្រនេះមិនគួរមានការកាន់កាប់​​ដោយឯកជន​​ណា​មួយទេ។ លោកបន្តថា បើទោះជានៅពេលនេះ រដ្ឋបាលខេត្តព្រះសីហនុ ចុះអនុវត្ត​​ដោ​​យ​​ត​ម្រូវឱ្យមានការវាយកម្ទេចរបងថ្មដែលរំលោភចូល​ឆ្នេរសមុទ្រក្ដី ភាពចាំបាច់បន្ត ​​គឺត្រូវ​​ដកហូត​​ដី​​នេះមកជាសម្បត្តិរដ្ឋវិញ។

លោកបន្តថា៖ «អាហ្នឹងត្រូវជាសម្បត្តិរបស់រដ្ឋ សម្រាប់ប្រយោជន៍សាធារណៈ។អាហ្នឹងមិនត្រូវតែជាសំណង់រឹងរបស់បុគ្គលណា ឬក៏ជារបស់ក្រុមហ៊ុនណាទេ វាត្រូវតែជាទ្រព្យសម្បត្តិសម្រាប់​​ផលប្រ​​យោជន៍​​សាធារណៈ ហើយសាធារណជនអាចទៅលេងកម្សាន្តនៅតំបន់ឆ្នេររបស់យើងបាន»។

មិនមែនមានតែអ្នកជំនាញផ្នែកធុរកិច្ចនេះទេ អ្នកវិភាគសង្គម និងនយោបាយ ក៏បង្ហាញប្រតិ​​កម្មរប​ស់​ពួកគេនៅលើបណ្តាញសង្គមដែរ ក្រោយយុទ្ធនាការវាយកម្ទេចរបងថ្មកើតឡើងដោយ​​អាជ្ញា​ធ​រខេត្តព្រះសីហនុ នៅពេលនេះ។

ទីតាំងរបងដែលសង់លើ​​ឆ្នេ​​រអូរឈើទាល ត្រូវបានអាជ្ញាធរខេត្តវាយកម្ទេចចោលជាស្ថាពរហើយកាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយរងការរិះគន់ និងមានការផ្សព្វផ្សាយពីបណ្ដាញសារព័ត៌មាន។ (ផ្ដល់ឱ្យ)

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគសង្គម និងនយោបាយចាស់វស្សាមួយរូប បានលើកឡើង​​តា​​ម​​​រយៈសំ​​ណេ​​ររបស់លោកនៅលើបណ្តាញសង្គមហ្វេសប៊ុក ត​បនឹង​​​​​ការបញ្ចេញមតិរបស់លោកបណ្ឌិត មាស នី ថាអ្នកដែលបំពានគោលការណ៍ច្បាប់ គួរត្រូវបានអនុវត្តទៅតាមនីតិវិធី និង​មិនគួរលើកលែង​​ក្នុង​​ហេតុផលណាមួយឡើយ។

លោកបន្តថា៖ «អ្នករំលោភច្បាប់ ត្រូវទទួលទណ្ឌកម្ម មិនត្រូវឱ្យរួចខ្លួនទេ»។

មិនខុសគ្នាទេ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ក៏ឯកភាពដែរថា ច្បាប់​​ដែ​ល​​​មានស្រាប់​​ហើយ ដូចជា ច្បាប់ភូមិបាល ជាដើម វាគួរយកមក​​អនុវត្តចំ​​ពោះអ្នក​​ប្រព្រឹត្ត​​បទល្មើ​ស​​។ តាមរយៈសំណេររបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះ លោកបណ្ឌិត មាស នី លើ​ក​ឡើង​​​ថា ការអនុវត្តច្បាប់នៅពេលនេះរបស់មន្រ្តីនៅថ្នាក់ក្រោមជាតិ ចំពោះការសាង​​សង់​​រប​ង​​​​​​ថ្មនេះ វាគួរទប់ស្កាត់តាំងពីក្នុងដំណាក់កាលនៃ​​កា​​​រសាងសង់ដំបូងទីមក។ លោកបន្តថា ការ​​បណ្តែត​​ប​​ណ្តោយរហូតរបងស្ទើរក្លាយ​​ទៅគ្រឹះ​​បែ​ប​​នេះ ឆ្លុះបញ្ចាំងឱ្យឃើញថា មន្រ្តីនៅថ្នាក់ក្រោម ហាក់​មិន​​ចេះ​​ធ្វើការ។

លោកបន្តថា៖ «ទើសត្រចៀកពេក សុំលូកមាត់បន្តិចសម្រាប់របង​​ថ្មនៅអូរឈើទាល ទើបវា​​យកម្ទេច!​​ ​​ច្បាប់​​ភូមិបាលបាននិយាយច្បាស់ពីចំណីដីសមុទ្រ​​។ ដូច្នេះការសាងសង់របងក៏មិនមែន​​លួចធ្វើមួយម៉ោងហើយដែរ អាចប្រើពេលច្រើនអាទិត្យ ចុះហេតុអ្វីបានជាអាជ្ញាធរមូលដ្ឋានមិនដឹងទុកហូតដល់មហាជនស្រែក ហើយថ្នាក់ដឹកនាំចេញបញ្ជា ទើបចេញវិធានការ»។

ឆ្លើយតបរឿងនេះ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ ប​​​ញ្ជាក់នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា អាជ្ញាធរខេត្តបានទទួលគោល​​ការណ៍ពីលោក​​នា​​យ​​​​ករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យសម្របសម្រួលជាមួយម្ចាស់កម្មសិទ្ធិដីនៅតំបន់ឆ្នេរអូរឈើទាល ហើយក៏​​ឈា​ន​​ទៅដល់ការ​​ក​ម្ទេចរបងដែលហ៊ុមព័ន្ធតំបន់ឆ្នេរ កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈនេះ អស់ហើយ។

បើតាមលោក ឡុង ឌីម៉ង់ នៅចំពោះមុខនេះ អាជ្ញាធរថ្នាក់ខេត្ត បានត្រឹមអនុវត្តគោលការណ៍​​នៅ​​ឡើ​​យ​​ប៉ុណ្ណោះ នៅត្រង់ថាតើនឹងត្រូវដកហូតដីនៅតំបន់ឆ្នេរ មកឱ្យរដ្ឋគ្រប់គ្រងវិញ ឬត្រូវបន្ត​​បែប​​ណា​នោះ គឺត្រូវរង់ចាំបន្តទៅមុខទៀតសិន។

លោកបន្តថា៖ «ដូចខ្ញុំបានជម្រាបខាងដើមអ៊ីចឹង ថាគោលការណ៍ណែនាំដែលយើងបានមក គឺយើងបានត្រឹមសម្របសម្រួលជាមួយម្ចាស់ ក្នុងការវាយរបងប៉ែកខាងសមុទ្រចេញ។ យើង​​អត់មាន​​ការណែ​​​នាំថាត្រូវ​​ដកមកវិញដកអី យើងមិនមែនជាអ្នកដកទេ​​។ ដូចខ្ញុំតែងតែបញ្ជាក់អ៊ីចឹង ថា​​ដែន​​មត្ថកិច្ចរបស់រដ្ឋបាលខេត្តមិនមានសិទ្ធិក្នុងការដកហូតដីដែលមានបណ្ណកម្មសិទ្ធិបានទេ។ អ្នកដកហូតបាន មានតែរាជរដ្ឋាភិបាល មានតែសាលក្រមតុលាការអីអ៊ីចឹងទៅណា»។

បើគេពិនិត្យដោយផ្ទាល់ឃើញថា របងដែលរៀបចំស្ទើរដូចជាមហាកំផែងមួយទៅហើយនេះ មាន​​គ​​​​ម្លា​​តពីទឹកសមុទ្រប្រមាណ ១២ម៉ែត្រ នៅពេលទឹកនាច ហើយនៅពេលទឹកជោរវិញ ចម្ងាយពី​​​រ​​ប​ង​​​​​ទៅ​ទឹកសមុទ្រចន្លោះប្រហែលពី ៤ ទៅ ៥ម៉ែត្រប៉ុណ្ណោះ។ ទីតាំងនេះស្ថិតនៅឆៀងខាងត្បូង នៃ​​ម្ខាង​​ផ្លូ​​វថ្លល់ និង​​នៅមិនឆ្ងាយប៉ុន្មានពីផ្ទះ​​លំ​​ហែ​​​របស់​​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

បើគិតពីគម្លាតនៃតំបន់ឆ្នេរ មកទីតាំងនៃការសាង់សងរបងនេះ គឺហាក់ដើរហួសពី​​បន្ទាត់​​នៃ​​គោ​​ល​​កា​​រ​ណ៍​ច្បាប់។

រដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងលេខ ០១ កាលពីដើមខែកុម្ភៈ ឆ្នាំ២០១២ ដោយ​កំណត់ថា ឆ្នេរសមុទ្រ​​ត្រូវ​​កំណត់ចាប់ពីខ្សែបន្ទាត់ទឹកជោរខ្ពស់បំផុត នៃទឹកសមុទ្រឡើងមកលើ រហូតដ​ល់​​​​​ខ្សែ​​បន្ទាត់​​​ហា​​ម​​ឃាត់ការកាន់កាប់ ឬសាងសង់ជាថ្ម ដី ឬខ្សាច់ដែល​បានកំណត់​​ទុកជាតំបន់ស​​ម្រា​ប់​​ប្រើប្រាស់​​ជា​​សាធារណៈ និងត្រូវចាត់ថ្នាក់ជាដីសាធារណៈរបស់រដ្ឋ។

ការកំណត់ថាជា​​ទំហំ​​ឆ្នេរ​​​សមុទ្រ គឺរាប់សម្រាប់ឆ្នេរជម្រាល ត្រូវកំណត់យ៉ាងតិច ៣០ម៉ែត្រ ចាប់​​ពី​​ខ្សែបន្ទាត់ទឹក​​ជោរ​​ខ្ព​​ស់​​​បំផុត ទៅដល់ដីគោក។ ចំណែកឆ្នេរចោទវិញ ត្រូវកំណត់យ៉ាងតិច ២០​​ម៉ែ​​ត្រ ចាប់​​ពីចំណុច​​កំ​​ណូ​​លនៃផ្ទៃចោទមកដីគោក។ ​នៅក្នុងបញ្ញត្តិស្តីពីការអភិវឌ្ឍតំបន់​​ឆ្នេរសមុទ្រ​​នេះ​​​​ដែរ ដីឆ្នេរសមុទ្រគឺហាមសាងសង់សំណង់រឹង លើ​​​​​ក​​​​លែ​ង​តែការសាងសង់នោះបម្រើឱ្យសេ​​ច​​ក្តី​​​​ត្រូ​​​​វការសម្រាប់ប្រយោជន៍សាធារណៈ។

បើទោះបែបណា របងដែលធ្វើរំលោភចូលដីតំបន់ឆ្នេរនេះ ត្រូវបានកម្ទេចចោលហើយ កាល​​ពី​​យប់​​ថ្ងៃ​​ទី៨ ខែកុម្ភៈ ប៉ុន្តែការវាយកម្ទេចនេះ អនុវត្តតែចំពោះជ្រុងម្ខាងដែលលយចូលក្នុង​​សមុទ្រប៉ុ​​ណ្ណោះ​​។​​​​ ដោ​​យ​​ឡែក ជ្រុងទាំងសងខាងនៃរបង និងរបងដែលហ៊ុមព័ទ្ធពីខាងមុខផ្ទះនៃខ្លោងទ្វារចូល គឺនៅ​រក្សា​​ស​​ភាពធម្មតាដដែលនៅឡើយ។

ចំណែកពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះសីហនុ ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ លើក​​ឡើ​​​​ង​​ថា ការបង្ហាញពីឆន្ទៈនេះហាក់មិនទាន់អាចជឿទុកចិត្តបាននៅឡើយទេ ថាតើរដ្ឋាភិបាលធ្វើ​​នេះពិតជាមានភាពស្មោះត្រង់មែន ឬយ៉ាងណា។ ប្រភពបន្តថា នេះមិនមែនជាលើកទី១ទេ ដែល​​អា​​ជ្ញាធរតែងធ្វើបែបនេះ កន្លងទៅ ក៏ធ្លាប់មានតំបន់ឆ្នេរច្រើនណាស់ដែរ ដែល​​មានបញ្ហាហើយ​​ទប់​​ស្កា​​ត់ តែក្រោយមកបានបន្តលួចសាងសង់ឡើងវិញជាធម្មតា។

ប្រភពដដែលបន្តថា ម្យ៉ាងវិញទៀត រដូវកាលនេះកាន់តែកៀកបោះឆ្នោតផង ដូច្នេះចង់ឬមិនចង់ ​​ដើ​​ម្បី​​​រំងាប់​​ចិត្តពលរដ្ឋ រដ្ឋាភិបាលត្រូវបង្ខំចិត្តធ្វើបែបនេះមួយគ្រាសិនក៏អាចថាបាន។ ចំណុច​​សំ​​ខាន់ ប្រសិនបើប្លង់កម្មសិទ្ធិនៅតែមិនត្រូវបាននិរាករទេ នោះមានន័យថា ទីតាំងនេះងាយ​​នឹង​​សាង​​សង់ឡើងវិញនៅពេលណាមួយ។

លោកបន្តថា៖ «ចំពោះការវាយរបងនៅឆ្នេរអូរឈើទាលហ្នឹង ខ្ញុំចូលរួមត្រេកអរ ប៉ុន្តែខ្ញុំមិនទាន់ជឿ​​ជាក់​​​ទាំងស្រុងទេ ដរាបណាគេមិនទាន់និរាករប្ល​​ង់ដីនោះ​​ចោល។ មូលហេតុដែល​​ខ្ញុំមិនទាន់ជឿជា​​ក់​​​​ទាំងស្រុង សម្តេចនាយករដ្ឋមន្ត្រី លោកធ្លាប់បញ្ជាឱ្យឯកឧត្តម ជា សុផារ៉ា កាយដីឆ្នេរនៅឆ្នេរ​​ព្រែកត្រែងម្តងដែរ កាលណោះខ្ញុំសង្កេតឃើញថា គេកាយបានតែប៉ុន្មានឡានទេ តែជាក់ស្តែង​​ដីក្រ​​ហម​​​ដែ​​លចាក់ចូលឆ្នេរហ្នឹងគឺនៅដដែល គឺវាមិនកាយ និងជីកបាន​​​ទាំងស្រុងទេ។ រីឯឆ្នេរឯករាជ្យវិញ ក្នុ​​ពេលកន្លងទៅ ត្រូវបានព័ទ្ធរបងធ្វើជាកម្មសិទ្ធិឯកជនដែរ ប៉ុន្តែពេលនោះត្រូវបានអតីតអភិបា​​ខេត្ត​​​ លោក យន្ត មីន គាត់បញ្ជាឱ្យកម្ទេចចោល ប៉ុន្តែមួយរយៈក្រោយមក សំណង់​​រឹងនៅលើឆ្នេរ​​ឯក​​រាជ្យ​​នោះក៏ត្រូវបានសាងសង់ឡើងវិញ»។

មកដល់ពេលនេះ ទីតាំងដីដែលជាអតីតវរនគរបាលជើងទឹក ដែលត្រូវបានគេ​​ហ៊ុមព័ទ្ធរបង​​ធ្វើជា​​ក​ម្ម​​​សិទ្ធិ នៅតំបន់ឆ្នេរអូរឈើទាល នៅតែជាអាថ៌កំបាំង មិនដឹងថាតើអ្នកណា​​ជាម្ចាស់ឱ្យពិត​​ប្រាក​ដ​​នៅ​​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ