មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ទីតាំងរបងដែលសង់លើឆ្នេរអូរឈើទាល ត្រូវបានអាជ្ញាធរខេត្តវាយកម្ទេចចោលជាស្ថាពរហើយ ក្រោយរងការរិះគន់ និងមានការផ្សព្វផ្សាយពីបណ្ដាញសារព័ត៌មាន។
អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បញ្ជាក់នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា អាជ្ញាធរខេត្តបានទទួលគោលការណ៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យសម្របសម្រួលជាមួយម្ចាស់កម្មសិទ្ធិដីនៅតំបន់ឆ្នេរអូរឈើទាល ហើយក៏ឈានទៅដល់ការវាយកម្ទេចរបងដែលសង់លើតំបន់ឆ្នេរនោះ កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈនេះ អស់ហើយ។
បើតាមលោក ឡុង ឌីម៉ង់ នៅចំពោះមុខនេះ អាជ្ញាធរថ្នាក់ខេត្តបានត្រឹមអនុវត្តគោលការណ៍នៅឡើយប៉ុណ្ណោះ នៅត្រង់ថាតើនឹងត្រូវដកហូតដីនៅតំបន់ឆ្នេរមកឱ្យរដ្ឋគ្រប់គ្រងវិញ ឬត្រូវបន្តបែបណាទៀត គឺត្រូវរង់ចាំមើលបន្តទៅមុខទៀតសិន។
លោកបញ្ជាក់ថា៖ «ដូចខ្ញុំបានជម្រាបខាងដើមអ៊ីចឹង ថាគោលការណ៍ណែនាំដែលយើងបានមក គឺយើងបានត្រឹមសម្របសម្រួលជាមួយម្ចាស់ ក្នុងការវាយរបងប៉ែកខាងសមុទ្រចេញ។ យើងអត់មានការណែនាំថាត្រូវដកមកវិញ ដកអី យើងមិនមែនជាអ្នកដកទេ។ ដូចខ្ញុំតែងតែបញ្ជាក់អ៊ីចឹងថា ដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តមិនមានសិទ្ធិក្នុងការដកហូតដីដែលមានបណ្ណកម្មសិទ្ធិបានទេ។ អ្នកដកហូតបាន មានតែរាជរដ្ឋាភិបាល មានតែសាលក្រមតុលាការអីអ៊ីចឹងទៅណា »៕