ក្រុមយុវជនសំរាម បន្តបេសកកម្មរើសសំរាមតាមបណ្តាខេត្ត-ក្រុង និងសាលារៀនទូទាំងប្រទេស ខណៈពួកគេមើលឃើញការប្រើប្រាស់សំរាមប្លាស្ទិកមានការកើនឡើង។
តំណាងក្រុមយុវជនសំរាម គឺលោក សាន ដារ៉ាវីត បានឱ្យដឹងថា ដោយមើលឃើញអំពីបញ្ហាបរិស្ថាន និងការគ្រប់គ្រងសំរាមមិនទាន់បានល្អ ដែលអាចបណ្ដាលឱ្យប៉ះពាល់ដល់សោភ័ណភាពខេត្តក្រុងឬប្រទេសជាតិ ព្រមទាំងសុខភាពរបស់ពលរដ្ឋទូទៅផង ទើបក្រុមយុវជនសំរាមដែលមានគ្នាចាប់ពី ១០ទៅ ២០នាក់ឡើង ចាប់ផ្តើមបន្តបេសកកម្មប្រមូលគ្នារើសសំរាមឡើងវិញនៅឆ្នាំ២០២៣នេះ។
លោកបន្តថា យុទ្ធនាការនេះធ្វើឡើងតាមបណ្តាខេត្ត-ក្រុងធំៗ រួមមាន ខេត្តសៀមរាប កំពង់ធំ បាត់ដំបង តាកែវ ក្រុងព្រះសីហនុ កំពត កោះកុង និងសាលាជាច្រើនទៀត មានវិទ្យាល័យកោះស្ដេច ស្ថិតនៅស្រុកគិរីសាគរ ជាដើម។
ប្រភពដដែលបន្តថា សកម្មភាពរបស់ក្រុមយុវជន ក្រៅពីជំរុញឱ្យមានបរិស្ថានស្អាតហើយ ក៏ចង់ឃើញពលរដ្ឋមានទំនួលខុសត្រូវដោយខ្លួនឯងក្នុងការទុកដាក់សំរាម ព្រោះការទុកដាក់ និងបោះចោលសំរាមមិនបានត្រឹមត្រូវ វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់សោភ័ណភាពបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឱ្យប៉ះពាល់ដល់សុខភាពផងដែរ។ ដូច្នេះ គួររួមគ្នាធ្វើពលកម្មសម្អាតបរិស្ថាន និងទុកដាក់សំរាមឱ្យមានរបៀបរៀបរយ ដើម្បីទុកជាគំរូ និងជាទង្វើល្អមួយសម្រាប់ពលរដ្ឋ និងយុវជនជំនាន់ក្រោយ។
លោកបន្តថា៖ «បើនិយាយពីរឿងបរិស្ថាន យើងទាំងអស់គ្នានៅជាមួយបរិស្ថានរួមតែមួយ អ៊ីចឹងពួកយើងត្រូវតែមានទឹកចិត្តក្នុងការទទួលខុសត្រូវជាមួយសំរាមប្រើប្រាស់របស់យើងជាមុនសិន។
លោកបន្ថែមថា៖ «យើងទទួលខុសត្រូវនូវអ្វីដែលយើងប្រើប្រាស់ អ្វីដែលយើងហូបចុកហើយហ្នឹង យើងទទួលខុសត្រូវ យកវាទៅដាក់ក្នុងធុងសំរាម ឬក៏វេចខ្ចប់ឱ្យបានស្រួលបួល កុំបោះចោលពាសវាលពាលកាល។ ហ្នឹងវាជាទំនួលខុសត្រូវដែលសំខាន់សម្រាប់យុវជនជំនាន់ក្រោយយើងផងដែរ»។
បន្ថែមពីលើនេះ លោក សាន ដារ៉ាវីដ ដែលមានវ័យ៣៣ឆ្នាំ និងជាអ្នករស់នៅរាជធានីភ្នំពេញ បញ្ជាក់ថា សំរាមគឺជាកាកសំណល់អស់តម្លៃ គ្មានប្រយោជន៍ និងជាវត្ថុធាតុស្អុយរលួយ បង្កឱ្យអាប់អួដល់បរិយាកាសជុំវិញ និងងាយបង្កទៅជាជំងឺផ្សេងៗ ឬអាចបង្កឱ្យមានគ្រោះថ្នាក់ចំពោះសុខភាព តាមរយៈការប៉ះពាល់ដោយផ្ទាល់ ឬតាមភាយក្លិនស្អុយនៃសំរាមដែលរលួយ។ ប្រភពបន្ថែមថា សំរាមថង់ប្លាស្ទិក ឬសំណល់រឹង នៅតាមទីប្រជុំជនខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា បានក្លាយជាកង្វល់ចម្បងមួយក្នុងចំណោមបញ្ហាផ្សេងទៀត ហើយបញ្ហាសំរាមនេះទៀតសោតបានបង្កជាបញ្ហាប្រឈមមួយទៅដល់សង្គមកម្ពុជា ព្រោះថា សំរាមបានធ្វើឱ្យប៉ះពាល់ទៅដល់បរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ ជាដើម។
លោកបន្តថា៖ «សំរាមនៅពេលដែលវារប៉ាត់រប៉ាយនៅតាមផ្លូវ ធម្មតាវាប៉ះពាល់ហើយ វាអាចប៉ះពាល់ដល់ទេសចរដែលគាត់មកលេង វាប៉ះពាល់ទៅដល់បរិស្ថាននៅជុំវិញ ពាក់ព័ន្ធទៅនឹងសោភ័ណភាព សោភ័ណភាពស្អុយរលួយ។ ប្រសិនបើសំរាម វានៅរប៉ាត់រប៉ាយ វាជះឥទ្ធិពលដល់ទាំងអស់គ្នាអ៊ីចឹង»។
កាលពីដើមឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់-មានសុវត្តិភាព» ដោយដាក់បញ្ចូលកិច្ចការថែរក្សាបរិស្ថាន ដើម្បីគ្រប់គ្រងសំរាម ថែរក្សាអនាម័យ បរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ។ តាមរយៈគោលនយោបាយថ្មីនេះ រដ្ឋាភិបាលកម្ពុជារំពឹងថា នឹងជំរុញឱ្យមានការដោះស្រាយបញ្ហាកាកសំណល់គ្រប់ប្រភេទ នៅទូទាំងប្រទេស។
ស្រដៀងគ្នានេះដែរ យុវជនម្នាក់ទៀត គឺលោក ហេម សុភេម បានឱ្យដឹងថា ហេតុផលដែលនាំឱ្យក្រុមលោកបន្តដើររើសសំរាមតាមបណ្ដាខេត្តក្រុងទូទាំងប្រទេស ដោយសារចង់ឃើញទីក្រុង បណ្តាខេត្ត និងសាលារៀន មានសោភ័ណភាព បរិស្ថានស្អាត ដោយមានការរៀបចំទុកដាក់សំរាមប្រភេទផ្សេងៗឱ្យដាច់ពីគ្នា និងមានរបៀបរៀបរយ។ យ៉ាងណា លោកថារឿងនេះ ក្រុមលោកមិនអាចធ្វើបានទាំងអស់នោះទេ ទាល់តែមានការចូលរួមចំណែកពីពលរដ្ឋ និងអាជ្ញាធរ ទើបអាចទប់ស្កាត់បញ្ហានៃការទុកដាក់សំរាមដែលគ្មានសណ្តាប់ធ្នាប់នេះបាន។
លោកបន្តថា៖ «គោលបំណងទី១ គឺចង់សម្អាតប្លាស្ទិកដែលត្រូវចោលទាំងអស់នៅតាមទីក្រុង ហើយនិងបញ្ឈប់ការចោលប្លាស្ទិកថ្មីៗ ដោយសកម្មភាពរបស់យើងក្នុងការធ្វើវីដេអូនៅក្នុងបណ្ដាញសង្គម។ ហើយមួយទៀតហ្នឹង គឺដើម្បីធ្វើជាគំរូដល់ក្មេងជំនាន់ក្រោយ ក៏ដូចជាយុវជនដទៃ»។
បើតាមលោក ហេម សុភេម សព្វថ្ងៃ ការប្រើប្រាស់សំរាម ឬប្លាស្ទិក មានការកើនឡើងជាគំហុក គិតចាប់តំាងពីការនាំចូលប្លាស្ទិកមក។ ស្ថិតក្នុងវ័យ២១ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង លោក ហេម សុភេម បន្តថា បច្ចុប្បន្ននេះ សំរាម និងថង់ប្លាស្ទិក ត្រូវបានគេប្រើប្រាស់ជារៀងរាល់ថ្ងៃ នៅតាមណ្តាខេត្ត-ក្រុងធំៗ ស្របពេលមានការសិក្សាជាច្រើនពីស្ថាប័ននានា បង្ហាញថា ឥរិយាថនៃទុកដាក់មិនបានល្អនូវកាកសំណល់របស់ពលរដ្ឋកម្ពុជា នៅតែជាបញ្ហាចោទនៅឡើយ។
លោកបន្តថា៖ «បើប្រើ ក៏ប្រើចុះ ប៉ុន្តែប្រើហើយ សូមដាក់នៅក្នុងធុងសំរាមឱ្យស្រួលសិន។ បើសិនជាគាត់អត់ទាន់ចេះបោះសំរាមចូលទៅក្នុងធុងសំរាមផង យើងទៅប្រាប់គាត់ឱ្យគាត់កាត់បន្ថយប្រើប្រាស់បា្លស្ទិកឡើងវិញ ស្មានតែគាត់ស្ដាប់យើង»។
លោកបន្ថែមថា៖ «គ្រាន់តែចោលសំរាម គាត់! យើងបានធ្វើឱ្យគាត់មើលហើយ គាត់នៅតែបោះចោលដដែលហ្នឹង អ៊ីចឹងវាមិនពិបាក? ដំបូង យើងត្រូវផ្ដើមពីការបោះសំរាមឱ្យត្រូវធុងសំរាមសិន អ្វីដែលយើងធ្វើឥលូវហ្នឹង គឺនៅកម្រិតមួយគ្រាន់តែចង់ឱ្យប្រជាពលរដ្ឋ យុវជនទាំងអស់ហ្នឹង គាត់ចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវតែប៉ុណ្ណឹងទេ»។
ពាក់ព័ន្ធនឹងរឿងនេះ វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានទេ ដោយទូរសព្ទចូលច្រើនដង តែគ្មានអ្នកទទួល។
ចំណែកមន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិ នៃបណ្តាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា យល់ឃើញថា សកម្មភាពរើសសំរាមរបស់ក្រុមយុវជន ជាគំរូល្អសម្រាប់ពលរដ្ឋទូទៅ ដែលគួរអនុវត្តតាម។ លោកបន្តថា ប្រសិនបើពលរដ្ឋ ឬមន្ត្រីរាជការបានចូលរួមអនុវត្តការរៀបចំទុកដាក់សំរាមបានល្អ នោះសង្គមនិងប្រទេសជាតិពិតជាមានសោភ័ណភាពស្រស់ស្អាត ជាពិសេសបានការសរសើរនិងគាំទ្រច្រើនពីភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តនៅកម្ពុជា។
លោកបន្តថា៖ «សកម្មភាពរើសសំរាមនេះបានធ្វើឱ្យអាជ្ញាធរតាមមូលដ្ឋានបានយកចិត្តទុកដាក់ខ្ពស់ រហូតយើងឃើញថា នៅតាមប្រឡាយលូបឹងត្របែក មានលក្ខណៈស្អាតនិងបញ្ហាអនាម័យនេះ បានល្អប្រសើរជាងកាលពីមុន។ អ៊ីចឹងបានន័យថាយុវជនសំរាម បានបំផុសដល់ក្រុមយុវជនដទៃទៀតឱ្យមានគំនិត មានស្មារតី ក្នុងការជំរុញឱ្យប្រទេសកម្ពុជា និងទីក្រុងភ្នំពេញយើង ក្លាយជាទីកន្លែងស្អាត គ្មានសំរាម»។
លោកបន្ថែមថា៖ «ខ្ញុំអំពាវនាវ និងស្នើឱ្យរដ្ឋាភិបាលហ្នឹងត្រូវតែយកចិត្តទុកដាក់ធ្វើម៉េចត្រូវធានាថា ទីក្រុងធំៗនៅក្នុងប្រទេសកម្ពុជារបស់យើងស្អាត មានអនាម័យ មានសោភ័ណភាព មិនមែនតែរឿងសំរាមទេ បញ្ហាផ្លូវថ្នល់ហ្នឹងក៏ត្រូវមានការបោសជូត លាងសម្អាត ធ្វើម៉េចឱ្យមើលទៅស្អាត ដើម្បីបង្កើនទំនុកចិត្ត សុវត្ថិភាព និងបង្កលក្ខណៈសប្បាយរីករាយដល់ភ្ញៀវជាតិ និងអត្តរជាតិមកកម្សាន្ត»។
របាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញថា ចាប់តាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ មានក្រុមហ៊ុនចំនួន៣ រួមមាន ក្រុមហ៊ុន ស៊ីនទ្រ (CINTRI Cambodia) ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group CO,ltd ជាអ្នកទទួលបន្ទុកក្នុងការប្រមូលនិងដឹកជញ្ជូនសំរាមចេញ។
ជាមួយគ្នានេះដែរ របាយការណ៍ដែលចេញដោយក្រសួងបរិស្ថាន ដែលដាក់ចំណងជើងថា «រួមគ្នាកាត់បន្ថយប្លាស្ទិក» កាលពីខែធ្នូ ឆ្នាំ២០១៩ ឱ្យដឹងថា ការចោលសំណល់រឹងនៅទីលានចាក់សំរាម មានការកើនឡើង៥ដង ចាប់ពី៣១៨ ០០០តោន កាលពីឆ្នាំ២០០៤ ដល់ ១,៧លានតោនក្នុងមួយឆ្នាំ នៅឆ្នាំ២០១៨។
របាយការណ៍ដដែលបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ថង់ប្លាស្ទិកប្រមាណ១០លានថង់កំពុងប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ។ ដោយឡែក ប្រជាពលរដ្ឋកម្ពុជាម្នាក់ដែលរស់នៅក្នុងទីក្រុងនានារបស់ប្រទេសកម្ពុជា ត្រូវបានគេរកឃើញថាបានប្រើប្រាស់ថង់ប្លាស្ទិក ២ ០០០ថង់ ក្នុងមួយឆ្នាំ។ ជាងនេះទៀត បរិមាណប្លាស្ទិកនេះនឹងកើនឡើងរង្វង់ ៨,៣ពាន់លានតោន កាលពីឆ្នាំ២០១៥ នឹងបន្តកើនឡើងដល់ ១២ពាន់លានតោន នៅឆ្នាំ២០៥០ ប្រសិនបើនិន្នាការនៃការប្រើប្រាស់ និងទម្លាប់គ្រប់គ្រងសំណល់ប្លាស្ទិកដូចបច្ចុប្បន្ននៅតែបន្តបែបនេះទៀត៕