មន្ត្រីរដ្ឋាភិបាលថាការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ៊ុន ម៉ាណែត ចូលរួមទស្សនាពិព័រណ៍យោធា និងការប្រកួតកីឡាកងទ័ព នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

UPDATED៖ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានអះអាងនៅថ្ងៃទី១១ ខែកុម្ភៈ ថាលោកមិនបានចុះហត្ថលេខាជំនួសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ជំនួយមនុស្សធម៌ចំនួន ១០ ម៉ឺនដុល្លារ ទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះដោយការរញ្ជួយដីនោះទេ។ លោក ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា លោកមិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលនោះទេ។

មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុក ដោយចុះហត្ថលេខាផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីនោះ មិនមែនជារឿងខុសឆ្គងទេ ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុកកំពុងមានធុរៈ រីឯអ្នកឃ្លាំមើលយល់ថា បើអនុលោមតាមច្បាប់ គឺនាយករដ្ឋមន្ត្រីស្តីទី ឬឧបនាយករដ្ឋមន្ត្រី គួរជាអ្នកបំពេញភារកិច្ចនេះនៅពេលនាយករដ្ឋមន្ត្រីខកខាន។

ការលើកឡើងផ្ទុយគ្នានេះធ្វើឡើងក្រោយរដ្ឋាភិបាលកម្ពុជាប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគី ដែលកំពុងរងគ្រោះរញ្ជួយដី ដោយក្នុងនោះ លោក ហ៊ុន ម៉ាណែត បានតំណាងឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក្នុងការចុះហត្ថលេខាផ្តល់ជំនួយ ខណៈលោក ហ៊ុន សែន កំពុងកាន់មរណទុក្ខចំពោះការបាត់បង់ប្អូនថ្លៃស្រី។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា អ្នកសារព័ត៌មាន និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ឆ្ងល់ និងបានវាយប្រហារលោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធការចុះហត្ថលេខាតំណាងឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក្នុងការផ្តល់ជំនួយទៅប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដី។

លោកថ្លែងថា៖ «អ្នកសារព័ត៌មាន ហើយសមាសភាពអង្គការមិនមែនរដ្ឋាភិបាល គាត់ឆ្ងល់ ហើយគាត់វាយប្រហារទៅលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលដូចជាចុះហត្ថលេខាតំណាងសម្តេចតេជោ ក្នុងការផ្តល់ជំនួយហ្នឹង។ [តើគេឆ្ងល់ឬវាយប្រហារថាយ៉ាងណាដែរ? គេថា] ហេតុដូចម្តេចបានជារដ្ឋាភិបាលមិនប្រើប្រាស់តួនាទីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី ក្នុងការផ្តល់ជំនួយហ្នឹង? ហេតុអីបានដាក់ឱ្យឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកផ្តល់ទៅវិញ? អាហ្នឹង គឺដែលគេមិនសប្បាយចិត្តហ្នឹង»។

យ៉ាងណា មន្ត្រីរដ្ឋាភិបាលរូបនេះសុំមិនបញ្ចេញអត្តសញ្ញាណអ្នកដែលលោកអះអាងថាបានវាយប្រហារលោក ហ៊ុន ម៉ាណែត នោះទេ។

លោក ផៃ ស៊ីផាន ប្រាប់ថា លោក ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការ នៃឥស្សរជនរបស់កងយោធពលខេមរភូមិន្ទ ខណៈស្ថាប័ននេះជាអ្នកនាំមុខដើរតួចូលរួមក្នុងប្រតិបត្តិការសន្តិភាពលើពិភពលោក ដូច្នេះនេះមិនមែនជារឿងខុសឆ្គងទេ ដែលលោកត្រូវបំពេញតួនាទីនេះ។

លោក ផៃ ស៊ីផាន បន្តថា៖ «ការជួយពេលនេះ ជាមួយតួកគីហ្នឹង គឺក្នុងរបៀបប្រតិបត្តិការសន្តិភាព ជួយសង្រ្គោះប្រជាពលរដ្ឋតួកគី ដែលជួបប្រទះមហន្ដរាយរញ្ជួយធរណី ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋដោយភ្លើង បាក់អាគារបាក់អីហ្នឹង ជាក្រុមរបស់ឯកឧត្តម ហ៊ុន ម៉ាណែតហើយដែលចេញទៅធ្វើប្រតិបត្តិការនោះ»។

ក្រៅពីនោះ លោកថា នាយករដ្ឋមន្ត្រីកំពុងមានធុរៈ ដូច្នេះទើបអនុញ្ញាតឱ្យលោក ហ៊ុន ម៉ាណែត ដែលជាអ្នកទទួលបន្ទុកអន្តរាគមន៍នៃសកម្មភាពមនុស្សធម៌អន្តរជាតិ តំណាងរឿងនេះវិញ។

បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះ បើករណីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់រវល់ ឬមានបញ្ហាសុខភាពផ្សេងៗ នោះតួនាទីជំនួសជាផ្លូវការផ្នែករដ្ឋបាលស៊ីវិល គឺឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។ ចំណែកផ្នែកទាហានវិញ ជាទូទៅ គឺឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងម្នាក់ទៀតគឺ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ដែលដើរតួសំខាន់ផ្នែកទំនាក់ទំនងអន្តរជាតិក្នុងវិស័យយោធា ជាអ្នកទទួលបន្ទុកជំនួសសិន។

ដោយឡែក អ្នកសិក្សាផ្នែកច្បាប់នៅកម្ពុជា លោក វ៉ន ចាន់ឡូត លើកឡើងថា ជានីតិវិធី គឺមានការចែងច្បាស់ទាក់ទិនរឿងនាយករដ្ឋមន្ត្រីស្តីទី ពោលគឺលោក ស ខេង ជាឧបនាយករដ្ឋមន្ត្រី ដែលជាសមាជិករបស់រដ្ឋាភិបាល។

លោកថា ក្នុងការដឹកនាំ ជាក់ស្តែងដូចជាអង្គព្រះមហាក្សត្រ នៅពេលព្រះអង្គអវត្តមាន គឺមានលិខិតប្រគល់សិទ្ធិទៅប្រធានព្រឹទ្ធសភា ជំនួសកិច្ចការជាបណ្តោះអាសន្ន។ រីឯករណីតំណែងនាយករដ្ឋមន្ត្រីវិញ បើសិននាយករដ្ឋមន្ត្រីខកខាន ឬអវត្តមានបណ្ដោះអាសន្ន ក្នុងច្បាប់ក៏មានចែងច្បាស់លាស់អំពីអ្នកដែលជាស្តីទី បំពេញតួនាទីនេះជំនួស។

លោក វ៉ន ចាន់ឡូត ថា៖ «នៅពេលដែលនាយករដ្ឋមន្ត្រី គាត់អវត្តមានជាបណ្តោះអាសន្នដោយប្រការណាមួយ គឺឧបនាយករដ្ឋមន្ត្រី ដែលត្រូវឡើងជានាយករដ្ឋមន្ត្រីស្តីទី ហើយអាហ្នឹងគឺមានចែងបញ្ជាក់ច្បាស់ហើយ រួចរាល់អស់ហើយ ថាអ្នកណាជាស្តីទី បន្ទាប់ពីគាត់អ៊ីចឹងណា។ អ៊ីចឹងកន្លែងហ្នឹង ខ្ញុំគិតថា គួរតែអនុលោមទៅតាមច្បាប់ វានឹងអាចចៀសផុតពីការទិតៀន»។

បើទោះជាយ៉ាងណា អ្នកសិក្សាផ្នែកច្បាប់រូបនេះ យល់ថា ជ្រុងមួយទៀត គឺបង្ហាញនូវរូបភាពនយោបាយ ពោលលោក ហ៊ុន ម៉ាណែត ត្រូវឪពុកជានាយករដ្ឋមន្ត្រីលើកឡើងពីលោកជារឿយៗផង និងមានការឯកភាពកិច្ចការផ្ទៃក្នុងគណបក្សកាន់អំណាចផង ដូច្នេះវាមិនមែនជារឿងចម្លែកទេ ដែលលោកលេចមុខឱ្យមានការទទួលស្គាល់ទាំងក្នុងនិងក្រៅស្រុក។ ប៉ុន្តែលោកថា វាអាចជារូបភាពឆ្គាំឆ្គងដែលលោក ហ៊ុន ម៉ាណែត ធ្វើកិច្ចការនេះជំនួសឪពុក ដោយមិនបានអនុលោមឱ្យត្រូវតាមច្បាប់ ពោលរូបភាពនេះមិនគួរកើតឡើងទេ។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា ករណីនេះ អ្នកណាជាអ្នកចុះហត្ថលេខា គឺមិនសំខាន់ទេ តែអ្វីដែលសំខាន់ គឺនាយករដ្ឋមន្ត្រីផ្តល់ដាវអាជ្ញាសឹក ឬសិទ្ធិឱ្យបុគ្គលរូបណា។

លោកថា​ អ្វីដែលរដ្ឋាភិបាលកំពុងធ្វើនេះ គឺគេពិចារណាច្បាស់ណាស់ ដោយចង់លើកតម្លៃ និងមុខមាត់លោក ហ៊ុន ម៉ាណែត ឱ្យអន្តរជាតិស្គាល់។

យ៉ាងណា បើនិយាយពីច្បាប់វិញ លោកមើលឃើញថា ការអនុវត្តនេះមិនឆ្លុះបញ្ចាំងនូវតម្លាភាព និងយុត្តិធម៌ទេ ខណៈឥទ្ធិពលស្ថិតលើបុគ្គលប៉ុណ្ណោះ។

លោក សេក សុជាតិ ថា៖ «ទាក់ទងការអនុវត្តច្បាប់ ឬអនុវត្តនូវវិធានការតាមឋានានុក្រម យើងឃើញថា វាមិនឆ្លុះបញ្ចាំងអំពីការអនុវត្តប្រកបដោយតម្លាភាព យុត្តិធម៌ទេ នៅក្នុងការរៀបចំ និងចាត់ចែងបែបនេះ។ ប៉ុន្តែនៅក្នុងសង្គមរបស់យើងនាពេលបច្ចុប្បន្ននេះ ឥទ្ធិពលទាំងអស់គឺស្ថិតនៅលើបុគ្គល។ ដល់អ៊ីចឹងទៅ បុគ្គលដែលមានឥទ្ធិពលនិងអំណាច គាត់ចាត់តាំងអ្នកណា​ អ្នកនោះឯងគឺជាបុគ្គលដែលទទួលបាននូវអភ័យឯកសិទ្ធិ ឬក៏ទទួលបាននូវសិទ្ធិស្របច្បាប់នៅក្នុងការចាត់ចែងការងារ ក្រោយពីទទួលបានបទបញ្ជា»។

រដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីសម្រេចស្តីពី «ការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល» ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ និងចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់ភារកិច្ចដល់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស សំដៅធានាការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់រដ្ឋ។

ក្នុងនោះ នាយករដ្ឋមន្ត្រីត្រូវទទួលបន្ទុកដឹកនាំការងាររួមរបស់គណៈរដ្ឋមន្ត្រី និងចាត់បញ្ជារាល់សកម្មភាពរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្តមាន ជួយនាយករដ្ឋមន្ត្រីលើការងារសន្តិសុខជាតិ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននិងការជួញដូរមនុស្ស ទប់ស្កាត់អំពើភេរវកម្ម បំផ្លាញចោលអាវុធ ការងារភូមិឃុំមានសុវត្ថិភាព ជាដើម និងការងារផ្សេងៗទៀតតាមការប្រគល់របស់នាយករដ្ឋមន្ត្រី។

ក្រៅពីនោះ មានឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីមួយចំនួនទៀតដែលត្រូវបំពេញតួនាទីតាមបេសកកម្ម និងតាមការប្រគល់របស់នាយករដ្ឋមន្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ