អ្នកសារព័ត៌មានម្នាក់ចោទនគរបាលអន្តោប្រវេសន៍ព្រំដែនក្អមសំណ ថាឃាត់ខ្លួនលោកសួរចម្លើយ ក្រោយថតរូបឈ្មួញដឹកទំនិញគេចពន្ធតាមច្រករបៀង

អ្នកសារព័ត៌មាន លោក ញឹម សនស៊ីដា ពេលត្រូវបាននគរបាលអន្តោប្រវេសន៍ច្រកក្អមសំណ ជិះតាមពីក្រោយ និងសួរនាំពីការថតរូបឈ្មួញដឹកទំនិញគេចពន្ធតាមច្រករបៀង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។ (ផ្ដល់ឱ្យ)

អ្នកសារព័ត៌មានមួយរូបបានចោទប្រកាន់មន្ត្រីនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ​ថាបានបង្ខាំងរូបគេទុកអស់រយៈពេលជាច្រើនម៉ោង និងបង្ខំឱ្យផ្ដិតមេដៃធ្វើកិច្ចសន្យា ពាក់ព័ន្ធនឹងការថតរូបភាពឈ្មួញដឹកទំនិញគេចពន្ធតាមច្រករបៀង។

លោក ញឹម សនស៊ីដា ជាសមាជិកសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព រៀបរាប់ថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ លោកបានប្រទះឃើញឈ្មួញដឹកបារីតាមម៉ូតូគេចពន្ធនៅតាមច្រករបៀង បន្ទាប់មកលោកបានផ្ដល់ដំណឹងនេះទៅកាន់មន្ត្រីគយដែលនៅក្បែរនោះ។ បន្ទាប់ពីចាកចេញពីទីស្នាក់ការគយ និងចម្ងាយប្រហែល១០០ម៉ែត្រពីច្រកទ្វារព្រំដែនក្អមសំណ មានសមត្ថកិច្ចជាច្រើននាក់ដែលអះអាងថាជាមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើដំណើរតាមពីក្រោយលោក រួចដាក់ម៉ូតូពាំងពីមុខ និងដកសោម៉ូតូ ថែមទាំងឆក់យកទូរសព្ទដៃរបស់លោកបណ្ដាលឱ្យបែកអេក្រង់ផងដែរ។

លោក សនស៊ីដា បន្តថា នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ មន្ត្រីនគរបាលទាំងនោះបាននាំខ្លួនលោកទៅប៉ុសិ៍្តនគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ អស់រយៈពេល៤ម៉ោង ដោយចោទប្រកាន់ថា លោកពុំមានលិខិតបេសកកម្ម និងពុំបានប្រាប់អាជ្ញាធរមុននឹងចុះថតរូប។ អាជ្ញាធរថែមទាំងដាក់សម្ពាធឱ្យលោកផ្ដិតមេដៃទទួលស្គាល់ថាគ្រាន់តែជាការថតដោយចៃដន្យ និងសន្យាមិនឱ្យបែកធ្លាយរូបភាពទាំងនេះ ជាថ្នូរនឹងការឱ្យវិលត្រលប់ទៅផ្ទះវិញ។ យ៉ាងណា លោកបានបដិសេធក្នុងការផ្ដិតមេដៃមិនឱ្យបែកធ្លាយរូបភាព។

លោក សនស៊ីដា និយាយថា៖ «ខ្ញុំបានចេញ [ពីស្នាក់ការគយ] រួចរាយការណ៍ទៅខាងមេខ្ញុំ។ ខ្ញុំកំពុងនិយាយទូរសព្ទ ស្រាប់តែគាត់ជិះតាមពីក្រោយខ្ញុំ ស្រាប់តែមានឈ្មោះ ប្រា ម៉េងលី មកឆក់ទូរសព្ទខ្ញុំពីដៃហើយ ជាមន្ត្រីអន្តោប្រវេសន៍ គាត់មកឆក់ទូរសព្ទខ្ញុំទាំងពីរ ទាំងបី ហើយមកដកសោម៉ូតូខ្ញុំ ហើយដាក់ម៉ូតូពាំងផ្លូវមុខនៅលើថ្នល់ជាតិ។ ហេតុការណ៍ហ្នឹងចេញច្រកព្រំដែនប្រហែល១០០ម៉ែត្រនៅក្អមសំណ មកដកសោម៉ូតូខ្ញុំ ប្រៀបបីដូចខ្ញុំជាចោរអ៊ីចឹង»។

ជុំវិញករណីនេះ លោក សនស៊ីដា បានស្នើទៅខាងសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ដើម្បីដាក់ពាក្យប្ដឹង។ ចំណែកអគ្គលេខាធិការ នៃសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព លោក ឆុំ ដានី ប្រាប់ថា ការស្នើសុំពីលោក សនស៊ីដា នេះ ខាងសមាគមរង់ចាំការពិភាក្សាគ្នាសិន។

មន្ត្រីរដ្ឋាភិបាលថ្លែងថា ពួកគេមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ ខណៈមន្ត្រីអង្គការសង្គមស៊ីវិលបង្ហាញការសោកស្ដាយ ទាក់ទិននឹងការធ្វើទុក្ខបុកម្នេញដែលកើតមានជាញឹកញយលើអ្នកសារព័ត៌មាន។

សារព័ត៌មានវីអូឌី ពុំអាចសុំការអត្ថាធិប្បាយពីមន្ត្រីនគរបាលអន្តោប្រវេសន៍នៅច្រកក្អមសំណ បានទេ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។ អ្នកសារព័ត៌មានវីអូឌី ក៏បានព្យាយាមទាក់ទងទៅលោក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប៉ុន្តែទូរសព្ទត្រូវបានកាត់ផ្ដាច់ បន្ទាប់ពីអ្នកសារព័ត៌មានរៀបរាប់ពីរឿងរ៉ាវនិងសួរសំណួរ ហើយទូរសព្ទទៅម្ដងទៀត លោកពុំលើកទូរសព្ទឡើយ។

ដោយឡែក លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល មិនលើកទូរសព្ទ ខណៈផ្ញើសំណួរតាមបណ្ដាញទំនាក់ទំនងតេឡេក្រាម លោកចូលមើល ប៉ុន្តែពុំឆ្លើយតប។

អធិការនគរបាលស្រុកលើកដែក លោក អាំ ធូ ថ្លែងថា ស្នងការនគរបាលខេត្តកណ្ដាល លោក ឈឿន សុចិត្ត ធ្លាប់សួរនាំលោកជុំវិញករណីនេះ ប៉ុន្តែលោកក៏មិនដឹងផងដែរ ដោយសារមន្ត្រីទាំងនោះមិនស្ថិតក្រោមការដឹកនាំរបស់លោកឡើយ។

ជាមួយគ្នានេះ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ខេត្តកណ្តាល​ លោក តុប សុវណ្ណ ក៏បានបញ្ជាក់ដែរថា មន្ត្រីអន្តោប្រវេសន៍នៃច្រកព្រំដែនអន្តរជាតិក្អមសំណនេះ មិនស្ថិតក្រោមការគ្រប់គ្រងរបស់លោកនោះទេ។ ចំណែកប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល លោក ចាប វន្នី និយាយថា លោកនឹងស្រាវជ្រាវឱ្យបានលម្អិតជុំវិញករណីនេះ។

លោកនិយាយថា៖ «ខ្ញុំអត់ទាន់បានទទួលព័ត៌មានហ្នឹងផង ចាំមើលខ្ញុំទំនាក់ទំនងសួរទៅកាន់ស្នងការខេត្តសិនមើល តើរឿងវាយ៉ាងម៉េច! ឥឡូវខ្ញុំអត់អាចបកស្រាយអីកើត ដោយសារខ្ញុំអត់ទាន់បានទទួលព័ត៌មានលម្អិតទាក់ទងរឿងហ្នឹង»។

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន និយាយថា លោកពុំទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ។

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក លួស សេង ចាងហ្វាងសារព័ត៌មានអនឡាញ លួសសេងញូស៍ (LSN) បានដាក់ពាក្យប្ដឹងអធិការនគរបាលក្រុងបាវិត លោក អែម សុវណ្ណារិទ្ធ ទៅសាលាដំបូងខេត្តស្វាយរៀង ពីបទ «គំរាមកំហែង» លើអ្នកសារព័ត៌មាន បន្ទាប់ពីបុគ្គលិករបស់លោកត្រូវបានអធិការក្រុងបាវិតរូបនេះ សម្លុត គំរាមវាយខ្នោះ និងដណ្ដើមយកទូរសព្ទ​មកលុបវីដេអូផ្សាយផ្ទាល់ នៅទីតាំងគ្រោះថ្នាក់ចរាចរណ៍មួយកន្លែងនៅទីសាធារណៈ។

លោក អ៊ិត សូធឿត ប្រធាននាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និយាយថា ទង្វើរបស់អាជ្ញាធរនេះ ជារូបភាពមួយនៃការរំលោភលើសិទ្ធិរបស់អ្នកសារព័ត៌មានដែលព្យាយាមរាយការណ៍ពីចន្លោះប្រហោងរបស់មន្ត្រីរដ្ឋាភិបាល។

លោកនិយាយថា៖ «ការឃាត់ខ្លួនរយៈពេលចូល៤ទៅ៥ម៉ោងហ្នឹង នេះជារូបភាពគំរាមកំហែង ធ្វើទុក្ខបុកម្នេញទៅដល់អ្នកសារព័ត៌មាន នៅពេលដែលគាត់ចុះរាយការណ៍អំពីចំណុចអសកម្ម ចំណុចអវិជ្ជមាន ដែលនៅមានការខ្វះខាត ដែលរឹតត្បិតដោយអាជ្ញាធរ។ អ៊ីចឹងសម្រាប់យើង យើងគិតថា វាគឺជារឿងគួរឱ្យសោកស្ដាយ ដែលបញ្ហាបែបនេះនៅតែបន្តកើតមានទៅដល់អ្នកសារព័ត៌មាន ខណៈគាត់ដើរតួជាអ្នកអង្កេតមើល ឃ្លាំមើលសកម្មភាពអសកម្មនៅក្នុងសង្គម»។

ករណីស្រដៀងគ្នានេះ លោក ស៊ីន សំណាង ជានិពន្ធនាយក នៃសារព័ត៌មានបក្សីត្រចៀកកាំ និយាយថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ម្ចាស់អាជីវកម្មអាចម៍ដីមួយកន្លែង ដែលមានទីតាំងនៅភូមិអន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចាប់យកអាយផេត(Ipad)របស់លោក បោកចោល អំឡុងពេលលោកចុះថតសកម្មភាពទឹកដែលហូរចេញពីការលាងអាចម៍ដីនៃកន្លែងអាជីវកម្មនោះ ដែលបណ្ដាលឱ្យស្រូវរបស់ពលរដ្ឋរងផលប៉ះពាល់។ យ៉ាងណាលោក សំណាង ឱ្យដឹងថា ករណីនេះត្រូវបានបញ្ចប់ហើយ ក្រោមការសម្របសម្រួលដោយលោកអភិបាលស្រុកកណ្ដាលស្ទឹង។

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បានចេញផ្សាយរបាយការណ៍​ថ្មីមួយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដោយវាយតម្លៃថា សេរីភាពសារព័ត៌មានកម្ពុជា​ ក្នុងឆ្នាំ២០២២ នៅតែអាក្រក់ដដែល។

របាយការណ៍បានគូសបញ្ជាក់ថា កម្ពុជាស្ថិតនៅលេខរៀងទី១៤២ លើ១៨០​ ប្រទេសនិងដែនដី​នៅ​លើពិភព​លោក ដែលចំណាត់​ថ្នាក់​​នេះបង្ហាញ​​​ថា ​សេរីភាពសារព័ត៌មាននៅកម្ពុជាបានបន្តធ្លាក់​ចុះ​ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨មក ពោលគឺនៅមិនទាន់មានភាពប្រសើរឡើងវិញនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ