ក្រសួងមហាផ្ទៃ បានបញ្ជាទៅអភិបាលខេត្តត្បូងឃ្មុំ ឱ្យដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋជាង២០០គ្រួសារ នៅស្រុកមេមត់ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោយពីពលរដ្ឋទាំងនោះមានជម្លោះជាមួយក្រុមហ៊ុនឯកជន និងអាជ្ញាធរ ជាង១០ឆ្នាំ ហើយបានរកកិច្ចអន្តរាគមន៍ពីក្រសួងមួយនេះ។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ តំណាងពលរដ្ឋ៨នាក់ បាននាំគ្នាដាក់ញត្តិមួយទៅក្រសួងមហាផ្ទៃ ដើម្បីសុំអន្តរាគមន៍ ដោយប្រទានកម្ម និងផ្តល់បណ្ណសិទ្ធិលើដីទំហំ ៣៩៦,៦ហិកតា ដល់ប្រជាពលរដ្ឋជាង១០០គ្រួសារ នៅឃុំទន្លូង និងឃុំជាំក្រវៀន ក្រោយរដ្ឋាភិបាលកាត់ឆ្វៀលចេញពីក្រុមហ៊ុន មែនសារ៉ុន កាលពីឆ្នាំ២០១៦ និងពលរដ្ឋ២១គ្រួសារនៅភូមិចាន់មូល ឃុំចាន់មូល ស្រុកមេមត់ ក៏បានស្នើសុំផ្តល់បណ្ណលើដី ៣៥,៤ហិកតា ដែលកំពុងមានជម្លោះជាមួយអាជ្ញាធរនៅតំបន់នោះ។
ក្នុងថ្ងៃខែដដែលនេះ ពលរដ្ឋ៤នាក់ តំណាងឱ្យប្រជាពលរដ្ឋ១២៨គ្រួសារ នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ក៏បានដាក់ញត្តិសុំទៅក្រសួងមហាផ្ទៃអន្តរាគមន៍ដកហូតដីព្រៃសហគមន៍ទំហំ១ ២៣០ហិកតា ពីក្រុមហ៊ុនចិន ហាម៉ឹនី វីន អ៊ិនវេសមេន ប្រគល់ឱ្យសហគមន៍បានកាន់កាប់ និងអាស្រ័យផលវិញ។
ក្រសួងមហាផ្ទៃ នៅទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យក្រុមពលរដ្ឋមកទទួលយកលិខិតឆ្លើយតប ជុំវិញការស្នើអន្តរាគមន៍នេះពីក្រសួង ហើយនៅថ្ងៃព្រហស្បតិ៍នេះ តំណាងពលរដ្ឋជាង៤០នាក់ក៏បាននាំគ្នាមកយកលិខិតឆ្លើយតបនេះតាមការណាត់ផងដែរ។
យោងតាមលិខិតចុះទី៣០ ខែមករា ឆ្នាំ២០២៣ ដូចគ្នា ដែលក្រសួងផ្តល់ជូនពលរដ្ឋនៅព្រឹកមិញនេះ គឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាទៅរដ្ឋបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យសិក្សា ស្រាវជ្រាវ និងដោះស្រាយជូនពលរដ្ឋដោយផ្អែកលើកគោលការណ៍ច្បាប់ ហើយឆ្លើយតបទៅប្រជាពលរដ្ឋវិញផងដែរ។
លោក ឈឺន ងឿន ដែលអះអាងថាជាតំណាងពលរដ្ឋជាង១០០គ្រួសារ នៅឃុំទន្លូង និងឃុំជាំក្រវៀន ស្រុកមេមត់ ប្រាប់វីអូឌី នៅមុខក្រសួងមហាផ្ទៃ ថាដើមឡើយមានពលរដ្ឋជាង៦៤០គ្រួសារ ដែលមានដីសរុប១ ៩៦៣ហិកតា មានជម្លោះជាមួយក្រុមហ៊ុន ម៉ែន សារ៉ុន ចាប់តាំងពីឆ្នាំ២០១១មក ខណៈពលរដ្ឋបានកាន់កាប់ និងអាស្រ័យផលលើដីនោះតាំងពីឆ្នាំ២០០៦ ជាបន្តបន្ទាប់។
តំណាងពលរដ្ឋរូបនេះ បន្តថា ក្រោយមក នៅឆ្នាំ២០១៦ រដ្ឋាភិបាលចេញអនុក្រឹត្យមួយកាត់ឆ្វៀលដីនោះជូនពលរដ្ឋវិញ ប៉ុន្តែរហូតមកដល់ពេលនេះ អាជ្ញាធរខេត្តមិនទាន់បានចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋនៅឡើយទេ ដែលធ្វើឱ្យពលរដ្ឋព្រួយបារម្ភពីសុវត្ថិភាពដីធ្លី ខណៈមានអ្នកមានលុយមានអំណាចមួយចំនួនទៅអះអាងថា ដីតំបន់នោះជារបស់ពួកគេ។
លោក ឈឺន ងឿន បានឱ្យដឹងថា បច្ចុប្បន្ននេះ មានពលរដ្ឋតែជាង១០០គ្រួសារប៉ុណ្ណោះដែលបានចេញតវ៉ាទាមទារបណ្ណកម្មសិទ្ធិ ខណៈពលរដ្ឋផ្សេងទៀតមិនហ៊ានមកនោះទេ ដោយបារម្ភពីសុវត្ថិភាពខ្លាចមានការចោទប្រកាន់ និងការចាប់ខ្លួន ក្រោយពីខ្លួនបានជាប់ពន្ធនាគារដោយសារការតវ៉ាសិទ្ធិដីធ្លីនេះ។
លោកបន្ថែមថា៖ «រដ្ឋាភិបាលបានកាត់ចេញពីក្រុមហ៊ុន ម៉ែនសារុន រួចហើយ ដោយកាត់ឆ្វៀលជាលក្ខណៈស្បែកខ្លា ប៉ុន្តែមិនទាន់ប្លង់រឹងទេ។ គេគ្រាន់តែកាត់អ៊ីចឹង។ ដល់អ៊ីចឹង ពួកខ្ញុំចេះបារម្ភពីសុវត្ថិភាពដីធ្លី ព្រោះក្រោយមក មានអ្នកមានលុយមានអំណាច គេទៅថាដីនេះដីគេ ដីនោះដីគេ។ អ៊ីចឹងពួកខ្ញុំចេះតែបារម្ភ កើតទុកមិនសុខចិត្ត ភ័យព្រួយ ខ្លាចគេយកទៀត»។
អ្នកស្រី ហ៊ុយ យ៉ុន នៅភូមិចាន់មូល ឃុំចាន់មូល និយាយថា អ្នកភូមិចាន់មូល ជាច្រើនគ្រួសារ រស់នៅជាប់តំបន់ព្រំដែនកម្ពុជា–វៀតណាមត្រូវបានអាជ្ញាធរវៀតណាមធ្វើទុក្ខបុកម្នេញ ដោយមិនឱ្យអាស្រ័យផលលើដីរបស់ខ្លួន។
ពលរដ្ឋរូបនេះអះអាងថា ពួកគាត់ជាគ្រួសារបានអាស្រ័យផលដោយធ្វើស្រែ និងដាំដំណាំផ្សេងៗលើដីរៀងៗខ្លួនបន្តពីដូនតា ស្ថិតនៅភូមិចាន់មូល ឃុំចាន់មូល ស្រុកមេមត់ តាំងឆ្នាំ១៩៨០ រហូតដល់ឆ្នាំ១៩៩៨ ទើបអាជ្ញាធរវៀតណាមចុះមកហាមឃាត់ និងឈូសឆាយដំណាំពលរដ្ឋខ្មែរចោល ដោយមិនឱ្យអាស្រ័យទៀតឡើយ ក្រោមហេតុថា ដីតំបន់នោះជាដីកំពុងមានជម្លោះរវាងកម្ពុជា និងវៀតណាម មិនទាន់បានដោះស្រាយចប់។
អ្នកស្រី ហ៊ុយ យ៉ុន ឱ្យដឹងទៀតថា ក្រោយមក នៅឆ្នាំ២០២១ បញ្ហាជម្លោះដីព្រំដែននេះត្រូវបានដោះស្រាយចប់ ដោយបានបោះបង្គោល និងធ្វើផ្លូវក្រវាត់ព្រំដែនរួចរាល់ផងដែរ ហើយអ្នកភូមិចាន់មូល ២១គ្រួសារ បានចូលទៅអាស្រ័យផលលើដីរៀងៗខ្លួនវិញ ប៉ុន្តែអាជ្ញាធរខ្មែរនៅតំបន់នោះមិនអនុញ្ញាតឱ្យពួកគាត់ចូលទៅអាស្រ័យផលឡើងវិញបានឡើយ ខណៈពលរដ្ឋវៀតណាមអាចចូលទៅអាស្រ័យផលលើដីជាប់ព្រំដែននោះបាន។
អ្នកស្រីបន្ថែមថា៖ «ដល់ពេលពួកខ្ញុំចូលធ្វើស្រែវិញ អ្នកមានសិទ្ធិមានអំណាចដែលគេនៅកាន់ព្រំដែនហ្នឹង គេហាមឃាត់មិនឱ្យពួកខ្ញុំធ្វើទេ។ ចែកដាច់អស់ហើយ បង្គោលព្រំដែនហ្នឹង! ចេញដាច់រវាងខ្មែរ-យួនរួចហើយ! ហេតុអីប្រជាពលរដ្ឋយួនបានធ្វើ ហើយខ្មែរមិនបានធ្វើស្រែ? ខ្ញុំជាកូនខ្មែរ ហេតុអីមិនឱ្យធ្វើ? អង្គការយួនឱ្យពលរដ្ឋគេធ្វើស្រែបាន ហេតុអីអង្គការខ្មែរមិនឱ្យពលរដ្ឋខ្លួនឯងបានដែរ?»
អ្នកស្រី សុន សុខលី នៅឃុំត្រពាំងព្រីង ស្រុកតំបែរ បានប្រាប់វីអូឌី នៅមុខក្រសួងមហាផ្ទៃ ថាដីចំនួន១ ២៣០ហិកតាដែលកាន់កាប់ និងអាស្រ័យផលដោយប្រជាពលរដ្ឋ១២៨គ្រួសារ បានមានជម្លោះជាមួយក្រុមហ៊ុនចិន ហាម៉ឹនី វីន អ៊ិនវេសមេន តាំងពីឆ្នាំ២០១២ ក្រោយពីក្រុមហ៊ុននេះទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅតំបន់នោះ។
ពលរដ្ឋរូបនេះអះអាងថា ដីនោះ ពលរដ្ឋចំនួន២ភូមិ នៃឃុំត្រពាំងព្រីង បានអាស្រ័យផលតាំងពីឆ្នាំ១៩៧៩ បន្តពីឪពុកម្តាយ ដោយធ្វើស្រែ និងដាំដំណាំផ្សេងៗ សម្រាប់ចិញ្ចឹមជីវិត។ អ្នកស្រីថា ក្រោមជម្លោះដីធ្លីនេះ តំណាងពលរដ្ឋ៣នាក់បានជាប់ពន្ធនាគារជាបន្តបន្ទាប់ និងពលរដ្ឋផ្សេងទៀតបានរងការគំរាមកំហែងផ្សេងៗពីអាជ្ញាធរផងដែរ។
អ្នកស្រី សុន សុខលី បន្តថា ក្រោយពីក្រុមហ៊ុនរំលោភយកដីធ្លីអស់ គឺអ្នកភូមិបានធ្លាក់ខ្លួនក្រីក្រ និងចំណាកស្រុកដោយសារគ្មានដីសម្រាប់បង្កបង្កើផល។
អ្នកស្រីបន្ថែមថា៖ «អាជ្ញាធរប្រើហិង្សាលើប្រជាពលរដ្ឋ ចាប់ពលរដ្ឋដាក់គុក អត់ឱ្យពលរដ្ឋតវ៉ាយកវិញបាន។ ធ្វើបាបប្រជាពលរដ្ឋរត់ខ្ចាត់ខ្ចាយអស់។ កូនចៅចំណាកស្រុកអស់ហើយ ដូចជាកូនខ្ញុំ ប្តីខ្ញុំ ចំណាកស្រុកអស់ហើយ។ កាលមានដីអាស្រ័យផល ប្រជាពលរដ្ឋបានដាំដំឡូង ស្រូវ ពោត គ្រាន់លក់ដោះស្រាយជីវភាពគ្រួសារ បង់សងធនាគារ។ ដល់ឥលូវនេះ អ្នកភូមិស្រែប្រាំង គ្មានដីបង្កបង្កើនផល គ្មានដោះស្រាយជាមួយធនាគារទេ។ គ្រួសារពលរដ្ឋម្នាក់ៗអត់មានអ្នកណាបានជួបជុំគ្រួសារទេ បែកបាក់គ្នាអស់ហើយ»។
អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ្ឌ បានលើកទូរសព្ទ ប៉ុន្តែពេលប្រាប់ថា វីអូឌីទូរសព្ទទៅ លោកនិយាយថា អត់ឮ និងបានចុចបិទទូរសព្ទ ហើយវីអូឌីបានទូរសព្ទទៅម្តងទៀត ប៉ុន្តែលោកបានចុចបិទទូរសព្ទម្តងទៀតផងដែរ។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ករណីក្រសួងមហាផ្ទៃចេញលិខិតឱ្យអាជ្ញាធរខេត្តចុះពិនិត្យ និងដោះស្រាយជូនពលរដ្ឋនេះ គឺលោកមិនមានជំនឿថាដោះស្រាយបាន និងមានប្រសិទ្ធភាពនោះទេ។
អ្នកការពារសិទ្ធិមនុស្សរូបនេះបានលើកឡើងថា ក្រសួងបានចេញលិខិតរាប់មិនអស់ ឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ ប៉ុន្តែអាជ្ញាធរទាំងនោះមិនដែលដោះស្រាយជូនពលរដ្ឋបានឡើយ។
លោកបន្ថែមថា៖ «បើសិនមានដីកាសម្រេចពីក្រសួងស្ថាប័នដែលពាក់ព័ន្ធ ជាពិសេសអន្តរក្រសួង ឬក្រសួងដែនដីអី អាហ្នឹងបានមានអំណាចក្នុងការដោះស្រាយជូនពលរដ្ឋទាំងអស់ហ្នឹងបាន។ បើគ្រាន់តែឱ្យថ្នាក់ខេត្តចុះពិនិត្យស៊ើបអង្កេត ហើយបានរបាយការណ៍ហើយផ្ញើទៅក្រសួងវិញ អាហ្នឹងការដោះស្រាយនោះគ្មានប្រសិទ្ធភាពអីទេ»៕