មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់វិនិយោគិន ឬអ្នកដែលមានទុន ចូលរួមបន្ថែមទៀត ក្នុងការបោះទុនលើការកែច្នៃសំណល់ឬសំរាមនៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការទាញផលចំណេញពីសេដ្ឋកិច្ចលើសំណល់ដែលបានបង្កើតឡើង និងចូលរួមក្នុងការការពារបរិស្ថាន។
រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា បច្ចុប្បន្ន ការចូលរួមកែច្នៃសំណល់ ឬសំរាមនៅមានកម្រិតនៅឡើយ ហើយការវិនិយោគលើផ្នែកនេះក៏មិនទាន់មានច្រើនដែរ ខណៈនៅកម្ពុជា សំរាមដែលបានយកទៅកែច្នៃប្រើប្រាស់ឡើងវិញ មានត្រឹមតែពី ១០ ទៅ ១៥ភាគរយ ប៉ុណ្ណោះនៃសំរាមជាង ៤លានតោន ដែលបង្កើតឡើងក្នុងមួយឆ្នាំៗ។
លោកថា៖ «ការចូលរួមកែច្នៃយើងនៅមានកម្រិតនៅឡើយទេ ហើយការវិនិយោគក៏មិនទាន់មានច្រើនដែរ យើងមានសហគ្រាសធុនតូច និងធុនមធ្យមមួយចំនួនតូចតែប៉ុណ្ណោះដែលធ្វើការកែច្នៃ ហើយជាពិសេសគឺសំណល់ដែលបានដកចេញ ញែកចេញពីសំរាមទាំងអស់ហ្នឹង គឺពេលខ្លះមានការនាំចេញទៅខាងក្រៅ ទៅផ្គត់ផ្គង់នៅក្រុមហ៊ុនខាងក្រៅដែរ ព្រោះយើងនៅខាងក្នុងអត់ទាន់មានការកែច្នៃឱ្យបានច្រើននៅឡើយទេ។ អ្វីដែលយើងកំពុងជំរុញ គឺការលើកទឹកចិត្តទៅដល់អ្នកវិនិយោគិន ក្នុងការបោះទុនវិនិយោគទៅលើការកែច្នៃសំណល់នៅក្នុងស្រុកតែម្តង»។
ករណីនេះ លោក នេត្រ ភក្ត្រា បានអំពាវនាវដល់វិនិយោគិន និងអ្នកដែលមានធនធាន ជួយបោះទុនទៅលើផ្នែកកែច្នៃសំណល់នេះបន្ថែមទៀត ដើម្បីជួយដល់កិច្ចគាំពារបរិស្ថាន កាត់បន្ថយកាកសំណល់នៅក្នុងប្រទេស និងអាចទាញយកផលផ្នែកសេដ្ឋកិច្ចពីសំណល់ ដែលជាផ្នែកមួយនៃសេដ្ឋកិច្ចចក្រា ឬសេដ្ឋកិច្ចវិលជុំ។
រដ្ឋលេខាក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា៖ «ដូច្នេះ យើងសូមអំពាវនាវអ្នកដែលមានទុនវិនិយោគ សូមបោះទុនវិនិយោគទៅលើការកែច្នៃ[សំណល់]ហ្នឹង ហើយរាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន នឹងលើកទឹកចិត្តជាមួយនឹងការផ្តល់នូវការអនុគ្រោះមួយចំនួន ដើម្បីបង្កភាពងាយស្រួលទៅដល់ពួកគាត់ដើម្បីធ្វើការវិនិយោគ ព្រោះថា ការកែច្នៃឡើងវិញនេះ វាជាកិច្ចការមួយដែលមានសារៈសំខាន់[សម្រាប់បរិស្ថាន] ហើយក៏មានការលំបាកផងដែរ»។
បើតាមលោក នេត្រ ភក្ត្រា នៅកម្ពុជា ក្នុង១ថ្ងៃ មានសំរាម ឬសំណល់ដែលបង្កើតឡើងជាង ១ម៉ឺនតោន ហើយក្នុង១ឆ្នាំ មានរហូតដល់ទៅជាង ៤លានតោន។ ហើយបច្ចុប្បន្ននេះ មានសំណល់ត្រឹមតែ ៥០ទៅ៦០ភាគរយទេ ដែលត្រូវបានប្រមូលហើយយកទៅចាក់ស្ទើរតែទាំងអស់នៅទីលានចាក់សំរាម។
លោកបន្ថែមថា៖ «ហើយការយកសំរាមទៅបោះចោលទៅទីលាននោះ[ទីលានចាក់សំរាម]ហ្នឹង ក៏វាច្រើន ដែលធ្វើឱ្យយើងហ្នឹង គឺខាតនូវតម្លៃសេដ្ឋកិច្ច។ អ៊ីចឹងការដាក់ចុះនូវវិធានការផ្សេងៗ រួមទាំងការជំរុញឱ្យមានការកែច្នៃឡើងវិញនេះ គឺជាការដកផលចំណេញពីសេដ្ឋកិច្ចលើសំណល់ដែលបានកើតឡើង ហើយក៏ចូលរួមនៅក្នុងការការពារបរិស្ថានផងដែរ»។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមប្រើប្រាស់របស់របរដែលកែច្នៃឡើងវិញនេះ ដើម្បីចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា។
លោក នេត្រ ភក្ត្រា ថ្លែងថា៖ «សូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមប្រើប្រាស់របស់របរដែលបានបង្កើតឡើងដោយការកែច្នៃឡើងវិញ ពីព្រោះនេះគឺជាសំណល់របស់យើងទាំងអស់គ្នាទេ […] កុំឱ្យគិតថា របស់នេះគឺវាផលិតចេញមកពីសំណល់ ឬចេញមកពីសំរាម ឬក៏ចេញមកពីអី ព្រោះវាគឺជាសំរាមរបស់យើងទាំងអស់គ្នា យើងត្រូវចូលរួមយកចិត្តទុកដាក់ ត្រូវចូលរួមក្នុងការថែរក្សាបរិស្ថានទាំងអស់គ្នា»។
សំណល់ដែលត្រូវបានសហគ្រាសធុនតូច និងធម្យម រួមទាំងអង្គការសង្គមស៊ីវិលមួយចំនួន បានយកទៅកែច្នៃនោះ មានដូចជា កាកសំណល់គ្រឿងអេឡិចត្រូនិច (កុំព្យូទ័រ អាគុយ និងថ្មពិល) ប្លាស្ទិក និងកៅស៊ូនិងស្បែកជើង ជាដើម។ សំរាមក្នុងក្រុងប្រមាណជាង ៩០ភាគរយ ត្រូវបានរកឃើញថាមានផ្ទុកសម្ភារដែលអាចកែច្នៃបាន ដូចជា សំណល់សរីរាង្គ ៥៥ភាគរយ, ប្លាស្ទិក ២១ភាគរយ និងសំណល់ផ្សេងៗទៀត។ នេះបើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន។
មន្ត្រីកម្មវិធីជីវភាព នៃអង្គការអភិរក្សដើម្បីធនធានធម្មជាតិ (FACT) លោក ឡាយ ម៉េងហួត បានលើកឡើងថា អង្គការនេះបានទិញកម្មសិទ្ធិបញ្ញាលើការផលិតឥដ្ឋអេកូ ហើយឥដ្ឋអេកូនេះត្រូវបានផលិតចេញពីវត្ថុធាតុដើមចេញពីដី ខ្សាច់ ស៊ីម៉ង់ត៍ និងសំណល់ប្លាស្ទិក ដែលជាការរួមចំណែកក្នុងការអនុវត្តគោលការណ៍ 3R (ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញនូវសំណល់រឹងនិងប្លាស្ទិក)។
លោកបន្តថា ការកែច្នៃសំណល់យកមកប្រើប្រាស់ឡើងវិញនេះ ពិតជាមានសារសំខាន់ក្នុងការជួយដល់បរិស្ថាន និងសុខភាព ព្រោះវានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ បើសិនមិនមានវិធានការទប់ស្កាត់ និងកាត់បន្ថយ ឬឈប់ប្រើប្រាស់ទេនោះ។
លោកថា៖ «ប្លាស្ទិកជាវត្ថុមួយអត់ងាយរលាយទេ ទោះបីនៅលើផែនដីយើង ត្រូវហាលក្តៅ ហាលថ្ងៃរយៈពេល១០០ឆ្នាំ វាអត់ទាន់ទៅណាផង […] ប្លាស្ទិក វាជាកត្តាមួយដែលធ្វើឱ្យមានបញ្ហាច្រើនណាស់ទាក់ទងទៅនឹងទីមួយបរិស្ថាន! ទីពីរ បើវាទៅកន្លែងណា វាចង្រៃកន្លែងហ្នឹង ឧទាហរណ៍ថា វាទៅក្នុងទឹក ជីវចម្រុះនៅក្នុងទឹក វាអត់អាចរស់បានទេ! ហើយបើនៅលើដី យើងអត់អាចដាំដំណាំបានទេ ព្រោះវាធ្វើឱ្យដីខ្សោះ គ្មានជីជាតិ។ អ៊ីចឹងយើងត្រូវរកវិធីសាស្ត្រកែច្នៃវា ហើយកាត់បន្ថយវា។ បើប្រជាពលរដ្ឋយើងព្យាយាមប្រើវាជាប្រចាំថ្ងៃ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយយើងអត់ Ricycle វាមកវិញទេ យើងនឹងជួបបញ្ហាហើយ»៕