លោក ពូទីន ទំនងជាផ្គត់ផ្គង់មីស៊ីលសម្រាប់បាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH17

រូបឯកសារ៖ ក្រុមអ្នកធ្វើការ​ក្នុង​តំបន់​ ដឹក​បំណែក​យន្តហោះ​ម៉ាឡេស៊ី MH17 នៅ​កន្លែង​ធ្លាក់​យន្តហោះ​ ក្បែរ​ភូមិ Hrabove (Grabovo) ក្នុង​តំបន់ Donetsk ភាគ​ខាង​កើត​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ (REUTERS/Antonio Bronic)

ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ បាននិយាយថា មានការចង្អុលបង្ហាញយ៉ាងច្បាស់ថា លោក វ្ល៉ាឌីមៀ ពូទីន បានអនុម័តផ្គត់ផ្គង់មីស៊ីលដែលបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH17 លើប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ដែលបានសម្លាប់មនុស្សជិត៣០០នាក់។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

ទោះយ៉ាងណា ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ពួកគេបានផ្អាកការស៊ើបអង្កេត ដោយសារតែមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីផ្ដន្ទាទោសជនសង្ស័យ ហើយលោក ពូទីន មានអភ័យឯកសិទ្ធិជាប្រមុខរដ្ឋ។

រដ្ឋអាជ្ញាហូឡង់ លោកស្រី Digna van Boetzelaer បាននិយាយថា៖ «មានការចង្អុលបង្ហាញយ៉ាងច្បាស់ថា លោក ពូទីន អនុម័តឱ្យមានការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល Buk TELAR ក្នុងករណីបាញ់ទម្លាក់យន្តហោះនេះ»។

លោកស្រីបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងឡាអេថា៖ «ទោះបីជាយើងមានការចង្អុលបង្ហាញយ៉ាងច្បាស់ក៏ដោយ យើងមិនទាន់មានភស្តុតាងពេញលេញនៅឡើយ»។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​​បន្ទាប់​ពី​តុលាការ​ហូឡង់​បាន​ផ្តន្ទា​ទោស​ជនជាតិ​រុស្ស៊ី​ពីរ​នាក់​ និង​អ៊ុយក្រែន​ម្នាក់​ ដោយកំបាំង​មុខ ​ជុំវិញ​ការ​បាញ់ទម្លាក់​យន្តហោះ​ MH17។

នាយករដ្ឋមន្ត្រីហូឡង់ លោក ម៉ាក រូតេ (Mark Rutte) បាននិយាយថា៖ «យើងនឹងបន្តឱ្យសហព័ន្ធរុស្ស៊ីទទួលខុសត្រូវ»។

ពាក់ព័ន្ធនឹងករណីនេះ រុស្ស៊ី​បាន​បដិសេធ​​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​ទម្លាក់យន្តហោះ MH17 នេះ និង​បាន​ថ្កោលទោស​សាលក្រម​របស់​តុលាការហូឡង់​កាលពី​ឆ្នាំមុន ​ដែល​ផ្ដន្ទាទោស​មនុស្សទាំង​បី​នាក់ខាងលើ​ថា​ជា​រឿង​អាស្រូវ​ និង​មាន​ហេតុផល​នយោបាយ​។

គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH17 ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលផលិតនៅរុស្ស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅភាគខាងកើតប្រទេសអ៊ុយក្រែនដែលគ្រប់គ្រងដោយក្រុមផ្តាច់ខ្លួន ខណៈយន្តហោះនេះហោះហើរពីទីក្រុងអាមស្ទឺដាម (Amsterdam) ទៅកាន់ទីក្រុងគួឡាឡាំពួ (Kuala Lumpur) និងបានសម្លាប់មនុស្សចំនួន២៩៨នាក់ ហើយអ្នកដំណើរនៅលើយន្តហោះនោះ រួមមាន ជនជាតិហូឡង់ ម៉ាឡេស៊ី និងអូស្ត្រាលី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ