រុស្ស៊ីព្រមានអង់គ្លេសចំពោះការបញ្ជូនយន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចូលរួមសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ( Eurasian Economic Union) នៅទីក្រុង Bishkek ប្រទេស Kyrgyzstan ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ (Sputnik/Sergei Bobylyov/Pool តាមរយៈ REUTERS)

ស្ថានទូតរុស្ស៊ីប្រចាំនៅអង់គ្លេស កាលពីថ្ងៃពុធ បានព្រមានទីក្រុងឡុងដ៍ ចំពោះការបញ្ជូនយន្តហោះចម្បាំងទៅកាន់ប្រទេសអ៊ុយក្រែន ដោយនិយាយថា ទង្វើបែបនេះនឹងមានផលប៉ះពាល់ផ្នែកយោធា និងនយោបាយយ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូល។​ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) ស្ថិតនៅក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃពុធ ខណៈលោកបានអំពាវនាវឱ្យអង់គ្លេសផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន។

អង់គ្លេសបាននិយាយថា ខ្លួននឹងចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះចម្បាំងអ៊ុយក្រែនពីរបៀបប្រើប្រាស់ ប៉ុន្តែមិនទាន់បានសន្យាថានឹងបញ្ជូនយន្តហោះនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី ស្ថានទូតរុស្ស៊ីបាននិយាយថា៖ «ការបង្ហូរឈាម ការកើនឡើងនៃភាពតានតឹងផ្នែកយោធា និងនយោបាយសម្រាប់ទ្វីបអឺរ៉ុប និងពិភពលោកទាំងមូល នឹងកើតឡើង ជាលទ្ធផលពីការបញ្ជូនយន្តហោះចម្បាំងទៅកាន់អ៊ុយក្រែន»។

ប្រភព​ដដែលបន្ត​ថា៖​ «រុស្ស៊ី​នឹង​រក​វិធី​ដើម្បី​ឆ្លើយ​តប​ចំពោះ​ចំណាត់ការរបស់អង់គ្លេស»​។

ទីក្រុងមូស្គូ បានចោទប្រកាន់លោកខាងលិចម្តងហើយម្តងទៀត ថាជាអ្នកបញ្ឆេះជម្លោះនៅអ៊ុយក្រែន ដោយផ្គត់ផ្គង់ឱ្យអ៊ុយក្រែននូវឧបករណ៍យោធាទំនើបៗមានតម្លៃរាប់ពាន់លានដុល្លារ។

ទីក្រុងកៀវ និងលោកខាងលិច និយាយថា ជំនួយយោធាទាំងនោះសំខាន់ណាស់ក្នុងការជួយអ៊ុយក្រែនប្រឆាំងនឹងអ្វីដែលខ្លួនហៅថាជាសង្គ្រាមឈ្លានពានខុសច្បាប់របស់រុស្ស៊ី។

គួរបញ្ជាក់ថា លោក Zelenskiy ត្រូវបានអញ្ជើញឱ្យទៅចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុប ដែលប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល (Brussels) ប្រទេសបែលហ្ស៊ិក (Belgium) នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ