បទវិភាគ៖ តើកត្តាអ្វីខ្លះធ្វើឱ្យកម្ពុជាបន្តញាំញីដោយអំពើពុករលួយ?

ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

​​ការ​​​​សិក្សា​នា​នា​​​រ​​ក​​​​ឃើ​​ញ​​​ថា​​​​ ប្រទេ​ស​ដែ​​​ល​ញាំ​​ញី​ដោយ​អំ​​ពើ​​​ពុ​ក​រ​​លួយ​​ ភាគច្រើន​​កំណើន​សេ​ដ្ឋកិច្ច ​និង​ការ​អ​ភិវ​ឌ្ឍជាតិ​ ស្ទើ​​​​​​រ​តែទាំ​ងអ​​ស់​​​ ធ្លាក់​​ក្នុ​ង​​ដៃក្រុមគ្រួ​សារអ្នក​មា​​ន​​​អំណា​ច​ និ​ងអ្ន​ក​ជំ​នួញ​​ខិលខូច​ ​ដែល​កា​រ​ណ៍​នេះជំរុញឱ្យ​មា​​​​នអ​យុ​ត្តិធ​ម៌​ ​​និ​​ង​វិបត្តិសង្គ​ម​​​កើតឡើងកាន់តែច្រើន ​​បើមិ​​នព​​ង្រឹ​​​ងប្រ​​ព័​​​ន្ធនី​​​តិរដ្ឋ​​ឡើ​ង​វិញ​។

​​រ​បា​យកា​​​​រ​​ណ៍​ថ្មីមួ​យ​​របស់​អង្គ​ការ​អន្ត​រ​ជាតិឃ្លាំ​មើល​អំពើ​ពុ​ករ​លួយ​ជាស​ក​ល ​​បា​នរកឃើ​ញ​​​​ថា​ ៥ឆ្នាំ​ជាប់​គ្នាម​កនេះ​ ​កម្ពុ​ជាប​​ន្តជា​ប់​ចំ​ណាត់​ថ្នាក់​ជា​ប្រទេស​មា​ន​​​​​​អំពើពុករលួ​យអាក្រក់ ជិតបា​តតា​​រា​ង បើទោះបី​ប្រទេ​ស​ក្រី​ក្រ​មួ​យ​នេះមាន​ច្បាប់​ប្រ​ឆាំង​អំពើ​ពុ​ករ​លួ​យសម្រាប់ទប់ស្កាត់​ក្ដី។

​ច្បាប់​ស្តី​ពី​ការ​ប្រឆាំ​ងអំពើពុក​រលួ​យរបស់ក​ម្ពុជា​​ប្រកាស​ឱ្យប្រើ​នៅថ្ងៃទី​១ ខែ​មេ​សា ​ឆ្នាំ២​០​១០ ​បញ្ជាក់ពីគោ​លបំ​ណងលើ​កក​ម្ព​ស់​ប្រសិ​ទ្ធ​ភា​ព​នៃកា​រ​ដឹក​នាំ​រ​ដ្ឋ​ច្រើ​ន​យ៉ា​ង។ ក្នុ​ង​នោះមា​នទាំងការ​ «​ពង្រឹង​អ​ភិបាល​កិច្ច​ និ​ងនីតិរដ្ឋ​ នៅក្នុ​ង​ការដឹ​កនាំ​ និង ​ការ​គ្រ​ប់គ្រងរ​ដ្ឋ ព្រមទាំ​ងរក្សា​ភាព​ស្អាត​ស្អំ និ​ង​យុ​ត្តិ​ធម៌​ជា​មូល​ដ្ឋាន​ចាំ​បាច់ ក្នុង​ការ​អភិវ​ឌ្ឍ​សង្គម​ជា​តិ ​និ​ង​កាត់ប​ន្ថ​យភា​ព​ក្រីក្រ»​។

​ក៏ប៉ុន្តែនៅ​ដើម​​ឆ្នាំ២០​២​៣នេះ​ ​ពោល​គឺ​​១២ឆ្នាំ​ ​ក្រោយ​ច្បា​ប់​នេះ​ប្រកា​សឱ្យ​ប្រើ ​អង្គ​ការ​ត​ម្លាភា​ពអ​ន្តរ​ជាតិ ​(T​ra​​ns​parency Inte​rn​ation​al) ​បាន​ចេញ​ផ្សាយរ​បាយការ​ណ៍ថ្មីមួយ​ ដាក់​ចំណា​ត់​ថ្នាក់អំ​ពើពុករ​លួយកម្ពុជា ឆ្នាំ​២០​២​២ ​ស្ថិត​នៅក្នុ​​​​​ងលេ​ខរៀង១​៥០ ​ក្នុងចំ​​ណោម​១៨​០ប្រទេ​ស ស្ថិ​តក្នុ​ងចំណាត់​ថ្នាក់អាក្រក់ទី​២ ក្នុ​ងចំណោមប្រ​ទេស​ជា​សមា​ជិ​កអា​ស៊ាន ​និង​​អាក្រក់ជាងគេលំដាប់លេខ៣ នៅតំបន់អា​ស៊ីប៉ាស៊ី​ហ្វិក​។​

ចំ​ណាត់ថ្នា​ក់​នេះធ្វើឱ្យ​ក​ម្ពុជា​ជាប់​​ក្នុងក​ម្រិត​ប្រ​ទេ​សមា​នអំពើ​​ពុករ​លួយធ្ងន់​ធ្ងរ​ ឬ​អា​ក្រក់​ ៥​ឆ្នាំ​ជា​ប់គ្នា​ ​បើទោះ​​​​​​បីក​ម្ពុជា​ទទួ​ល​បាន​ពិន្ទុ​កើ​នឡើ​ងពី ២​០ពិ​​ន្ទុ ក្នុ​ងឆ្នាំ​២​០​​១៨ ​​ដល់ ២​៤ពិ​ន្ទុ​ ក្នុង​ឆ្នាំ​២​​០​​២២ ​​ដែលពិ​ន្ទុ​១០០​ ជាចំ​ណា​ត់ថ្នា​ក់ពិ​ន្ទុ​ល្អ គ្មា​ន​អំពើពុករលួ​យ។

​របាយ​ការណ៍ស​កលនោះបញ្ជា​ក់ថា៖ «កត្តា​ដែលនៅតែបន្តរារាំងកម្ពុជាមិនឱ្យទទួលបានពិន្ទុខ្ពស់ និងចំណាត់ថ្នា​ក់​ល្អ គឺការខ្វះខាតនូវកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើងនូវ​អភិបាលកិច្ចល្អ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ»។

សំណួរនៅ​ត្រង់ថា តើ​កត្តាអ្វី​ខ្លះធ្វើឱ្យកម្ពុជាបន្តញាំញីដោយអំពើពុករលួយ?

​នាយកប្រ​តិប​ត្តិ​អ​ង្គកា​រ​ត​ម្លាភាព​កម្ពុជា​ លោ​ក ​ប៉ិ​ច​ ពិសី ​បា​ននិ​យា​យក្នុងរ​បា​យការណ៍នោះថា​ កា​រកើ​ន​ពិន្ទុ​រប​ស់កម្ពុជាបាន​ពីកម្ម​វិធី​កំណែទម្រង់​ការ​គ្រប់​គ្រង​ហិរ​ញ្ញ​វ​ត្ថុ​សាធា​រណៈ ​និង​គំ​និត​ផ្ដួចផ្ដើមចំ​​​ពោះ​​​​ការ​ផ្ត​​ល់សេ​វាច្រ​កចេ​​ញចូល​តែមួ​យ​ ដែ​លបា​ន​រួ​ម​ចំណែ​ក​យ៉ា​ង​សំខា​ន់​ក្នុង​កា​រ​ធ្វើឱ្យប្រ​សើ​រ​ឡើងក្នុ​ង​​កា​​រ​កៀរគ​រចំណូ​ល​ ​ការគ្រប់​គ្រងសា​រពើ​ព​ន្ធ​ ​និ​ង​កា​រ​ផ្ត​ល់សេ​វា​សាធា​រណៈ​នៅ​ក្នុ​ងប្រ​ទេ​ស ហើ​យ​ថា​កា​រ​ទ​ប់ស្កា​ត់​អំពើ​ពុ​ក​រលួ​យ​បា​ន​តែ​រូ​ប​ភា​ព​តូ​ច​តា​ច​។​

​ប៉ុ​ន្តែ​លោ​ក​ក​ត់​ស​ម្គា​ល់ថា៖​ «​កំណែទ​ម្រង់គ្រប់គ្រង​ហិរញ្ញវត្ថុសា​ធារណៈ ត្រូវដើរទន្ទឹម​គ្នា​នឹង​កំ​ណែ​ទម្រង់​ល​​​ទ្ធិ​​ប្រជា​ធិបតេយ្យ​ និ​ងនីតិរដ្ឋ»​។

លោកគូស​បញ្ជា​ក់ថា ​បើ​គ្មា​ន​កំណែ​ទ​ម្រ​ង់​ទាំ​ង​នេះ​ទេ​ កំ​ណែទ​ម្រង់​គ្រប់​គ្រង​ហិ​រញ្ញ​វត្ថុ​សាធា​រ​ណៈ​នឹង​មិនមា​ន​ប្រសិទ្ធ​ភាព​ ​និង​និរ​​ន្តរភាពទេ ដោយសារតែកង្វះខាតការត្រួតពិនិត្យ និងគណនេយ្យភាពដែលចាំបាច់ ដើម្បីធា​នាថា ​ថវិ​កា ​ឬមូលនិធីសាធារណៈ ត្រូវបានប្រើប្រាស់ដោយការទទួលខុសត្រូវ និងតម្លាភាព។

ការណ៍នេះ លោកយល់ថា មានតែឆន្ទៈនិងការប្តេជ្ញាចិត្តផ្នែកនយោបាយដ៏មោះមុត ដើម្បីធ្វើកំណែទម្រង់នីតិរដ្ឋប៉ុណ្ណោះ ​ទើបអាចកាត់បន្ថយអំពើពុករលួយខ្នាតធំ ដែលនៅតែកើតមាន និងជាផលវិបាកបំផុតនៅក្នុងប្រ​ទេសកម្ពុជា។

អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត យល់ឃើញថា បើយោងតាមរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ កម្ពុជាបានបន្តញាំញីដោយអំពើពុករលួយធ្ងន់ធ្ងរ និងធ្លាក់ចុះយ៉ាងគំហុក នូវប្រព័ន្ធពង្រឹងនីតិរដ្ឋ ដោ​យសារតែក្បាលម៉ាស៊ីនដឹកនាំរដ្ឋបច្ចុប្បន្នបាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាចរវាងរដ្ឋសភា តុ​លាកា​​រ និងរដ្ឋាភិបាល។

ប៉ុន្តែលោកគិតថា កម្ពុជាអាចរើខ្លួនពីវិបត្តិនេះបាន បើរដ្ឋាភិបាលមានឆន្ទៈបង្ហាញនូវតម្លាភាព និង​គណ​​នេយ្យភា​ពក្នុងការដឹកនាំ រួមទាំងពង្រឹងប្រព័ន្ធនីតិរដ្ឋឡើងវិញ តាមរយៈបង្កើតឱ្យមានតុល្យភាពអំណាចរវាងរដ្ឋសភា តុលាការ និងរដ្ឋាភិបាល។

លោកបន្តថា៖ «នៅពេលដែល[ការដឹកនាំរបស់កម្ពុជា]យើងមិនមានតុល្យភាពអំណាច ប្រព័ន្ធនៃការដឹកនាំតាមបែបនីតិរដ្ឋ វាពិបាកនឹងកើតឡើងណាស់ […] ហើយអាហ្នឹងជាមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញកម្ពុជា រឿងការបែងចែកអំណាច។ វាមានអាហ្នឹងហើយ ទើបប្រព័ន្ធដឹកនាំបែបនីតិរដ្ឋហ្នឹង វាកើតមាន។ ប្រព័ន្ធនីតិរដ្ឋកើតមានបាន ទើបបញ្ហាអសកម្មនានា វាត្រូវបានកាត់បន្ថយ»។

តែផ្ទុយទៅវិញ បើប្រព័ន្ធដឹកនាំរដ្ឋគ្មានតុល្យភាពអំណាច ការអនុវត្តច្បាប់ស្ថិតក្រោមឥទ្ធិពលនយោបាយ មន្ត្រីស្តាប់តែបទបញ្ជា ជាឧបសគ្គមិនអាចទប់ស្កាត់បាន បើអំពើពុករលួយផ្ដើមចេញពីថ្នាក់ដឹកនាំ ដូចបណ្ដាប្រ​ទេសកុម្មុយនីស្តមួយចំនួននោះ។

លោកមានប្រសាសន៍ថា៖ «ពីព្រោះអំពើពុករលួយ យើងនិយាយមួយបែប ប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមនោះ គឺវាចេញពីអាក្បា​​​​លម៉ាស៊ីនដឹកនាំធំៗ អាហ្នឹងវាអ៊ីចឹង។ ប៉ុន្តែបើប្រទេសសេរី អត់ទេ! អ្នកឯងប្រធានាធិបតីក៏ដោយ [ក៏ជាប់ទោសដែរ]។ ខ្ញុំឧទាហរណ៍ មេដឹកនាំកូរ៉េខាងត្បូងអ៊ីចឹង ឃើញទេ? គាត់មិនត្រូវកាត់ទោស? ជាប់ពន្ធនាគារ មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ»។

មួយវិញទៀត លោក ចាន់ឡូត គិតថា ដើម្បីរើខ្លួនពីការញាំញីដោយអំពើពុករលួយ នៅចំពោះមុខ ដែលរដ្ឋាភិបាលអាចធ្វើបាន ត្រូវបង្កើតឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងក្រុមអង្គការសង្គមស៊ីវិល ក្នុងការតាមដានការអនុវត្តច្បាប់ បង្កើតឱ្យមានប្រព័ន្ធសុវត្ថិភាព និងផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់អ្នករាយការណ៍ ឬហ៊ានលាតត្រដាងពីអំពើពុករលួយ ដែលថា នេះជាការរួមចំណែកជំរុញឱ្យវិធានការទប់ស្កាត់អំពើពុករលួយដើរទៅមុខ។

អ្នកតាមដានសង្គម លោក គឹម សុខ កត់សម្គាល់ថា អំពើពុករលួយនឹងបន្តញាំញីកម្ពុជារយៈពេលយូរបន្ថែ​ម​ទៀត ដោយសារតែអ្នកនយោបាយកាន់អំណាច ចង់សម្រេចផែនការផ្ទេរអំណាចពីឪពុកទៅ​កូន ដើ​ម្បី​ប្រយោជន៍បក្ខពួក និងសែស្រឡាយ មិនផ្តោតលើការធ្វើកំណែទម្រង់ប្រព័ន្ធនីតិរដ្ឋពិតប្រាកដទេ។

លោកថា៖ «ហើយចន្ទល់នៃយុទ្ធវិធីក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ គឺការបង្កើតបក្ខពួកនៅគ្រប់ស្ថាប័នរដ្ឋ ហើយបក្ខពួកនិយមហ្នឹងហើយដែលជាសត្រូវនៃកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់អភិបាលកិច្ចល្អ ហើយនិងការកម្ចាត់អំពើពុករលួយ»។

តែយ៉ាងណា អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ បដិសេធរបាយការណ៍ការវា​យតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិ ដោយលោកថា ស្ថាប័ននេះមិនដែលទទួលស្គាល់ទេ។ តែលោកថា អង្គភា​​ពនឹងទុករបាយការណ៍នេះជាព័ត៌មានស្រាប់ពិចារណា។

លោកថា៖ «ទោះបីជាយើងមិនដែលទទួលស្គាល់ការដាក់ពិន្ទុនេះ ដែលខុសពីគោលការណ៍អន្តរជាតិផង ខុ​សពី​​ការពិតផង តែអង្គភាពតែងតែទទួលយកទុកជាព័ត៌មានសម្រាប់ការពិចារណារបស់ខ្លួន»។

បើគេវិភាគទៅលើរបាយការណ៍អង្កេតមួយរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល ដែលបានស​ង្កេ​ត​ដំណើរការរដ្ឋាភិបាលឆ្នាំ២០១៥ ហើយត្រូវបានចេញផ្សាយខែមីនា ឆ្នាំ២០១៦ ហាក់បានឆ្លុះបញ្ចាំងបញ្ហាដែលបានកើតឡើងនាពេលបច្ចុប្បន្ន បើទោះបីជារបាយការណ៍អង្កេតនោះបានកន្លងទៅជិត១០ឆ្នាំ។

តាមខុមហ្វ្រែលរកឃើញពេលនោះ បើទោះបីរដ្ឋា​ភិបាលបានចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិ ស្តីពីការប្រឆាំងអំពើពុករលួយនៅឆ្នាំ២០០៧ក្ដី តែថាយុទ្ធនាការ និងឆន្ទៈរបស់រដ្ឋាភិបាលក្នុងកិច្ចការប្រឆាំងនឹងអំពើពុករលួយ ស្ថិតក្នុងកម្រិតខ្សោយ។

មន្ត្រីមានតួនាទីនិងឋានៈធំៗនៅតែ​​មានឱកា​​សប្រព្រឹត្តអំពើពុ​ក​រលួយ ចំណែក​វិធានការ​របស់​អង្គភាព​ប្រ​ឆាំ​ងអំ​​ពើពុករលួយវិញ នៅមា​នការយោគយល់។ រីឯការបញ្ជូ​ន​ខ្លួ​នជនសង្ស័យទៅតុលាការ ភាគច្រើនជាមន្ត្រីដែលមានឋានៈតួនាទីតូចតាច ហើយ​ការដាក់ទោស​ទណ្ឌ​មា​ន​​ក​ម្រិ​តស្រាល និងមានការយោគយល់ថែមទៀតផង។

មន្ត្រីមានអំណាច និងតួនាទីធំៗខ្លះក្នុ​ង​​​​ក្រសួងនិងស្ថាប័នរដ្ឋ នៅតែមានឱកាស​ប្រព្រឹត្តអំពើពុករលួយ តាមរយៈកា​ររំលោភបំពានអំណាច ដើម្បីផ​ល​​ប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។

ភាពមិនប្រក្រតីនៃតំណែងសម្រាប់សាច់ញាតិសែស្រឡាយនិយមវិញ កើតឡើងស្ទើរ​គ្រប់ក្រសួង ស្ថាប័ន នាយកដ្ឋាន និងមន្ទីរតាមបណ្ដារាជធានីក្នុងប្រទេសកម្ពុជា ហើយគ្មានដំណោះស្រាយ បើទោះបីកម្ពុជាបានចុះកិច្ចព្រមព្រៀងជាសកល ដើម្បីរួមចំណែកប្រឆាំងអំពើពុករលួយក្ដី។

បើយោងតាមរបាយការណ៍នេះ អាចឆ្លុះបញ្ចាំងបានថា ឧបសគ្គរារាំងដល់យន្តការប្រយុទ្ធប្រឆាំងអំពើពុករលួយ បានកើតឡើងយូរឆ្នាំណាស់មកហើយក្នុងប្រព័ន្ធដឹកនាំរដ្ឋ។

ជ្រុងមួយនៃបញ្ហានេះ អំឡុងចុងឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសវិធានការឱ្យក្រសួងពាក់ព័ន្ធបង្ក្រាបនិងរឹបអូសត្រលប់មកវិញ នូវដីព្រៃលិចទឹកជាច្រើនម៉ឺនហិកតានៅជុំវិញបឹងទន្លេសាប ដែលត្រូវបានគេទន្ទ្រានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្នុងនោះ លោកបានបញ្ចេញឈ្មោះអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ថាជាប់ពាក់ព័ន្ធនឹងការរំលោភដីព្រៃលិចទឹក ជាង២ ០០០ហិកតា និងបានប្រគល់កិច្ចការនេះឱ្យទៅអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវ ដើម្បីចាត់វិធានការច្បាប់។

លោកថា៖ «​ខ្ញុំបានបញ្ជាក់ហើយ មានតែផ្លូវច្បាប់ប៉ុណ្ណោះដែលអាចដោះស្រាយបាននូវបញ្ហាពួកអ្នកទាំងនេះ។ យើងបានអប់រំគេរាប់សិបឆ្នាំរួចមកហើយ អំពីផលវិបាកលើបញ្ហានេះ ហេតុអ្វីក៏នៅមានមន្ត្រីបែបនេះត​ទៅទៀត? […] ខ្ញុំសូមឱ្យអ្នកទៅអនុវត្ត ចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត គឺការចាប់ខ្លួនតែម្តង សម្រាប់ផ្តន្ទាទោ​សតាមច្បាប់។»

ក៏ប៉ុន្តែក្រោយអង្គភាពប្រឆាំងអំពើពុករលួយ បិទបញ្ចប់ការស្រាវជ្រាវសំណុំរឿងនេះ អតីតភិបាលខេត្តរូបនោះមិនត្រូវបាននាំខ្លួនមកផ្តន្ទាទោសទេ។

ដោយឡែក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំឡុងខែសីហា ឆ្នាំ២០២២ ក៏បានបញ្ចប់តួនាទីមន្ត្រីថ្នាក់អនុរដ្ឋលេខាធិការមួយរូប ក្រោយពីរកឃើញមន្ត្រីនោះបានប្រ​ព្រឹត្ត​អំ​ពើពុ​ករ​លួយ​​​​លក់​​ក្រ​បខ​ណ្ឌ​រដ្ឋ​​ និងបានទម្លាយពេលនោះថា បញ្ហានេះកំពុងកើតឡើងនៅកន្លែងផ្សេងទៀត។

ប៉ុន្មានខែក្រោយមក ពោលគឺនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងការបរទេសអាមេរិក បានដាក់កម្ពុជាក្នុងប​ញ្ជី​ខ្មៅនៃអំពើជួញដូរមនុស្សឆ្លងដែន ដែលផ្នែកមួយនៃការទ​ម្លាក់​​ចំណា​​ត់ថ្នាក់នេះពាក់ព័ន្ធនឹងអំពើពុករលួយផងដែរ។

របាយការណ៍នោះក៏បានជំរុញកម្ពុជា «ឱ្យបង្កើន​កិច្ចខិតខំប្រឹងប្រែង​អនុវត្តច្បាប់ប្រឆាំងនឹងប្រតិ​បត្តិ​ការឆបោកតាម​អ៊ីនធឺណិត រួមទាំងការចោទប្រកាន់ពីការងារដោយបង្ខំ និងប្រឆាំង​នឹង​មន្ត្រី​ដែល​សម​គំនិ​ត​ក្នុង​ប្រតិបត្តិការឆបោកនេះ និងឧក្រិដ្ឋកម្មជួញដូរដែលពាក់ព័ន្ធ»។

អ្នកសិក្សាផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា មិកភ្ញាក់ផ្អើលអំពីកម្រិតអំពើពុករលួយនេះទេ ដោយលោកកត់សម្គាល់ថា បើទោះបីជាកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យមែន តែថាប្រព័ន្ធនេះមិនដំណើរការទេ ដោយសារតែអំណាចនីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងអំណាចតុលាការ មិនអាចត្រួតពិនិត្យអំណាចគ្នាបាន ដែលជំរុញឱ្យមានឥទ្ធិពលបុគ្គលនិយមមេកើយនិយមហក់ឡើង។

លោកគូសបញ្ជាក់ថា បន្ទាត់នយោបាយបែបនេះជំរុញឱ្យមានអំពើពុករលួយខ្ពស់ ចាក់ស្រែះក្នុងសង្គម តាមរយៈសែស្រឡាយនិងបក្ខពួក ដែលធ្វើឱ្យការសិក្សា​ខ្លះរកឃើញថា កម្ពុជាមាននីតិរដ្ឋទាប ហើយប្រព័ន្ធតុលាការពុករលួយជាងគេ។

លោកថា៖ «ការសិក្សាផ្នែកវិទ្យាសាស្ត្រ បើកាលណាប្រទេសមួយ ឬមានប្រព័ន្ធដឹកនាំមួយដែលមានអ្នកកាន់អំ​ណាច គាត់មានអំណាចខ្លាំងក្លា គាត់អាចបញ្ជាអីបានទាំងអស់ គាត់អាចប្តូរច្បាប់ [ដើម្បី]ការពារផលប្រ​យោ​ជន៍ក្រុមគាត់ ឬបក្ខពួកគាត់ និយាយទៅ កត្តាទាំងអស់ហ្នឹង[ធ្វើឱ្យមាន]អំពើពុករលួយកាន់តែខ្លាំង។ កាលណាអំ​ណាច​កាន់តែផ្តាច់ការ អំពើពុករលួយកាន់តែខ្លាំង»។

បញ្ហាមួយទៀតដែលធ្វើឱ្យកម្ពុជាបន្តញាំញីដោយអំពើពុករលួយច្រើនឆ្នាំមកនេះ ដោយសារតែទស្សនៈខ្លះគិតថា អំពើពុករលួយជារឿងធម្មតា ពេលបានតំណែងធំត្រូវតែរកផលប្រយោជន៍ ដែលជាហេតុធ្វើឱ្យវប្បធម៌ខ្មាសអៀនពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយនៅមានកម្រិតទាប ហើយជំរុញឱ្យមានការលើកទឹកចិត្តឱ្យមានអំពើពុករលួយទាំងវិស័យនយោបាយ និងវិស័យសាធារណៈ។

ជារួម លោកយល់ថា បើប្រទេសមួយញាំញីដោយអំពើពុករលួយច្រើនឆ្នាំ វានឹងក្លាយជាជំងឺមហារីកសង្គម ពិ​​បា​​កព្យាបាល ធ្វើឱ្យសង្គមគ្មានការរីកចម្រើន រាល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចភាគច្រើន ផលប្រ​យោ​ជ​ន៍ប្រមូលផ្តុំទៅលើក្រុមគ្រួសារអ្នកនយោបាយ និងអ្នកជំនួញខិលខូច។ បញ្ហាទាំងនេះ លោកថា ជំរុញឱ្យអយុត្តិធម៌សង្គម ព​ល​​រដ្ឋ​​​បា​​ត់ជំ​​​នឿលើប្រព័ន្ធតុលាការ និង​ធ្វើឱ្យប្រទេសជាតិឈានទៅរកវិបត្តិសង្គមកាន់តែច្រើន បើមិនពង្រឹងប្រព័ន្ធនីតិរដ្ឋឡើងវិញ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ