យុវជនម្នាក់ស្វែងរកជំនួយសប្បុរសធម៌ជួយអ្នកធ្លាក់ស៊ីក្លូនិងចាស់ជរាគ្មានទីពឹង ក្នុងទិវានៃក្ដីស្រឡាញ់

លោក អ៊ីវ សំណាង យុវជនម្នាក់ដែលតែងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយចាស់ជរា និងអ្នកធាក់ស៊ីក្លូ តាមរយៈការផ្តល់ជំនួយផ្សេងៗជាបន្តបន្ទាប់ ជួបជាមួយបុរសវ័យចំណាស់ជាអ្នកធាក់ស៊ីក្លូ កាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ Iv Samnang)

យុវជនម្នាក់កំពុងធ្វើយុទ្ធនាការ «សប្បុរសធម៌ ១៤កុម្ភៈ» ដើម្បីស្វែងរកជំនួយផ្សេងៗជួយអ្នកធាក់ស៊ីក្លូ និងចាស់ជរា ក្នុងគោលបំណងបង្ហាញថា ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ១៤កុម្ភៈ មិនមែនចែករំលែកក្ដីស្រឡាញ់ត្រឹមតែសមាជិកគ្រួសារ ឬមនុស្សជាទីស្រឡាញ់របស់ខ្លួនទេ ប៉ុន្តែជាថ្ងៃដែលចែករំលែកក្ដីស្រឡាញ់ចំពោះមនុស្សគ្រប់គ្នា ជាពិសេសមនុស្សដែលចាស់ជរាគ្មានទីពឹង។

យុវជនម្នាក់ដែលតែងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយចាស់ជរា និងអ្នកធាក់ស៊ីក្លូ តាមរយៈការផ្តល់ជំនួយផ្សេងៗជាបន្តបន្ទាប់ គឺលោក អ៊ីវ សំណាង បានបន្តធ្វើយុទ្ធនាការសប្បុរសធម៌ថ្មីមួយទៀត ដើម្បីស្វែងរកជំនួយជាសម្ភារ ចំណីអាហារ និងថវិកាមួយចំនួន ជូនអ្នកធាក់ស៊ីក្លូ និងចាស់ជរាដែលគ្មានទីពឹង ប្រមាណ២០០នាក់ ក្នុងឱកាសទិវានៃបុណ្យក្តីស្រឡាញ់ ដែលនឹងចែកជូនពួកគាត់នៅថ្ងៃទី១២ ខែកុម្ភៈ ពោលគឺមុនទិវាមួយនេះ ២ថ្ងៃ។

លោក អ៊ីវ​ សំណាង បានឱ្យដឹងថា ការសម្រេចធ្វើយុទ្ធនាការនេះ ដោយសារតែមើលឃើញថា នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះ ពលរដ្ឋភាគច្រើន ​ជាពិសេសយុវជន ជាធម្មតា ចាត់ទុកថាជាថ្ងៃ «បុណ្យសង្សារ» ឬជ្រើសយកថ្ងៃបុណ្យនេះ ដើម្បីជួបជុំបរិភោគអាហារឆ្ងាញ់ៗ និងមានពេលវេលាស្និទ្ធស្នាលជាមួយក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់របស់ខ្លួន។ ដោយឡែក ចាស់ជរា និងអ្នកធាក់ស៊ីក្លូ មិនបានទទួលបានក្តីស្រឡាញ់បែបនេះពីក្រុមគ្រួសារនោះឡើយ ដោយសារពួកគាត់ភាគច្រើនមិនមានក្រុមគ្រួសារ ឬមានគ្រួសារនៅឆ្ងាយ ហើយសូម្បីតែអាហារសមរម្យមួយពេលក៏មិនមាន ខណៈការស្នាក់នៅក៏ពឹងអាស្រ័យត្រឹមតែការសម្រាកលើស៊ីក្លូនៅតាមសំយាបផ្ទះគេប៉ុណ្ណោះ។​

លោកថា៖ «ពួកគាត់គ្មានផ្ទះសម្បែង ហើយពួកគាត់ឆ្ងាយពីផ្ទះ ឆ្ងាយពីសាច់ញាតិ​។ កុំថាឡើយឱកាសនៃការចែករំលែកក្តីស្រឡាញ់ សូម្បីតែហូបឆ្ងាញ់ ឬសមរម្យ១ពេល ពួកគាត់ក៏គ្មានលទ្ធភាពដែរ»។

លោកឱ្យដឹងទៀតថា កម្មវិធីសប្បុរសធម៌នេះធា្លប់បានរៀបចំឡើង ៣លើក មកហើយ ខណៈលើកទី៤នេះ ក៏មានបំណងចង់បង្កើតអនុស្សាវរីយ៍ និងចង់ឃើញស្នាមញញឹមរបស់ពួកគាត់នៅក្នុងទិវាអន្តរជាតិមួយនេះ ដែលលោកថា នេះក៏ជាការជួយគ្នាទៅវិញទៅមកដោយមិនរើសអើង ទោះក្នុងស្ថានភាពណាក៏ដោយ។

លោកថា៖ «ពួកយើងចង់បានបំផុត គឺឃើញស្នាមញញឹមរបស់ពួកគាត់ ជាមួយនឹងអនុស្សាវរីយ៍ល្អៗនៅក្នុងកម្មវិធីជាមួយអ្នកចូលរួមទាំងអស់គ្នា។ ពួកយើងគ្រាន់តែចង់បង្ហាញពីការជួយគ្នាទៅវិញទៅមក មិនថាយើងកំពុងស្ថិតនៅក្នុងស្ថានភាពណា ឬកាលៈទេសៈណានោះទេ គឺយើងគ្រប់គ្នាសុទ្ធតែអាចក្លាយជាចំណែកជួយការងារសង្គមបានគ្រប់គ្នា»។

យុវជនដដែលបានឱ្យដឹងទៀតថា សម្រាប់យុទ្ធនាការនេះ នឹងមានការរៀបចំកម្មវិធីកម្សាន្តសប្បាយជូនពួកគាត់ រួមនឹងការផ្តល់ជូនសម្ភារប្រើប្រាស់ ថវិកាមួយចំនួន រួមនឹងអាហារពេលល្ងាចមួយពេលសមរម្យជូនពួកគាត់ ខណៈមកទល់ពេលនេះសម្ភារទ្រទ្រង់កម្មវិធីនេះទទួលបាន អង្ករជាង ២តោន,​ មី២០០កេស, ថវិកាជាង ៥ពាន់ដុល្លារ រួមទាំងភេសជ្ជៈ និងអីវ៉ាន់មួយចំនួនទៀត។

នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា លោក ទុំ វីរ៉ា ចាត់ទុកថា យុទ្ធនាការសប្បុរសធម៌ខាងលើនេះ គឺជាសកម្មភាពដ៏គួរឱ្យកោតសរសើរ ព្រោះលោកថា រូបភាពទាំងនេះកម្រនឹងកើតមាននៅក្នុងថ្ងៃ «ទិវានៃក្តីស្រឡាញ់» ពីសំណាក់យុវជន ពោលគឺភាគច្រើនមានតែការជួបជុំគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់ពួកគេប៉ុណ្ណោះ។ មួយវិញទៀត លោកថា សកម្មភាពទាំងនោះក៏នឹងក្លាយជាគំរូមួយសម្រាប់យុវជនដទៃទៀតឱ្យបង្កើនសកម្មភាពទាំងនេះ ស្របពេលដែលមនុស្សចាស់នៅតាមទីសាធារណៈក៏ពុំសូវទទួលបានការយកចិត្តទុកដាក់ដែរ។

លោកថា៖ «[ម​នុស្សចាស់]ភាគច្រើន គឺមិនសូវមានការយកចិត្តទុកដាក់ទេ បើយើងមើលជាទូទៅ។ យើងមានជាការគោរពមានអីនៅក្នុងចិត្ត ប៉ុន្តែទាក់ទងជាមួយនឹងការស្តែងឡើងជាសកម្មភាពហ្នឹង វាអត់សូវមានទេ ជាពិសេសនៅក្នុងចំណោមយុវជន»។

លោកបន្ថែមថា៖ «យើងគួរតែលើកកម្ពស់ លើកទឹកចិត្តដល់ក្រុមរបស់ពួកគាត់ ដែលគាត់គ្រោងធ្វើហ្នឹង ក៏ដូចជាឱ្យយុវជនផ្សេងទៀតគិតគូរយកឱកាសនៅក្នុងទិវាក្តីស្រឡាញ់ ជាជាងទៅភ្លើតភ្លើនទៅធ្វើអីមួយដែលវានាំនូវវប្បធម៌មិនល្អ»។

យោងតាមគោលនយោបាយជាតិ ស្តីពីមនុស្សចាស់ ឆ្នាំ២០១៧-២០៣០ តម្រូវឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ដោយធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានសុខុមាលភាពល្អប្រសើរ មានការរៀបចំកន្លែងរស់នៅសមរម្យចំពោះមនុស្សចាស់ដែលមិនមានការមើលថែពីគ្រួសារ ហើយធានាថាពួកគាត់ទទួលបានការគាំពារដោយពេញលេញ។

យ៉ាងណាមិញ លោក ទុំ វីរ៉ា សង្កេតឃើញថា ការអនុវត្តគោលនយោបាយគាំពារមនុស្សចាស់របស់រដ្ឋាភិបាល នៅពុំទាន់មានប្រសិទ្ធភាពនៅឡើយ ដែលគួរតែបង្កើនការអនុវត្តឡើងវិញ ដើម្បីគាំពារមនុស្សចាស់ឱ្យបានល្អប្រសើរដូចទៅនឹងការដាក់ចេញ។

លោកថា៖ «ការអនុវត្តគោលការណ៍ គោលនយោបាយនានាដែលទាក់ទងនឹងមនុស្សចាស់ គឺត្រូវតែអនុវត្តឱ្យបានមានប្រសិទ្ធភាព»។

អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី បានឱ្យដឹងថា គោលនយោបាយស្តីពីមនុស្សចាស់នេះ ត្រូវបែងចែកការអនុវត្តជា៤ដំណាក់កាល ខណៈបច្ចុប្បន្នបានឈានចូលដំណាក់កាលទី២ហើយ។ យ៉ាងណា លោកទទួលស្គាល់ថា នៅក្នុងដំណាក់កាលទី១ នៅប្រមាណ២ឆ្នាំចុងក្រោយនេះ ការអនុវត្តគោលនយោបាយនេះមានការយឺតយ៉ាវ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។ ប៉ុន្តែលោកថា នៅដំណាក់កាលទី២ ក្រោយវិបត្តិកូវីដ-១៩នេះ ក្រសួងនឹងបន្តអនុវត្តដោយមិនឱ្យរាំងស្ទះទៀតនោះទេ។

លោកថា៖ «ការអនុវត្តកន្លងមក ​នៅដំណាក់កាលទី១ហ្នឹង យើងមានការយឺតយ៉ាវ យើងអត់សូវ ដោយសារស្ថានភាពកូវីដ។ អ៊ីចឹងកម្មវិធីខ្លះ យើងរៀបចំហើយ យើងដាក់ទៅហើយ យើងអត់បានធ្វើ នេះជាបញ្ហា។ រឿងអស់នេះមិនមែនក្រសួងមិនធ្វើទេ យើងធ្វើ!»

អ្នកនាំពាក្យក្រសួងសង្គមកិច្ចរូបនេះ អះអាងថា បច្ចុប្បន្ននេះ រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់បង្កើតកម្មវិធីឧបត្ថម្ភកញ្ចប់សាច់ប្រាក់ជូនទៅដល់មនុស្សវ័យចាស់មួយចំនួន រួមទាំងអ្នកធាក់ស៊ីក្លូផងដែរ ប្រសិនបើពួកគាត់មានបណ្ណក្រីក្រ និងស្ថិតក្នុងបញ្ជីឈ្មោះនៃកញ្ចប់សាច់ប្រាក់ឧបត្ថម្ភនោះ។

អ្នកប្រកបរបរធាក់ស៊ីក្លូម្នាក់នៅរាជធានីភ្នំពេញ វ័យ៦៤ឆ្នាំ គឺលោក ពោច គាង បានឱ្យដឹងថា លោកមិនមានបណ្ណក្រីក្រ និងមិនធ្លាប់ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនោះទេ ខណៈលោកប្រកបរបរធាក់ស៊ីក្លូនេះអស់រយៈពេលជាង២០ឆ្នាំមកហើយ។ លោករៀបរាប់ថា ការពឹងអាស្រ័យលើរបរធាក់ស៊ីក្លូសព្វថ្ងៃនេះ មិនអាចរកចំណូលបាន សូម្បីតែថវិកាទិញអាហារហូបប្រចាំថ្ងៃ។

លោកថា៖ «រាល់ថ្ងៃនេះ ពិបាកណាស់! ពិបាកថារកមិនបាន ពេលបាយពេលទឹក អត់លុយ»។

មិនខុសពីលោក ពោច គាង អ្នកប្រកបរបរធាក់ស៊ីក្លូម្នាក់ទៀត វ័យ៦១ឆ្នាំ គឺលោក ប្រាក់ វុទ្ធី បានឱ្យដឹងថា បច្ចុប្បន្ននេះ របរធាក់ស៊ីក្លូមិនមានភ្ញៀវជិះសូម្បីតែម្នាក់ គឺត្រូវពឹងអាស្រ័យលើការផ្ដល់ឱ្យពីអ្នកដំណើរដែលផ្ដល់ឱ្យម្ដងម្កាល ដើម្បីចម្អែតក្រពះ ពោលគឺរស់មួយថ្ងៃគិតមួយថ្ងៃប៉ុណ្ណោះ។

លោកថា៖ «កុំតែបានគេជួយ គេឱ្យបាយឱ្យអ៊ីចឹងទៅ! រាល់ថ្ងៃនេះ បើគេមិនឱ្យទៀត សូន្យឈឹងហ្មង»។

អ្នកធាក់ស៊ីក្លូ ដើមកំណើតពីខេត្តកំពង់ស្ពឺ រូបនេះ បង្ហាញក្ដីរំភើបថា ប្រសិនបើមានសប្បុរសធម៌ជួយជាសម្ភារប្រើប្រាស់ ចំណីអាហារ និងថវិកា នោះរូបលោក និងអ្នកធាក់ស៊ីក្លូផ្សេងទៀត ពិតជាសប្បាយចិត្ត ព្រោះអាចមានសម្ភារប្រើប្រាស់ផ្សេងៗដូចជា មុង ភួយ និងអាហារហូបចុក ដើម្បីរស់បន្តទៀត។

លោកថា៖ «បើគេជួយ! អ៊ុំសប្បាយចិត្តណាស់! សប្បាយចិត្តបានរស់ទៅមុខតិចទៀត។ បើថាដូចសព្វថ្ងៃនេះ សូន្យឈឹងហើយ»។

ងាកមកលោក អ៊ីវ សំណាង ដែលជាអ្នកផ្តួចផ្តើមកម្មវិធីសប្បុរសធម៌នេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមធ្វើកម្មវិធីសប្បុរសធម៌ផ្សេងៗឱ្យបានច្រើន ក៏ដូចជាចូលរួមក្នុងកម្មវិធីសប្បុរសធម៌ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានមូលនិធិទ្រទ្រង់មនុស្សចាស់នៅកម្ពុជា ក៏ធ្លាប់បានអំពាវនាវឱ្យក្រសួងសង្គមកិច្ច រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បង្កើនការយកចិត្តទុកដាក់ និងគាំទ្រមនុស្សចាស់ រួមទាំងបង្កើនសកម្មភាពឧបត្ថម្ភគាំទ្រផ្នែកជំនួយមនុស្សធម៌ ដូចជា ស្បៀង សម្ភារប្រើប្រាស់ ថវិកា និងសេវាថែទាំសុខុមាលភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ដល់មនុស្សចាស់ផងដែរ ព្រោះលោកថា នេះជាគំរូសម្រាប់មនុស្សជំនាន់ក្រោយ។

លោកថា៖ «សូមបងប្អូនជនរួមជាតិ ចាត់ទុកថា អំពើឬកាយវិការដែលខ្លួនបានធ្វើទៅលើអ្នកដទៃ ជាពិសេសមនុស្សចាស់ជរា គឺដូចជាការជួយខ្លួនឯងផ្ទាល់ដែរ ដែលកាយវិការដ៏ល្អប្រពៃរបស់យើង​ចំពោះមនុស្សជំនាន់មុនទាំងនេះ គឺពិតជាបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយរបស់យើងរៀនសូត្រ និងត្រងត្រាប់តាម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ