កម្ពុជាកំពុងជួយរកទីផ្សារនៅក្រៅប្រទេស សម្រាប់ពលរដ្ឋនិងសហគ្រាសដែលផលិតសម្ភារប្រើប្រាស់ពីជីវប្លាស្ទិក

មន្ត្រី​ក្រសួងបរិស្ថាន​ចុះ​ជួប​សួរសុខទុក្ខ​និង​ពិនិត្យ​លើ​ស្នាដៃ​របស់​ប្រជា​សហគមន៍​នៅខេត្តមណ្ឌលគិរី ដែល​យក​ឫស្សី​កែច្នៃ​ជា​វត្ថុ​ប្រើ​ប្រាស់​ផ្សេង​ៗ។ (ជន ចាន់​រ៉ែ​ន)

ក្រសួងបរិស្ថាន​ កំពុងពិភាក្សា និង​ស្វែងរកទីផ្សារ​​​​សម្រាប់ប្រជាសហគមន៍ និងសហគ្រាសធុនតូច-មធ្យមនៅកម្ពុជា​ លើ​ការ​​នាំចេញសម្ភារប្រើប្រាស់​ដែល​​​ផលិត​​​ពីចេញ​ពី​​​ជីវ​ប្លាស្ទិក ដូចជា ​​អង្ករ ដំឡូងមី ​និង​​រុក្ខជាតិមួយចំនួន​​​​ ជំនួស​ឱ្យការប្រើប្រាស់​​ប្លាស្ទិកតែ​ម្តងហើយបោះចោល ទៅកាន់ប្រទេសម៉ាល់ឌីវ (Maldives) និងបណ្តាប្រទេស​មួយចំនួន​​​ទៀត។

រដ្ឋលេខាធិការ និងជាមន្ត្រី​នាំពាក្យក្រសួងបរិស្ថាន លោក​ នេត្រ ភក្ត្រា បានថ្លែងប្រាប់អ្នកសារព័ត៌មាន​នៅឯ​វេទិកា​ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១​ ស្តីពី «3R និង​សេដ្ឋកិច្ចចក្រា» នៅខេត្តសៀមរាប នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ​ថា បច្ចុប្បន្ន បណ្តាប្រទេសមួយចំនួនបាន​គិត​គូរ​ពីការកាត់បន្ថយ និង​ទប់ស្កាត់ការប្រើប្រាស់​ផលិត​ផលធ្វើពីប្លាស្ទិក​ប្រើម្តងហើយបោះចោល ហើយ​ក្នុងនោះ ប្រទេស​ម៉ាល់ឌីវ បានបញ្ជាក់ពី​ការ​ចេញអនុក្រឹត្យហាម​ឃាត់​មិនឱ្យ​នាំចូល​ផលិត​ផលប្លាស្ទិកប្រភេទនេះផងដែរ។​

លោកបន្តថា៖ «ដូចជាប្រទេសម៉ាល់ឌីវ​ ដែលយើងបានជួប ក៏បានប្រាប់ថាប្រទេសគាត់ហ្នឹង​ គឺ​ចេញអនុក្រឹត្យមួយ គឺហាមឃាត់មិនឱ្យនាំចូលផលិត​ផលប្លាស្ទិក​ដែលប្រើប្រាស់​ម្តងហើយ​បោះ​ចោល​តែម្តង ឧទាហរណ៍ដូចបំពង់បឺតអី គឺគាត់លុបចោល។ ហើយឥឡូវនេះ​ យើង​កំពុង​តែ​​ធ្វើកិច្ចការងារជាមួយគាត់បន្ថែមទៀត​ ដើម្បីបើកផ្លូវឱ្យមានការ​នាំចូលនូវ​ផលិត​ផលប្លាស្ទិក​​របស់​យើង​ដែលធ្វើពីជីវប្លាស្ទិក ពីអង្ករ ពីរុក្ខជាតិ​ហ្នឹង ដើម្បី​ជួយរកទីផ្សារ​ដល់ប្រជាពលរដ្ឋ​យើង​ ទៅដល់ប្រជាសហគមន៍ ឬក៏សហគ្រាសធុនតូច ធុនមធ្យម​ ដើម្បីគាត់អាចមានទីផ្សារនាំចេញ។ ទន្ទឹមនឹងការជំរុញឱ្យមានការ​ប្រើប្រាស់ គឺយើងជំរុញឱ្យមានការនាំចេញផងដែរ»។

បើតាមលោក នេត្រ ភក្ត្រា បច្ចុប្បន្ននៅខេត្តមួយចំនួននៅកម្ពុជា មាន​សហគ្រាស​ធុនតូច និងមធ្យម​ រួម​ទាំងប្រជាសហគមន៍មួយចំនួន​ បានផលិត​នូវ​សម្ភារប្រើប្រាស់មួយចំនួន​​ដូចជា បំពង់បឺត កែវទឹក ​ចាន និងសម្ភារផ្សេង​ៗ​ទៀត​​ ចេញពីអង្ករ ដំឡូង​មី ​និង​រុក្ខជាតិ​មួយចំនួន​ទៀត​​ដែលមិនប៉ះពាល់ដល់បរិស្ថាន ហើយ​ក្រសួងក៏កំពុងជំរុញបណ្ដាខេត្តទេសចរណ៍មួយចំនួន​ទៀត ឱ្យគិត​គូរ​ពី​ការ​ប្រើប្រាស់​ផលិត​ផលធ្វើពីជីវប្លាស្ទិកនេះដែរ។

លោកថា៖ «ចំណុចនេះជាផ្នែកមួយដែលយើងបោះជំហាន​ទៅលើការគ្រប់គ្រងសំណល់​ប្លាស្ទិក ហើយ​និង​ធ្វើឱ្យការប្រើប្រាស់​ប្លាស្ទិករបស់យើង ​វាធ្លាក់ទៅក្នុងកម្រិត​មួយ។​ ហើយយើងប្រើសម្ភារ​ទាំងនេះ​​ដែលមានមេត្រីបរិស្ថាន ឬហៅថា Eco Friendly Plastic ដែលមិនបំពុលបរិស្ថាន​ជា​រួម»។

មន្ត្រីនាំពាក្យ​រូបនេះបានឱ្យដឹងទៀតថា ក្រសួង​បរិស្ថាន ក៏​កំពុងផ្តួចផ្តើមគំនិតលើ​ការ​​តាក់តែងអនុក្រឹត្យ ស្តីពី ​​​ការគ្រប់គ្រងប្លាស្ទិកដែលប្រើប្រាស់ម្ត​ងហើយបោះចោល​​នេះ​ផងដែរ ដើម្បីកាត់បន្ថយ​ការប្រើប្រាស់ប្លាស្ទិក និង​ជាផ្នែកមួយនៃការកាត់បន្ថយការបំពុលបរិស្ថាន​ជារួម​ផងដែរ។​

លោក នេត្រ ភក្ត្រា ថ្លែងថា៖ «យើងកំពុងធ្វើសេចក្តីព្រាង [អនុក្រឹត្យ] ហើយយើង​ក៏ត្រូវពិភាក្សា និងប្រឹក្សា​យោបល់​​​​ជាមួយអ្នកជំនាញបន្ថែមទៀត ដើម្បីយើងដាក់​អនុវត្តទៅ យើង​មិនមានបញ្ហា ហើយ​មួយទៀត គឺ​យើងត្រូវពិនិត្យមើល​ថាតើមធ្យោបាយ​អ្វីខ្លះដែល​យើងនឹងត្រូវ​ជំនួសទៅលើការប្រើប្រាស់នូវផលិតផលប្លាស្ទិកដែលប្រើប្រាស់តែម្តងហើយ​បោះចោល​ហ្នឹង ដើម្បីកុំ​ឱ្យថា​យើងហាមឃាត់​​មិនឱ្យប្រើប្រាស់ ប៉ុន្តែ​​សួរថា​តើអ្វីដែលជាមធ្យោបាយជំនួសដែលអាច​នឹងជំនួស​លើការ​ហាមប្រើប្រាស់ហ្នឹង​បាន​ អ៊ីចឹងនេះជាការ​ចាប់ផ្តើមមួយដែលបោះជំហានទៅមុខលើកិច្ចការងារហ្នឹង»។​

លោកក៏បានជំរុញបន្ថែមទៀតដល់ប្រជាពលរដ្ឋ ចូលរួម​កាត់បន្ថយការប្រើប្រាស់ផលិត​ផលប្លាស្ទិក ហើយ​ងាកមកប្រើប្រាស់សម្ភារដែលផលិត​ដោយ​ជីវប្លាស្ទិកនេះផងដែរ។

កាកសំណល់​​ថង់ប្លា​​ស្ទិ​​ក ត្រូវគេដឹងថា អាចកប់ក្នុងដី ហើយពេលខ្លះមានអាយុកាលរាប់ពាន់ឆ្នាំ ដោយមិនងាយនឹងរលាយទេ។ សារធាតុប្លាស្ទិកដែលបានបំបែកខ្លួនជាបំណែកតូចៗនៅក្នុងស្រទាប់ផែនដី វាអាចនឹងបង្កជាហានិភ័យ​ក្នុង​កម្រិ​​ត​​​​​​ខ្ពស់ នៅពេលដែលវាបញ្ចេញសារធាតុគីមីពុល ក្រោយប្រើប្រាស់រួច និងទុកដាក់មិនបានត្រឹមត្រូវ ហើយសារ​​ធា​តុ​​ទាំងនោះ​អាច​​​បង្ក​​គ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន ទៅថ្ងៃក្រោយ។

អ្នកនាង សឺង ស្រីនិច អ្នកស្រាវជ្រាវ​ និងពិសោធន៍នៃក្រុមហ៊ុន Villageworks ដែលជាក្រុមហ៊ុន​មួយផលិត​នូវសម្ភារប្រើប្រាស់ពី​សរសៃ​ដើមចេក និងធាងចេក បង្ហាញការគាំទ្រចំពោះក្រសួង​ ក្នុងការជួយរកទីផ្សារសម្រាប់ប្រជាពលរដ្ឋ និ​ងក្រុមហ៊ុន​សហគ្រាសដែលផលិត​សម្ភារ​ពីជីវប្លាស្ទិកនេះ។ អ្នកនាងបន្ត​​ថា ការប្រើ​ប្រាស់​សម្ភារដែលផលិត​ពីជីវប្លាស្ទិក ជំនួសឱ្យការប្រើប្រាស់ផលិត​ផលប្លាស្ទិកដែលប្រើម្តងបោះ​ចោល ពិតជាមានសារសំខាន់សម្រាប់បរិស្ថាន និងជួយទៅដល់​ការ​កាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ ។

អ្នកនាងថា៖ «ប្លាស្ទិក វាមិនងាយរលាយនៅក្នុងបរិស្ថាន ក៏ដូចជានៅលើផែនដីយើង ប៉ុន្តែរបស់​ដែលរលាយចូលទៅក្នុងដីវិញហ្នឹង គឺវា​មានប្រសិទ្ធភាពជួយការងារបរិស្ថាន។ ដូច្នេះហើយ​ទើបយើងធ្វើការប្រើប្រាស់នូវប្រភេទសរសៃចេក ឬដើមចេកហ្នឹង ព្រោះពេលយើងប្រើប្រាស់វាហើយ វាអាចរលាយទៅក្នុងដីវិញ […] ដូច្នេះហើយ​យើងចង់ជំរុញឱ្យមានការ​ប្រើប្រាស់​វត្ថុ​ដែលជំនួសដោយការប្រើបា្លស្ទិក»។

បើតាមរបាយការណ៍ក្រសួងបរិស្ថាន នៅកម្ពុជា មានកាកសំណល់ប្រមាណជាង ១ម៉ឺនតោន ត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ ក្នុងនោះមានសំណល់ពី ៦០​ទៅ៦៥ភាគរយ ជាសំណល់សរីរាង្គ ២០ភាគរយ​ជាសំណល់ប្លាស្ទិក និងប្រមាណ ១០ភាគរយ ជាសំណល់រឹង។ ​

ចំណែក​​របាយការណ៍សិក្សាស្រាវជ្រាវដែលចេញដោយអង្គការ Clean Green Cambodia នៅ​អំឡុង​ខែ​មីនា ឆ្នាំ២០២០ បង្ហាញថា សំណល់​ប្លាស្ទិកដែលបានប្រើប្រាស់​រួច​ សម្រាប់​តែនៅ​រាជធានីភ្នំពេញមួយ មាន​​ប្រមាណ ១លាន​​តោន ជារៀងរាល់ឆ្នាំ ហើយចំនួននេះអាចនឹងកើន​​ឡើង​ទ្វេដង​នៅឆ្នាំ២០៣០ ប្រសិន​បើមិន​មាន​ការ​​គ្រប់គ្រងសំណល់ប្លាស្ទិកនេះឱ្យបានត្រឹម​ត្រូវ​ទេ​​។

បើទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការ និងមានបទដ្ឋានគតិយុត្តមួយចំនួនផងដែរ​ ក្នុង​ការគ្រប់គ្រងសំណង់សរីរាង្គ រាវ និងសំណង់រឹងរបស់ខ្លួន។ នៅក្នុងឆ្នាំ២០១៧ កន្លង​ទៅ កម្ពុជា​បានចេញនូវអនុក្រឹត្យ​ស្តីពីការគ្រប់​គ្រង​ថង់​​ប្លាស្ទិក ដែល​​អនុក្រឹត្យ​នេះមាន​​​​​​​​ទិស​​ដៅ​​បង្កើន​​​ប្រ​សិទ្ធភាព កាត់​​បន្ថយការនាំចូល ការផលិត ការចែក​ចាយ និងប្រើប្រាស់​​ថង់​ប្លា​​ស្ទិក​ ដើម្បី​​ធានា​​​នូវ​​កិច្ច​គាំពារ​សុខ​ភាពសាធារណៈ បរិស្ថាន និង​​សោភ័ណភាព​​ទីក្រុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ