គណបក្សភ្លើងទៀន ជំរុញទៅសមត្ថកិច្ចខេត្តកំពង់ធំ ចាត់វិធានការផ្លូវច្បាប់ទៅលើជនដែលបំផ្លាញស្លាកគណបក្សខ្លួន ដើម្បីជាសារព្រមានកុំឱ្យមានអ្នកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគណបក្សដទៃបន្តទៀត។
ការស្នើនេះ ក្រោយពីគណបក្សភ្លើងទៀន កាលពីថ្ងៃទី០៦ ខែកុម្ភៈ បានដាក់ពាក្យបណ្ដឹងទៅកាន់អធិការដ្ឋាននគរបាលស្រុកស្ទោង ដោយប្តឹងជនឈ្មោះ ឆាយ ចែង ដែលគណបក្សនេះអះអាងថាជាសមាជិកគណបក្សប្រជាជនកម្ពុជា បានលួចយកស្លាកគណបក្សភ្លើងទៀន នៅចំណុចភូមិក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។
ពាក្យបណ្ដឹងដដែលនោះបានស្នើដល់អធិការនគរបាលស្រុក ប្រគល់នូវស្លាកសញ្ញាមកវិញ និងនាំជនប្រព្រឹត្តមកអនុវត្តទោសទៅតាមច្បាប់កំណត់។
ពាក្យបណ្តឹងនោះបានគូសបញ្ជាក់ថា៖ «សូមលោកអធិការចាត់វិធានការជាបន្ទាន់ ស្រាវជ្រាវស្វែងរកស្លាកសញ្ញាគណបក្សភ្លើងទៀន ដើម្បីយកមកប្រគល់សងគណបក្សវិញ និងនាំខ្លួនជនប្រព្រឹត្តខាងលើមកផ្តន្ទាទោសតាមគោលការណ៍ច្បាប់កំណត់ជាធរមាន»។
អធិការនគរបាលស្រុកស្ទោង លោក យ៉ង សំ មានប្រសាសន៍នៅថ្ងៃសុក្រនេះថា លោកបានទទួលពាក្យបណ្ដឹងពីគណបក្សភ្លើងទៀនហើយ ហើយលោកនឹងដោះស្រាយបញ្ហានេះក្នុងពេលឆាប់ៗនេះ។ តែយ៉ាងណា លោកថា ដោយសារតែរឿងនេះជាករណីនយោបាយ ដូច្នេះ សំណុំរឿងនេះត្រូវសុំយោបល់ពីថ្នាក់លើសិន។
លោកថា៖ «ខ្ញុំអត់ទាន់និយាយបានថាចាត់ចែងរបៀបម៉េចទេ ព្រោះយើងធ្វើការមានមេមានកើយ យើងឆ្លងយោបល់ថ្នាក់ដឹកនាំស្រួលបួលសិន នេះមិនមែនជារឿងព្រហ្មទណ្ឌទេ វាពាក់ព័ន្ធនឹងរឿងនយោបាយផង យើងត្រូវធ្វើការប្រយ័ត្នប្រយែងដែរ»។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភីរិទ្ធ បានកត់សម្គាល់ថា ជាទូទៅ នៅពេលដែលសមាជិករបស់គណបក្សកាន់អំណាចបានធ្វើខុស ការចាត់វិធានការច្បាប់ គឺមានភាពយឺតយ៉ាវ ដោយត្រូវរង់ចាំបទបញ្ជា ឬទុកឱ្យបំភ្លេចតាមពេលវេលាជាដើម។
តែយ៉ាងណា លោកនៅតែស្នើដល់អាជ្ញាធរអនុវត្តច្បាប់ឱ្យស្មើភាពគ្នាគ្រប់គណបក្សនយោបាយ និងចាត់វិធានការទៅលើជនដែលប្រព្រឹត្តទៅតាមផ្លូវច្បាប់ ដើម្បីចៀសវាងកុំឱ្យជននោះទៅបំផ្លាញស្លាកគណបក្សដទៃទៀត។
លោកថា៖ «ចង់បានទី១ យ៉ាងហោចណាស់ក៏ហៅបុគ្គលដែលប្រព្រឹត្តមកព្រមានឱ្យគាត់បញ្ឈប់ ក៏ដូចជាការបង្ហាញឱ្យអ្នកដទៃដែលបម្រុងនឹងធ្វើហ្នឹង ឱ្យដឹងថា អ្នកឯងមកពីគណបក្សណាក៏ដោយ ច្បាប់គឺច្បាប់»។
ចំណែកអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍យ៉ាងខ្លីថា ករណីលួចស្លាកសញ្ញាគណបក្សណាមួយនោះ មិនស្ថិតនៅក្រោមតួនាទីសមត្ថកិច្ចរបស់ គ.ជ.ប នោះទេ។
លោកថា៖ «អត់បានដឹង[រឿងនេះ]ផង ដោយសារនេះជាតួនាទីរបស់អាជ្ញាធរ ហើយមិនមានជាតួនាទីសមត្ថកិច្ច គ.ជ.ប ត្រូវធ្វើការទេ»។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិចហ្វិក ដែលឃ្លាំមើលការបោះឆ្នោត មានប្រសាសន៍ថា ការដែលសមាជិកគណបក្សណាមួយដកហូត ឬបំផ្លាញស្លាកគណបក្សមួយផ្សេងទៀតនោះ គឺជារឿងខុសច្បាប់ ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធត្រូវតែចាត់វិធានការច្បាប់។
លោកថា៖ «ដកស្លាកគេ ខុសហើយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នគរបាលគេដោះស្រាយទៅ ចាត់ការទៅ»។
កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ក៏មានករណីជនមិនស្គាល់មុខបានលួចកាប់បំផ្លាញស្លាកសញ្ញាគណបក្សភ្លើងទៀន នៅខេត្តកំពង់ចាម ហើយជាបន្តបន្ទាប់មក ជាពិសេសនៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ក៏បានអះអាងថាមានស្លាកគណបក្សរបស់ខ្លួននៅតាមបណ្តាខេត្តមួយចំនួនត្រូវបានជនអនាមិកកាប់បំផ្លាញ និងផ្តួលរំលំផងដែរ។
មន្ត្រីគណបក្សភ្លើងទៀន បានអះអាងទៀតថា រាល់ករណីដែលបានកើតឡើង គណបក្សនេះបានប្តឹងសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរឃុំ-សង្កាត់ និងនគរបាលយុត្តិធម៌ ប៉ុន្តែមិនដែលទទួលបានការឆ្លើយតបមកវិញស្ទើរគ្រប់ករណី។
បើទោះជាបែបណា គេសង្កេតឃើញថា ការអនុវត្តសិទ្ធិនយោបាយនេះហាក់មានភាពខុសគ្នារវាងគណបក្សគ្រប់គ្រងអំណាច និងគណបក្សក្រៅរដ្ឋាភិបាល។ កាលពីចុងខែមិថុនា ឆ្នាំ២០១៧ សាលាដំបូងខេត្តកំពង់ស្ពឺ បានផ្តន្ទាទោសចំនួន២លើក ប្រឆាំងអ្នកស្រី សំ សុខា អ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលតុលាការបានរំលាយ ដាក់ពន្ធនាគារសរុប៤ឆ្នាំ និងពិន័យលុយ ១០លានរៀល ក្រោមបទចោទ «ជេរប្រមាថ និងញុះញង់ឱ្យមានការរើសអើង»។
ការផ្តន្ទាទោសនេះ បន្ទាប់ពីអ្នកស្រីបានយកស្បែកជើងគប់ស្លាកគណបក្សប្រជាជនកម្ពុជា ដែលមានរូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភា កាលពីដើមខែមេសា ឆ្នាំ២០១៧ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ប៉ុន្តែ សម្រាប់សំណុំរឿងដែលកើតឡើងទៅលើអ្នកនយោបាយក្រៅរដ្ឋាភិបាលវិញ គេកម្រឃើញចាប់បានជនល្មើសដើម្បីយកទៅផ្តន្ទាទោសណាស់៕