គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) ជំរុញដល់រដ្ឋសភាពិចារណាឡើងវិញក្នុងការដោះស្រាយបញ្ហាប្រព័ន្ធបោះឆ្នោត ដើម្បីធានាថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានឯករាជ្យភាព អព្យាក្រឹតភាព និងធានាឱ្យការបោះឆ្នោតនាពេលខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ការជំរុញនេះបានធ្វើឡើងក្រោយពីគណបក្សនេះទទួលបានលិខិតឆ្លើយតបរបស់គណៈកម្មាការទី១ នៃរដ្ឋសភា ទៅនឹងញត្តិរបស់ខ្លួនដែលស្នើឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្តីពី សមាសភាពស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានលើកឡើងថា ការឆ្លើយតបរបស់គណៈកម្មការជំនាញនៃរដ្ឋសភា គ្រាន់តែជាការដកស្រង់នូវមាត្រាច្បាប់នៃរដ្ឋធម្មនុញ្ញ ដោយមិនបានផ្តល់ព័ត៌មានថាបានយកចិត្តទុកដាក់បំពេញនូវភារកិច្ចអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ (គ.ជ.ប) ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធបោះឆ្នោតដែលមាននៅក្នុងញត្តិរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានឡើយ។
សេចក្តីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ថា៖ «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សង្ឃឹមថា រដ្ឋសភានឹងពិចារណាដោះស្រាយបញ្ហាប្រព័ន្ធបោះឆ្នោតឡើងវិញ ដើម្បីធានាថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានឯករាជ្យភាព អព្យាក្រឹតភាព និងធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរី ពហុបក្ស ទទួលបានការយកចិត្តទុកចិត្តពីសំណាក់គណបក្សនយោបាយ និងអ្នកបោះឆ្នោត និងបញ្ចៀសនូវវិបត្តិនយោបាយក្រោយការបោះឆ្នោត»។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានក្រើនរំលឹកដល់ម្ចាស់ឆ្នោតដែរថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ គឺចង់ឱ្យតំណាងរាស្ត្ររបស់ខ្លួនបំពេញភារកិច្ចលើសពីការគ្រាន់តែដកស្រង់មាត្រាច្បាប់ ដោយធ្វើការអង្កេត អន្តរាគមន៍ ការដោះស្រាយបញ្ហាជាតិ ជាពិសេសតាមរយៈការកែ ឬ/និងធ្វើច្បាប់ ប្រកបដោយការទទួលខុសត្រូវ និងគោរពនូវរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។
វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះពីលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិតេយ្យមូលដ្ឋាន បានទេ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ។
កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា លោក សរ ចំរុង បានផ្ញើលិខិតឆ្លើយតបទៅលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដោយពន្យល់ថា ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយដែលអនុម័តដោយរដ្ឋសភា តាមមតិភាគច្រើន ២ភាគ៣ នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
លិខិតដដែលបន្តថា៖ «ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ យោងតាមមាត្រា១៥៣ថ្មី ការផ្តើមគំនិតសើរើ ឬការផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភា តាមរយៈសេចក្តីស្នើរបស់តំណាងរាស្ត្រ ១ភាគ៤ នៃចំនួនសមាជិករដ្ឋសភាទាំងមូល»។
លិខិតដដែលបន្តថា ចំពោះសមាសភាពស្ថាប័ន គ.ជ.ប ត្រូវបានជ្រើសរើសដោយគណបក្សដឹកនាំរដ្ឋាភិបាលចំនួន៤រូប គណបក្សមានអាសនៈក្នុងរដ្ឋសភាដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាលចំនួន៤រូប និង១រូបទៀតត្រូវបានជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សទាំងអស់ដែលមានអាសនៈក្នុងរដ្ឋសភា ដូច្នេះ គ.ជ.ប បានអនុវត្តត្រឹមត្រូវតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខណៈការបោះឆ្នោតកន្លងទៅ ក៏បានប្រព្រឹត្តទៅដោយត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ។
នាយកប្រតិបត្តិអង្គការនិចហ្វិក លោក សំ គន្ធាមី ធ្លាប់មានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់មិនមានអ្វីពិបាកសម្រាប់រដ្ឋសភានោះទេ ពីព្រោះតាមច្បាប់ តំណាងរាស្ត្រមានសិទ្ធិធ្វើវិសោធនកម្មច្បាប់បាន បើពួកគេមើលឃើញថា ច្បាប់ដែលបង្កើតផ្ទុយពីរដ្ឋធម្មនុញ្ញ។ លោកបន្តថា បើរដ្ឋសភាមិនធ្វើតាមសំណើរបស់គណបក្សនយោបាយដែលស្នើសុំធ្វើវិសោធនកម្មច្បាប់ នឹងធ្វើឱ្យប៉ះពាល់ដល់តួនាទីរបស់តំណាងរាស្ត្រដែលពលរដ្ឋបោះឆ្នោតឱ្យ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំចង់ឱ្យសំណើនេះ រដ្ឋសភាពិចារណា ដើម្បីធ្វើយ៉ាងណាឱ្យធ្វើការកែសម្រួល ឬក៏ធ្វើវិសោធនកម្ម ទៅលើសំណើរបស់គណបក្សនយោបាយដែលគាត់បានស្នើឡើង»។
បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំមុន បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕