ប្រាក់បៀវត្សគ្រូបង្រៀនជាឧបសគ្គក្នុងការរីកចម្រើនវិស័យអប់រំផ្នែកពុទ្ធិកសិក្សា

ព្រះតេជព្រះគុណ ស៊ីម សោភា បានផ្តល់រង្វាន់លើកទឹកដល់សមណសិស្ស កាលពីឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ការផ្ដល់ប្រាក់បៀវត្ស​តិចតួចដល់គ្រូបង្រៀន ជាកត្តាឱ្យពួកគាត់ខ្វះឆន្ទៈ និងទឹកចិត្តបង្រៀនឱ្យបានគ្រប់គ្រាន់ ហើយកំពុងធ្វើឱ្យវិស័យអប់រំពុទ្ធចក្រដើរថយក្រោយ​ ខណៈពេលសាលាពុទ្ធិកបឋមសិក្សា និងអនុវិទ្យាល័យ បានបិទទ្វារជាបន្តបន្ទាប់។

វិស័យអប់រំផ្នែកពុទ្ធចក្របច្ចុប្បន្ន ហាក់ដើរថយក្រោយ បើប្រៀបធៀបជាមួយវិស័យអប់រំផ្នែកអាណាចក្រ ដែលកំពុងតែដើរទៅមុខ ប្រកបដោយនិរន្តរភាព និងគុណភាព។ ខណៈដែលគ្រូបង្រៀនពុទ្ធិកសិក្សា ភាគច្រើននៅមានការខ្វះឯកសារស្រាវជ្រាវ ឧបករណ៍បង្រៀន និងខ្វះការយកចិត្តដាក់ពីថ្នាក់លើ ជាពិសេសក្រសួងធម្មការ និងសាសនា ថ្នាក់ស្រុក ឬខេត្ត ស្របពេលប្រាក់បៀវត្សមិនសមរម្យផងនោះ បណ្តាលឱ្យពុទ្ធិកសិក្សាមួយចំនួនបានបិទទ្ធារ។

ព្រះតេជព្រះគុណ ស៊ីម សោភា ជាគ្រូមួយអង្គ ធ្លាប់មានបទពិសោធបង្រៀនពីរខេត្ត  គឺខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ហើយបច្ចុប្បន្នជាសមណនិសិ្សត នៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា មានថេរដីកាថា វត្តមួយចំនួនដែលមានសាលាពុទ្ធិកសិក្សា នៅតាមបណ្តាសុ្រក និងខេត្ត ត្រូវបានបិទទ្វារជាបន្តបន្ទាប់ ដោយខ្វះការយកចិត្តទុកដាក់ពីក្រសួងធម្មការ និងក្រុមការងារដែលពាក់ព័ន្ធ។ សម្រាប់ស្រុកព្រះតេជព្រះគុណ កាលពីមុន មានសាលាពុទ្ធិកសិក្សាចំនួន៤ ឥលូវបិទទ្វារអស់៣ហើយ។

ព្រះតេជព្រះគុណបញ្ជាក់ថា៖ «ស្ថានភាពនៃការបង្រៀនដល់ប្អូនៗសមណសិស្សនៅតាមបណ្តាខេត្ត ក៏ដូចជានៅតាមបណ្តាស្រុកមួយចំនួន គឺវាមានស្ថានភាពពិបាកមែនទែន។ ប្រសិនបើនៅតែបន្តបែបហ្នឹងទៀត អាចថាយូរ មិនឆាប់ ចង់ឬមិនចង់ វិស័យពុទ្ធចក្រអាចនឹងដើរថយក្រោយ»។

ព្រះភិក្ខុអង្គនេះមិនទាន់អាចទទួលយកបានទេ ចំពោះប្រាក់បៀវត្សបច្ចុប្បន្ន ដោយចង់ឱ្យដំឡើងបន្ថែមទៀត ចំនួន២០ ឬ៣០ម៉ឺនរៀល ឱ្យសមស្របនឹងការលះបង់ពេលវេលា និងការខិតខំស្រាវជ្រាវរបស់គ្រូបង្រៀន ហើយភាគច្រើនគ្រូបង្រៀននៅតាមពុទ្ធិកសិក្សា គឺព្រះគ្រូចៅអធិការវត្តជាអ្នករ៉ាប់រង និងផ្តល់ប្រាក់ឧបត្ថម្ភ ជាជាងពីក្រសួងធម្មការ និងសាសនា។

ព្រះតេជព្រះគុណបន្ថែមថា៖ «ពុទ្ធិកសិក្សាត្រូវការចូលរួមពីវិស័យក្រសួងធម្មការ និងសាសនា ខ្លាំងមែនទែន! មានន័យថា យកចិត្តទុកដាក់ តាមដានមានគ្រូប៉ុន្មាននៅក្នុងខេត្ត មានគ្រូប៉ុន្មាននៅក្នុងស្រុក ហើយបញ្ជាក់ឱ្យច្បាស់ ដោយសារតែខ្ញុំករុណាបានដឹងខ្លះៗដែរ ទាក់ទងទៅនឹងគ្រូ ឬមន្ត្រីខ្មោច ដែលមានតែឈ្មោះ ចាំតែស៊ីប្រាក់ខែ ហើយមិនបានទៅបង្រៀន»។​

ព្រះតេជព្រះគុណ ញ៉ាញ់ សាដាំ ជាគ្រូបង្រៀនពុទ្ធិកអនុវិទ្យាល័យស្វាយរៀង មានថេរដីកាថា ប្រាក់បៀវត្សបច្ចុប្បន្នមិនទាន់សមល្មមនឹងតម្រូវការចំពោះការចំណាយលើការធ្វើដំណើរ និងចំណាយផ្សេងៗទៀតនៅក្នុងជីវភាព ហើយគ្រូខ្លះទៀតមិនអាចទៅធ្វើការងារអ្វីផ្សេងក្រៅពីបង្រៀន។

ព្រះតេជព្រះគុណបន្ថែមថា៖ «ប្រសិនជាប្រាក់ខែអាចឡើងជាងហ្នឹងបន្តិចទៀត រឹតតែល្អ បានន័យថា អាចឱ្យគ្រូមានឆន្ទៈក្នុងការបង្រៀន ក៏បង្រៀន! ហើយក៏ប្រាក់ខែហ្នឹង ក៏វាគួរសមក្នុងតម្រូវការពួកគាត់ផងដែរ ហើយក៏អាចធ្វើឱ្យវិស័យពុទ្ធិកសិក្សាហ្នឹងក៏រឹងរឹតតែរីកចម្រើន»។

លោក សុត បាន ធ្លាប់ទៅសិក្សាផ្នែកពុទ្ធចក្រ នៅប្រទេសថៃ ជាច្រើនឆ្នាំ មើលឃើញថា ពុទ្ធិកសិក្សាជួយអប់រំមនុស្ស ក៏ដូចជាពលរដ្ឋកម្ពុជាឱ្យមានភាពអត់ធន់ មិនខឹងក្រោធច្រើន ខុសពីវិស័យអប់រំនៅខាងអាណាចក្រ ឃើញថាក្មេងៗឥលូវមានការខឹងក្រោធច្រើន រហូតដល់ឈានដល់ការវាយដំច្រំធាក់គ្នាជាច្រើននៅតាមសាលា។ ដោយឡែក ចំពោះប្រាក់បៀវត្សគ្រូបង្រៀនវិញលោកបន្ថែមថា «អត់ដឹងប្រាក់ខែគេប៉ុន្មានទេ ដឹងត្រឹមថាមានលក្ខណៈខុសគ្នា»

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឆ្លើយតបថា៖ «ក្រសួងធម្មការ និងសាសនា ជាពិសេសរដ្ឋាភិបាល កំពុងប្រឹងប្រែងមែនទែន ដើម្បីជួយដល់វិស័យពុទ្ធិកសិក្សា ហើយសិទិ្ធសេរីភាពចំពោះការសាសនា ក៏កាន់តែបើកទូលាយដែរ ចំណែកឯចំណុចខ្វះខ្លះៗ ខ្ញុំគិតថាមានតិចតួច ជារឿងធម្មតា»

មកដល់ពេលបច្ចុប្បន្ននេះ នៅទូទាំងប្រទេសកម្ពុជាមានវត្តសរុបចំនួន ៤ ៩២៥វត្ត និងមានព្រះសង្ឃសរុបជាង ៦ម៉ឺន៦ពាន់​អង្គ ដែលក្នុងនោះ ខាងគណៈមហានិកាយ មានវត្តចំនួនប្រមាណ ៤ ៧០០វត្ត មានព្រះសង្ឃ ជាង៦ម៉ឺន២ពាន់​អង្គ ហើយខាងគណៈធម្មយុត្តិកនិកាយ មានវត្តចំនួន ២២៥វត្ត មានព្រះសង្ឃប្រមាណ៣ ៩០០អង្គ នេះបើតាមរបាយការណ៍របស់ក្រសួងធម្មការ និងសាសនា កាលពីឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ