និស្សិតមួយចំនួនតាមសាកលវិទ្យាល័យក្នុងក្រុងភ្នំពេញ បាននាំគ្នាប្រមូលថវិកាដើម្បីជួយសិស្សានុសិស្សក្រីក្រនៅទីដាច់ស្រយាល ក្នុងស្រុកវ៉ារិន ខេត្ដសៀមរាប ក្នុងគោលបំណងជាការចែករំលែកក្នុងនាមជាតិសាសន៍តែមួយ និងចង់បង្ហាញថាពលរដ្ឋកម្ពុជាត្រូវទទួលបានការរៀនសូត្រស្មើៗគ្នា ខណៈក្រសួងអប់រំថាជាសកម្មភាពមួយដែលយុវជនគួរធ្វើ។
យុវជន គឹម ហ៊ាង ជានិស្សិតឆ្នាំ២ នៃវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមើលឃើញថា នៅតំបន់ដាច់ស្រយាលមួយចំនួន ជាពិសេសក្មេងៗ ខ្វះសម្ភារសិក្សាច្រើន ជាមូលហេតុឱ្យក្រុមលោកនាំគ្នាប្រមូលថវិកាជួយសាលាក្រីក្រទាំងនោះ។
ស្ថិតក្នុងវ័យ២៥ឆ្នាំ និស្សិតរូបនេះ បន្ដថា សកម្មភាពរបស់ក្រុមលោក គឺបង្ហាញទៅយុវជនផ្សេងទៀត ដើម្បីឱ្យពួកគាត់អាចចូលរួមរាល់សកម្មភាពសប្បុរសធម៌ទាំងឡាយទៅប្អូនៗក្រីក្រដែលពួកគាត់កំពុងត្រូវការជំនួយពីពួកយើង។
និស្សិតផ្នែកទំនាក់ទំនងគោលនយោបាយ និងរដ្ឋបាលសាធារណៈ រូបនេះ បន្ដថា៖ «ពួកយើងក៏ផ្ដួចផ្ដើមគំនិតដើម្បីប្រមែប្រមូលសម្ភារសិក្សា ក៏ដូចជាថវិកាមួយចំនួន យកទៅឱ្យពួកគាត់ នៅស្រុកវ៉ារិន ខេត្ដសៀមរាប។ គ្នាខ្ញុំ៧នាក់ ជាបង្គោល ហើយយើងបានប្រមែប្រមូលពីមិត្ដភក្ដិ និងអ្នកដែលស្គាល់ៗគ្នាដែលមានចិត្ដចង់ជួយ»។
ទីតាំងដែលក្រុមពួកនិស្សិតទាំងនោះនឹងទៅយកសម្ភារសិក្សាទៅចែកជូន គឺសាលាបឋមសិក្សាជប់កំភ្លឹង ស្ថិតនៅភូមិជប់កំភ្លឹង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាប។

កាលពីខែមេសា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ ជំរុញឱ្យបន្តពង្រឹងប្រព័ន្ធអប់រំ និងបន្តធានានូវសេវាអប់រំដែលមានគុណភាព ប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងដោះស្រាយការខាតបង់ការរៀនសូត្ររបស់សិស្សនិស្សិត។
ស្រដៀងគ្នានេះដែរ យុវជន ម៉េង ហួរ អាយុ២៥ឆ្នាំ ដែលបានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងទេសចេណ៍ និងបដិសណ្ឋារកិច្ច បានរៀបរាប់ថា សិស្សានុសិស្សនៃសាលាបឋមសិក្សាជប់កំភ្លឹង ត្រូវការរបស់ទាំងអស់នេះជាចាំបាច់ ណាមួយជាតំបន់ដាច់ស្រយាលទៀត។ រីឯការស្លៀកពាក់ក៏មិនសូវជាសមរម្យ ដែលជាកត្ដាជំរុញឱ្យពួកលោកចាប់ផ្ដើមប្រមូលគ្នា ដើម្បីយកទៅជួយនៅតំបន់ទាំងនេះ។
លោកថា៖ «ពួកខ្ញុំដែលអ្នកកៀរគរថវិកាទាំងអស់ហ្នឹង គឺធ្លាប់លំបាកពីក្មេង ឃើញការលំបាកពីមុន មិនសូវសមរម្យអ៊ីចឹងបង! ពេលពួកខ្ញុំឃើញពួកគាត់ក្មេងៗនៅតំបន់ដាច់ស្រយាល ពួកគាត់ខ្វះខាតសម្ភារសិក្សា ក៏ពួកខ្ញុំសម្រេចចិត្ដកៀរគរថវិកាពីសប្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈបណ្ដាញសង្គមអ៊ីចឹងទៅ តាមសទ្ធាពួកគាត់ទៅ»។
រដ្ឋធម្មនុញ មាត្រា៦៨ បានចែងថា រដ្ឋាភិបាលត្រូវផ្ដល់ការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋទាំងអស់ ហើយម្នាក់ៗត្រូវបន្តការសិក្សាជាមូលដ្ឋាន យ៉ាងហោចណាស់ត្រឹមថ្នាក់ទី៩ ហើយរដ្ឋត្រូវមានកាតព្វកិច្ចជួយផ្សព្វផ្សាយ និងលើកតម្កើងសាលាបាលី និងពុទ្ធិកសិក្សា។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ថ្លែងថា លោកគាំទ្ររាល់សកម្មភាពរបស់យុវជនក្នុងកិច្ចការវិស័យអប់រំ។ លោកបានជំរុញបន្ថែមថា យុវជនផ្សេងទៀតគួរយកគំរូតាម ដើម្បីឱ្យវិស័យអប់រំកាន់តែរីកចម្រើន។
លោក សុវាចា បន្ដថា៖ «ពូគាំទ្ររាល់សកម្មភាពរបស់ពួកគាត់។ វាជារឿងល្អ ដែលយុវជនផ្សេងគួរយកគំរូតាម»។
របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយក្នុងខែមីនា ឆ្នាំ២០២២ ឱ្យដឹងថា សាលាបឋមសិក្សានៅកម្ពុជាបានកើនឡើង ១២៧សាលារៀនបន្ថែមទៀត ដែលមាន ៧ ៨៤៣សាលារៀន សម្រាប់ឆ្នាំសិក្សា២០២០-២០២១។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា អ្នកស្រីគាំទ្រចំពោះការលះបង់របស់យុវជន ពីព្រោះវាជាសកម្មភាពសប្បុរសធម៌ ម្យ៉ាងវិញទៀត សិស្សានុសិស្សនៅតាមទីដាច់ស្រយាល ពួកគាត់ក៏កំពុងត្រូវការកិច្ចការទាំងអស់នេះផងដែរ។
អ្នកស្រីថ្លែងថា៖ «ពួកគាត់គ្មានប្រាក់ខែអីទេ តែពួកគាត់លះបង់ អានេះវាជារឿងល្អណាស់។ ក្នុងនាមខ្ញុំជាសមាគមគ្រូបង្រៀនឯករាជ្យ ខ្ញុំគាំទ្រពួកគាត់»៕