យុវជនលើកឡើងថា បញ្ហាអំពើពុករលួយនៅក្នុងសង្គមកម្ពុជា គឺជាបញ្ហាត្រូវតែចូលរួម និងទប់ស្កាត់ ប៉ុន្ដែពួកគេថានៅតែមានបញ្ហាប្រឈមខ្លះៗអំពីការរឹតត្បិតរបស់អាជ្ញាធរ ទើបមានយុវជនមួយចំនួនហាក់មិនហ៊ានបញ្ចេញសកម្មភាពរបស់ខ្លួន ខណៈអង្គភាពប្រឆាំងអំពើពុករលួយ អះអាងថា គាំទ្ររាល់សកម្មភាពរបស់យុវជនក្នុងការទប់ស្កាត់អំពើពុករលួយ។
យុវតី សុខ លិកា អាយុ១៩ឆ្នាំ និងជានិស្សិតច្បាប់ឆ្នាំទី២ នៃសាកលវិទ្យាល័យបៀលប្រាយ បានលើកឡើងថា យុវជនគឺជាធនធានដ៏សំខាន់ណាស់សម្រាប់សង្គម ហើយបញ្ហាអំពើពុករលួយជាផ្នែកមួយធំក្នុងការរារាំងមិនឱ្យប្រទេសរីកចម្រើន។ ក្នុងនាមជាយុវតីម្នាក់ និងជាអ្នករៀនផ្នែកច្បាប់ ខ្លួនចង់រួមចំណែកក្នុងការតាមដានបញ្ហាអំពើពុករលួយ និងទប់ស្កាត់កុំឱ្យបន្ដដល់យុវជនជំនាន់ក្រោយ។
យុវតី លិកា បន្ដថា៖ «ខ្ញុំគឺជាយុវជនម្នាក់ក្នុងសង្គម ខ្ញុំត្រូវតែចូលរួមយល់ដឹង និងតាមដានបញ្ហាអំពើពុករលួយ។ យុវជនទាំងអស់គ្នាត្រូវតែមានភាពក្លាហានលើការផ្សព្វផ្សាយលើបញ្ហាទាំងអស់ហ្នឹង ដើម្បីសង្គមជាតិរីកចម្រើន»។
លទ្ធផលនៃការស្ទង់មតិមួយកាលពីខែតុលា ឆ្នាំ២០២២ បង្ហាញថា ការយល់ដឹងរបស់យុវជន ជាទូទៅ អំពីយុទ្ធសាស្រ្តអភិវឌ្ឍន៍សំខាន់ៗរបស់រដ្ឋាភិបាល និងជាពិសេសអំពីគោលនយោបាយយុវជន មានកម្រិតទាប។ ជាឧទាហរណ៍ ៩០% នៃអ្នកឆ្លើយតបសម្ភាស បាននិយាយថា ពួកគេមិនធ្លាប់បានឮអំពីយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ នោះទេ។ ភាគរយស្ទើរតែដូចគ្នា (៨៩%) បាននិយាយថា ពួកគេមិនធ្លាប់បានឮអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។ ៨៤% បាននិយាយថា ពួកគេមិនបានដឹងអំពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឡើយ។ មានតែយុវជន ១៥% ប៉ុណ្ណោះ ដែលបាននិយាយថា ពួកគេធ្លាប់បានឮអំពីគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជន ឆ្នាំ២០១១។
ការស្ទង់មតិថ្នាក់ជាតិនេះធ្វើឡើងដោយផ្ទាល់មុខជាមួយយុវជនកម្ពុជា អាយុចន្លោះពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ចំនួន១ ៦០០នាក់ នៅក្នុង២០០ភូមិ ទូទាំង២៥រាជធានី-ខេត្ត នៃប្រទេសកម្ពុជា។
ហាក់ផ្ទុយពីយុវតី លិកា យុវតីម្នាក់ទៀតជានិស្សិតឆ្នាំទី៤ ផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច គឺយុវតី ហុក ចិន្ដា អាយុ២២ឆ្នាំ បានឱ្យវីអូឌីដឹងថា បញ្ហាអំពើពុករលួយនេះ គឺជារឿងដែលយុវជនគួរតែពិនិត្យនិងតាមដាន ប៉ុន្ដែដោយសារមានការរឹតត្បិតសិទ្ធិបញ្ចេញមតិ និងដាក់ទោសផ្សេងៗទៀត ទើបយុវជនហាក់ខ្លាចរអានឹងសកម្មភាពទាំងអស់នេះ។ ចិន្ដា ថាបើសិនគេបើកសិទ្ធិពេញលេញឱ្យយុវជនចូលរួមតាមដានអំពើពុករលួយ គឺម្នាក់ៗចង់រួមចំណែកណាស់។
ចិន្ដា និយាយថា៖ «រឿងអំពើពុករលួយ ក្នុងនាមជាយុវជន ចង់ណាស់បង! រឿងប្រឆាំងនិងទប់ស្កាត់ ប៉ុន្ដែគេរឹតត្បិតពេក ម្នាក់ៗខ្លាចមិនហ៊ានធ្វើសកម្មភាពអីទេ»។
ក្រមព្រហ្មទណ្ឌ មាត្រា៣៨ ចែងថា អំពើពុករលួយ គឺជាបទល្មើសដែលដាក់ទោសទណ្ឌទៅលើអំពើពុករលួយ ឬប៉ុនប៉ងពុករលួយ ប្រព្រឹត្ដដោយមន្ដ្រីនយោបាយ អ្នករាជការ យោធា ឬភ្នាក់ងាររបស់គណបក្សនយោបាយ។ អំពើពុករលួយ ទោះធ្វើឡើងក្រោមទម្រង់សកម្ម ឬអកម្ម ដូចជា ការសូកប៉ាន់ ការរំលោភមុខងារ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងការជំរិតទារប្រាក់ ត្រូវបានកំណត់ថាជាបទល្មើសនៅក្រោមបទប្បញ្ញតិ្ដរបស់ក្រមព្រហ្មទណ្ឌ។
ចំណែកឯអ្នកស្រាវជ្រាវផ្នែកភូមិសាស្ដ្រនយោបាយ លោក វណ្ណ ប៊ុនណា យល់ឃើញថា បញ្ហាអំពើពុករលួយជាផ្នែកមួយក្នុងវិស័យនយោបាយ។ លោកថា សព្វថ្ងៃនេះ អំពើពុករលួយនយោបាយ គឺធំណាស់ ដែលទាមទារឱ្យយុវជនចូលរួមពិនិត្យនិងតាមដាន។
អ្នកវិភាគវ័យក្មេងរូបនេះបន្ដថា៖ «អំពើពុករលួយជារឿងដែលយុវជនត្រូវតែចូលរួមដើម្បីអភិវឌ្ឍ ជាពិសេសអំពើពុករលួយក្នុងវិស័យនយោបាយតែម្ដង»។
បើតាមសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០២១ ដែលទើបចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៥៧ ក្នុងចំណោមប្រទេសចំនួន១៨០ នៅលើពិភពលោក។ ចំណាត់ថ្នាក់នេះ បង្ហាញថា កម្ពុជានៅតែជាប្រទេសដែលមានកម្រិតពុករលួយអាក្រក់ជាងគេបំផុត ក្នុងចំណោមប្រទេសទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។
ជុំវិញរឿងនេះ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ដ បានឱ្យវីអូឌីដឹងថា ជាការពិតណាស់ យុវជនមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមប្រឆាំងអំពើពុករលួយ។ លោកថា យុវជនត្រូវចាប់ផ្តើមពីភាពស្អាតស្អំ ផ្សព្វផ្សាយពីភាពស្អាតស្អំ និងផលលំបាកនៃអំពើពុករលួយ ត្រូវតែនិយាយថាទេចំពោះអំពើពុករលួយ និងរួមចំណែកក្នុងការផ្តល់ព័ត៌មានអំពើពុករលួយ។ ជាក់ស្តែង មានកម្មវិធីជាច្រើនដែលអង្គភាពបានសម្រេចកន្លងមក ដោយមានការចូលរួមពីយុវជនរាប់ពាន់នាក់ រៀងរាល់ឆ្នាំ ដូចជាការងារសង្កេតការណ៍ប្រឡង ជាដើម។
លោកបន្ដថា៖ «អង្គភាពតែងតែមើលឃើញពីតួនាទីដ៏សំខាន់របស់យុវជន រាល់ទិវាជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ រៀងរាល់ឆ្នាំ [អង្គភាពប្រឆាំងអំពើពុករលួយ] តែងតែអញ្ជើញកម្លាំងយុវជនចូលរួមរាប់រយនាក់ ផ្សព្វផ្សាយដល់ពួកគាត់អំពីសារៈសំខាន់នៃអភិបាលកិច្ចល្អ អំពីផលវិបាកនៃភាពអសកម្មដល់សង្គមជាតិ»។
លោកបន្ថែមថា អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំ និងដាក់ឱ្យដំណើរការរួចហើយ ក្នុងកម្មវិធីសិក្សា អំពីមេរៀនប្រឆាំងអំពើពុករលួយ នៅគ្រប់កម្រិតពីបឋមរហូតវិទ្យាល័យ។
កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បញ្ហាចំនួន២ គឺការដាក់កម្ពុជាឱ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ និងការទម្លាក់កម្ពុជាទៅក្នុងចំណាត់ថ្នាក់ទី៣ ឬបញ្ជីខ្មៅ នៃការជួញដូរមនុស្ស ឆ្នាំ២០២២ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងលើមុខមាត់កម្ពុជា។
លោក ប៉ិច ពិសី ប្រធានអង្គការតម្លាភាពកម្ពុជា ថ្លែងថា យុវជនគួរតែចូលរួមតាមដានអំពីបញ្ហាប្រទេសជាតិ ជាពិសេសបញ្ហាអំពើពុករលួយតែម្ដង ដែលវាកំពុងរីកដុះដាលសឹងតែគ្រប់វិស័យ។ លោកថា ការណ៍នេះ វាជាតួនាទីរបស់យុវជនក្នុងការធ្វើកិច្ចការងារទាំងអស់ ក្នុងនាមជាធនធានមនុស្សរបស់សង្គម។
លោកថា៖ «វាកិច្ចការរបស់យុវជន ដែលត្រូវទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ ក្នុងនាមជាធនធានរបស់សង្គម»៕