លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​បដិសេធ​​មិន​បាន​ចុះ​ហត្ថលេខា​ជំនួស​នាយករដ្ឋមន្រ្តី​រឿង​ផ្តល់​ជំនួយ​ដល់​ប្រទេស​តួកគី​នោះ​ទេ​

អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីបញ្ជាការ នៅស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុក ហ៊ុន ម៉ាណែត)

អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកលោក ហ៊ុន ម៉ាណែត បានអះអាងនៅថ្ងៃទី១១ ខែកុម្ភៈថា លោកមិនបានចុះហត្ថលេខាលើលិខិតផ្តល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដី ជំនួសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់លើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១១ ខែកុម្ភៈថា លោកមិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលនោះទេ ហើយលោកក៏មិនបានដឹងរឿងនេះនោះដែរ។ ក្នុងពេលជាមួយគ្នា លោកក៏បានភ្ជាប់មកជាមួយនូវសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលលើកឡើងពីការផ្តល់ជំនួយទៅកាន់ប្រទេសតួកគី។

ក្រោយពីមានការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ក៏បានសរសេរពន្យល់បន្ថែមនៅលើបណ្តាញសង្គមហ្វេសប៊ុកអំពីរបៀបនៃការគ្រប់គ្រងថវិកាជាតិ ដើម្បីបញ្ចប់ការភាន់ច្រឡំទៅលើលោក ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា។

លោក ហ៊ុន សែន បានពន្យល់ថា ច្បាប់និងការអនុវត្តនៅប្រទេសកម្ពុជាគឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់ដែលមានសិទ្ធិបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិដែលជាអគ្គបញ្ជាការកំពូល។

រីឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជានាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្ត ហើយចំពោះថ្នាក់ដឹកនាំផ្សេងទៀត រាប់ទាំងឧបនាយករដ្ឋមន្ត្រី មិនមានសិទ្ធិឬមកលូកលាន់នៅក្នុងកិច្ចការនេះឡើយ លើកលែងតែការបញ្ជាចំណាយក្នុងស្ថាប័នរបស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន។

ជុំវិញការផ្តល់ជំនួយទៅដល់ប្រទេសតួកគី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញសារឆ្លើយឆ្លងរបស់លោកជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសលោក ប្រាក់ សុខុន និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា៖ «សម្រាប់ជំនួយទៅប្រទេសតួកគី យោបល់ទីមួយគឺរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ម៉ោង ៦:៥៦នាទី។ បញ្ជាខ្ញុំឱ្យប្រកាស ១០ ម៉ឺនដុល្លារម៉ោង ៧:១២ នាទី និងបញ្ជូនសំណេរទាំងពីរជូនឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង ៧:១៨ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ២០២៣ ដូចគ្នា»។    

យោងតាមទីភ្នាក់ងារសារព័ត៌មានអាអេហ្វប៉េ(AFP)​ឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈនេះ ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី បានកើនឡើង​ជាង ២៨ ០០០នាក់ហើយ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ