តុលាការ​ថា បន្តនីតិវិធីជនជាប់ចោទពីបទឆបោក អតីតឧកញ៉ ជា សារ៉ន

សាលាដំបូងខេត្តកំពត បានសម្រេចបង្កកទ្រព្យសម្បត្តិរបស់អតីតឧកញ៉ា ជា សារ៉ន ដែល​រង​បណ្ដឹង ពីបទឆបោកប្រាក់​ពលរដ្ឋ​ រាប់លានដុល្លារ ដោយមានគណនីធនាគារ​ចំនួន ១០៦ និង​ដីធ្លី​ទំហំ ២០១២ក្បាលដី ដើម្បីទុក​ផ្ដល់​សំណង​ជូនជនរងគ្រោះ។

យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​ របស់សាលាដំបូង​ខេត្តកំពត ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា តុលាការ​បានសម្រេច​បង្កក​ទ្រព្យសម្បត្តិ​ របស់លោក ជា សារ៉ន ដែល​មាន​គណនី​ចំនួន ១០៦ នៅធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ រួមទាំងអចលនវត្ថុ(ដី) ចំនួន ២០១២ក្បាលដី ស្មើនឹង​ទំហំ​ជាង ២លានម៉ែត្រការ៉េ ដែលមាន​ទីតាំង​នៅរាជធានីភ្នំពេញ កំពត កណ្ដាល និងខេត្តកែប។

សេចក្ដីប្រកាស​ខាងលើ បានអះអាង​ថា តុលាការ​កំពុង​នឹង​សិក្សា​លើទ្រព្យសម្បត្តិ​ដែល​ត្រូវបាន​បង្កក​ទាំងនោះ ដើម្បី​ទុក​រកដំណោះស្រាយ​ឱ្យពលរដ្ឋ ខណៈ​តុលាការ​ក៏​កំពុង​ស្រាវជ្រាវ​រកបំណុល​របស់​ជនរងគ្រោះ​នៅតាម​ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​នៅទូទាំងប្រទេស ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​របស់លោក ជា សារ៉ន ផងដែរ។

សេចក្ដីប្រកាស​ដដែល បានបញ្ជាក់ថា ការស៊ើប​អង្កេត​រកទ្រព្យសម្បត្តិ​របស់លោក ជា សារ៉ន នៅតែបន្ត ខណៈលោក សារ៉ន និងបក្សពួក​កំពុងបន្ត​ឃុំខ្លួន​នៅ​ពន្ធនាគារ​ជាបណ្ដោះអាសន្ន​នៅឡើយ។

បើទោះបី​ជាតុលាការ​សម្រេចបង្កក​ទ្រព្យសម្បត្តិ​របស់លោក​ សារ៉ន ក្ដី តែលោក អ៊ុំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​​ទូទៅ​នៃ​​អង្គការ​​សិទ្ធិ​មនុស្ស​លីកាដូ​ នៅតែ​ទទូច​ឱ្យតុលាការ​ពន្លឿន​សំណុំរឿង​ឱ្យបាន​ឆាប់រហ័ស​ដើម្បី​ឱ្យជនរងគ្រោះ​ ឆាប់ទទួលបានសំណង។ លោក​ចាត់ទុក ការយឺតយ៉ាវ​ក្នុងការ​កាត់ក្ដី ជាហេតុ​នាំឱ្យពលរដ្ឋ​ងាយរង​ផលប៉ះពាល់​ដល់ជីវភាព ជា​ពិសេស​អ្នកខ្ចី​បុល​ពីធនាគារ​ដើម្បី​ដាក់​វិនិយោគ​ជាមួយ លោក ជា សារ៉ន។

លោក និយាយថា៖ «អ្វីដែលសំខាន់​នោះគឺ​ ត្រូវតែ​ពន្លឿន​នីតិវិធី​ឱ្យបាន​ឆាប់ដើម្បី​រកយុត្តិធម៌​ទៅដល់​ជន​រងគ្រោះ នៅក្នុងករណី​ដែល​ចាញ់បោក​អតីត​លោកឧកញ៉ាជា សារ៉ន ឱ្យបាន​ឆាប់​ពីព្រោះ បញ្ហា​អូសបន្លាយ​ពេលវេលា វាធ្វើ​ឱ្យជន​រងគ្រោះ​កាន់​តែជួប​ផលលំបាក ជាពិសេស​អ្នក​ដែល​ខ្ចីបំណុល​ពីធនាគារ​ ឬ​ពី​មីក្រូហិរញ្ញវត្ថុ​ដើម្បីដាក់​វិនិយោគ​ហើយ​ត្រូវ​សង​ត្រលប់​ទៅគេ​វិញ»

លោក បន្ថែមថា៖  «ហើយបើគ្មាន​ការ​ផ្ដល់ជា​សំណង​ណា​មួយទេ​ អាហ្នឹង វា​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់ ក៏ដូចជា អាច​នឹង​ត្រូវលក់​ទ្រព្យសម្បត្តិ​ផ្សេងទៀត​ដើម្បី​សង​ទៅ​ធនាគារវិញ»

កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ប្រជាពលរដ្ឋរងគ្រោះ​ពីការ​វិនិយោគដីធ្លី និងផ្ទះ ជាមួយ​ក្រុមហ៊ុន ជា សារ៉ន ជិត ២០០នាក់ បានប្រមូលផ្តុំគ្នា​​ដើម្បី​ដាក់ញត្តិ​ស្នើសុំ​សាលាដំបូង​ខេត្តកំពត ឲ្យដោះ​លែង​លោក ជា សារ៉ន អោយបាននៅក្រៅឃុំ​បណ្ដោះ​អាសន្ន  ដើម្បី​រកមធ្យោបាយ​សង​ប្រាក់​ទៅពួក​គាត់​វិញ ខណៈ​ពួកគាត់​ជួប​វិបត្តិធនាគារ​​ធ្ងន់ធ្ងរ និងប្រឈម​ការ​ប្ដឹង​ពីធនាគារ ក្រោយខក​ខាន​បង់​ប្រាក់​ជាច្រើន​ខែ។

នៅចុង​ខែមេសា ឆ្នាំ២០២៣ អាជ្ញាធរ​ខេត្តកំពត បានឃាត់ខ្លួនលោក ជា សារ៉ន ដែល​ជា​ឧកញ៉ា​មួយរូប​រកស៊ី​ដីឡូតិ៍ ក្រោយ​ពលរដ្ឋ ២៤៦១​គ្រួសារ បាន​ប្តឹង​ដោយអះអាង​ថា​ពួកគាត់ បាន​ចាញ់​បោក​បញ្ឆោត​របស់​ក្រុមហ៊ុន​វិនិយោគ​ដីឡូតិ៍ ជា សារ៉ន សរុបទឹក​ប្រាក់​ជិត ៤០លានដុល្លារ ទាំង​អ្នក​នៅ​ខេត្ត​កំពត និងខេត្តផ្សេងៗ​ទៀត។

ជន​រងគ្រោះម្នាក់​ៗ ​ត្រូវបាន​​ក្រុម​បណ្តាញ​​របស់លោក ជា សារ៉ន បញ្ចុះ​បញ្ចូល​​ឲ្យ​​ខ្ចី​លុយ​​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ​ម្នាក់រាប់​ម៉ឺនដុល្លារ ​ដើម្បី​​ទិញ​ដីឡូតិ៍​របស់​​លោក ជា សារ៉ន ដោយ​​កម្ម​វត្ថុ​​នៃការ​​ខ្ចី​​ទៅ​ទិញ​គ្រឿង​ចក្រ​កសិកម្ម ឬ​ដីស្រែ​ទៅវិញ។ ប៉ុន្តែ​​ពេល​​ដែល​លុយ​កម្ចី​ធ្លាក់​​មក​ ភ្នាក់ងារ​លោក ជា សារ៉ន បាននាំទៅ​​ផ្តិត​មេដៃ​​ដើម្បី​ទិញ​ដីឡូតិ៍​​ទៅ​វិញ ខណៈ​ដែល​ពលរដ្ឋ​ទាំងនោះ មិន​មាន​ប្រាក់​​ចំណូល​ប្រចាំ​ខែ។ លោក សារ៉ន ត្រូវបានតុលាការ​ខេត្តកំពត ចោទប្រកាន់ពី បទ​ឆបោក មានស្ថានទម្ងន់ទោស ប្រព្រឹត្ត​ទៅនៅ​ស្រុក​ឈូក និងស្រុកជុំគិរី ខេត្តកំពត ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨​ រហូត​ដល់ថ្ងៃ​ចាប់​ខ្លួន តាម​បញ្ញត្តិមាត្រា ៣៧៧, ៣៨០ នៃក្រមព្រហ្មទណ្ឌ និង​បានបង្គាប់​ឱ្យ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្តនេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ