អ្នកតាមដាន និយាយថា ការដែលមេដឹកនាំបក្សកាន់អំណាចបញ្ជូនលោក ប្រាក់ សុខុន ឱ្យមកទ្រនុំចាស់ ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសឡើងវិញ ក្នុងអាណត្តិថ្មីនេះ ត្រូវបានអ្នកឃ្លាំមើលស្ថានការណ៍នយោបាយដាក់ការសង្ស័យថា ជាយុទ្ធសាស្ត្រ ដើម្បីបិទបាំងរឿងអាស្រូវរបស់គ្រួសារហ៊ុន ដែលបានសម្លាប់ប្រជាធិបតេយ្យដោយសារតែចង់ក្តោបអំណាចតត្រកូល បំពានរដ្ឋធម្មនុញ្ញ មិនមែនជាចេតនាចង់ស្តារភាពស្អុយឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិឡើងវិញ និងសង្គ្រោះពលរដ្ឋពីវិបត្តិបំណុលនោះទេ។
ការសំអាងបែបនេះ ក្រោយពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកម្ពុជា កាលពីថ្ងៃទី១៩ វិច្ឆិកានេះ បានបើកសម័យប្រជុំដើម្បីពិនិត្យលើសំណើសុំផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក សុខ ចិន្តាសោភា ក្នុងអាណតិ្តទី៧នេះ។
ដោយក្នុងរបៀបវារៈនោះ ផ្តោតទៅលើការបោះឆ្នោត បើកផ្លូវឱ្យលោក ប្រាក់ សុខុន ត្រឡប់មកធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសសាជាថ្មី ជំនួសលោក សុខ ចិន្តាសោភា ដែលទើបកាន់តំណែងបានរយៈពេល១៥ខែប៉ុណ្ណោះ នៅក្នុងរដ្ឋាភិបាលអាណត្តិទី៧ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា ប្រាប់វីអូឌីនៅថ្ងៃទី២០ វិច្ឆិកានេះថា ការផ្លាស់ប្ដូរឱ្យលោក ប្រាក់ សុខុន មកកាន់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេសជាថ្មីនេះជាចេតនាបក្សកាន់អំណាចចង់បិទបាំងកំហុសរឿងអាស្រូវរបស់មេដឹកនាំគ្រួសារហ៊ុន លើឆាកអន្តរជាតិពីការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។
លោកបន្តថា លោក ប្រាក់ សុខុន ជាមនុស្សជំនិតលោក ហ៊ុន សែន មានបទពិសោធន៍ខាងនយោបាយការបរទេសនិងជាមនុស្សសំខាន់ម្នាក់ដែលតែងតែការពារគ្រួសារហ៊ុនពីការបញ្ចេញប្រតិកម្មនានា ពេលអន្តរជាតិថ្កោលទោសកម្ពុជាពីបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធជាដើម។
ចំណែក ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា ការផ្លាស់ប្តូររដ្ឋមន្រ្តីការបរទេសនេះ វាមិនបានផ្តល់ប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋនោះទេ គឺមានតែបង្ហាញភាពបរាជ័យ និងអសមត្ថភាពដឹកនាំប្រទេសរបស់រដ្ឋាភិបាលអាណត្តិថ្មីនេះ។
លោកបន្តថា ទាំងនេះជាចេតនារបស់គ្រួសារហ៊ុនចង់លាក់បាំងទង្វើអាក្រក់ដែលកម្ពុជាកំពុងរួបរឹតទៅដោយបញ្ហាឧក្រិដ្ឋកម្ម បញ្ហារំលោភសិទ្ធិមនុស្ស បញ្ហាប្រជាធិបតេយ្យដើរថយក្រោយ អំពើពុករលួយ និងបក្ខពួកនិយម។
ឆ្លើយតបនឹងរឿងនេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ក្នុងសម័យប្រជុំរដ្ឋសភានៅថ្ងៃនេះថា ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិគឺដើម្បីបង្កើនសមត្ថភាពនិងប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយការបរទេស លើឆាកអន្តរជាតិប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាពសម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ។
ប្រតិកម្មនានាពីក្រុមប្រទេសលោកសេរី រួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានរិះគន់ចំៗថា ការគ្រប់គ្រងអំណាចរបស់គ្រួសារហ៊ុន បានសម្លាប់ប្រជាធិបតេយ្យ និងប្រើតុលាការជាឧបរណ៍ ដើម្បីសម្រេចមហិច្ឆតាក្តោបអំណាចបែបគ្រួសារនិយម រំលោភលើច្បាប់ជាតិនិងអន្តរជាតិដែលកម្ពុជាប្រកាសទទួលស្គាល់។
បរិបទនេះធ្វើឱ្យកម្ពុជាបន្តស្អុយឈ្មោះលើឆាកអន្តរជាតិ ជិតកន្លះសតវត្សរ៍ ធ្វើឱ្យជាតិបែកបាក់ ពលរដ្ឋក្លាយជាជនរងគ្រោះនៃអំពើពុករលួយ ដោយសារតែចង់សម្រេចផែនការផ្ទេរអំណាចពីឳពុក ទៅកូន ចាប់មនុស្សចងតាមទំនើងចិត្ត។
ជាក់ស្តែង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើកទី៥៧ ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស៊្វីស កាលពីថ្ងៃទី៧តុលាការឆ្នាំ២០២៤នេះ កម្ពុជារងការរិះគន់យ៉ាងកងរំពង ជាថ្មីទៀត ពីការប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាឧបករណ៍ពង្រឹងអំណាច ការផ្ទេរអំណាចបែបគ្រួសារនិយម រំលោភរដ្ឋធម្មនុញ្ញ និងបោះឆ្នោតក្លែងក្លាយជាដើម។
ក្នុងកិច្ចជុំនោះ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក វិធិត មុនថាប៊ន បាននិយាយចំៗពីការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីកម្ចាត់សំឡេងជំទាស់ និងការបោះឆ្នោតមិនត្រឹមត្រូវ ដែលជាដើមចម ជំរុញឱ្យមានការផ្ទេរអំណាចពីឳពុកទៅកូនប្រាសចាកពីគន្លងប្រជាធិបតេយ្យផងដែរ។
បើតាម លោក វិធិត មុនថាប៊ន «ការផ្ទេរអំណាចនៅកម្ពុជានៅឆ្នាំ២០២៣ ធ្វើឡើងតែនៅក្នុងរង្វង់ក្រុមគ្រួសារ ដែលនេះ គឺជាការបន្តក្តោបក្តាប់អំណាចដោយគ្មានលក្ខណៈប្រជាធិបតេយ្យនិងតម្លាភាពទេ»។
លោកបន្តថា «ស្មារតីនៃការបោះឆ្នោតទាមទារឲ្យបញ្ចប់ការបង្ក្រាបលើសំឡេងប្រឆាំង និងចាត់វិធានការចាំបាច់ដើម្បីធានាឲ្យមានការបោះឆ្នោតពិតប្រាកដដែលមានគណបក្សជាច្រើនចូលរួម»។
ចំណែក ភារៈធារីនៃស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ អ្នកស្រី Tania Ghazar បង្ហាញពីការព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថា កម្ពុជានៅតែបន្តធ្វើទុក្ខបុកម្នេញសកម្មជនសង្គមនិងអ្នកនយោបាយប្រឆាំង។ ដូចគ្នានេះដែរ ឯកអគ្គរដ្ឋទូតសិទ្ធិមនុស្សរបស់ចក្រភពអង់គ្លេសអ្នកស្រី Eleanor Sanders បានលើកឡើងក្នុងសេចក្តីថ្លែងរបស់ខ្លួន ដោយនិយាយថា សិទ្ធិមនុស្សនៅកម្ពុជានៅតែរងការរំលោភបំពានគ្រប់ជំនាន់ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា៕