លោក សម រង្ស៊ី ចោទគ្រួសារហ៊ុនថាបានកាត់កោះឱ្យវៀតណាម​ និង​ថៃជាទោស «ក្បត់ជាតិ»

ប្រធានគណបក្សសង្គ្រោះជាតិមួយរូប គឺ​លោក​ សម រង្ស៊ី បាន​សរសេរបង្ហោះលើហ្វេសប៊ុក ​របស់​លោកនៅថ្ងៃទី២០ ​​ខែវិច្ឆិកា​ ឆ្នាំ២០២៤នេះ ដោយ​ធ្វើការ​ចោទ​ប្រកាន់ ក្រុមគ្រួសារ​ត្រកូ​ល​ហ៊ុនជាចំៗថា​ «ជំ​នា​​ន់​ឪកាត់កោះត្រល់ ដល់ឥឡូវកូនកាត់កោះគុត​នោះ​គឺជាទង្វើរ​ក្បត់ជាតិ»។

​លោក សម រង្ស៊ី បាន​លើកឡើងថា ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ឃុប​ឃិត​ជាមួយ​ក្រុមគ្រួសារ​​លោក​ ថាក់​ស៊ីន​ (Thaksin) ​អតីតនាយករដ្ឋមន្ត្រីថៃ​ ​ដើម្បីបាន​​ផល​​ប្រយោជន៍ ​ពី​ការ​​រក​ស៊ី​ប្រេង​​ចូល​គ្នា​​នៅ​តំ​បន់​​ត្រួ​ត​​​​ស៊ីគ្នា​ ហើយ​មិនហ៊ាន​លើក​រឿង​កោះគុត​នោះមក​និយាយទេ។​

មេបក្ស​ប្រឆាំង​រូប​នេះ ​បាន​​ជំរុញ​​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា ​គួរ​លើក​បញ្ហា​កោះគុត ​ទៅ​តុលាការ​អន្តរជាតិ​ ហើយ​បាន​អំពាវ​នាវ ឱ្យពលរដ្ឋ​ខ្មែរ​ទូរទាំង​ពិភព​លោក ​គួរ​រួមគ្នា​ធ្វើ​បាតុកម្ម​ដើម្បី​ជំរុញ​រឿង​នេះ​ ប្រសិន​បើ​​រដ្ឋាភិ​បាល​ត្រកូល​ហ៊ុនមិន​ធ្វើ។

ស្របពេលជាមួយគ្នា​នេះ ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន ​ទាំង​នៅក្នុង​ប្រទេស​ និងក្រៅ​ប្រទេស​បាន​ប្រើ​បណ្តា​ញ​​​សង្គម​ ទាម​ទារ​ឱ្យ​រដ្ឋាភិបាល ​ធ្វើការ​បំភ្លឺ​លើ​បញ្ហា​កោះគុត ដែល​កំពុង​ឡើង​កម្តៅ​​នេះ​ឱ្យបាន​ច្បាស់​លាស់​។

អាខោនហ្វេសប៊ុកឈ្មោះ Tara Om បាន​សរសេរបង្ហោះ​កាលពីយប់​ថ្ងៃទី​១៨ ​ខែវិច្ឆិកា​ ឆ្នាំ​២០២៤ ថា រឿង​​កោះ​គុតនេះ រដ្ឋាភិបាលត្រូវធ្វើការបំភ្លឺឱ្យប្រជាពលរដ្ឋបាន​ដឹង​ច្បាស់ ព្រោះ​វា​ជារឿងរ​សើបពា​ក់ព័ន្ធ​អ​​ធិ​ប​​តេ​​យ្យភាពជាតិ ខណៈ​នៅលើ Google ឃើញសរសេរថា​កោះគុតជារបស់ថៃ ហើយតាម​កា​សែត​បា​ង​​ក​កបុស្តិ៍​ចុះ​ផ្សាយថា នាយករដ្ឋមន្រ្តី​ថ្មី​របស់​​ថៃ​​ដែលជាកូនស្រី លោក ថាក់ ស៊ីន បា​ន​និយាយ​ប្រាប់​កា​​សែត​ថា កោះ​គុត​ជា​របស់​ថៃ​ដែរ។

Tara Om បាន​​លើក​ឡើង​ថាតាម​ឯកសារ​សម័យ​សាធារណរដ្ឋខ្មែរ លោក លន់ នល់​ បាន​ចេញក្រិ​ត្យ​ដាក់​​​កោះ​គុតជាចំណែករបស់ខ្មែរ ហើយបើតាមសន្ធិសញ្ញាបារាំងសៀម ឆ្នាំ​១៩០៧ ក៏កំណត់ឱ្យ​យ​ក​កំពូ​ល​​ខ្ព​ស់បំផុតនៃភ្នំរត់ត្រង់មកបង្គោលព្រំដែន ខ្មែរ សៀមនៅ​ចាំយាម ស្រុកមណ្ឌលសីមា ខេត្ត​កោះ​កុង​ផងដែរ​។ Tara Om ចោទសួរថា ដូច្នេះតើហេតុ​ផលអ្វីដែលកោះគុត​​ទាំង​មូល​ជារបស់ថៃ?

ចំណែក លោក Mao Chandara បានសរសេរ​ស្ទីគ័រ​បង្ហោះ​ថា​ «កោះគុតស្ថិតក្នុង​ដែន​ទឹក​សមុទ្រ​ខ្មែរ​បើ​ទោះ​បីក្មេងស្រករក្រោយ​មិនដឹង តែម៉ោង​នេះ​ត្រូវ​តែ​តវ៉ា​យកដីកោះ-ទឹកមក​វិញ​​ប្រេង ​និង​ហ្គាស​ច្រើន»

លោក​បន្តថា​៖ «បើទឹកដីកោះគុត​មិន​មែន​ជារបស់ខ្មែរ សៀម​បូម​ប្រេង​ និង​ហ្គាសប្រើបាត់​តាំងពីយូរ​​តែវាធ្វើអត់កើត​មក​ពីមាន​ដែន​ទឹក​ខ្មែរនៅទីនោះ»។ 

កោះគុត ស្ថិតក្នុងខេត្តកោះកុង មានផ្ទៃក្រឡាប្រមាណ១០៥គីឡូម៉ែត្រការ៉េ មានប​ណ្តោ​យប្រវែង២៥គី​ឡូ​ម៉ែ​ត្រ និងទទឹង៩គីឡូម៉ែត្រ។

ជុំវិញបញ្ហានេះដែរ អាខោនហ្វេសប៊ុក​ឈ្មោះជេន្រ្ទ ឌី បានលើកឡើងថា​ យើងតែងតែខ្វាយខ្វល់​ចំពោះ​​បញ្ហាកោះត្រល់ រវាង ខ្មែរ យួន ប៉ុន្តែយើងពុំសូវបានចាប់អារម្មណ៍ អំពីកោះគុត​ដែល​ជាកោះ​មួយដ៏ល្អ ដែលបច្ចុប្បន្នក្លាយជាស្រុកកោះគុត​របស់​ប្រទេសសៀមនោះទេ​។

ជេន្រ្ទ ឌី លើកឡើងថាយោងតាមសន្ធិសញ្ញាបារាំង សៀមឆ្នាំ១៩០៧ កោះគុត​ត្រូវបាន​បារាំង​ពុះចែកជា​ចំណែក​១/៣ រវាងខ្មែរ សៀម ដោយ​បាន​បែងចែកព្រំដែនសមុទ្ររវាង​ប្រទេស​​ទាំងពីរ​ ដោយ​យកចំណុចលើដីគោកលើកោះគុត​ដើរឆ្ពោះទៅកាន់កំពូលភ្នំខ្ពស់​ជាង​គេលើកោះគុត​មានកំពស់ ៣៥៦ ម៉ែត្រ។

កោះគុតមានចម្ងាយ ៨០km ភាគនិរតីនៃខេត្តត្រាត ប្រទេសសៀម និង​មានចម្ងាយ៣២​km ពីខេត្ត​កោះកុង​។ ៧០%នៃកោះគុត​គ្របដណ្តប់ដោយព្រៃត្រូពិច មានឆ្នេរខ្សាច់គួរជាទី​គយ​គន់ ព្រម​ទាំង​​មានទឹកជ្រោះមួយដ៏សែនស្អាត។

ប្រជាជនដើមរស់នៅលើកោះនេះ គឺជាជន​ជាតិខ្មែរ ក្រោយមកមានជនជាតិសៀមមករស់នៅ តាម​រយៈ​ការ​រត់គេចពីសង្គ្រាម។

ចំណែល​លោក អ៊ឹម ភរណី ដែល​ជាគ្រូពេទ្យម្នាក់​ ក៏បាន​សរសេរបង្ហោះ​លើហ្វេស​ប៊ុក​របស់​លោក​ផង​ដែរថា ចងចាំ​កោះត្រល់ បំភ្លេចកោះគុត! លោកថា យោងតាមសន្ធិ​សញ្ញាបារាំង-សៀម(១៩០៧) ខ្មែរ​មាន​ចំ​ណែកទទួលបានមួយភាគបី(ឯកសារខ្លះថា​ពីរភាគ​បី)នៃកោះគុត ​ដែលស្ថិតនៅ​ក្នុង​ខេត្ត​ត្រាត​(ថៃបច្ចុប្បន្ន) និងខេត្តកោះកុង​របស់កម្ពុជាសព្វ​ថ្ងៃ។

ក៏ប៉ុន្តែ ​ចាប់​តាំងពីឆ្នាំ១៩០៧ មកទល់នឹងបច្ចុប្បន្ន គេរកមិនឃើញឯកសារណាមួយ​សោះ ដែលនិ​យាយ​​​ពីការបាត់បង់ចំណែ​កកោះគុត​នេះ ទៅ​ប្រទេស​ថៃ​ទាំង​អស់វិញ។ ប្រសិនបើ​បង​ប្អូនណា​បានដឹង ឬមានឯកសារសូមចូលរួមចែករំលែកផង។

ហ្វេសប៊ុក​ ជីវិតថ្មី បាន​លើកឡើងថា នាយករដ្ឋ​មន្ត្រីគេឡើងភ្លាមគិតគូរឿងប្រជាជននឹង​ទឹកដីខុសអីតែ​​ប្រទេសខ្ញុំ​បាត់ទឹកដីរហូត កោះត្រល់បាត់ទៅយួន នៅឡើយកោះគុត តើ​ត្រូវឱ្យ​ថៃទៀតឬ​យ៉ាងណា? បន្ថែមពីនេះ ហ្វេសប៊ុកឈ្មោះ LAS Sotheara ព្រែកកាំពី​ក្រចេះ​ បាន​លើកឡើងថា សម័យលន់ នល់ កោះ​ត្រល់ កោះគុត នៅជារបស់ខ្មែរ ​និង​បាន​ចំអក​ដល់​ពលរដ្ឋ​ខ្មែរ​មួយចំនួនថា សូមសរសើរខ្មែរយើង រឿ​ង​បរវរកញ្ញា., រឿងជម្លោះ​ ប្តី/​ប្រពន្ធ., រឿងឆ្កែ., ស៊ែផ្អើលអស់​ឋានទាំងបី បើរឿងទឹកដី បូរ​ណៈ​ជាតិ​ខ្មែរ ស្ងាត់ឲ្យឈឹង., ជឿហើយ​ខ្មែរ​ ហើយអួត​ប្រាប់​គេឯងថា ពូជអ្នកសាងអង្គរ។

ចំណែក​លោក កែវ មុនី អតីតមន្ត្រី​ក្រសួង​សុខាភិបាល​ បច្ចុប្បន្ន​ជាចៅសង្កាត់​រង​ទី២​សង្កាត់​ច្បារ​អំពៅ​​១ ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ ​ក៏បាន​សរសេរ​បង្ហោះ​លើហ្វេសប៊ុក​របស់​លោក​ (​Somony Keo)ដោយយោង​ទៅ​ប្រភពព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ថា ឧបនាយក​​​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​​ការពារ​ជាតិ​ថៃ គម្រាមថា នឹងផ្ទុះសង្រ្គាម បើកម្ពុជា​ហ៊ាន​​ប្តឹង​​ទៅតុលាការ​យុត្តិ​ធម៌​​អន្តរជាតិ​ ICJ ដើម្បី​ទាមទារ​ចំណែក​នៃកោះ​គុត។ រដ្ឋមន្ត្រី​ការ​ពារ​​ជាតិ​ថៃថា ថៃ​នឹង​មិន​​អាច​​ឱ្យ​បាត់​កោះ​គុត ដូច​ករណី​បណ្តឹង​ប្រាសាទ​ព្រះវិហារ ដែល​​ខ្មែរ​បាន​ឈ្នះ​ក្តី​នៅ​ ICJ ម្តងទៀត​ឡើយ។

 លោក កែវ មុនី លើកឡើង​ថា បើសិននេះ​ជាការពិតរដ្ឋាភិបាលខ្មែរ​គួរ​តែ​ប្រតិកម្ម​តប​​ទៅ​នឹង​ការ​លើក​ឡើង​នោះវិញ។

លោក កែវ មុនី​ បាន​ថ្លែង​ប្រាប់​វីអូឌីបន្ថែម​នៅថ្ងៃទី​១៩​ ខែ​វិច្ឆិកាថា រដ្ឋាភិបាលត្រូវ​ទាម​ទារ​យក​ចំណែក​២/៣​នៃកោះ​​គុតតាមសន្ឋិសញ្ញាបារំាង-សៀមឆ្នាំ១៩០៧ ​ជាមុនសិន។

ចំណែក​ការរកស៊ី​រួមនៅតំបន់​ត្រួតស៊ី​ ដែល​មាន​តម្លៃ ៣០០.០០០.០០០លាន​ដុល្លារ គួរចាំអនុវត្ត​នៅពេល​ក្រោយ ទើបបង្កលក្ខណៈ​ងាយ​ស្រួ​ល​ក្នុងការទាមទារ​អធិបតេយ្យភាពគ្រប់​គ្រងលើ​កោះគុត​ ដោយភាគីខ្មែរពីថៃ។

លោកថា៖​ «ខ្ញុំគិតថាា អាហ្នឹង​វាជា​រឿង​បូរណភាព​ទឹក​ដី​របស់​យើង ដែល​រដ្ឋាភិបាល​ត្រូវតែ​គិត​គូ​ពី​បញ្ហា​នេះ ព្រោះ​ប្រទេសថៃ​គេ​ផ្សព្វផ្សាយ​ប្រាប់​ពលរដ្ឋ​គេ​ថា កោះ​គុត​នេះ​ជា​របស់​គេ​អី​ចឹង គេខំពន្យល់ គេ​គូស​ខ្សែ​ពង្វៀង​ថា​អាហ្នឹង​មិន​មែន​ជា​របស់​ខ្មែរ​ទេ។ អី​ចឹង​រដ្ឋាភិបាល​គេ ព្យាយាម​ពន្យល់​ពលរដ្ឋ​គេ​ធ្វើ​ម៉េច​ការពារ​ថា​កោះ​ហ្នឹង​ជា​របស់​គេ។ ចំ​ណែក​យើង​ស្ងាត់​ឈឹង រដ្ឋា​ភិបាល​យើង​ចេញ​មុខ​ចេញ​មាត់​អី​និយាយ​ការពារ​អីចឹង»

កាលពីថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០២៤​ មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា កងទ័ព​កម្ពុជា និង​ថៃ​បាន​ប៉ះ​ទង្គិច​គ្នា​​នៅលើ​កោះ​គុត ប៉ុន្តែ​​មន្ត្រី​ថៃ​ និង​មន្ត្រីយោធាកម្ពុជា ​បាន​បដិសេធ​ចំពោះការ​ចុះ​ផ្សាយ​​នេះ ​ហើយ​ថា កម្លាំង​មាន​សមត្ថកិច្ច​​ថៃ​ បាន​និងកំពុង​ចាត់​វិធានការ ​ប្រឆាំង​នឹង​ជន​ទាំង​ឡាយ​ណា ​​ដែលបាន​​​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​កោះគុត ​តាម​ប្រព័ន្ធ​អនឡាញ។ ​នេះ​បើ​យោង​តាម​កាសែត​បាងកកប៉ុស្តិ៍។

វីអូឌី​ មិន​អាច​ទាក់​ទង​សុំការពន្យល់លើ​រឿង​​កោះគុត​នេះ ពី​រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខា​ធិការ​ដ្ឋាន​កិច្ចការព្រំដែន លោក ឡាំ ជា ​បាន​ទេ ខណៈ​​ផេក​​ ឬហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថាប័ន​នេះ​​ ក៏​មិន​ឃើញ​មានផូស​ពីបញ្ហាកោះ​គុត​ដែល​កំពុង​ឡើង​កំដៅ​នេះដែរ។

 យ៉ាងណាក្តី​ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយទូរទស្សន៍​ជាតិ​កម្ពុជា​កាលពីពេល​ថ្មីៗ​នេះ ​លោក​ ឡាំ ជា​អះអាង​ថា ​ប្រទេសកម្ពុជា ចាប់​តាំង​ពីក្រោម​ការ​ដឹកនាំដោយ​លោក​ ហ៊ុន សែន និង​រហូត​មក​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត មិនបាន​ធ្វើឱ្យបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រ​ ទៅ​ប្រទេស​ជិត​ខាង​ឡើយ ហើយក៏មិនចង់បានដីនរណាសូម្បី១មីលីម៉ែត្រដូចគ្នា​។

ប្រយោគដែល​លោក ឡាំ ជា ថ្លែងនេះ​គេតែង​តែឮលោក ហ៊ុន សែន និយាយ​ដដែល​ៗ អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំមក​ហើយ​ ហើយ​មន្ត្រី​រដ្ឋាភិបាល​របស់​លោក​ក៏សូត្រ​តាម​ឡើងរត់​មាត់​ផងដែរ ខណៈ​​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​​ជាច្រើន និង​អ្ន​ក​សិក្សា​ស្រាវ បាន​លើកឡើង​ជាបន្តបន្ទាប់ថា កម្ពុជា​បាន​បាត់​បង់​ទឹកដី​នៅ​តាម​ព្រំដែន​រាប់​គីឡូម៉ែត្រ​ទៅ​ប្រទេស​ជិតខាង ​ជាពិសេស​ទៅប្រទេស​វៀតណាម មិន​មែន​មិន​បាត់​សូម្បី​១មីលី​ម៉ែត្រដូចការលើកឡើង​របស់លោក ​ហ៊ុន សែន ​នោះទេ​។

ទាក់​ទង​ទៅ​នឹងបញ្ហា​ព្រំដែន​នេះដែរ លោកបណ្ឌិត​​ គិន ភា អគ្គលេខាធិការ​រាជបណ្ឌិត​សភា​កម្ពុជា ត្រូវ​បាន​​ស្រង់សម្តី​សរសេរ​ផូស​លើ​ហ្វេសប៊ុក​របស់​ស្ថាប័ន​នេះ ​កាលពីថ្ងៃទី​៩​ ខែវិច្ឆិកា ​ថា ផល​ប្រយោ​ជន៍​អធិ​ប​តេយ្យ​ដែនដីមិនអាចទោរទន់តាមអន្តរទំនាក់ទំនង​រវាង​រដ្ឋនិងរដ្ឋ​នោះទេ (បើទោះជា​ទំនាក់​ទំន​ងល្អ​ឬ​មិ​នល្អ) ពោលគឺត្រូវរក្សាជំហរដាច់ខាត​ស្រប​តាមច្បាប់​ជាតិ/អន្តរជា​តិ និងសច្ច​ភាពប្រ​វត្តិ​សាស្ត្រ។ លោកថា កម្ពុជាមិនអាចខាតបង់​អធិបតេយ្យ​ដែនដី ​​ក្នុង​សម័យទំនើបបន្តទៀតបានឡើយ។ លោក​លើកឡើង​ថា រដ្ឋាភិបាល គួរលើកទឹក​ចិត្ត និង​មាន​នយោបាយគាំពារជាក់លាក់ឱ្យយុវជន​ជំ​នា​ន់ថ្មី​យើង​នេះ បានចូ​លសិក្សា​​ជំនាញ​ច្បាប់​អន្តរជាតិ កិច្ចការព្រំដែន កិច្ចការធនធាន​សមុទ្រ​ និង​ជំនាញ​ពាក់​ព័ន្ធ​ផ្សេង​ៗ​​ទៀត​ឱ្យ​បា​​ន​ច្រើនពាន់នាក់ ព្រោះថា យើងមិនអាចខាត​បង់ដោយសារការ​មិនយល់ដឹង​ទៀត​ទេ។

ចំណែក លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និងជាអ្នកមានបទពិសោធខាង​កិច្ចការ​ព្រំ​ដែន​បា​នឱ្យដឹងថា កម្ពុជាបានបាត់បង់កោះគុតទាំងស្រុង​ទៅប្រទេសថៃ​នៅឆ្នាំ​២០១០ ដែល​វានាំ​ឱ្យ​ព្រំ​​​ដែ​​ន​សមុទ្រក៏បាត់បង់ច្រើនដែរ ព្រោះសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ​១៩០៧ បានកំ​ណត់ព្រំ​ដែន​សមុ​ទ្រ​កម្ពុជា-ថៃ ត្រូវយកចំណុចខ្ពស់បំផុត​នៃកោះគុត​ជាគោល។ ចំណុចខ្ពស់បំផុតនៃកោះគុត កម្ពុជាត្រូវ​ទទួល​បាន ២/៣នៃកោះគុត ឯថៃទទួល​បាន១/៣។

តំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះ បានលើកឡើងទៀតថា ការបាត់បង់កោះគុត​នាំឱ្យ ​លោក ហ៊ុន ម៉ាណែត យកសមុទ្រខ្មែរទំហំជាង ២៦០០០គីឡូម៉ែត្រ​ការ៉េ ទៅសិក្សារកស៊ី​រួមគ្នាអំពីប្រេ​ងនិងឧ​ស្ម័ន​ជា​មួយថៃ។

តំបន់ត្រួតស៊ីគ្នាចំនួនជាង២៦០០០គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងតំបន់ ៣០០០០គីឡូម៉ែត្រការ៉េ​ ដែល​ថៃ​បានដ​ណ្តើម​កាន់កាប់សមុទ្រខ្មែរ ​តាមរយៈ​ថៃបានចុះ​ហត្ថលេខាទ្វេរ​ភាគីជាមួយវៀត​ណា​ម​កា​ល​ពី​ឆ្នាំ​១៩៩៧ ដោយយោង​តាមសន្ធិ​សញ្ញា​តំបន់ទឹកប្រវត្តិសាស្រ្តឆ្នាំ១៩៨២ សម័យវៀត​ណា​មត្រួត​ត្រា​កម្ពុជា។

លោកបន្តថា ក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​តវ៉ា​ជាមួយ​ថៃ នៅ​ទីក្រុង​បាងកកដែរ ករណី​ដែល​ថៃបានរំលោភ​យក​សមុទ្រ​ខ្មែរ​ចំនួន ៣០០០០គីឡូ​ម៉ែត្រ​ការ៉េ​នោះ។ ប៉ុន្តែ​កាលនោះ ថៃបានប្រាប់​លោក ហ៊ុន សែន ឲ្យ​ទៅ​តវ៉ា​ជាមួយ​វៀត​ណាម​ពាក់ព័ន្ធ​សន្ធិស​ញ្ញាស្តី​ពីតំប​ន់ទឹ​កប្រវត្តិសាស្រ្តឆ្នាំ១៩៨២។

យ៉ាងណាក៏ដោយ បន្ទាប់​ពី​​លោក ហ៊ុន សែន តវ៉ាជាមួយថៃ ថៃក៏បានយល់ព្រមដាក់ដែនសមុទ្រជាង ២៦០០០​គីឡូ​ម៉ែត្រ​ការ៉េ ជា​តំបន់​ត្រួត​ស៊ី​គ្នា។

លោក​អ៊ុំ សំអាន​លើក​ឡើង​ថា គម្រោង​រកស៊ី​រួមគ្នាអំពីប្រេង និង​ឧស្ម័ននៅ​តំបន់​ត្រួត​ស៊ី​គ្នា​នោះ គឺយ​ក​ស​មុ​​ទ្រខ្មែរ​ទៅដាក់រក​ស៊ី​​រួមគ្នាជាមួយថៃ ហើយថ្ងៃអនាគតកម្ពុជានឹងចរចា​កំណត់​ព្រំដែនសមុទ្រ​ជាមួយ​ថៃ​​ដោយ​បែងចែកសមុទ្រខ្មែរ ចំនួនជាង២៦០០០គីឡូម៉ែត្រ​ការ៉េជាមួយថៃ ព្រមទាំងកម្ពុជា​យ​ល់​​ព្រម​បោះបង់ចោលកោះគុតទាំងស្រុង។

​លោក អ៊ុំ សំអាន បានប្រាប់ទៅរដ្ឋាភិបាលថា ត្រូវតែប្តឹងទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ (PCA) នៅ​ទីក្រុងឡាអេ ដោយប្រើប្រាស់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងអនុ​សញ្ញា​អង្គការស​ហ​ប្រជាជា​តិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដើម្បីទាមទារ​២/៣ ​នៃកោះគុត​មកវិញនិងទា​មទា​រយក​ស​មុទ្រ​ខ្មែរទំហំជាង ២៦០០០គីឡូម៉ែត្រការ៉េមកវិញ។

បន្ថែម​ពីនេះ​ហ្វេសប៊ុកឈ្មោះ Lim Kimsor បាន​អះអាង​ថា ក្នុងសម័យព្រះបាទនរោត្ដម​សីហនុ ថៃ​បាន​ទាមទារកោះគុតម្ដងរួចមកហើយ តែព្រះ​បាទនរោត្ដម​សីហនុ​ទ្រង់ការពារ​ដាច់​ខាត ​មិនឱ្យ​ថៃ​យកបាន​ឡើយ​​ដូច្នេះ​បើសម័យ​​នេះ​កោះ​គុត​បាត់នោះ បានន័យថា មានតែឪ ​(ហ៊ុន សែន) និងកូន (ហ៊ុន ម៉ាណែត) នឹងឯងលក់ឱ្យគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ