កម្មករក្រុងប៉ោយប៉ែតទម្លាយពីផលលំបាកប្រើប្រាស់បណ្ណ ប.ស.ស. សេវាគំពារសង្គមរបស់រដ្ឋ

កម្មការនីមួយចំនួន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទម្លាយរឿងគ្រូពេទ្យមិនឱ្យតម្លៃលើការប្រើប្រាស់បណ្ណគាំពារស​ង្គមរបស់រដ្ឋ ដែលហៅថា បេឡាជាតិសន្តិសង្គម (ប.ស.ស) ដែលការណ៍នេះបង្កការគំរាមកំហែងដល់អាយុវីវិតដល់ពួកគេ អំឡុងពេលស្វែងរកសេវាសង្គ្រោះ។

 យោងតាមវីឌីអូឃ្លីបមួយ បង្ហោះលើបណ្តាញសង្គម កាលពីថ្ងៃទី១៩ ខែវិច្ឆិកានេះ កម្មការនីម្នាក់បាននិយាយថា ពួកគេជាច្រើននាក់​ បាននាំគ្នាទៅទទួលសេវាកម្មនៅមន្ទីរពេទ្យបង្អែកក្នុងក្រុងប៉ោយប៉ែត លើការធានារ៉ាប់រងបណ្ណ(ប.ស.ស) ដែលថា ពួកគេបានធ្វើពីក្រសួងការងារតាមរយៈរោងចក្រដែលពួកគេធ្វើការ ។

ប៉ុន្ដែថា បន្ទាប់ពីពួកគេបានទៅដល់ទីតាំង វាហាក់មិនទទួលបានការយកចិត្ដទុកដាក់លើក្រុមកម្មករ និងពលរដ្ឋផ្សេងទៀត មិនត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលទេ។

ប្រភពដដែលបានអះអាងទៀតថា ផលលំបាកនេះ វាហាក់ផ្ទុយពីការអះអាងរបស់មេដឹកនាំ និងក្រសួងការងារធ្លាប់បាននិយាយប្រាប់ពួកគេពីគុណតម្លៃនៃសេវាព្យាបាល ចំពោះអ្នកដែលបានបង់លុយចូលជាសមាជិក ប.ស.ស នេះ ។

អ្នកស្រី ចាន់ ណែត អាយុ៣៧ឆ្នាំ បានប្រាប់វីអូឌីនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ក្រុមកម្មករ បាននាំគ្នាសុំខាងរោងចក្រ សម្រាកមួយថ្ងៃ ដើម្បីទៅព្យាបាលជំងឺក្រោយខ្លួនបានធ្លាក់ឈាមជាង១សប្ដាហ៍ និងអ្នកផ្សេងទៀតមានជំងឺត្រូវព្យាបាល។

ប្រភពបន្ដទៀតថា ដោយសារខ្លួន និងក្រុមកម្មករផ្សេងទៀតមានបណ្ណ ប.ស.ស ក្នុងដៃ ទើបសម្រេចចិត្ដទៅមន្ទីរពេទ្យបង្អែកក្នុងក្រុងប៉ោយប៉ែត។ ប៉ុន្ដែថា ពួកគេមិនទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យនោះទេ។

ប្រភពដដែលបានបន្ដទៀតថា រូបភាពវាហាក់ផ្ទុយពីការអះអាងរបស់​មេដឹកនាំ និងរដ្ឋមន្រ្ដីក្រសួងការងារ ដែលបាននិយាយធានាពីការពីការយកចិត្ដទុកដាក់ លើក្រុមកម្មករដែលទទួលបានបណ្ណ ប.ស.ស។

 ប្រភពនោះ ជំរុញឱ្យមេដឹកនាំ ពិនិត្យឡើងវិញ ដើម្បីធានាសុខភាពកម្មករ ក្នុងវិស័យកាត់ដេរ ក៏ដូចជាការពារផលប្រយោជន៍សមាជិក ប.ស.ស ដែលបានបរិច្ចាគលុយចូលស្ថានប័នរដ្ឋ ។

វីអូឌីនៅមិន អាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារ លោក កត្ដា អ៊ន និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ គិតត្រឹមម៉ោងផ្សាយនេះ។

តែយ៉ាងណា លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវបានកាសែតក្នុងស្រុកដកស្រង់សម្តីមកចុះថ្ងៃពុធនេះថា រហូតមកដល់ឆ្នាំ២០២៤នេះ កម្មវិធីជាតិជំនួយសង្គម បានពង្រីកវិសាលភាពដោយគ្របដណ្តប់ លើប្រជាពលរដ្ឋ ចំនួន១លាន២សែនគ្រួសារ មានសមាជិកចំនួនជាង ៤.៨លាននាក់។

លោកគូសបញ្ជាក់ថា «វិសាលភាពនៃការគ្របដណ្ដប់របស់ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុនជាង២ដង បើធៀបនឹងឆ្នាំ២០១៧ ដោយបច្ចុប្បន្ន បាននឹងកំពុងគ្របដណ្តប់ប្រជាពលរដ្ឋជាង៧លាននាក់ ជា​មួ​យ​នឹងចំណាយថវិកាជាតិ ក៏បានកើន​ឡើងធំជាងមុនជាង៣ដង។

លោ​កគូសបញ្ជាក់ថា ទំហំថវិកាចំណាយសរុបលើប្រព័ន្ធគាំពារសង្គមចំនួនជាង ១៧,៥ ទ្រីលានរៀល ចាប់តាំងពីរាជរដ្ឋាភិបាល ដាក់ចេញនូវក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម កាលពីឆ្នាំ២០១៧មក»ប៉ុន្តែសម្រង់សម្តីមិនបានលើកឡើងពីបញ្ហាបានកើតឡើងលើសមាជិកដែលបានប្រើប្រាស់សេវានេះទេ។

ប្រហាក់ប្រហែលនេះដែរ កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានអះអាងថា កម្មវិធីសមធម៌សុខាភិបាល របបសន្តិសុខសង្គម ជាផ្នែកមួយ​ជួយការពារអាយុជីវិតពលរដ្ឋងាយរងគ្រោះ ដោយថាមិនទុកនរណាម្នាក់ចោលនោះ​ទេ។

តំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយថា បើបញ្ហាបានកើតឡើងដូចពលរដ្ឋអះ​​អាងមែននោះបង្ហាញថា គោលនយោបាយកែទម្រង់របស់មេដឹកនាំាមានតែលើក្រដាស មិនបានជួយដោះ​បន្ទុកដល់ជនងាយរងគ្រោះទេ ដែលថា ចាំបាច់ត្រូវពិនិត្យឡើងវិញ។

សម្រាប់អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា​​ រដ្ឋាភិបាលនឹងមិនជោគជ័យទេ បើមិនបង្កើតប្រព័ន្ធតាមដាន ដែលលោកហៅថា គោលនយោបាយរួម  ដើម្បីជំរុញប្រសិទ្ធិភាពនៃការអនុវត្ត ទៅស្ថាប័នពាក់ព័ន្ធទេនោះ។ សម្រាប់ប្រធាន​សម្ព័ន្ធសហជីពកម្ពុជា ​យ៉ាង សោភ័ណ្ឌ ​បាននិយាយថា ករណីនេះ វាបានកើតឡើង យូរមកហើយ ដែលអ្នកស្រីថា មិនចង់ឃើញបញ្ហានេះបន្តអូសបន្លាយទៀតនោះទេ ដែលរដ្ឋាភិបាលត្រូវតែពង្រឹងប្រសិទ្ធភាព ដើម្បីកាត់បន្ថយបញ្ហាប្រឈមរបស់កម្មករនិយោជិត ជុំវិញការស្វែងរកសេវាសង្គ្រោះសុខភាពនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ