អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានចេញទៅជួបមេដឹកនាំ ក្រោមហេតុផលថា ដើម្បីពង្រីងចំណងមិត្តដែកថែបជាមួយចិន ខណៈសភាអឺរ៉ុបជំរុញឱ្យបង្កើនវិធានឆ្លើយតបទៅនឹងការមិនអើពើស្តារប្រជាធិបតេយ្យនៅកម្ពុជាច្រើនឆ្នាំទៅនេះ រួមទាំងកម្តៅព្រំដែន។
តាមសារបង្ហោះនៅលើហ្វេសប៊ុករបស់លោក នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្នុងដំណើរទៅកាន់ប្រទេសចិនជាលើកដំបូងក្រោយលោកឡើងកាន់តំណែងព្រឹទ្ធសភានេះ និងជួបជាមួយមេដឹកនាំកំពូលៗរបស់ចិនមួយចំនួន ក្នុងនោះមានទាំង ជំនួបទ្វេរភាគី ជាមួយ លោក ស៊ី ជីន ពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។
ដំណើរទៅទស្សនកិច្ចដើមខែនេះ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន ក្នុងបំណងពង្រឹងមិត្តភាពដែកថែប លើកកម្ពស់កិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
ជាការកត់សម្គាល់ ការចេញដំណើររបស់លោក ហ៊ុន សែន ឆ្ពោះទៅកាន់ប្រទេសចិន ហើយជួបជាមួយមេដឹកនាំកំពូលៗរបស់ចិននេះ ក្រោយ សភាអឺរ៉ុប ជំរុញឱ្យបង្កើនវិធានឆ្លើយតបទៅនឹងការមិនអើពើស្តារប្រជាធិបតេយ្យនៅកម្ពុជា ដែលបានអូសបន្លាយច្រើនឆ្នាំទៅនេះ។
សភាអឺរ៉ុប តាមសេចក្តីសម្រេចថ្មីមួយចុះថ្ងៃទី២៨ ខែវិច្ឆិកា បានជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប សើរើឡើងវិញអំណោយផលប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសល់ចំនួន ៨០% ជាមួយកម្ពុជា និងពិចារណាលើវិធានដាក់ទណ្ឌកម្មជាក់លាក់ លើក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលពាក់ព័ន្ធនឹងការរឹតត្បិតផ្នែកនយោបាយ និងវិធានមួយចំនួនទៀត ដែលជាការឆ្លើយតបទៅនឹងការមិនអើពើស្តារប្រជាធិបតេយ្យពីសំណាក់រដ្ឋាភិបាលគ្រួសារហ៊ុន។
វិធាននេះ សភាអឹរ៉ុប បញ្ជាក់ថា គឺដើម្បីបញ្ជូនសារច្បាស់លាស់មួយថា ការកែលម្អសិទ្ធិមនុស្ស និងការគាំពារសេរីភាពសង្គមស៊ីវិល គឺជាលក្ខខណ្ឌជាមុនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។
បន្ថែមពីនេះ សភាអឺរ៉ុប ក៏ជំរុញឱ្យសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន ចាត់វិធានការជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព ដាក់ទណ្ឌកម្មជាក់លាក់លើក្រុមមនុស្សទាំងឡាយណា ដែលទទួលខុសត្រូវលើការរឹតត្បិតផ្នែកនយោបាយ និងដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា រហូតទាល់តែអ្នកទោសនយោបាយទាំងអស់ត្រូវបានដោះលែង។
ក្រៅពីនេះ សភាអឺរ៉ុប ក៏បានថ្កោលទោស ពីការរួមតូចលំហសង្គមស៊ីវិលនៅកម្ពុជា និងអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងរាល់អ្នកទោសនយោបាយ សកម្មជន អ្នកកាសែត អ្នកការពារសិទ្ធិមនុស្ស និងតួអង្គសង្គមស៊ីវិលដ៏ទៃទៀតទាំងអស់ ដែលត្រូវបានចោទប្រកាន់ក្រោមបទចោទដែលមានចរិតនយោបាយ។
ជាការសង្កេតមួយទៀត ត្រឹមមួយសប្តាហ៍ចុងក្រោយនេះ គេក៏ប្រទះឃើញផងដែរ ពីវត្តមានមេដឹកនាំវៀតណាម លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម លោក ហ៊ុន សែន ក្នុងប្រទេសកម្ពុជា។
ប៉ុន្មានថ្ងៃបន្ទាប់ ព្រះមហាក្សត្រខែ្មរ ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី យាងទៅប្រទេសវៀតណាម រីឯករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ក៏មានបង្ហាញវត្តមាននៅប្រទេសចិនផងដែរ ខណៈក្រុមអ្នកនយោបាយជំទាស់នៅក្រៅប្រទេស បំផុសឱ្យពលរដ្ឋខ្មែរងើបតវ៉ា ជំរុញឱ្យមេដឹកនាំប្តឹងទៅតុលាការអន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី រួមទាំងទាមទារកោះគុត ដែលថៃកំពុងគ្រប់គ្រងទាំងស្រុង។
ការបំផុសនេះ ជំរុញបញ្ហាព្រំដែនបន្តឡើងកម្តៅ ទាំងប៉ែកខាងកើតជាប់នឹងវៀតណាម និងបែកខាងលិចជាប់នឹងប្រទេសថៃ ខណៈគ្រួសារហ៊ុនរងការចោទថា ជាង ៣ទសវត្សរ៍ទៅនេះ បានធ្វើអោយបាត់បង់ទឹកដីទៅប្រទេសជិតខាងជាបន្តបន្ទាប់ ក៏ព្រោះតែចង់កាន់អំណាច តពីឳពុកទៅកូន និងពីកូនទៅចៅ បំពានលើរដ្ឋធម្មនុញ្ញ រំលាយប្រព័ន្ធពហុបក្ស។
ដោយ៖ លោក ញឹម សុខន












