លោក អ៊ុំ សំអាន បង្ហាញភស្តុតាងមេដឹកនាំបក្សកាន់អំណាច កាត់ដីឱ្យបរទេស

កម្តៅ​កោះគុត​កំពុ​ងជំរុញ​ឱ្យ​អ្នកតាមដានបញ្ហាព្រំដែន ដែល​មិន​ចំណុះរដ្ឋាភិបាល បង្ហាញ​ភស្តុតាង​ជា​បន្ត​បន្ទាប់ ពីកំហុស​មេដឹកនាំ​បក្សកាន់អំណាច ដែលបានកាត់ទឹកដីឱ្យបរទេស បំពានរដ្ឋធម្មនុញ្ញ និងក្រម​​ព្រហ្មទណ្ឌ​មាត្រា ៤៤០ពាក់ព័ន្ធនឹងទោសក្បត់ជាតិ ។

ការលាងត្រដាងជាបន្តបន្ទាប់​នេះ ស្រប​ពេល​ដែល​មេដឹកនាំ​គ្រួសារ​ហ៊ុន ដែល​កំពុង​ប្រើវិធាន​បង្ក្រាប នឹងចាប់ខ្លួន​ប្រជាពលរដ្ឋដែលជំរុញឱ្យរដ្ឋាភិបាលប្រើយន្តការអន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី រួមទាំងកោះគុត ដែលថៃកំពុងគ្រប់គ្រង។

វិធាននេះ រងការចោទថា មេដឹកនាំបក្សកាន់អំណាច កំពុងទម្លាក់កំហុសដាក់ពលរដ្ឋ ជុំវិញកាត់ដីឱ្យទៅប្រ​ទេ​សជិតខាង ក្រោមអន្ទាក់​ លើកបន្ទុបឱ្យឡើងកាន់អំណាច។

ជុំវិញបញ្ហានេះ តំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី១ ខែធ្នូនេះថា អំឡុងទសវត្សរ៍៨០ ក្រោយវៀតណាមលើកបន្តុប​ឱ្យឡើងកាន់អំណាច លោក ហេង សំរិន និងលោក ហ៊ុន សែន បានកាត់ដែនសមុទ្រខ្មែរឱ្យវៀតណាមទំហំ ៣០ ០០០ គីឡូម៉ែត្រការ៉េ និងដាក់ដែនសមុទ្រខ្មែរ រួមជាមួយវៀតណាម​ទំហំ ១០ ០០០ គីឡូម៉ែត្រការ៉េ។

ប្រភពបន្តថា លោក ហ៊ុន សែន​ បានធ្វើឱ្យបាត់កោះត្រល់ និង​ចង្កោម​កោះក្រចក​សេះ តាម​ក្រិត្យ​ស្តីពី​ការ​កំណត់​តំបន់​សមុទ្រទាំងអស់ និងខ្ពង់រាប​បាតសមុទ្រ​ឆ្នាំ១៩៨២ និង​តាម​កិច្ច​ព្រមព្រៀង​ស្តីពី​តំបន់​ទឹក​ប្រវតិ្តសាស្រ្ត​ឆ្នាំ១៩៨២ សម័យវៀតណាមត្រួតត្រាកម្ពុជា។

លោក អ៊ុំ សំអាន បញ្ជាក់ថា ក្រិត្យ និងកិច្ចព្រមព្រៀង​ឆ្នាំ១៩៨២នេះ នាំឱ្យប្រទេសថៃ​បាន​ចុះហត្ថលេខា​ទ្វេរភាគី​ជាមួយ​វៀតណាមឆ្នាំ១៩៩៧ ដោយ​គ្មាន​វត្តមាន​កម្ពុជា គឺថៃ និងវៀតណាម​ព្រួតគ្នា​រំលោភ​យក​ដែនទឹក​កម្ពុជា។

លោកបន្តថា ករណីនេះ លោក ហេង សំរិន និងលោក ហ៊ុន សែន បានស៊ីញ៉េ​លើក្រិត្យស្តីពី​ការកំណត់តំបន់​សមុទ្រ​ទាំងអស់ និងខ្ពង់រាបបាតសមុទ្រឆ្នាំ១៩៨២ និង​កិច្ចព្រមព្រៀង​ស្តីពី​តំបន់​ទឹក​ប្រវតិ្តសាស្រ្ត​ឆ្នាំ១៩៨២។

លោក គូសបញ្ជាក់ថា បញ្ហានេះ​ជាបញ្ហាចម្បង​ធ្វើឱ្យ លោក ហ៊ុន សែន មិនហ៊ានប្តឹងថៃ ទៅកាន់តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​យកកោះគុត និង​តំបន់ត្រួត​ស៊ីគ្នា​មកវិញ ព្រោះ​វាអាចប៉ះពាល់​ដល់កោះ​ត្រល់​ និង​ចង្កោម​កោះ​ក្រចកសេះ ព្រមទាំង​តំបន់ទឹក​ប្រវតិ្តសាស្រ្តឆ្នាំ១៩៨២ គឺប៉ះពាល់​ដល់​វៀតណាម ដែលជា​អតីត​ចៅហ្វាយនាយ​លោក ហ៊ុន សែន។

លោក អ៊ុំ សំអាន ប្រាប់វីអូឌីបន្ថែមថា ការបន្តគាស់កកាយ​រឿងបាត់បង់​ទឹកដី​ទៅប្រទេសជិតខាងនេះ​ គឺ​ដើម្បី​បង្ហាញ​ឱ្យពលរដ្ឋដឹងថា គ្រួសារហ៊ុន​កំពុង​ធ្វើនយោបាយ​យកទឹកដី​ដូនតា​ទៅបញ្ជាំជាមួយ​បរទេស​ដើម្បី​រក្សាអំណាច​តត្រកូលរបស់ខ្លួន។

លោកបន្តថា គ្រួសារហ៊ុន​ពិតជាអ្នកបម្រើ​មហិច្ចតា​វៀតណាម​ លេបទឹកដី​ខ្មែរ និងព្យាយាម​ប្រឆាំង​ខ្មែរគ្នាឯង ដើម្បីផ្គាប់ចិត្ត​អ្នកមានគុណ​របស់ខ្លួន គឺវៀតណាម ដែល​ជួយ​លើក​បន្តុប​ឱ្យកាន់​អំណាច​នៅកម្ពុជា។

ម្យ៉ាងវិញទៀត លោកអះអាងថា គ្រួសារហ៊ុន​គ្មានឆន្ទៈ​ការពារ​ទឹកដីដូនតា​ខ្មែរទេ គឺ​គេធ្វើគ្រប់យ៉ាង​ណា​ដើម្បីតែ​រក្សាអំណាច​ផ្តាច់ការ តត្រកូលរបស់គេ សុខចិត្ត​យកទឹកដី​របស់ដូនតា​ទៅបញ្ចាំឱ្យ​បរទេស​ជិត​ខាង។

លោកថា៖«ត្រកូលហ៊ុននេះដូចគ្នាដែរ ពឹងសៀមពឹងយួនដើម្បីជួយរក្សាអំណាចរបស់ខ្លួន ចឹង​វាត្រូវ​កាត់ទឹកដី​ឱ្យសៀមឱ្យយួនហ្នឹងហើយ ដើម្បីខ្លួនឯង​បានរក្សា​អំណាច ព្រោះ​ពួកគាត់​ហ្នឹង​ស្រលាញ់​អំណាច​ជាជាងទឹកដី»។

សម្រាប់លោក អ៊ុំ សំអាន ទឹកដីរបស់ដូនតា​នឹងបាត់បង់​ជាបន្តបន្ទាប់​ ក្រោមស្នាដៃ​របស់​គ្រួសារហ៊ុន ទៅប្រ​ទេ​ស​​​ជិតខាង គឺថៃ និងវៀតណាម បើគ្មាន​ចរន្តងើប​តវ៉ា​ពីពលរដ្ឋខ្មែរ​ម្ចាស់ឆ្នោត​នោះទេ។

លោកថា មានតែកម្លាំង​សាមគ្គីគ្នា​ជាធ្លុងមួយ​ពីសំណាក់​ពលរដ្ឋខ្មែរទេ ទើបជំរុញ​ឱ្យគ្រួសារ​ហ៊ុន ងាកមក​គិតគូរ​ពិចារណា​រឿង​បូរណភាពទឹកដី ប្តឹងករណីកោះគុត​ទៅតុលាការ​អន្តរជាតិ​ ដើម្បីការពារ​ទឹកដី​ខ្មែរ។

លោកថា៖«ធ្វើឱ្យទឹកដីរបស់យើងកាន់តែរួញទៅៗ ទាំងខាងលិច ទាំងខាងកើត គេនឹងត្របាក់​យក​ទឹកដី​របស់យើង​បន្ថែមទៀត ដោយសារ​តែត្រកូលហ៊ុន​រក្សាអំណាច​ជា​ជាង​រក្សាទឹកដី។​ កាត់ទឹកដី​ខ្មែរយើង​ទៅឱ្យ​បរទេស ដើម្បីរក្សា​អំណាច​របស់ខ្លួន​(របស់ត្រកូលហ៊ុន)។ ខ្ញុំ​ព្រួយបារម្ភ​ថា​ថ្ងៃ​អនាគត​ទៅមិន​ត្រឹមតែអស់​ទឹកដីទេ វាអាចបាត់​ប្រទេស​ទាំងមូល​ក៏អាច​ថាបានដែរ។ ដោយសារ​តែត្រកូល​ហ៊ុន​គិត​អំណាច​ជាជាង​ការពារទឹកដី»

ជុំវិញបញ្ហានេះ វីអូឌី មិនទាន់អាចទាក់ទង អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន​ដើម្បីការ​ឆ្លើយ​តប​ជុំវិញរឿងនេះ​បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។

យ៉ាងណា ប្រធានណបក្សប្រជាជនកម្ពុជាលោក​ ហ៊ុន សែន ដែលវៀតណាម​លើក​បន្តុប ឱ្យឡើង​កាន់​អំណាច អំឡុងឆ្នាំ១៩៧៩ បានបង្ហោះ​សារ​លើហ្វេប៊ុក នៅថ្ងៃទី២ ខែធ្នូនេះ ដែល​ជាថ្ងៃខួប​នៃចលនាតស៊ូ​ប្រឆាំង​នឹង​របបខ្មែរក្រហម ដោយ​រំលេច​ពីគុណបំណាច់​របស់វៀតណាម ដែល​បាន​ជួយ​គាំទ្រ​ចលនា​តស៊ូ​របស់​ក្រុមលោក រហូត​បណ្តេញ​របបខ្មែរ​ក្រហមចេញពីអំណាចបានសម្រេច។

លោកបាន​គូសបញ្ជាក់ថា ណសិរ្សសាមគ្គី​សង្គ្រោះជាតិ​កម្ពុជា បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់​គណបក្ស​ប្រជាជនកម្ពុជា បានបដិសន្ធិឡើង​នៅក្នុង​តំបន់​រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។

លោកថា ជោគជ័យនេះ ដោយបាន​ទទួលការ​ជួយឧបត្ថម្ភ​យ៉ាងធំធេង ពីកងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម និង​ការគាំទ្រ​ពីមិត្ដភក្ដិ​ជិតឆ្ងាយ​លើសកល​លោក ដើម្បី​ផ្ដួល​រំលំ​របបកម្ពុជា​ប្រជាធិបតេយ្យ រហូត​ដល់​ទទួលបាន​ជ័យជម្នះ​ដ៏ត្រចះត្រចង់នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

តែអ្នកឃ្លាំមើលថា ចំណងនេះហើយ ដែលវៀតណាម​ចង លោក ហ៊ុន សែន រហូត​ដល់​បច្ចុប្បន្ន តាមរយៈ​រំកិល​ដីតាមបន្ទាត់​ព្រំដែនលើដែន​ដីគោក និងយកប្រជុំកោះនៅសមុទ្រ ដូចជាកោះត្រល់ ចង្កោមកោះក្រចកសេះ ដែលធ្វើឱ្យលោកហ៊ុន សែន មិនហ៊ាន​ជំទាស់​នឹងបំណង​វៀតណាម ហើយ​ងាកមក​បង្ក្រាប​ខ្មែរ​គ្នាឯង លើអ្នក​ដែល​ស្រឡាញ់​ជាតិ​ទឹកដី ដើម្បី​បំបិទ​មាត់ ដែលធ្វើឱ្យ​កម្ពុជា​បែកបាក់​ជាតិ​ធ្ងន់​ធ្ងរ ជិត​៣ទសវត្សរ៍​មក​នេះ ។

ការដឹងគុណ​វៀតណាម​នេះ គេ​ក៏សង្គេតឃើញផងដែរ អំឡុងឆ្នាំ២០០៥ លោក ហ៊ុន សែន ដែល​បានក្តោប​អំណាចពេញដៃ​មានវៀតណាម​នៅពីក្រោយនេះ បានគំរាម​រំលាយ របបរាជានិយម​អាស្រ័យធម្មនុញ្ញ ចោល បើព្រះអង្គ​មិនព្រម​ឡាយព្រះហស្តលេខា លើសន្ធិសញ្ញា​ព្រំដែន​ខុសច្បាប់ ដើម្បី​សម្រេច​មហិច្ឆតា​វៀតណាម លេបទឹកដី ទោះ​បាន​ដឹង​ហើយ​ថា កិច្ច​ព្រមព្រៀង​​ទាំងអស់​នោះត្រូវ​បាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ឆ្នំា១៩៩១ បានមោឃភាព ឬតម្រូវឱ្យលុបចោលទៅហើយក្តី។

ជុំវិញ​បញ្ហានេះ ប្រធាន​ក្រុមឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត និយាយថា ការដឹក​នាំ​របស់លោក ហ៊ុន សែន ច្រើនទសវត្សរ៍ទៅនេះ មិនបាន​ការពារ​ទឹកដីរបស់ដូនតានោះទេ។

លោកបន្តថា លោក ហ៊ុន សែន ជា​អ្នកបម្រើ​មហិច្ចតា​វៀតណាម ធ្វើឱ្យ​សន្ធិសញ្ញា​ព្រំដែនគោក​ខុស​ច្បាប់​ឆ្នាំ១៩៨៥ រស់​ឡើង​វិញ​នៅឆ្នាំ២០០៥ ដើម្បី​កាត់​ដីខ្មែរ​ដូចជា​កោះត្រល់ ចង្គោមកោះ​ក្រចកសេះ និង​ដែន​សមុទ្រ​មួយផ្នែក​ធំ​ទៅឱ្យ​វៀតណាម ជាថ្នូរ​នឹងការ​សងគុណ​វៀតណាម។

លោកថា៖«ការដឹកនាំរបស់គាត់ ៣០៤០ឆ្នាំ្ហហ្នឹង បើនិយាយ​ពីរឿង​បូរណភាព​ទឹកដី​កម្ពុជា​គឺកាន់តែ​រួញ​ទៅៗ ហើយ​ជា​មួយវៀតណាម​យើង ព្រំដែន​គោក​បោះបង្គោល​បន្ថែម​ថ្មីហ្នឹង​បាត់​បង់​ដីគោក ដែន​សមុទ្រហ្នឹ​ងបាត់បង់​កោះត្រល់ កោះក្រចក​សេះ និង​ដាក់តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​ជាមួយ​វៀតណាម​ជាង១ម៉ឺនគីឡូម៉ែត្រក្រឡាជាតំ​បន់​ទឹកប្រវត្តិសាស្រ្ត»

បន្ថែមពីនេះ លោក ម៉ែន ណាត ព្រមានថា ទឹកដីខ្មែរនឹងធ្លាក់ទៅក្នុងប្រទេសជិតខាងបន្ថែមទៀត បើមេដឹក​នាំ​ខ្មែរ មិនព្រម​ស្តារប្រជាធិបតេយ្យ ផ្សះផ្សា​ជាតិ​ឡើងវិញ ក្រោមដំបូល​រដ្ឋធម្មនុញ្ញ ធ្វើ​ឱ្យ​វត្តមាន​គណបក្ស​ប្រឆាំង​ខ្លាំងមួយ នៅក្នុងក្បាលម៉ាស៊ីនសភា ដើម្បីធានាប្រព័ន្ធពហុបក្សទេនោះ។

យ៉ាងណា នាយករដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាងថ្មីៗនេះ ដោយបន្ទរ​តាម​ឳពុកថា ទឹកដី​កម្ពុជា មិន​បានបាត់បង់​ទៅប្រទេស​ជិតខា​ង​ដូចការចោទទេ។

លោក សង្កត់ធ្ងន់ថា បើគិតជាក់ស្តែង ដីខ្មែរ​បច្ចុប្បន្នមានទំហំ​ធំជាង ១៨១ ០៣៥ គីឡូម៉ែត្រការរ៉េ ដែលថាធំជាងទំហំដី ដែលចែងក្នុងរដ្ខធម្មនុញ្ញ។

កម្តៅព្រំដែន វាបានហក់​ឡើង​កម្តៅជាថ្មី​ទៀតក្រោយពី លោក ហ៊ុន សែន ធ្វើ​ឱ្យ​សន្ធិសញ្ញា​ព្រំដែន​ខុស​ច្បាប់​រស់​ឡើងវិញ​នៅឆ្នាំ២០០៥។

កម្តៅនេះ ហាក់បាន​ញែកពលរដ្ឋខ្មែរ​ជាពីក្រុមដាច់​ពីគ្នា រវាង​អ្នកគាំ​ទ្រ​បក្សកាន់​អំណាច និង​អ្នកគាំទ្រ​គណបក្សប្រឆាំង​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ ដែល​បង្កភាព​ផុយ​ស្រួយ​នៃការ​បែកបាក់​ជាតិ​រហូត​បច្ចុប្បន្ន។

ជុំវិញកម្តៅនេះ លោក ហ៊ុន សែន បានប្រើ​ដៃ​តុលាការ​រំលាយ​គណបក្សប្រឆាំងចេញ​ពី​ឆាក​នយោបាយ​ចាប់ពីអំឡុងចុងឆ្នាំ២០១៧ និងចាប់មេបក្ស​នេះដាក់ពន្ធនាគារ​ចោទ​ពីបទ​ក្បត់ជាតិ ខណៈ​គណបក្សប្រឆាំងជា​ញឹកញាប់ ជំរុញ​គោរព​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បី​ការពារ​បូរណភាព​ទឹកដី។

រចន្តនេះ​ បានបំពាន​រដ្ឋធម្មនុញ្ញ​ត្រង់មាត្រា៥៥ ដែលចែងថា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយណា​ដែលមិនស្រប​នឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា ត្រូវលុបចោល។

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញា​រក្សាការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្ត​នយោបាយ​បង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ។  ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕

ដោយ៖ លោក ប៉ុល សម្បត្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ