អង្គការអន្តរជាតិពីរ ថ្កោលទោសមេដឹកនាំកម្ពុជា បំបិទសិទ្ធិសេរីភាព​បញ្ចេញមតិ​របស់ពលរដ្ឋ

ក្រុមសិទ្ធិមនុស្ស​អន្តរជាតិ ហៅការចាប់​បញ្ចូន​ជនភៀសខ្លួន​ខ្មែរ​ចំនួន ៦នាក់ពី​ប្រទេសថៃ បញ្ជូនទៅ​កា​ត់​ទោសនៅ​កម្ពុជា​ថ្មីៗនេះ មានចរឹត​នយោបាយ ​រំលោភ​​សិទ្ធិ​មនុស្សធ្ងន់ធ្ងរ មិនអាចទទួលយកបាន ដែលត្រូវ​តែ ​ដោះលែង​ពួកគេឱ្យមានសេរីភាពវិញ ​ដោយ​គ្មាន​លក្ខខណ្ឌ​។

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា អាជ្ញាធរ​ថៃបានចាប់បញ្ជូន​ជនភៀសខ្លួន​ខ្មែរចំនួន ៦នាក់ បញ្ជូនទៅ​ប្រទេស​កម្ពុជា​វិញ តបតាម​ការស្នើ សុំពីមន្រ្តី​រដ្ឋាភិបាល​កម្ពុជា។ ក្រោយទៅដល់​កម្ពុជាភ្លាម ពួកគេ​ទាំងនោះ​ដែល​ភាគច្រើន​ជាស្ត្រី​ត្រូវបានតុលាការ​ចោទពីបទក្បត់ជាតិ។

មូលហេតុនៃការចាប់បញ្ជូននេះ ត្រូវបានគេអះអាងថា ដោយសាតែពួកគេ​និយាយ​លើបណ្តេញ​សង្គម ជំរុញ​ឱ្យមេដឹកនាំខ្មែរ​ប្តឹង​ករណី​កោះគុត​ ដែលថៃ​កំពុង​គ្រប់គ្រង ទៅតុលាការ​អន្តរជាតិ ដើម្បី​ការពារ​បូរណ​ភាព​ទឹកដី។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ចេញសេចក្តី​ថ្លែងការណ៍ ដោយ​និយាយថា ការ​ចាប់បញ្ជូន​ជនភៀសខ្លួន​ចំនួន ៦នាក់ និងកុមារ​ម្នាក់​មកកម្ពុជា​វិញ​ដោយ​​បង្ខំ​នេះ ធ្វើឱ្យ​ពួកគេ​ប្រឈមនឹង​ហានិភ័យ នៃការ​កាត់ក្តីពី​តុលាការ​កម្ពុជា និងការ​ធ្វើបាប​នៅកម្ពុជា។

ប្រភពបន្តថា ការចាប់បញ្ជូនជនភៀសខ្លួន​ខ្មែរ ៦នាក់ ពីប្រទេស​ថៃ មកដាក់​ឃុំក្នុងពន្ធនាគារ​នៅកម្ពុជា​ទាំង​បង្ខំនេះ ជាការរំលោភច្បាប់អន្តរជាតិ និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ មិនអាចទទួលយកបាន។

ករណីនេះ Human Rights Watch បាន​អំពាវនាវ ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ត្រូវ​ទម្លាក់​ចោល​​ការចោទប្រកាន់​ ក្រោមហេតុផល​នយោបាយ ប្រឆាំង​​នឹង​ជនភៀសខ្លួន​​ទាំងអស់​នេះ​​ជា​បន្ទាន់ និង​ដោះលែង​ពួកគេ​ដោយ​គ្មាន​លក្ខខណ្ឌ​។

នៅថ្ងៃជាមួយ​គ្នានោះ ក្រុមសមាជិក​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ហៅកាត់ APHR ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ផង​ដែរ ដោយលើក​ឡើងថា ការនិរទេស​ជន​ភៀសខ្លួន​​​នយោបាយ​​ទាំងនេះ គឺ​ជា​ការគាបសង្កត់​ឆ្លងដែន​​ដ៏​ធំ​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​របបផ្តាច់ការ​​​បាន​សហការគ្នា​​កាន់តែ​ខ្លាំង​ឡើងៗ ​ដើម្បី​កំណត់​​គោលដៅ និង​បំបិទមាត់​អ្នករិះគន់​ឆ្លងដែន។

ប្រភពបន្តថា ការនិរទេស​នេះ​បង្ហាញថា អាជ្ញាធរថៃ​កំពុងរំលោភ​លើច្បាប់​អន្តរជាតិ​ក្នុងការចាប់​ជន​ភៀស​ខ្លួន​​បញ្ជូនឱ្យទៅប្រឈមនឹងការបៀតបៀន ចំណែក​រដ្ឋាភិបាលកម្ពុជា​កំពុងបង្ហាញ​អំពី​ការពង្រឹង​យុទ្ធសាស្ត្រ​​បន្ថែមទៀតនៅក្នុងការបំបិទសំឡេងរិះគន់ ដោយ​មានសហការ​ប្រតិបត្តិការ​ជាមួយរដ្ឋ​ជិតខាង។

ការណ៍នេះ ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ​ជំរុញ​ឱ្យ​មេដឹកនាំ​អាស៊ាន​ធ្វើសកម្មភាព​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​បញ្ជាក់​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​ នៅក្នុង​តំបន់​ចំពោះ​យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​ជាមូលដ្ឋាន។

ពួកគេទាំង៦នាក់ នោះដែលត្រូវចាប់ខ្លួន រួមមាន​អ្នកស្រី សឺន គន្ធា អ្នកស្រី ហុង អាន លោក ប៉ែន ចាន់សង្គ្រាម អ្នកស្រី យិន ចាន់ធូ និងលោក មៀន ចាន់ថន។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា ប្រាប់វីអូឌីនៅថ្ងៃទី៣ ខែធ្នូនេះថា ការចោទ​ប្រកាន់​ពលរដ្ឋដែល​បារម្ភបាត់ទឹកដី ពីទោសក្បត់ជាតិ ជាទង្វើអសីលធម៌ ឃោឃៅ។

 លោកថា វិធាននេះ ជាចេតនា បំបាក់ស្មារតី មិនឱ្យព​លរដ្ឋខ្វា​យខ្វល់ ពីទឹកដីរបស់ខ្លួន ប្រៀប​បាន​នឹង​ការបើកដៃឱ្យប្រទេសជិតខាង សម្រេចមហិច្ឆតាលេបត្របាក់ទឹកដីខ្មែរ។

លោកថា៖«រដ្ឋាភិបាលកម្ពុជាចោទពលរដ្ឋពីរឿងក្បត់ជាតិ ដែលទាក់ទងនឹង​រឿងនិយាយ​អំពីការ​បាត់បង់ទឹកដី ដល់និយាយពីការ​បាត់បង់​ទឹកដី​ថាយើងក្បត់ជាតិ ហើយ​ចុះអ្នកដែល​ចុះហត្ថលេខា​ធ្វើឱ្យបាត់បង់​ទឹកដី វាទៅជាអ្នកស្នេហា​ជាតិ​ដូចវាអត់ត្រូវ វាខុសនឹង​និយមន័យហៅថា​ស្នេហាជាតិ ព្រោះ​ក្បត់ជាតិ គឺអ្នកដែល​បាន​បំផ្លាញ​ជាតិ អ្នកដែល​បានកាត់​ទឹកដី​ឱ្យជន​បរទេស តែអ្នក​ស្នេហាជាតិ​គឺអ្នក​ដែល​ខ្វាយខ្វល់​ពីទឹកដី​ និងរឿងជាតិ»

ចំណែក ប្រធានក្រុមអ្នកតស៊ូមតិកម្ពុជា CAT លោក ហុង លីម ដែលមានមូលដ្ឋាននៅ​ប្រទេសអូស្ត្រាលី ចាត់​ទុកការ​ចោទប្រកាន់​នេះថា ជាទង្វើមិនចេះអៀនខ្មាស។

បន្ថែមពីនេះ លោកយល់ថា ទង្វើនេះ ក៏ស្តែងចេញ​ផងដែរ​ពីឥរិយាបទ​មេដឹកនាំ ធ្វើអ្វីតាម​ចិត្ត​ចង់ មិន​គោរព​ច្បាប់ មិនស្រឡាញ់​ទឹកដី ព្រោះតែ​ចង់សម្រេច​មហិច្ឆតាក្តោប​អំណាចតត្រកូល។

លោក ហុង លីម បង្ហាញ​ការ​ព្រួយបារម្ភ​ថា ទង្វើ​មេដឹកនាំ​បែបនេះ នឹងបង្ក​គ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស និងបូរណ​ភាព​ទឹកដី បើកម្ពុជា​គ្មានការ​ប្រកួត​អំណាច តាមរយៈ​បោះឆ្នោត​ដោយសេរី ត្រឹម​ត្រូវ​ និង​យុត្តិធម៌​ទេនោះ ។

លោកថា៖«មេដឹកនាំ​គិតតែពីគាបសង្កត់ វៃចោលអានេះ វៃចោលអានោះ កម្ទាត់​អានេះ កម្ទាត់​អានោះ មួយថ្ងៃៗ​ភ្ងាក់ឡើង​មក​ហ្នឹង​គិតតែរឿងចាប់​អានេះ​ដាក់គុក ហេតុអ្វី​អានេះ​នៅតែឡូឡា។ ហើយ​ធ្វើនាយករដ្ឋមន្រ្តី​ហ្វេសប៊ុក​ដើរតែសម្លឹង​មើលហ្វេសប៊ុក​របស់គេ ហើយទៅ​លបស្តាប់​របស់គេ ឃើញ​ថាវា​អស់សាច់ ជាងចោរ​ព្រៃ ជាង​យូកូម ឃើញ​ថា​មិនមែន​ជា​នាយករដ្ឋមន្រ្តី​ទេ ហើយ​ឥឡូវ​នៅក្រាញ​ធ្វើនាយករដ្ឋមន្រ្តី​បំបែកបំបាក់​ស្មារតី។ អាកូននឹង​មិនមែនជានាយករដ្ឋមន្រ្តីទេ គឺថាទៅជាស្វាព្រៃ»

យ៉ាងណា ប្រធានក្រុម​អ្នកតស៊ូមតិ​កម្ពុជារូបនេះ ស្នើឱ្យ​មេដឹកនាំ​គ្រួសារហ៊ុន​ត្រូវ​ដោះលែង​ពលរដ្ឋខ្មែរ​ស្នេហាជាតិ​ទាំងនោះ និង​ត្រូវ​សើរើ​ប្តឹងករណី​កោះគុត​ ទៅតុលាការ​អន្តរជាតិ ដើម្បី​ការពារ​ដែនសមុទ្រ​ខ្មែរ​មិនឱ្យ​បាត់បង់។

ឆ្លើយតប​នឹងរឿងនេះ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន​ ធ្លាប់ប្រាប់វីអូឌីថា ករណីចាប់ខ្លួនអ្នកទាំង ៦នាក់នោះ គឺមាន​ជាប់ពាក់ព័ន្ធ​នឹងចលនា​ជ្រុលនិយម​ប្រឆាំង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី។

មន្រ្តីនាំ​ពាក្យរូបនេះ បន្ថែមទៀតថា អ្នកដែលប្រឆាំង​រដ្ឋាភិបាលស្របច្បាប់ គឺមានទោសក្បត់ជាតិ។

លោកថា៖ «ខ្ញុំយល់ថា​ការចាប់​ខ្លួន​របស់​សកម្មជន​បក្សប្រឆាំង អាហ្នឹង​មាន​ហេតុផល​របស់វា​ បើ​មិន​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ​ហើយ​ចូល​ដៃ​ចូល​ជើង​ជាមួយ​ក្រុមឧទ្ទាម​ក្រៅ​ច្បាប់​ជ្រុល​និយម​ទេ អាហ្នឹង​គេមិន​ចាប់ទេ។ យើង​ដឹង​ហើយថា​ពលករខ្មែរ​នៅថៃ​ មិន​មែន​តិច​ទេ តែ​មូល​ហេតុ​អ្វីបាន​គេចាប់​តែពីរ​ បីនាក់ មូលហេតុ​ដោយសារតែ​ពីរ បីនាក់​ហ្នឹង​វា​ធ្វើសកម្មភាព​បម្រើ​ឱ្យ​ឧបាយកល​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ហ្នឹងឯង»

របាយការណ៍នានាបង្ហាញថា មេដឹកនាំ​គណបក្ស​កាន់អំណាច​បាន​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ការពារ​អំណាច​ជាចំហ ចាប់ពី​ចុងឆ្នាំ២០១៧ ក្រោយដឹងថា ពលរដ្ឋជាងពាក់កណ្តាលប្រទេស ឈប់គាំទ្រ ហើយ​ងាក​ទៅបោះឆ្នោត​គាំទ្រគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង។

បរិបទ​នេះ ធ្វើឱ្យកម្ពជាមានអំពើពុករលួយ បែប​ប្រទាក់​ក្រឡាគ្នា កម្ពុជា​ក្លាយជា​ជម្រកសុវត្ថិភាព​របស់​ក្រុមឧក្រិដ្ឋជន បង្កឱ្យ​ពលរដ្ឋ​ច្រើនលាននាក់ រងគ្រោះពីអំពើឆបោក ។

ដោយឡែក ក្រុមអ្នក​ជំនាញ​សិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិ​ រកឃើញថា តុលាការនៅកម្ពុជា ត្រូវបានបក្សកាន់អំណាចប្រើប្រាស់ ដើម្បីបំបិទមាត់អ្នករិះគន់ មាន​ការរៀបចំ​ច្បាស់លាស់លក្ខណៈ​ជាប្រព័ន្ធ​។

ការរកឃើញនេះ បង្ហាញថា មេដឹកនាំគ្រួសារហ៊ុន កំពុងរំលោភ​សិទ្ធិមនុស្សជា​ប្រព័ន្ធ និងរំលោភ​រដ្ឋធម្មនុញ្ញ ដែលចង​កាតព្វកិច្ច​ពីប្រព័ន្ធពហុបក្ស និងស្មារតីបង្រួបបង្រួមជាតិ។

មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរភេទ​ មានសិទ្ធិចូលរួម​យ៉ាងសកម្ម​ក្នុងជី​វ​ភាព​នយោបាយសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌​របស់​ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវបានទទួលការ​ពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

មាត្រា៥១ នៃរដ្ឋធម្មនុញ្ញចែងថា ព្រះរាជណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ ព​លរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ​ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ ចំណែកមាត្រា៥២ ចែងថា រាជរដ្ឋាភិបាល​កម្ពុជាប្តេជ្ញា​រក្សាការពារ​ឯករាជ្យ អធិបតេយ្យ​ បូរណភាពទឹកដី អនុ​វ​​ត្តន​យោបាយ​បង្រួប​បង្រួមជាតិ ដើម្បីការឯកភាពជាតិ៕

ដោយ​៖ លោក ប៉ុល សម្បត្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ