ប្រធានព្រឹទ្ធសភា បានប្តេជ្ញានៅចំពោះមុខមេដឹកនាំនៃទីក្រុងប៉េកាំងជាថ្មីទៀតថា កម្ពុជានឹងនៅតែជាគោលដៅដ៏ពេញនិយមសម្រាប់ជនជាតិចិន មករស់នៅ និងធ្វើពាណិជ្ជកម្មដូចមុន ដោយគ្មានការប្រែអ្វីទាំងអស់។
លោក ហ៊ុន សែន លើកឡើងបែបនេះ ក្នុងពេលដែលលោកទៅបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ។
កាសែតក្នុងស្រុក បានស្រង់សំដីរបស់មេដឹកនាំទាំងពីរ នៅក្នុងជំនួបទ្វេរភាគី នៅទីក្រុងប៉េកាំង នៅថ្ងៃទី៤ ខែធ្នូ នេះដោយកម្ពុជា និងចិន បានឯកភាពគ្នាជាសំឡេងតែមួយថា ភាគីទាំងពីរនឹងបន្តការផ្លាស់ប្តូរប្រជាជនឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ហើយកម្ពុជា គឺជាគោលដៅដែលពេញនិយម សម្រាប់ប្រជាជនចិនរស់នៅ និងធ្វើពាណិជ្ជកម្ម។
ការលើកឡើងរបស់លោក ស៊ី ជីន ពីង និងលោក ហ៊ុន សែន នៅពេលនេះ ស្របពេលដែលរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រងការរិះគន់ពីប្រទេសលោកខាងលិចថា កម្ពុជាបានផ្តល់មូលដ្ឋានទ័ព នៅសមុទ្ររាម និងបទុមសាគរ ក្នុងខេត្តកោះកុង ឱ្យទៅចិនឈរជើង។
ក្រៅពីនេះ ផលប្រយោជន៍សំខាន់ៗដទៃទៀត ត្រូវចិនក្តោបក្តាប់ដូចជាធនធានរ៉ែ និងបង្កើតបនល្បែងជាដើម។ ក្រៅពីនេះ ចិនក៏ជាម្ចាស់បំណុលធំទី១ របស់កម្ពុជា បន្ទាប់ពីធនាគារអភិវឌ្ឍន៍អាស៊ី ឈរនៅលំដាប់លេខរៀងទី២៕ ដោយ៖ លោក ប៉ុល សម្បត្តិ