បើកម្ពុជា​បាត់ ​EBA ​ទាំង​ស្រុង ​មេដឹកនាំ​ជាអ្នក​ធ្វើឱ្យជាតិ​ និងពលរដ្ឋរងគ្រោះ

អ្នក​ឃ្លាំមើល បាន​លើកឡើងថា ​ប្រសិន​បើ​​កម្ពុជា​​បាត់​បង់​​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ​ទាំង​ស្រុង ប្រទេសជាតិ​ និង​ពលរដ្ឋ​ក្លាយជា​ជនរងគ្រោះ ដោយសារ​មេដឹកនាំ​គ្រួសារ​ហ៊ុន ព្រោះ​បានធ្វើឱ្យ​កម្ពុជា​បន្តស្អុយឈ្មោះ​​លើឆាក​អន្តរជាតិ ក្លាយជាដែនដី​ភ័យខ្លាច​ដល់​បរិយាកាសវិនិយោគ។

ដែលការណ៍នេះ វានឹងជំរុញ​វិបត្តិ​សង្គមកាន់​តែចាក់ស្រេះ ធ្វើឱ្យពលរដ្ឋ​ច្រើនលាននាក់ រួម​រិតដោយ​វិបត្តិ​បំណុ​ល ដែលអាចដុត​កម្តៅ​ឱ្យមាន​​ចលាចល​សង្គមក៏ថាបាន ខណៈ​អំពើ​ពុករលួយ និង​ការបំបិទ​សិទ្ធិកំពុង ពង្រីក​អយុត្តិធម៌​ដល់ជន​រងគ្រោះរាប់លាន​នាក់ ដែលបាន​ចាញ់បោក​ក្រុមហ៊ុន​ឆបោក ល្បែងអនឡាញ និងការយាយី​ខាងនយោបាយ ជាដើម។

កាលពី​ថ្ងៃ​ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សភាអឺរ៉ុប បាន​ចេញ​​សេចក្តី​សម្រេច ​ដោយ​ជំរុញ​ឱ្យ​គណៈកម្មការ​​អឺរ៉ុប និងសហភាពអឺរ៉ុប ពិនិត្យ​​សើរើឡើងវិញ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់មុខទំនិញទាំងអស់ លើកលែង​តែ​អាវុធ (EBA)» ដែលនៅសល់ចំនួន ៨០% ជាមួយ​កម្ពុជា។

ក្រៅពីនេះ ក៏ទាមទារឱ្យ ពិចារណាលើវិធាន​ដាក់​ទណ្ឌកម្ម​ជាក់​លាក់​​លើក្រុម​មន្ត្រីរដ្ឋាភិបាល​កម្ពុជា ដែល​​ពាក់ព័ន្ធ​​នឹង​ការរឹតត្បិត​ ផ្នែកនយោបាយ​ ធ្វើឱ្យ​ដំណើរ​ការ​​ប្រជាធិបតេយ្យ​​ធ្លាក់​ចុះ ​រហូត​ទាល់តែ​អ្នក​ទោ​ស​​នយោបាយ សកម្មជនអ្នក​ការពារ​​សិទ្ធិ​មនុស្ស និង​តួអង្គ​​សង្គម​ស៊ីវិល​​ដទៃ​​ទៀត​​ទាំង​អស់​​ដែល​ត្រូវ​​បាន​ចោទ​ប្រកាន់​​ក្រោម​បទ​ចោទ​ ដែល​​មាន​ចរិត​​នយោបាយ ត្រូវបាន​ដោះលែង​។

ជុំវិញការបង្កើន​វិធានឆ្លើយតប​ ទៅនឹងការ​មិនអើពើស្តារប្រជាធិបតេយ្យ ពីសំណាក់​មេដឹកនាំ​គ្រួសារហ៊ុននេះ ប្រធាន​វិទ្យា​ស្ថាន​​ប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ​ប៉ា ចន្ទរឿន​ ​ហៅ​វិធាន​នេះថា ​ជា​ការ​​ពញ្ញាក់​ស្មារតី ដល់​​រដ្ឋាភិបាលកម្ពុជា ឱ្យយក​ចិត្ត​ទុកដាក់​​លើរឿង​ការ​គោរព​សិទ្ធិ​មនុស្ស​ បើ​ក​​លម្ហ​សេរី​ភាព​​ក៏ដូ​ចជា បើក​​លម្ហ​ដំណើរ​ការ​ប្រជាធិបតេយ្យ​​កម្ពុជា​ឡើង​វិញ​។

ក្នុងន័យនេះ លោកបន្យល់ថា  ​បើ​​ពិនិត្យមើល​ពីមុំ​​បច្ចេក​ទេស ប្រទេស​ទាំង​អស់ ​ដែល​ទទួល​បាន EBA​​ មិន​ថា​តែកម្ពុជា​ទេ​ គឺ​ត្រូវ​តែគោរព​នូវ​លក្ខខណ្ឌ​សិទ្ធិ​មនុស្ស​ ដំណើរការ​​ប្រជាធិប​តេយ្យ ​​រួម​ទាំង​សិទ្ធិការងារ​ និងលម្ហ​​សង្គម​​ស៊ីវិលជាដើម។

លោក គូសបញ្ជាក់ថា ក្នុង​លក្ខខណ្ឌផ្តល់​ EBA ក៏បាន​ចែង​ដែរថា បើប្រទេស​ណាមួយ​រំលោភ​​លក្ខខណ្ឌ​ប្រព័ន្ធអនុគ្រោះពន្ធនេះ ​​អាច​ប្រឈម​មុខទៅ​នឹងការ​សើររើ​ ឬក៏ការបាត់​បង់​ ​មួយផ្នែក ​ឬក៏​បាត់​បង់​ទាំង​ស្រុង។

ហេតុនេះ លោក ​ប៉ា ចន្ទរឿន យល់ថា កម្ពុជាត្រូវ​តែ​ធ្វើការ​ឆ្លើយ​តប​ដោយ​លក្ខណៈ​​បច្ចេកទេស និងការ​ទូត​​ខ្ពស់ ​ដើម្បី​កុំឱ្យ​របូត EBA ​ដែល​នៅ​សល់​ ៨០ភាគរយ បាត់បង់។

​​សម្រាប់អ្នកឃ្លាំ​មើល​សង្គមរូបនេះ ក្នុង​កាលៈ​ទេសៈ​​បច្ចុប្បន្ន ​កម្ពុជា​​ត្រូវការ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​ទាំង​ការ​នាំចេញ​​ទំនិញ​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​ និង​ទៅ​អាមេរិក​ពីព្រោះ​ទីផ្សារទាំង​២នេះ គឺ​ជាទីផ្សារ​ធំបំផុត។

លោកថា៖«ការបាត់បង់​ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ វាមិនមែន​គ្រាន់តែបាត់បង់​ឳកាស​ពីការ​អនុគ្រោះពន្ធ​ ពីការ​នាំទំនិញទៅទេ ប៉ុន្តែវាក៏ប៉ះពាល់​កិត្តិយស និងកេរ្ត៍ឈ្មោះ​របស់កម្ពុជា​ក្នុងឆាក​អន្តរជាតិ ជាពិសេស​នៅក្នុងទីផ្សារ​សហភាពអឺរ៉ុប នៅពេល​ដែលយើង​នាំទំនិញពី​កម្ពុជាទៅតិច ឬក៏ច្រើន​វានឹងប៉ះពាល់​សតិអារម្មណ៍​របស់​អតិថិជន​នៅអឺរ៉ុប ដែលគេនឹងគិតថា ទំនិញនេះ​ជាទំនិញ​ដែល​ក្នុងប្រទេសមួយ​ដែលមាន​បញ្ហាការ​រំលោភសិទ្ធិមនុស្ស និង​ការធ្វើទុក្ខ​បុកម្នេញ រឿងប្រជាធិបតេយ្យ រឿងសេរីភាព រឿង លម្ហស៊ីវិល និងបញ្ហានយោបាយ  ដូច្នេះតិច ឬក៏ច្រើន​វានឹង​ប៉ះពាល់​ទៅដល់​ទាំងការបញ្ជាទិញផ្ទាល់​ពីអតិថិជន នៅសហភាពអឺរ៉ុបផងដែរ»

​​លោក ប៉ា ចន្ទ​រឿន សង្កត់ធ្ងន់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA ជាគន្លឹះ​សំខាន់​ផងដែរ ​សម្រាប់​ការ​អភិវឌ្ឍសេដ្ឋកិច្ច​នៅកម្ពុជា ក៏ព្រោះថា អំណោយផល​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទាំង EBA របស់​សហភាពអឺរ៉ុប  ​ទាំង ​GSP របស់សហរដ្ឋអាមេរិក សម្រាប់ពលរដ្ឋកម្ពុជា ​ពីព្រោះមាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធនេះ ​ទើប​កម្ពុជា​​មាន​គីឡូ​ខ្ពស់​ទាក់​ទាញ អ្នក​វិនិយោគ​​ពីបរទេស​​ ដែល​ជាប្រភព​ចំណូល​របស់ពលរដ្ឋ។

ជាមួយគ្នា​នេះដែរ ​ នាយកប្រតិបត្តិ​អង្គការសង់ត្រាល់ លោក មឿន តុលា ក៏មើល​ឃើញ​ដែរ​​ថា កម្ពុជានៅ​តែ​ត្រូវការ​​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ​ទាំង​ EBA​ ​និង​GSP។

លោកថា ហេតុផល​ដែល​កម្ពុជា​ នៅ​តែ​ត្រូវការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​ទាំង​២នេះ ​គឺ​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​នៅ​​​មាន​ភាព​​​ទន់ខ្សោយ​ជាង​គេ ​បើ​ប្រៀប​ធៀប​ជាមួយ​​ប្រទេស​ជិត​ខាង​​ សូម្បី​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ ក៏នៅ​មាន​តម្លៃ​ខ្ពស់​ ។

ក្រៅពីនេះ លទ្ធភាពដែលកម្ពុជា​មិនអាចប្រកួតជាមួយ​ប្រទេសជិតខាងបានទៀតនោះ គឺ អំពើ​ពុក​រលួយ​ នៅ​​មាន​កម្រិតខ្ពស់ ​​ចំនួន​ប្រជាជន​​នៅ​តិច​​ ចំណែក​ឯ​​កម្មករ​​ជំនាញ​​​​ក៏នៅ​តែ​មានកម្រិត​នៅឡើយ។ លោកថា បញ្ហាទំាងអស់នេះ ប្រសិន​បើ​កម្ពុជា​​បាត់បង់ EBA ​៨០ភាគ​រយ​ទៀត ​គឺកម្ពុជា​មានហានីភ័យ​ខ្លាំង ហើយពលរដ្ឋនឹងក្លាយជាជនរងគ្រោះ ក្រោមដៃមេដឹកនាំ។

លោកថា​ ៖«ជាក់ស្ដែងប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ បើសិនជា​យើងបាត់​ ៨០ភាគរយ នឹងទៀត​យើង​អាច​មានហានិភ័យខ្លាំង តាមពិត​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA នេះ​វាមាន​លក្ខណៈ​ពិសេសជាង​ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក អាមេរិកគេផ្ដោតទៅលើមុខទំនិញ តែមួយមុខទេ គឺទំនិញ​ផលិតផល​ធ្វើដំណើរ ដោយឡែក EBA នេះ​យើងអាច​នាំចេញ​ទៅបានច្រើន​មុខជាង​ផលិតផល​ធ្វើដំណើរ បូករួមផលិតផលកសិកម្មផង ចឹងបើសិនជាយើងអាចរក្សាបាន វាជួយអោយកម្ពុជា នឹងអាចមាន​ឳកាស ក្នុងការអភិវឌ្ឍសេដ្ធកិច្ច​ខ្លួនឯងបានច្រើន»

បច្ចុប្បន្ន​​វិស័យ​​ដែល​កម្ពុជា​នាំចេញ​ធំ​ជាងគេ ​គឺសម្លៀកបំពាក់ ស្បែកជើង និងផលិត​ផល​ធ្វើ​ដំណើរហើយ​​អឺរ៉ុប ​គឺជាទីផ្សារធំទី២។ បើតាមលោក មឿន តុ លា ​ការធ្វើឱ្យបានបង់ប្រព័ន្ធអនុគ្រោះពន្ធ ​EBA​ ៨០​ភាគ​រយ​ទៀត វានឹងគំរាមកំហែងដល់ជីវិតកម្មករ ​ក្នុងវិស័យកាត់ដេរ ​ប្រមាណ​ជាង​១លាន​នាក់ ខណៈ​ដែល​កម្មករ​ម្នាក់​ បាន​ជួយ​ចិញ្ចឹម​​សមាជិកគ្រួសារ​​គាត់​ជាមធ្យម​ ៣​នាក់ ដែលវា​នឹងពង្រីក​ផលប៉ះពាល់​ ដល់​ជីវភាព​ប្រជាពល​រដ្ឋ​​រហូត​ដល់ ៣លាននាក់​ទៀត។ បញ្ហាប្រឈមទាំងនេះ ដែល លោក តុលា  ចង់ឃើញ​រដ្ឋាភិបាល បង្ហាញការ​ទទួលខុសត្រូវ ចំពោះមុខ​ប្រជាពលរដ្ឋ​ជាម្ចាស់ប្រទេស តាមរយៈ​ស្តារ​លទ្ធិប្រជាធិបតេយ្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

ចំណែក​ លោក អ៊ូ ចន្ទ​រ័ត្ន​​​ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ បច្ចុប្បន្ន​​ជាស្ថាបនិក ​ គណ​បក្ស​កែ​ទម្រង់​​កម្ពុជា ​​ក៏​មាន​​មតិ​មិន​ខុស​ពីលោក ​ប៉ា ចន្ទរឿន និងលោក ​មឿន​ តុលា​ ​ដែរ។ លោក ​ចន្ទ​រ័ត្ន ​​​​ថ្លែងថា ដើម្បីការពារ​ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ​ជាម្ចាស់ប្រទេ​​ស វាចាំ​បាច់ណាស់​ត្រូវស្តារ​ប្រជាធិបតេយ្យ ប្រកបដោយ​ការជឿទុកចិត្ត​ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ  ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ ដែលច្បាប់កំពូលនេះ បានចែងកាតព្វកិច្ចកម្ពុជា ពីការអនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស។

លោកថា​ ៖«វាជាការពិត បើសិនជា​យើង​របូតប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA នេះបន្ថែមទៀត យើង​គិតថា​វាប៉ះពាល់​ដល់សេដ្ឋកិច្ច ជាពិសេស​ប៉ះពាល់ដល់​កម្មករកម្មការនី ហើយអ្នកដែល​ទទួលផលពីនឹង ក្រុមគ្រួសារ អ្នកលក់ដូរជាដើម ដែលពាក់ព័ន្ធ​នឹងកម្មករ​ អាចនឹង​ប៉ះពាល់បន្ថែម​ទៀត យើង​ដឹង​ហើយ​ថា សហគមន៍អឺរ៉ុប យើងនាំចេញ​រាប់ពាន់លានដុល្លា ក្នុងមួយឆ្នាំៗ ហើយ​គ្រាន់តែ​ពន្ធអនុគ្រោះ​ក្នុងមួយឆ្នាំៗ​ ដែលយើង​ទទួលបាន​គឺ​ ៧០០លានដុល្លាក្នុងមួយឆ្នាំ»

នៅ​ក្នុង​សេចក្តីសម្រេច​ថ្មីកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ស្តីពីការកាន់​តែរួមតូចទៅៗ​នៃលម្ហសង្គម​ស៊ីវិលនៅកម្ពុជា ជាពិសេសករណី​អង្គការសង់ត្រាល់ (CENTRAL) សភាអឺរ៉ុប​អំពាវនាវ​ឱ្យ​គណៈកម្មការអឺរ៉ុប និងរដ្ឋសមាជិក​អឺរ៉ុប វាយតម្លៃកែប្រែ​លក្ខខណ្ឌនៃការផ្តល់ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ EBA ដល់កម្ពុជា ដោយសារតែ​រដ្ឋាភិបាល​​នៃ​ប្រទេសនេះ មិនបានផ្តល់​កិច្ច​​សហប្រតិបត្តិការ​ដោះស្រាយ និង​បង្ការ​ការរំលោភ​សិទ្ធិ​មនុស្ស​​នៅកម្ពុជា​ឡើយ។

សភាអឺរ៉ុប គូសបញ្ជាក់ថា ការធ្វើដូច្នេះ​ គឺដើម្បីបញ្ជូនសារ​ច្បាស់លាស់​មួយ​ថា ការកែលម្អ​​សិទ្ធិ​មនុស្ស និង​​ការ​គាំពារ​សេរីភាព​សង្គមស៊ីវិល គឺជាលក្ខខណ្ឌ​​ជាមុន​សម្រាប់កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិ​ជ្ជ​ក​ម្ម និងការ​វិនិយោគ។

សភា​អឺរ៉ុប​​ក៏​​អំពាវនាវ ​ឱ្យ​អាជ្ញាធរ​កម្ពុជា​​ទម្លាក់​ចោល​​រាល់​​បទចោទ​​ដែល​មាន​​ចរិត​​នយោ​បាយ​​​ប្រឆាំង​នឹង​​អង្គការ​​សង់ត្រាល់ និង​សមាជិក​​អង្គការ​នេះ អង្គការ​​សមធម៌​​កម្ពុជា និង​អង្គការ​​ចលនា​​មាតា​ធម្មជាតិ ដើម្បី​​លើក​កម្ពស់​សិទ្ធិ​ការងារ សិទ្ធិ​មនុស្ស និង​ការ​​ការពារ​បរិស្ថាន។

វីអូឌី​​មិន​ទាន់​អាច​ទាក់​ទង​លោក​ ប៉ែន ប៉ូណា​ ប្រធាន​អង្គភាព​​អ្នក​នាំពាក្យ​​រដ្ឋាភិបាល ​ដើម្បី​​ស្នើ​​សុំ​ធ្វើ​អត្ថាធិប្បាយ​​លើ​បញ្ហា​នេះបាន​ទេ។

ប៉ុន្តែកាល​ពីពេល​​ថ្មីៗ​នេះ លោកស្រី ចម និមល រដ្ឋ​មន្ត្រី​​ក្រសួង​ពាណិជ្ជ​កម្ម ​បាន​លើកឡើង​​ថា កម្ពុជា​នឹង​​ចាក​ចេញ​​ពី​ក្រុម​​ប្រទេស​​អភិវឌ្ឍន៍​​តិច​តួច​នៅ​ឆ្នាំ​២០២៩ ដែល​ការអះអាង​នេះ​ចំពេល​ដែលពលរដ្ឋ​ច្រើនលាននាក់ ​ត្រូវបានគេរកឃើញ​រួមរិត​ដោយវិបត្តិបំណុល។

រីឯជន​រងគ្រោះច្រើន​ម៉ឺននាក់ទៀត ដែលចាញ់បោក​ក្រុមឧកញ៉ា រួមទាំង​ចាញ់បោកការ​ចាប់ជំរិត និង​ល្បែង​អនឡាញ​ជាដើម កំពុងដង្ហោយ​ហៅ​រកយុត្តិធម៌ និងខ្លះបាន​ធ្វើអត្តឃាត ដោយសារ​ប្រព័ន្ធ​ច្បាប់​មិន​អាចរកយុត្តិធម៌​ឱ្យពួកគេបាន។

យ៉ាងណា ប្រភពរដ្ឋាភិបាលដដែល ហាក់ទទួលស្គាល់ពីផលប៉ះពាល់ផងដែរ ដោយថា ​ការ​ចាក​ចេញ​នេះ ​នឹង​ធ្វើ​ឱ្យកម្ពុជា ​ប្រឈម​នឹង​​ផល​ប៉ះពាល់​​អវិជ្ជ​មាន​​ជា​ច្រើន ដូចជា​ការ​បាត់​បង់​​ភាព​អនុគ្រោះ​ពន្ធ​គយ និង​ការ​​ប្រកួត​ប្រជែង​​កាន់​តែ​ខ្លាំង​​ជាង​មុន នៃ​ទំនិញ​​របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​​អន្តរ​ជាតិ​។ ​​ការ​លើកឡើង​​របស់​​រដ្ឋមន្ត្រីពាណិជ្ជ​កម្ម​នេះ ​នៅ​មិន​ទាន់​​សំដៅ​​ដល់​ការបាត់បង់​ EBA​ ផងទេ។

ទាក់​ទង​​នឹង​ការ​​ជំរុញ​របស់​សភាអឺរ៉ុប ឱ្យកម្ពុជា​​ដោះលែង​អ្នក​​ទោស​នយោបាយ​​ អ្នក​នាំពាក្យ​រដ្ឋសភា​កម្ពុជា ​កាលពីថ្ងៃទី​២៩ ​ខែ​វិច្ឆិកា ឆ្នាំ២០២៤​ បាន​ចេញ​សេចក្តី​ថ្លែងការ​ណ៍​មួយថា​​ នៅ​​​កម្ពុជា​​ពុំទាន់​​មាន​អ្នក​ទោស​នយោបាយទេ ហើយអះអាងថា ​លម្ហ​​នយោបាយ ​និង​សង្គម​​ស៊ីវិ​ល ​គឺមាន​​លក្ខណៈ​បើក​​ចំហរ​ពុំ​មាន​ការ​រិត​ដ្បិត​នោះដែរ បើទោះបីថ្មីៗកិច្ចប្រជុំមួយនៅទីក្រុងហ្ស៊ឺណែវ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាតិ អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជាលោក វីទិត្យ មុនតាប៊ន បាននិយាយចំៗ​ថា ប្រព័ន្ធ​តុលាការ​ត្រូវបានគេប្រើជាឧបករណ៍ ដែលជំរុញឱ្យការផ្ទេរអំណាច នៅកម្ពុជានាឆ្នាំ២០២៣ ធ្វើឡើងតាមបែបលក្ខខណៈ គ្រួសារប្រាសចាកពីគន្លងប្រជាធិបតេយ្យក្តី ។​

ដោយឡែកពីនេះ ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​ លីកាដូបាន​កត់ត្រា​ថា គិត​មក​ដល់​ត្រឹម​ថ្ងៃទី​៣​ ខែធ្នូ​ ឆ្នាំ២០២៤នេះ ​មាន​អ្នក​នយោបាយ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ សកម្មជន​ដី​ធ្លី​ សហជីព​ អ្នក​សារ​ព័ត៌មាន​ និង​អ្នកប្រើ​​ប្រាស់​បណ្តាញ​សង្គមសរុប​ចំនួន​៧៦នាក់កំពុងជាប់ឃុំ។

ក្នុង​នោះ​ក៏មាន​ លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​ផងដែរ​ ​ក្រោម​ការ​​ចោទ​ប្រកាន់​ពី​ប្រព័ន្ធ​តុលាការ ​ចោទពី​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ​មួយ​ចំនួន​ ដោយសារ​តែ​​ភាព​សកម្ម​និយម ​ឬ​ការ​បញ្ចេញ​មតិ​របស់​អ្នក​ទាំង​នោះ​។

លីកាដូ​ រួម​ជា​មួយ​​អង្គការ​​សង្គម​ស៊ីវិល​​មួយ​ចំនួន​ ​អំពាវនាវ​ឱ្យ​មាន​​ការ​ដោះ​លែង​​អ្នក​ទាំង​នោះ​​ជា​បន្ទាន់​ និង​លើក​ចោល​បទ​​ចោទប្រកាន់​ លើអ្នក​ទាំង​នោះ​ ក៏​ដូច​ជា​អនុញ្ញាត​ឱ្យ​ពួកគេ​បន្ត​​ភាព​សកម្ម​និយម​ ដើម្បី​​​ចូល​រួម​​ចំណែក​អភិវឌ្ឍ​​​កម្ពុជា​ឱ្យកាន់​តែ​ប្រសើរ​។

យោង​តាម​ការ​ស្រាវ​ជ្រាវ​​នានា ចាប់​តាំង​​ពី​សហភាព​អឺរ៉ុប​​ផ្តល់​​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ដល់​កម្ពុជា​​ចាប់​តាំង​​ពី​ឆ្នាំ២០០១ មក​គេសង្កេត​ឃើញវិស័យកាត់​ដេរ វិស័យកសិកម្ម និង​វិស័យ​ឧស្សាហកម្ម​មាន​ភាពរីក​ចម្រើន​ខ្លាំង ដែលធ្វើឱ្យសេដ្ឋកិច្ច​​កម្ពុជា ​បានបោះ​​ជំហាន​​យ៉ាងលឿន​ទៅមុខ​​ជាមួយនឹង​​កំណើនសេដ្ឋកិច្ច ៧ភាគរយ ជារៀងរាល់​ឆ្នាំ។

ក្នុងឆ្នាំ​២០១៩ សហភាពអឺរ៉ុប​​បានក្លាយ​ជា​​ដៃគូពាណិជ្ជកម្មដ៏ធំជាងគេ​​របស់​កម្ពុជា ពោលគឺ​ទំហំពាណិជ្ជកម្មរ​វាងកម្ពុជា និងសហ​គមន៍អឺរ៉ុបមាន​ប្រមាណ​ជា​ជិត ៦ពាន់លានដុលា្លរ (៥,៨ពាន់លានដុល្លារ)។

មិនត្រឹមតែប៉ុណ្ណោះ ការនាំចេញរបស់​កម្ពុជាជាង ៩៨% ​ទៅអឺរ៉ុប គឺស្ថិតក្រោម​ប្រព័ន្ធ​អនុ​គ្រោះ​​ពន្ធ EBA ទាំងអស់។ ប៉ុន្តែសេដ្ឋកិច្ច​​កម្ពុជា​​​មាន​ការ​ធ្លាក់​ចុះ​​វិញ​ ចាប់​តាំង​ពី​ក្រោយគណៈកម្មការ​អឺរ៉ុប​បាន​ចេញ​សេចក្តីសម្រេ​ច​​កាត់​ប្រព័ន្ធអនុគ្រោះពន្ធ ២០% ​ចេញ​ពីកម្ពុជា​​នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

ការកាត់ផ្នែក​ខ្លះនាពេល​​នោះ គឺក្រោម​​មូលហេតុនៃ​ការដើរ​ថយ​ក្រោយ​យ៉ាងខ្លាំង ​នៃបញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​​ចាប់​តាំង​ពីមាន​ការ​​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​​ប្រជាពលរដ្ឋ​​គាំទ្រ​​ជិត​កន្លះប្រទេស​ ដែលសហ​ភាព​អឺរ៉ុបចាត់ទុកថា​ កំពុងបំពានយ៉ាង​ដំណំ​ លើអនុ​សញ្ញារ​បស់​អង្គការ​សហប្រជាជាតិ និងអង្គការ​ពលកម្ម​អន្តរជាតិ​ស្តីពី​សិទ្ធិ​​មនុស្ស និង​សិទ្ធិការងារ។

សម្រាប់​លោកមឿន តុលា រឿងធំមួយ​ទៀតនៅឆ្នាំ២០២៩​​ ដោយ​សារ​កម្ពុជា​នឹង​ចេញ​ពី​ប្រទេស​ដែល​​មានចំណូលទាប​បំផុត ក្លាយ​ទៅ​ជាប្រទេស​​ដែល​មាន​​ចំណូល​មធ្យម​​កម្រិត​​ខ្ពស់ ក្នុង​ឆ្នាំ២០៥០ ​​កម្ពុជា​ក៏នឹង​​បាត់​បង់​នូវ​ឋានៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ​នេះហើយ។

ប៉ុន្តែលោកថា នៅអឺរ៉ុប​គេ​មាន​ប្រព័ន្ធ​អនុគ្រោះពន្ធ​មួយ​ប្រភេទ​ទៀត ​ដែល​គេអាច​​ឱ្យដល់​​បណ្តា​ប្រទេស​ដែល​មាន​​ចំណូល​​មធ្យម​​កម្រិត​ទាប ​ឬក៏​ចំណូល​​មធ្យម​កម្រិត​​ខ្ពស់គឺប្រព័ន្ធ ​GSP-PLUS។

លោកថា ប្រសិន​បើកម្ពុជា​​បណ្តោយ​ឱ្យបាត់​ EBA ​នៅពេល​នេះ ទៅ​មុខ​ទៀត​​កម្ពុជា​ពិបាក​នឹងទទួលបាន GSP-PLUS។

ចំណែក​​រឿង​ការ​ដាក់ទណ្ឌកម្ម​ទៅលើ​មន្ត្រី​មួយៗ ​ដែល​ពាក់ព័ន្ធ​​នឹងការ​​ធ្វើឱ្យលម្ហប្រជាធិបតេយ្យ​ លម្ហសិទ្ធិមនុស្ស លម្ហសិទ្ធិការ​ងារ​ធ្លាក់​ចុះ នាយក​ប្រតិបត្តិ​​អង្គការ​សង់ត្រាល់ លើកឡើង​ថា ប្រសិន​បើកម្ពុជា​មិនព្រម​​ដោះ​ស្រាយ នោះ​សហភាពអឺរ៉ុប​​នឹង​អាច​ធ្វើដូចសហរដ្ឋអាមេរិក​​ ​ដែល​ទោះ​ចង់​មិនចង់​គឺ​នឹង​​ធ្វើឱ្យ​ប៉ះពាល់​​ដល់​​រដ្ឋាភិបាលច្រើន ​ប៉ុន្តែមិន​ប៉ះពាល់​ទៅ​ដល់​ប្រជាពលរដ្ឋ​ទេ។

បើតាមសេចក្តី​ថ្លែង​ការណ៍នានា បង្ហាញថា វិធានការ​ដកប្រព័ន្ធអនុគ្រោះពន្ធ និង​វិធានការ​កាត់ផ្តាច់ជំ​នួយ​​នានា ពីប្លុកលោកសេរី គឺជា​វិ​ធានការ​ឆ្លើយតប ទៅនឹងមេដឹក​នាំ​គ្រួសារហ៊ុន ដែល​មិន​អើពើ​ស្តារ​ប្រជាធិបតេយ្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ បញ្ហាទាំងអស់នេះ​ត្រូវបានគេមើលឃើញថា ផលប៉ះពាល់​ដល់ពលរេដ្ឋច្រើន​ លាននាក់ ពីវិធាន​ឆ្លើយ​តប​នឹងការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជានេះ ជាការទទួល​ខុសត្រូវ​របស់គ្រួសារ​ហ៊ុន ដែលបាន​ប្រើប្រព័​ន្ធ​ច្បា​ប់ និងរដ្ឋធម្មនុញ្ញ ធ្វើជាឧបករណ៍ ដើម្បីសម្រេចមហិច្ឆតាក្តោបអំណាច តវង្សត្រកូល មិនបាន​តម្ក​ល់​​ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាម្ចាស់ឆ្នោតជាធំ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ