បញ្ហាគ្រឿងញៀន នៅតែជាវិញ្ញាសារ​ចាស់ ដែលរដ្ឋាភិបាល​កម្ពុជា​​នៅ​​​មិនទាន់​អាចទប់​ស្កាត់​បាន

បញ្ហាគ្រឿងញៀន​ នៅតែជាវិញ្ញាសារចាស់​មួយ ​​ដែលរដ្ឋាភិបាល​កម្ពុជា នៅ​​​មិន​ទាន់​​អាច​ទប់​ស្កាត់​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​​​នៅ​ឡើយ​​ទេ បើទោះ​បី​ជា​​រដ្ឋាភិបាល​​បាន​អះអាង​ថា​ខ្លួន​ខំ​ប្រឹងប្រែង​អស់រយៈពេល​ជាច្រើន​ឆ្នាំមក​ហើយក្ដី។ ចាប់តាំង​ពីអាណត្តិ​មុនៗ​មកដល់​អាណត្តិ​ថ្មីនេះ ការ​បង្ក្រាប​ករណី​គ្រឿងញៀន​ ដែលមាន​ចំនួន​ច្រើន និងមាន​ឧក្រិដ្ឋជន​ជាជន​បរទេស នៅ​តែបន្ត​​មាន​ជាហូរហែ ខណៈ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​លក្ខណៈ​តូចៗ​ នៅ​ក្នុង​សហគមន៍ ក៏​មានការ​​រកឃើញ​ស្ទើរ​មិនលស់​ថ្ងៃ។ ជាក់​ស្តែង កាល​ពីពេល​កន្លងទៅ កង​រាជអាវុធ​ហត្ថ​រាជធានីភ្នំពេញ បាន​បង្ហាញ​ពីការ​​ចុះ​បង្ក្រាប​​ករណី​ជួញ​ដូរ​គ្រឿង​​ញៀន​​មួយ​កន្លែង ដោយ​ចាប់បាន​ជនសង្ស័យជា​ជនជាតិចិន ៤នាក់ និង​រឹបអូស​គ្រឿង​ញៀន​​បាន​ជាង ១០០​គីឡូក្រាម។ នេះ​​​បើ​​តាម​​ព័ត៌មាន​ដែល​បង្ហោះ​លើទំព័រហ្វេសប៊ុក​របស់លោក រ័ត្ន ស្រ៊ាង មេ​បញ្ជាការ​រង​​កងរាជ​អាវុធ​ហត្ថ​​លើផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ កាល​ពី​ខែតុលា ឆ្នាំ២០២៤នេះ។

នៅអំឡុង​ខែតុលា​ដដែលនេះ​ដែរ ក៏មា​ន​ករណី​បង្ហោះ និងចែកចាយ​វីដេអូឃ្លីប​ចំនួន ២ នៅ​លើ​បណ្តាញ​សង្គម ដែល​វីដេអូ​ទាំង​នោះ បាន​​បង្ហាញ​​ពីសកម្មភាព​ផឹកស៊ី រាំលេង និងការ​ប្រើប្រាស់​គ្រឿងញៀន ​របស់​ជន​ជាតិ​ចិន ​និងខ្មែរ​​មួយចំនួន​ដែលជាប់​ឃុំ ខណៈ​ប្រភព​អះអាងថា​កើត​ឡើង​នៅមណ្ឌល​អប់រំកែប្រែទី១។ តែ​យ៉ាង​ណា មក​​ដល់​ពេល​នេះ ក្រសួងមហាផ្ទៃ នៅមិនទាន់បញ្ជាក់ពីលទ្ធផល​នៃ​ការ​ស៊ើប​​អង្កេត​​លើរឿងនេះ​ជាសាធារណៈ​នៅឡើយ ក្រៅតែពីប្រកាស​ប្តូរក្បាល​ម៉ាស៊ីន​ដឹកនាំ​​នៅ​ពន្ធនាគារ​ម១​នេះ។​

កាលពី​ដើម​ឆ្នាំ​២០២៤ សមត្ថកិច្ច និងកងរាជអាវុធហត្ថ ក៏​បាន​បង្រ្កាប​បទលើ្មស​គ្រឿងញៀន​ករណី​ធំៗ ចំនួន២​​ ដែលរឹប​អូស​គ្រឿងញៀន​បាន​ជា​ង ​២តោន នៅ​ខេត្ត​ព្រះវិហារ និង​​ខេត្ត​​ព្រះសីហនុ ក្នុងនោះ​​មាន​មួយ​ករណី ដែលមានជនល្មើស​ជាជនជាតិចិន។

លោក មាស វិរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ធ្លាប់​​ប្រាប់​​វិទ្យុ​បារាំង​​អន្តរជាតិ​​ថា រយៈពេល ៦ខែ ក្នុងឆ្នាំ២០២៤ អាជ្ញាធរកម្ពុជា រឹបអូស​​បាន​គ្រឿង​​ញៀន​​​ជាង ៥តោន និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ជាង ១ម៉ឺននាក់។ ប្រភពដដែល​បន្ត​ថា លំហូរ​កើន​​ឡើង​​នៃ​គ្រឿង​ញៀន ហូរ​ចូល​មក​កម្ពុជាកាន់តែច្រើន ក៏ដោយសារតែ​មានការ​​ប្រែប្រួល​ នៅក្នុង​ការ​​ផលិ​ត​​​គ្រឿងញៀន​​សំយោគ ​ទូទាំង​ពិភព​លោក ជាពិសេស​ការ​កើនឡើង​នៃការផលិត​គ្រឿងញៀន​ នៅតំបន់​ត្រីកោណ​មាស ដែល​​វា​​កំពុង​បង្ក​ជា​ក្តីបារម្ភ និងភាពភ័យ​ខ្លាច​ដល់​សង្គម​ជាតិ​កម្ពុជា។

ក្នុងពិធីបិទ​សន្និបាត​ បូក​សរុប​ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ២០២៣ លើក​ទិស​ដៅ​ ឆ្នាំ២០២៤ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោ​កនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើកឡើង​ថាទោះ​បីជា​ប្រទេស​​កម្ពុជា ក៏ដូចជា​បណ្តាប្រទេសនានា​ក្នុង​តំបន់ បាន​​បន្ត​​ខិត​​ខំ​ប្រឹង​ប្រែង​​យ៉ាងណាក្តី​ ក៏​ស្ថានភាព​គ្រឿងញៀន ទាំង​​ក្នុង​​ក្របខ័ណ្ឌ​អន្តរជាតិ និងតំបន់ រួម​ទាំង​កម្ពុជាផង នៅតែ​មាន​ការ​កើនឡើង និង​មានកា​រវិវត្ត​ប្រែប្រួល​ក្នុង​រូបភាព​ស្មុគ​ស្មាញ ដោយ​បង្កជាគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភ។

លោកបន្ថែមថា នៅក្នុង​ ឆ្នាំ២០២៣ និងដើម ឆ្នាំ២០២៤នេះ កម្ពុជា​នៅតែ​បន្ត​រង​ប៉ះពាល់​ពី​គ្រឿងញៀន​ខុស​ច្បាប់ ក្រោម​រូបភាព​ផ្សេងៗ ដូចជា ការ​ធ្វើចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ទាំង​តាម​ផ្លូវគោក, ផ្លូវ​ទឹក, ផ្លូវអាកាស និងតាមបញ្ញើប្រៃ​សណីយ៍។ ជាមួយ​គ្នានេះ ករណីរក្សាទុក កែច្នៃ​ផលិត និងជួញ​ដូរ​​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​ក៏​កើត​មាន និង​បន្ត​កើន​ឡើង​ជាហូរហែ។

លោក ហ៊ុន ម៉ាណែត ហាក់​ដាក់បន្ទុក​នៃ​កំណើន​គ្រឿងញៀន​នៅ​កម្ពុជា​ថា បណ្តាល​មក​ពី​ភាព​ប៉ិន​ប្រសប់ និង​វៃ​ឆ្លាត​របស់​ក្រុម​ឧក្រិដ្ឋជន។ ក្នុងនោះលោក​ថា ក្រុមឧក្រិដ្ឋជន​បាន​ផ្លាស់ប្តូរ​រូបភាព កលល្បិច និង​​វិធីសាស្រ្ត​ថ្មី​ៗ ក្នុងការលួច​លាក់ ការ​កែ​​ច្នៃ​​ផ​លិត​គ្រឿងញៀន ដែលធ្វើឱ្យ​បរិមាណ​គ្រឿងញៀន​គ្រប់ប្រភេទ​ដែលសមត្ថកិច្ច​បង្រ្កាប​បាន មាន​ការ​កើន​ឡើង​​ខ្លាំង​​ ពី​មួយឆ្នាំទៅមួយឆ្នាំ។

ដើម្បី​​ឆ្លើយតប​​ទៅនឹងបញ្ហានេះ រដ្ឋាភិបាលនី​តិកាលទី៧ ដែល​ដឹក​នាំដោយ​លោក ហ៊ុន ម៉ាណែត បាន​ដាក់​​ចេញ​​​នូវ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជា​ទិសដៅ​អាទិភាព​ និង​ការកែ​ទម្រង់​រចនាសម្ព័ន្ធ​ដឹកនាំ​របស់អាជ្ញាធរ​​ជាតិ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន។

តែយ៉ាងណា អ្នកឃ្លាំមើល​យល់ឃើញ​​ថា ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន ដែល​កំពុង​រីក​រាល​ដាល​នៅ​កម្ពុជា​​បាន​ លុះ​​ត្រា​តែ​​​រដ្ឋាភិបាល​​​ដាក់​​ចេញ​នូវ​វិធានការ​ម៉ឹងម៉ាត់ លុបបំបាត់​អំពើ​ពុករលួយ និង​ស្វែងរក​ខ្នង​​បង្អែក​​របស់​​​អ្នក​ជួញ​ដូរ​​គ្រឿង​ញៀន​ទាំង​នោះ។

អ្នក​​សិក្សាផ្នែក​​ច្បាប់ និង​អភិបាលកិច្ច​​បែប​​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត ធ្លាប់ប្រាប់​​វិទ្យុ​អាស៊ីសេរី​កាលពីខែ​តុលា ឆ្នាំ២០២៤ នេះថា បញ្ហា​គ្រឿងញៀន​​នៅ​កម្ពុជា​​បច្ចុប្បន្ន បាន​​សាយភាយ​​ពី​ទីក្រុង​រហូត​ដល់​​ជនបទ រួម​ទាំង​​វត្តអារាម និង​​ពន្ធនាគារ​​ជាដើម។ លោក​បារម្ភ​ថា ជនល្មើស​នឹង​ប្រើប្រាស់​ទឹកដី​កម្ពុជា ជា​​កន្លែង​​ប្រព្រឹត្ត​បទល្មើស ដោយសារ​តែ​បញ្ហា​អំពើ​ពុករលួយ និង​អំពើ​និទ្ទណ្ឌភាព។

លោក វ៉ន ចាន់ឡូត បន្តថា រដ្ឋ​ដែល​ទន់ខ្សោយ និង​ពោរពេញ​ដោយ​អំពើពុក​រលួយ​ដូច​​កម្ពុជា គឺ​អំណោយ​ផល​ខ្លាំង​​ណាស់​​ទៅ​ដល់​ឧក្រិដ្ឋជន ​ក្នុង​ការ​​ប្រើប្រាស់​​ទឹកដី​កម្ពុជា ក៏​ដូច​ជា​​ប្រើប្រាស់​​នូវ​ការ​​សូកប៉ាន់​ទៅ​កាន់​អ្នក​មាន​​អំណាច​​ដើម្បី​ជួយ​​ការពារ​​នូវ​ទង្វើ​ឧក្រិដ្ឋ ឬក៏​បង្កើត​​ឲ្យ​មាន​​នូវ​អំពើ​និទ្ទណ្ឌភាព។

អ្នក​សិក្សាផ្នែកច្បាប់រូបនេះ លើកឡើងទៀត​​ថា លុះត្រា​តែ​រដ្ឋាភិបាល មាន​ឆន្ទៈ​ក្នុង​ការ​​លុបបំបាត់​​បទល្មើស​គ្រឿ​ង​ញៀន និង​​អំពើ​​ពុករលួយ ព្រមទាំង​​ផ្ដន្ទាទោស​មេខ្លោង​​នៅ​ពីក្រោយ​គ្រឿងញៀន ទើប​អាច​​ដោះស្រាយ​​បញ្ហា​គ្រឿង​ញៀន ប្រកប​ដោយ​ប្រសិទ្ធភាព។

ស្រដៀង​គ្នានេះ លោកបណ្ឌិត សេក សុជាតិ​ អ្នកប្រឹក្សា​យោបល់​ផ្នែកអភិវឌ្ឍន៍ផ្នត់​​គំនិត និង​ការ​ស្រាវ​ជ្រាវ មើល​ឃើញថា បញ្ហា​គ្រឿងញៀន​នៅកម្ពុជា នៅតែជា​បញ្ហាប្រឈម​ធំ ហើយ​មិនទាន់​មាន​ដំណោះ​ស្រាយ​​ច្បាស់លាស់ណាមួយ ដែល​​​អាច​ធ្វើឱ្យប្រជាពលរដ្ឋ​មានជំនឿ និង​មាន​ទំនុកចិត្ត​លើ​ការអនុវត្ត​វិធានការ ​ឬគោល​នយោបាយ​របស់រដ្ឋាភិបាលនៅឡើយទេ។

លោកយល់ថា បញ្ហាអំពើ​ពុករលួយ​ជាលក្ខណៈប្រព័ន្ធ ទំនង​ជា​ចំណុចរសើប ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការ​​អនុវត្តច្បាប់របស់មន្ត្រីថ្នាក់ក្រោមទៅលើបញ្ហាគ្រឿងញៀន។

លោកបន្តថា៖ «ទិដ្ឋភាព​នេះ យើងនៅតែ​ដាក់ការសង្ស័យ​លើបញ្ហា​អំពើពុករលួយ​ជាលក្ខណៈប្រព័ន្ធ ដែល​ជាចំណុច​រសើប ដែល​ធ្វើឱ្យ​ប៉ះពាល់ដល់​ការអនុវត្ត​ច្បាប់​របស់មន្ត្រី​ថ្នាក់ក្រោម ដូច្នេះ​ការ​អនុវត្ត​ច្បាប់​ពីកងកម្លាំង​ក្នុងការ​បោស​​សំអាតឱ្យអស់ យើង​មិន​អាច​ធ្វើពីក្រោម​ទៅលើ​ទេ ហើយចំណុចដែលសំខាន់​រដ្ឋាភិបាល ត្រូវ​ពិចារណា​​​ដោយ​ដាក់ចេញ​នូវ​គោលនយោបាយ​តឹងរឹង​មួយ​ចំនួន ចំពោះ​មន្ត្រីថ្នាក់ដឹកនាំ​ជាន់ខ្ពស់ បើសិនជា​ក្នុង​ករណី​មាន​ការ​លេច​ធ្លាយណាមួយ ត្រូវតែ​ធ្វើ​ការ​បើក​ការស៊ើប​អង្កេត​ភ្លាមៗ ដោយ​មិនមាន​ការ​​រើសអើង​​បក្ខ​ពួក ឬមិនខ្វល់​ជាមួយ​អំពើពុករលួយ»

បើតាមលោក សេក សុជាតិ ​គោលដៅ​សំខាន់​នៃការ​ទប់ស្កាត់​បញ្ហាគ្រឿង​ញៀន​​ គឺ​ការ​​អនុវត្ត​វិធានការ​តឹងរឹង​ចំពោះ​មន្ត្រីគ្រប់ឋានុក្រម​ទាំងអស់ ហើយ​ចំពោះមន្ត្រី​ដែល​ពាក់ព័ន្ធ​ត្រូវតែ​បើក​ចំហរ នៅក្នុងការ​ស៊ើប​អង្កេតដោយ​​ឯករាជ្យ ដើម្បីធានាថា អ្នកទាំងអស់នោះ​​ត្រូវតែ​ទទួលទោស​​ទៅតាម​ផ្លូវច្បាប់ ដោយ​គ្មាន​ការ​​យោគយល់ គ្មាន​ការ​លើកលែង ឬ​ក៏​គ្មាន​អន្តរាគមន៍​ណា​មួយ​ពី​ថ្នាក់​ដឹកនាំ ​ដើម្បីបោសសំអាត​ឱ្យ​អស់​នូវបញ្ហា​គ្រឿង​​ញៀន និង​ធានា​បាន​​ថា​សង្គម​មួយនេះ​​មានសន្តិសុខ​ល្អ និង​មិន​ប្រឡូក​ប្រឡាក់​ជាមួយ​នឹងការ​​ស៊ុម​ក្រឡុម​រវាង​មន្ត្រី និងជន​ល្មើស​។

លោក​ សេក សុជាតិ បន្តទៀតថា នៅពេលដែលមាន​ករណីបទ​ឧក្រិដ្ឋ​គ្រឿងញៀន​ធំៗ​​កើត​​ឡើង​ជា​បន្តបន្ទាប់​បែប​នេះ អ្វី​ដែល​លោក​ព្រួយ​បារម្ភ​ជាងគេ​នោះ គឺរឿង​​សន្តិសុខ​ជាតិ និង​​ផល​ប៉ះ​ពាល់​ទៅ​លើ​សេដ្ឋ​កិច្ច។

លោក​ថា៖ «ទាក់​ទង​សន្តិ​សុខ​ជាតិ ជារឿងសំខាន់ ហើយ​ផលប៉ះពាល់​ជាអវិជ្ជមាន ដែល​ចេញ​ពីក្រុម​ឧក្រិដ្ឋ​ហ្នឹង ដែល​គាត់អាច​ប្រើប្រាស់​ឥទ្ធិពល​​ផ្នែក​​ទឹកប្រាក់ ស៊ីសំណូក​សូកប៉ាន់ ហើយនិងឥទ្ធិពលនយោ​បាយ នៅក្នុងការ​​ជ្រៀត​​ចូលកិច្ចការ​​សាធារណៈ​របស់​យើង អីចឹង​រឿង​សន្តិសុខ​ជាតិ ជារឿង​សំខាន់។ ទី២​ គឺផល​ប៉ះពាល់​ជា​អវិជ្ជមាន​​ទៅលើ​សេដ្ឋកិច្ច ទៅលើ​ការ​​ទាក់ទាញ​ការ​វិនិយោគ ជា​ពិសេស​យើង​ឃើញ​កន្លង​មក​ហើយ​ គឺ​ទេសចរ​ចិន ឥលូវ​ហ្នឹង​​​កូរ៉េ ជប៉ុន ហើយ​និងអឺរ៉ុប​ហ្នឹង គេ​ខ្លាចរអា​ក្នុង​ការ​មក​កម្ពុជា ដូច្នេះ​​ទោះ​បីជា​យើង​គិតថា​រឿងហ្នឹង​ជារឿង​ ខ្ញុំឃើញរដ្ឋាភិបាលចាត់ទុករឿង​ហ្នឹង​ជារឿងបំប៉ោង ប៉ុន្តែ​​ជាការ​​ចាំបាច់​ណាស់​ ដែល​យើង​ត្រូវ​ធ្វើការ​សិក្សា​​​ស្រាវជ្រាវ រកឬសគល់​នៃបញ្ហា យើង​​ដោះ​ស្រាយ បើ​មិន​ចឹង​ទេ យើង​មិនអាច​ទប់ស្កាត់​ការ​​ចេញ​ផ្សាយ​សារព័ត៌មាន​​បរទេស​​បាន​ទេ ទាល់តែ​យើង​ដោះបញ្ហា​ហ្នឹង​​ជាយុទ្ធ​សាស្ត្រ ជា​ប្រព័ន្ធ​តែម្តង»

សម្រាប់ លោក សេក សុជាតិ បញ្ហាគ្រឿង​ញៀននេះ ជាឧសគ្គ​ដ៏​ធំមួយដល់​ការ​អភិវឌ្ឍជាតិ​ ជាពិសេស​គឺ​ផល​ប៉ះពាល់​ជា​​អវិជ្ជមាន​​ទៅលើ​សន្តិសុខសង្គម និង​សន្តិសុខជាតិ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​របស់​យុវជន ដែល​​ធ្វើ​​ឱ្យពួកគាត់​​បោះបង់ការ​សិក្សា និង​​ធ្វើ​ឱ្យបញ្ញាចុះ​​ខ្សោយ បើ​ពួកគេ​​​ជោគជាំ​ដោយការ​​ប្រើ​ប្រាស់​គ្រឿងញៀន។

អង្គការ​សហប្រជាជាតិ រក​ឃើញ​ថា ក្នុង​ឆ្នាំ​២០២៣ ប្រភេទ​គ្រឿង​ញៀន​​ដែល​​ត្រូវ​​គេ​ជួញដូរ និង​ប្រើប្រាស់​ច្រើន​​ជាង​​គេ​​នៅ​​កម្ពុជា រួមមាន មេតំ​ហ្វេតាមីន ឬ ម៉ាទឹកកក (Crystal Methamphetamine) អ៊ឹចស្តាស៊ី (Ecstasy) កូកា​អ៊ីន (Cocaine) និងអាភៀន (Heroin)៕

ដោយ៖ ក្រុមការងារវីអូឌី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ