ប្រធានគណបក្សដើម្បីកម្ពុជា បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តព្រៃវែង ដោយប្តឹងមន្រ្តី ១០រូបរបស់ខេត្តនេះ ក្នុងអំពើទុច្ចរិត ហើយទាមទារឱ្យតុលាការផ្តន្ទាទោស អ្នកទាំងនោះដាក់ពន្ធនាគារ និងទាមទារសំណងជំងឺចិត្តចំនួន ២០ម៉ឺនដុល្លារអាមេរិក។
លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា ឱ្យដឹងនៅថ្ងៃទី៣ ខែធ្នូ នេះថាលោកបានរៀបចំពាក្យបណ្តឹងប្រឆាំងមន្រ្តីរបស់ខេត្តព្រៃវែង ហើយបណ្តឹងនេះក៏បានរុញទៅដល់តុលាការរួចហើយដែរ ចាប់ពីតាំងពីចុងខែវិច្ឆិកា មកម៉្លេះ។ លោកបន្តថា នៅក្នុងសំណុំរឿងនេះ លោកបានប្តឹងដោយចោទប្រកាន់ពួកគេពីបទ «កេងយកផលប្រយោជន៍ដោយខុសច្បាប់ និងឆបោក» តាមបញ្ញត្តិ មាត្រា ៣៧៧ មាត្រា ៣៧៧៨ និងបញ្ញត្តិមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។
លោកបន្តថា ក្រៅពីសំណុំរឿងដែលបានដាក់រួចហើយ ក្នុងនាមជាដើមបណ្តឹងលោកបានដាក់ពាក្យបណ្តឹងថ្មីបន្ថែមទៀត ប្រឆាំងមន្រ្តីទាំង ១០នាក់នោះ។
ក្នុងន័យនេះ លោកមានសុទិដ្ឋិនិយមថា តុលាការនឹងស្វែងរកយុត្តិធម៌ ដើម្បីប្រាកដថានីតិវិធីដែលលោកបានបំពេញរួចហើយនេះ នឹងបានជាប្រយោជន៍ក្នុងនាមដើមបណ្តឹង តាមផ្លូវតុលាការ។
ទាក់ទិនអង្គហេតុនេះ នៅក្នុងបណ្តឹងរបស់លោក ឯម សុខសុវណ្ណ បង្ហាញថា នៅឆ្នាំ២០២៣ លោកត្រូវជាប់ពន្ធលើមធ្យោបាយធ្វើដំណើរមិនទាន់បានទូទាត់ ប៉ុន្តែនៅក្នុងឆ្នាំដដែលនេះ លោកបានទូទាត់ពន្ធទាំងចាស់ និងថ្មីរួចរាល់ហើយ ដែលមានចំនួនសរុប ១លាន ៦០ម៉ឺនរៀល។
ប៉ុន្តែក្នុងពេលដែលលោកបង់ពន្ធរថយន្ត ឬបង់ពន្ធលើមធ្យោបាយធ្វើដំណើរ សម្រាប់ឆ្នាំ២០២៤ ស្រាប់តែឈ្មោះរបស់លោកត្រូវនៅជាប់ពន្ធឆ្នាំចាស់មិនទាន់ទូទាត់អស់នៅឡើយ ដែលមានចំនួនសរុបទាំង២ឆ្នាំ ២លាន ៤០ម៉ឺនរៀលទៅវិញ។
តាមរយៈសាររៀបរាប់នៅលើបណ្តាញសង្គម ហ្វេសប៊ុក ប្រធានគណបក្សនយោបាយ ដែលទើបង្កើតឡើងថ្មោងថ្មីរូបនេះ បញ្ជាក់ថា ដោយមិនអស់ចិត្តចំពោះកាតព្វកិច្ចនៅជាប់ពន្ធ លើមធ្យោបាយធ្វើដំណើរផ្លូវគោក ទៀតនេះ ខ្លួនបានហៅទូរស័ព្ទទៅអគ្គនាយកដ្ឋានពន្ធដារ តាមរយៈលេខ ១២៧៧ ហើយត្រូវបានបញ្ជាក់ត្រឡប់មកវិញថា ឈ្មោះរបស់លោកពិតជានៅជាប់ពន្ធឆ្នាំចាស់ ដែលមិនទាន់បានទូទាត់ពិតប្រាកដមែន។
នៅក្នុងបណ្តឹងដែលប្រធានគណបក្សដើម្បីកម្ពុជា ដាក់ប្តឹងទៅស្ថាប័នអយ្យការ អមតុលាការខេត្តព្រៃវែង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ជុំវិញបណ្តឹងនោះ មន្រ្តីចំនួន ១០នាក់ ដែលជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ រួមមានលោក សេក វណ្ណា ប្រធានសាខាពន្ធដារខេត្ត លោក ឃឹម ហៀង ប្រធានការិយាល័យពន្ធដារស្រុកពាមរក៍ លោក ទីន ភារម្យ មន្រ្តីសាលាខេត្ត ឯម សុភាព ប្រធានការិយាល័យពន្ធដារស្រុកមេសាង លោក ខុន កុសល ប្រធានការិយាល័យពន្ធដារស្រុកព្រះស្តេច លោក កែវ ស៊ីយឿន ប្រធានការិយាល័យពន្ធដារស្រុកបាភ្នំ លោក នាថ តារា និងលោក រ៉ី ភារុន ជាមន្រ្តីការិយាល័យពន្ធដារស្រុកពាមរក៏ លោកវរសេនីយ៍ទោ ច្រឹក ហ៊ល នាយករងផ្នែក នៃការិយាល័យចរាចរណ៍ផ្លូវគោក និងអនុសេនីឯក លោក ហំ ចំរើន នាយការិយាល័យគីមីសាស្រ្ត ខេត្តព្រៃវែង។
បើតាមលោក ឯម សុខសុវណ្ណ នៅថ្ងៃលោកដាក់បណ្តឹងចូលទៅតុលាការ ពេលព្រឹក ស្រាប់តែពេលល្ងាចក្នុងថ្ងៃដដែល លោកបានផ្ទៀងផ្ទាត់មើលឡើងវិញ នៅលើគេហទំព័រ អគ្គនាយកដ្ឋានពន្ធដារខេត្ត ក៏ស្រាប់តែឃើញចំនួនទឹកលុយ ២លាន ៤០ម៉ឺនរៀល មានគេបង់ជំនួសរូបលោករួចជាស្រេចទៅវិញ។
មិនតែប៉ុណ្ណោះ រំលងបានមួយថ្ងៃ ពោលនៅថ្ងៃទី៣០ ខែវិច្ឆិកា មានមន្រ្តីពន្ធដារខេត្តព្រៃវែងប្រមាណ៤នាក់ បានទៅបង្ខំឪពុកម្តាយរបស់លោក នៅឯខេត្តស្វាយរៀង ឱ្យទទួលយកចុងសន្លឹក នៃក្រដាសពន្ធ ជាថ្នូរនឹងការបញ្ចប់នីតិវិធីនៅតុលាការ។ ប៉ុន្តែលោកបានបដិសេធសំណើរនេះ ដោយចាត់ទុកថា បើព្រមទទួលយកសំណូកនេះ គឺស្មើនឹងរួមគំនិត ប្រព្រឹត្តបទល្មើសដែរ។
ម្យ៉ាងវិញទៀត តើគួរជឿទុកចិត្តបានទេថាទំហំសាច់ប្រាក់នេះ មិនជាប់ពាក់ព័ន្ធនឹងបទល្មើសណាមួយនោះ។
ឆ្លើយតបរឿងនេះ លោក ឃឹម ហៀង ប្រធានការិយាល័យពន្ធដារខេត្តព្រៃវែង បញ្ជាក់ថាលោកមិនជាប់ពន្ធដារ ដូចនៅក្នុងបណ្តឹងនេះទេ។
លោកបន្តថា អ្វីដែលលោកជូនក្រដាសពន្ធទៅក្រុមគ្រួសារលោក ឯម សុខសុវណ្ណ នៅខេត្តស្វាយរៀង នេះគ្រាន់តែជាការបំពេញកាតព្វកិច្ចក្នុងនាមជាមន្រ្តីពន្ធដារប៉ុណ្ណោះ។ មួយវិញទៀត ដោយសារតែជិតផុតម៉ោងរដ្ឋបាលទៅហើយ ហេតុនេះក្រុមការងារ ក៏ត្រូវបង្ខំចិត្តផ្តល់ចុងសន្លឹក នៃក្រដាសពន្ធនេះ ទៅដល់មូលដ្ឋានតែម្តង។
ជាងនេះទៅទៀត អ្វីដែលមន្រ្តីពន្ធដារជូនក្រដាសពន្ធ ដែលជាចុងសន្លឹកទៅលោក ឯម សុខសុវណ្ណ ដោយសារនៅថ្ងៃបង់ពន្ធ ដើមបណ្តឹងរូបនេះ មានលុយមិនគ្រប់ចំនួន ហេតុនេះខាងពន្ធដារមិនអាចចេញបង្កាន់ដៃចុងសន្លឹកឱ្យសាមីខ្លួនបានទេ។
សំឡេងប្រជាធិបតេយ្យ វីអូឌី មិនទាន់អាចស្នើសុំការបំភ្លឺជុំវិញរឿងនេះ បាននៅឡើយទេ ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមតុលាការខេត្តព្រៃវែង នៅថ្ងៃទី៣ ខែធ្នូនេះ ដោយទូរស័ព្ទមិនអាចហៅចូលបាន។
ភាពចម្រូងចម្រាស់នេះ គេសង្កេតឃើញថា ស្របពេលដែលគណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមបោសសំអាតផ្ទៃក្នុងមន្រ្តីរបស់ខ្លួន ក្នុងអំពើពុករលួយ មួយរយៈពេលចុងក្រោយនេះ។ មន្រ្តីជំនិតរបស់លោក ហ៊ុន សែន និងមនុស្សមួយចំនួនទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់ ដែលមានជាប់ពាក់ព័ន្ធក្នុងរឿងក្តីលោក លី សាម៉េត។
ចំណែក លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា ប្តេជ្ញាថាចំពោះសំណុំរឿងនេះវិញ លោកនឹងរុញទៅដល់ទីបញ្ចប់ ដោយមិនមានការយោគយល់ឡើយ។ លោកចាត់ទុកថា ករណីនេះវាជាទម្រង់នៃអំពើពុករលួយក្នុងកម្រិតធ្ងន់ធ្ងរ និងជាការអនុវត្តតួនាទី និងភារកិច្ចដែលផ្ទុយពីច្បាប់ថែមទៀតផង៕
ដោយលោក៖ សែន សច្ចៈ