សង្គមស៊ីវិល​ជំរុញឱ្យរដ្ឋ​​​លើក​កម្ពស់សេដ្ឋកិច្ច​គ្រួសារ​កម្មករ និង​ទប់​ស្កាត់​ពលកម្ម​កុមារ​នៅសិប្បកម្ម​ឡឥដ្ឋ​

សង្គមស៊ីវិល​ដែល​ធ្វើការ​លើវិស័យការងារ ជំរុញ​ដល់​រដ្ឋាភិបាល​​លើកកម្ពស់​សេដ្ឋកិច្ចគ្រួសារ​របស់​ប្រជា​ពលរដ្ឋ​​ឱ្យ​ប្រសើរ​ឡើង​ និង​​ចុះអធិការ​កិច្ចជា​ប្រចាំនៅ​ទីតាំង​​សិប្បកម្ម​​​ឡឥដ្ឋ ដើម្បីទប់​ស្កាត់​ការ​ប្រើ​ប្រាស់​កម្លាំង​​​ពលកម្ម​លើ​កុមារ និងការ​ដាក់​​ខ្លួនបញ្ចាំ​ដើម្បី​ដោះបំណុល​របស់​កម្មករ ​ធ្វើការ​នៅ​សិប្បកម្ម​ឡឥដ្ឋ បន្ថែម​លើ​ការ​ព្រមាន​ប្រើ​​​ប្រាស់​​វិធានការ​​​ច្បាប់​​ទៅ​​លើ​​អាណាព្យាបាល ដែល​យក​កូន​​មិនទាន់គ្រប់​អាយុ​​ទៅ​ធ្វើការ​នៅសិប្បកម្ម​​ឡឥដ្ឋ។

ការលើក​ឡើង​របស់​សង្គម​ស៊ីវិល បានធ្វើឡើង​​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ កាល​ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានព្រមាន​ទៅ​និយោជក និង​អាណា​ព្យាបាល ពីការ​ប្រឈម​មុខ​​នឹង​​ផ្លូវ​ច្បាប់ ប្រសិន​បើពួកគេ​​ក្លែង​បន្លំ​ឯកសារ​​អាយុ​កុមារ ដើម្បី​ធ្វើការ​នៅក្នុង​សិប្បកម្ម​ឡឥដ្ឋ។

ក្នុង​សិក្ខាសាលា​ពិគ្រោះយោបល់​ស្តីពី «បញ្ហាប្រឈម​គ្រោះថ្នាក់ការងារ និង​សុខភាព​សុវត្ថិភាព​សម្រាប់​​កម្មករ​​និយោជិត​​​វិស័យ​​​សំណង់ និងឡឥដ្ឋ​នៅកម្ពុជា» ដែល​​ត្រូវបាន​ទំ​ព័រ​ហ្វេសប៊ុក​របស់​ក្រសួង​លើកយក​​មក​ផ្សព្វ​ផ្សាយ​​​នៅ​ថ្ងៃទី២ ខែ​ធ្នូនេះ លោក ហេង សួរ បានលើកឡើងថា ​កន្លងមក ក្រសួងបាន​ណែនាំ ផ្សព្វ ផ្សាយ និង​ទប់​​ស្កាត់​​ការ​ប្រើ​ប្រាស់​កម្លាំង​​ពលកម្ម​កុមារ​នៅក្នុង​សិប្បកម្ម​ឡឥដ្ឋ ដែល​ជា​សកម្មភាព​ខុស​ច្បាប់។

លោក​​​បាន​​ព្រមាន​ជា​ថ្មី​​​ថា ប្រសិន​​​​បើ​​​ក្រសួង​​រក​ឃើញ​ថា និយោជក និង​អាណាព្យាបាល ដែល​ហ៊ាន​ក្លែង​បន្លំ​ឯកសារ​​អាយុ​របស់​កុមារ ដើម្បី​​ធ្វើ​​ការ​​​នៅក្នុងអាជីវកម្ម​​ឡឥដ្ឋ​នោះ ពួកគេ​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ខណៈ​​ក្រសួង​នៅតែ​មាន​ការ​សង្ស័យថា មាន​សិប្បកម្ម​ឡឥដ្ឋ​​មួយ​ចំនួន នៅតែបន្ត​ការ​ប្រើ​ប្រាស់​កម្លាំង​ពលរដ្ឋ​​លើ​កុមារ ឬ​ក្មេង​​​មិន​​ទាន់​​គ្រប់​អាយុ។

លោកថា៖ «យើង​ក៏នៅមាន​ការ​សង្ស័យថា មាន​​ឡឥដ្ឋ​ខ្លះ​គាត់​​ប្រើ​​កម្លាំង​​ពលកម្ម ​ដែល​​ជា​​ក្មេង​​មិន​ទាន់​គ្រប់​​អាយុ អីចឹង​យើងក៏មើល​ដូចគ្នា តើ​និយោជក​​ពិត​ជា​​មាន​ចេតនា​​ប្រើ​ក្មេង​​ដែល​​មិន​​ទាន់​គ្រប់​​អាយុ ឬ​មួយ​ក៏​ឪពុក​ម្តាយ ឬមួយ​ក៏​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត​​ផលិត​​​ឯកសារ​​ក្លែង​ក្លាយ​ ​ដើម្បី​​បញ្ជាក់​​អាយុ​​របស់​ក្មេង​​ហ្នឹង​​ដែរ​ឬទេ? បើសិន​ជាក្មេងនោះ​មានឯកសារ​បញ្ជាក់ថា​ខ្លួន​អាយុប៉ុណ្ណេះ ហើយ​ឪពុក​ម្តាយ​​ជា​អ្នក​​​បញ្ជាក់ ជា​អ្នក​អះអាង​ថាអាយុ​ប៉ុណ្ណោះ និយោជកគាត់ចុះកិច្ចសន្យា​ការងារ​នោះ នោះ​និយោជក​​ក៏មាន​​កំហុស​​មួយ​​ផ្នែក ក៏ប៉ុន្តែ​អ្នកដែលក្លែង​ឯកសារ​ឪពុកម្តាយ​ដែល​កុហុក​អាយុកូន ត្រូវតែ​ទទួលខុសត្រូវ​នៅ​ក្នុង​ការ​​ក្លែង​ឯកសារ​ទាំងអស់​នេះ អីចឹង​យើង​​ក៏ពិនិត្យ​មើល​បញ្ហាទាំងអស់​នេះដែរ»។

លោក ហេង សួរ ក៏បានព្រមាន​ជា​ថ្មីផង​ដែរ ទៅ​ដល់​និយោជក ឬម្ចាស់​សិប្បកម្ម​ឡឥដ្ឋ​ ដែល​​មិន​ដាក់​ស្លាក​ហាម​​ប្រាម​កុមារ ឬ​អ្នក​ដែលគ្មាន​ភារកិច្ច ​​ចូល​ទៅក្នុង​បរិវេណ​សង្វាក់​ផលិត​កម្ម​​ផងដែរ ដោយថា ប្រសិន​បើ​មន្រ្តី​​អធិ​ការ​កិច្ច​​​ការងារ​​រក​ឃើញ នោះនិយោជក​​នឹង​​ត្រូវទទួលខុសត្រូវ​ចំពោះ​មុខច្បាប់​ដូចគ្នាដែរ។

រដ្ឋមន្ត្រី​ក្រសួងការងារ​រូបនេះ ក៏បានអះអាង​ដែរ​​​ថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ មិន​មាន​ករណី​ឧបទ្ទវ​ហេ​តុ​គ្រោះ​​ថ្នាក់​​នៅ​ក្នុង​​​សិប្បកម្ម​​ឡឥដ្ឋនោះទេ​។ ប៉ុន្តែក្រសួង​​ក៏មិន​បោះ​បង់ចោល​​​ការ​ត្រួត​ពិនិត្យ​​លើ​ផ្នែក​សុវត្ថិ​ភាព​​នៅ​តាម​​សិប្បកម្ម​​ឡឥដ្ឋនោះដែរ។

ប្រធានសមាគម​ប្រជាធិបតេយ្យ​ឯករាជ្យនៃ​​សេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ មាន​ប្រសាសន៍​នៅថ្ងៃទី៣ ខែធ្នូនេះថា ការ​លើក​ឡើង​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​ការងារ ជាយន្តការ​ល្អ​មួយ​ដែល​អាច​ទប់ស្កាត់​និយោជក និង​អាណាព្យាបាល កុំ​​ឱ្យ​​ក្លែងបន្លំ​អាយុ​កុមារ ឬ​កូន​របស់ខ្លួន ដើម្បី​ធ្វើការ​នៅសិប្បកម្មឡឥដ្ឋ។ តែយ៉ាងណា តាមការ​សង្កេត​របស់​លោក គឺមានកត្តា​មួយចំនួន​​ដែលនាំ​ធ្វើ​ឱ្យអាណាព្យាបាល បង្ខំចិត្តកែ​សម្រួល​​អាយុកូន​ ដើម្បីជួយ​ធ្វើការ​រកប្រាក់​​ចំណូល​ ក្នុងនោះ​​មានបញ្ហា​ជីវភាព​ដោយសារ​ការធ្លាក់​ចុះ​សេដ្ឋកិ​ច្ច​​រប​ស់ពលរដ្ឋ​ ការ​​ជាប់​អន្ទាក់​​បំណុលគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ទីផ្សារ​ការងារ​​នៅ​កម្ពុជា​មាន​ភាព​ចង្អៀត​ និង​ប្រាក់​ឈ្នួល​របស់កម្មករ​​នៅមាន​កម្រិតទាប ខណៈ​ការចុះ​ធ្វើអធិការកិច្ច​របស់​​ក្រសួង​សាម៉ី ក៏នៅមានកម្រិត​តិច​តួចផង​​ដែរ។

លោកថា៖ «​អ្វីដែល​រដ្ឋាភិបាលគួរធ្វើ ធ្វើយ៉ាងណា​រៀបចំ​ដំណើរ​ការ​​សេដ្ឋកិច្ច​​ពលរដ្ឋ​ហ្នឹង ឱ្យ​មាន​ភាព​ប្រ​សើរ​ឡើ​ង​ទាក់ទង​នឹង​ប្រាក់ចំណូល​របស់ពួក​គាត់ ដើម្បី​កុំឱ្យ​ពួកគាត់​​ចេះ​តែ​បន្ថែម​អាយុកូន ទី២ គឺ​ត្រូវ​រៀបចំ​យន្តការ​​ធ្វើយ៉ាងណាឱ្យពលរដ្ឋមាន​លទ្ធភាព​នូវ​ការ​ដោះបំណុល​ ដែល​ខ្លួន​កំពុង​ជាប់អន្ទាក់​បំណុល ទី៣ រដ្ឋ​គួរតែរៀបចំ​យន្តការ​​ធ្វើ​អធិការ​កិច្ច​បន្ថែម​ទៀត ឱ្យបាន​ញឹកញាប់ នៅតាមការ​ដ្ឋាន​ឡឥដ្ឋ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ជៀសវាងនូវការប្រើ​ប្រាស់​កម្លាំង​ពលកម្ម​កុមារ​​នៅតាម​បណ្តា​ឡ​ឥដ្ឋទាំងនោះ​​​»

អ្នក​គ្រប់​​គ្រង​កម្មវិធី​ការងារ​​នៃអង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ស្រដៀងគ្នា​នេះដែរ​ថា អ្វី​ដែល​​ក្រសួង​​បានលើក​ឡើងនេះ ជាយន្តការ​ល្អមួយក្នុងការ​​ជួយ​ឱ្យ​​កុមារ​ទទួលបាន​ឱកាសក្នុងការសិក្សារ​។ ប៉ុន្តែ​​លោក​​ថា ដើម្បីឱ្យ​កុមារ​​ទាំងនោះ​មានលទ្ធភាព​​សិក្សាបាន លុះត្រាតែ​ស្ថានភាព​សេដ្ឋកិច្ច និង​លក្ខខណ្ឌ​ការ​ងារ​​របស់​​អាណាព្យាបាល ​ដែល​ជាកម្មករ​បម្រើការងារ​នៅសិប្បកម្ម​ឡឥដ្ឋនោះ ត្រូវបានលើកកម្ពស់ឱ្យ​មាន​ភាព​ល្អប្រសើរ​ និង​ការ​ពារ​​ដោយ​ច្បាប់ ហើយ​រដ្ឋាភិបាល និង​និយោជក​ត្រូវ​គិតគូរ​ឱ្យបាន​ខ្ពស់​ពី​សុវត្ថិភាព ព្រមទាំង​ផ្តល់នូវកិច្ចគាំពារសង្គម​​ទៅដល់​កម្មករ​​។

 លោកថា៖ «​ដើម្បីទប់ស្កាត់​កុំឱ្យមាន​ពលកម្មកុមារហ្នឹង វាលុះ​ត្រា​តែ​មាន​​យន្ត​ការ​​នៃការ​​ចុះធ្វើអធិការ​កិច្ចហ្នឹង​ឱ្យបាន​​ទៀង​ទាត់ ឱ្យ​បាន​ដិត​ដល់នៅតាម​បណ្តាឡឥដ្ឋ​ផ្សេងៗទៀត ហើយវាពិបាកដែរ ពីព្រោះថា នៅ​ពេ​ល​ដែល​កម្មករ​គាត់​ធ្វើការងារ​នៅក្នុង​ការដ្ឋាន​ឡឥដ្ឋ គាត់​នៅ​ជាមួយ​ក្រុមគ្រួសារ​ ទោះ​បី​ពេល​ដែល​អធិ​ការកិច្ច​ហ្នឹងគាត់​ចុះទៅ គឺគាត់​មិន​ឱ្យកុមារ​ធ្វើការងារនៅឡឥដ្ឋហ្នឹងទេ អីចឹងអាច​មាន​ទម្រង់ខ្លះ នៅពេល​ដែ​ល​អធិការកិច្ច​គាត់​ចុះទៅ អត់​រក​ឃើញនូវ​កម្លាំង​ពលកម្ម​កុមារ​នៅក្នុងការដ្ឋានឡឥដ្ឋទេ»

បើ​តាម​របាយការណ៍​ជំ​​រឿន​ និងការ​សិក្សា​នាពេលកន្លង​មក​ នៅ​កម្ពុជា មាន​សិប្បកម្ម​ឡឥឡដ្ឋ​ប្រមាណ​ជាង ៤០០កន្លែង ក្នុងនោះមាន​កម្លាំង​ពលកម្ម​សរុបជាង ១ម៉ឺននាក់ ប៉ុន្តែអ្នក​ដែល​ធ្វើការ​ងារ​ផ្ទាល់​មាន​តែ​ជាង ៦ពាន់ នាក់​​ប៉ុណ្ណោះ ខណៈ​៤ពាន់នាក់ទៀត អាចជាប្តី ប្រពន្ធ និង​កូនៗ​របស់​កម្មករ​ដែលធ្វើការ​នៅ​ឡឥដ្ឋ​នោះ។ នេះបើ​តាមការ​​បញ្ជាក់​របស់​លោក ឃុន ថារ៉ូ និង​រដ្ឋមន្ត្រីក្រសួង​ការងារ លោក ហេង សួរ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ អង្គការ​​សិទ្ធិមនុស្ស​ លីកាដូ ក៏​បាន​ចេញ​របាយការណ៍​មួយ​​ដោយ​​រកឃើញ​ថា ការ​​បញ្ចាំ​ខ្លួន​​​ដោះ​​​បំណុល​ ​និង​​​ពលកម្ម​​កុមារ​ ​នៅតែ​​បន្ត​​រីក​រាលដាល​​នៅ​​តាម​​សិប្បកម្ម​​ផលិត​​ឥដ្ឋ​​​​នៅ​​កម្ពុជា​ ​ខណៈ​ដែល​​អាជ្ញាធរ​​រដ្ឋ​​​នៅតែ​​បន្ត​ភាព​អសកម្ម​អស់​ជាច្រើន​ទសវត្សរ៍​។

របាយការណ៍ដដែល បន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិប្បកម្ម​​ផលិត​ឥដ្ឋ​ ​ជា​ញឹកញាប់​​ដុត​សំណល់​​​ក​ម្ទេ​ច​​ក្រណាត់​​ធ្វើ​ជា​​ឥ​ន្ធនៈ​​បញ្ឆេះ​​​ឡឥដ្ឋ​ ​បើ​ទោះ​ជា​​វា​មាន​ផល​ប៉ះពាល់​ដល់​​សុខភាព​ ​និង​​បរិស្ថាន​ក្តី​។​ ​កម្មករ​​សិប្បកម្ម​​ផលិត​ឥដ្ឋ​ ​និង​​កូនៗ​​របស់​ពួកគេ​ ​ត្រូវ​បាន​រាយការណ៍​​អំពី​បញ្ហា​​ប្រព័ន្ធ​​ដង្ហើម​ ​ការ​ឈឺក្បាល​ ​និង​គ្រោះថ្នាក់​​ដទៃ​​ផ្សេងទៀត​។​ ​អង្គការ​​លី​កា​ដូ ​បាន​​​រក​ឃើញ​​សំណល់​របស់​ម៉ាក​ស​ម្លៀ​ក​បំពាក់​អន្តរជាតិ​​ចំនួន ​​១​៩​ ​នៅ​សិប្បកម្ម​ផលិត​​ឥដ្ឋ​ចំនួន​៧​។​ ​

ការរកឃើញនេះ គឺជាលទ្ធផល​នៃការ​ចុះ​ផ្ទាល់​​របស់ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​​អង្គការនេះ នៅ​តាម​​សិប្ប​កម្ម​ផលិត​ឥដ្ឋ​ចំនួន ២១​កន្លែង​ នៅក្នុង​ខេត្ត​កណ្តាល និង​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ២០២៣ ព្រម​ទាំង​ការ​សម្ភាសន៍​​ជាមួយ​កម្មករ និងអតីត​កម្មករ​។ ពួក​គេ​​​បាន​រក​ឃើញកុមារ​កាត់ និង​​ច្រក​ដី​ឥដ្ឋចូល​ទៅ​ក្នុង​ម៉ាស៊ីន​​ផលិត​​​ឥដ្ឋ​​ដោយ​ដៃ ដែល​អាច​បំផ្លាញ​​អវយវៈ​កម្មករ​បាន។ ពួក​គេ​​ក៏​​​បាន​រក​ឃើញ ក្មេងៗ​កាត់​ដីឥដ្ឋ​ដោយ​ប្រើ​ខ្សែ​​​លួស យក​​ឥដ្ឋ​ចេញ​ពី​ខ្សែ​ពាន​ រុញរទេះដឹកឥដ្ឋ និង​ជញ្ជូន​​ឥដ្ឋ​ដាក់លើ​​រថយន្ត​។

នៅអំឡុងពេលនោះ លោក កត្តា អ៊ន អ្នកនាំ​ពាក្យ​ក្រសួង​ការងារ បាន​ប្រាប់​ខេមបូចា​​ថា ក្រុម​អធិការ​​ កិច្ច​​ការ​ងារ​របស់​ក្រសួង​បាន​ចុះ​ទៅតាម​​រោង​ចក្រ​​សរុប​ចំនួន ៣៥៣លើក ចាប់តាំង​ពីឆ្នាំ២០​២១ មក​ ហើយ​បាន​រក​ឃើញថា៖ «គ្មានការប្រើប្រាស់ពលកម្មកុមារ និងទាសភាពបំណុលនោះទេ»។ លោកបន្ត​​ថា ក្រសួង​បាន​​ធ្វើ​​ការ​ងារ​​ដើម្បី​​លុប​​បំបាត់​​ពលកម្ម​​កុមារ ហើយ​​នឹង​​ស៊ើប​​អង្កេត​​ក្នុងករណី​​សង្ស័យ​ណា​មួយ។ លោក​ថា ការ​បំពានច្បាប់​​​ អាច​នាំ​ឱ្យ​មាន​​​ការ​ពិន័យ ការ​បិទ​​អាជីវកម្ម ឬ​ប្រឈម​នឹង​បទ​ល្មើស​ព្រហ្មទណ្ឌ។ 

តែយ៉ាងណា អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយក​​ទទួលបន្ទុក​​កិច្ចការ​​ក្រៅ​តំបន់​​នៃ​​អង្គការ​​លី​កា​ដូ បាន​លើក​ឡើង​នៅ​ក្នុង​​របាយការណ៍នោះថា រាជរដ្ឋាភិបាល​ ​អនុញ្ញាត​ឱ្យ​ការ​​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​និង​ពលកម្ម​កុមារ​ ​បន្ត​មាន​​យ៉ាង​​ជាក់​ច្បាស់​។​ ​អ្នកនាង​បន្ត​​ថា​ ការ​​សម្តែង​​របស់​អាជ្ញាធរ​​រដ្ឋ​ ​ក្នុង​​ការ​​ចុះ​ត្រួត​ពិនិត្យ​​លើ​​​សិប្បកម្ម​ផលិត​ឥដ្ឋ​ ​ហើយ​​ចុង​ក្រោយ​​បដិ​សេ​ដ​ថា​មិន​មាន​បញ្ហា​​ទាំង​នេះ​ ​គឺ​ជា​កិច្ច​ប្រឹង​ប្រែង​​បែប​អវិជ្ជមាន​ ​ដើម្បី​តែ​លាក់បាំង​ការពិត​។​ ​អ្នកនាងបន្ថែមថា ​ដល់ពេលហើយ​​ដែល​ត្រូវ​បញ្ចប់​ទាសភាព​សម័យ​ទំនើប​ ​និង​ពលកម្ម​កុមារ​ នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា​៕

ដោយ៖ កញ្ញា កែវ​ មរកត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ