ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ គ្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីជំរុញឱ្យរដ្ឋាភិបាលគ្រួសារហ៊ុនប្រើប្រាស់យន្តការអន្តរជាតិ ការពារបូរណភាពទឹកដី រួមទាំងកោះគុត ដែលថៃកំពុងគ្រប់គ្រង ដើម្បីបង្ហាញសន្ទៈការពារទឹកដី កុំឱ្យជាប់ទោសប្រវត្តិសាស្ត្រជាមេដឹកនាំកាត់ដីឱ្យបរទេស ដើម្បីតែអំណាច។
ប្រធានគណៈកម្មាការនាយកនៃចលនាប្រជាធិបេតយ្យរួបរួមជាតិ លោក ម៉ាត់ វណ្ណី ប្រាប់ VOD នៅថ្ងៃទី៣ ខែធ្នូនេះថា បាតុកម្មនេះទ្រង់ទ្រាយធំនេះ ធ្វើឡើងក្នុងគោលបំណងជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត រៀបចំឯកសារប្តឹងតុលាការអន្តរជាតិ ដើម្បីទាមទារយកកោះគុតដែលថៃគ្រប់គ្រងមកវិញ។
ក្នុងនាមជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសម្នាក់ លោកបារម្ភបាត់បង់កោះគុត បើលោកហ៊ុន ម៉ាណែត នៅតែរឹងទទឺងចរចារទ្វេរភាគីជាមួយថៃ ដោយថា កម្ពុជាជាប្រទេសទន់ខ្សោយដូចច្នេះមានតែតុលាការអន្តជាតិទេដែលអាចសើរើរកយុត្តិធម៌ឱ្យកម្ពុជាបាន។
លោកថា៖«(បាតុកម្មនេះ) ជាការបើកបង្ហាញឱ្យឃើញពីមហន្តរាយបាត់បង់បូរណភាពដែនដី។ ចឹងយើងសង្ឃឹមថា នឹងមានការអន្តរាគមន៍ រកដំណោះស្រាយជុំវិញរឿងហ្នឹង ប៉ុន្តែបើសិនជាមិនធ្វើ យើងនៅតែបន្តធ្វើសកម្មភាព ព្រោះយើងនៅទីនេះមានសេរីភាពពេញលេញចង់ធ្វើសកម្មភាពកន្លែងណាក៏បាន មិនដូចកម្ពុជាទេ ម្លោះហើយយើង មិនដកថយទេក្នុងការទាមទារ ឧទាហរយើងធ្វើ CLV បានជោគជ័យយើងបន្តធ្វើរឿងហ្នឹងបន្តទៀត»។
បើតាមលោក ម៉ាត់ វណ្ណី សកម្មភាពនៅថ្ងៃបាតុកម្ម នឹងមានការសម្តែងមតិ ការចេញសេចក្តីថ្លែងការរួមរបស់ក្រុមបាតុករ រួមទាំងត្រៀមដាក់ញាត្តិទៅស្ថានទូកកម្ពុជាប្រចាំប្រទេសកូរ៉េផងដែរ ហើយចំនួនបាតុករលោកមិនអាចប៉ាន់ស្មានបានទេ តែលោករំពឹងថានឹងមានអ្នកចូលរួមច្រើនដូចបាតុកម្មប្រឆាំងគម្រោង CLV ដែរ។
គម្រោងបាតុកម្មរបស់ក្រុមពលរដ្ឋខ្មែរនៅកូរ៉េនេះ ក្រោយនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត ប្រកាសមិនប្រើប្រាស់យន្តការអន្តរជាតិ ដើម្បីប្តឹងទាមទាយកកោះគុត តាមការជំរុញពីនោះទេ។
មេដឹកនាំកម្ពុជារូបនេះ ថ្លែងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ថា ជម្លោះដែនសមុទ្រនេះវាផ្តើមចេញពីល្បែងនយោបាយផ្ទៃក្នុងរបស់ថៃប៉ុណ្ណោះ ហើយក្នុងនាមជាអ្នកនយោបាយចាស់ទុំ លោកនឹងប្រើជម្រើសចរចារទ្វេរភាគីជាមួយថៃដើម្បីការពារកោះគុតនេះ។
លោកថា៖«ដោយឡែកព្រំដែនសមុទ្រ យើងមានដែលមានការឯកភាពគ្នាពីអង្កាល់! យើងចចារគ្នាច្រើនដងហើយមិនទាន់មានការឯកភាព បើមិនទាន់មានការឯកភាពថាតើយើងបាត់ស្អី ខ្ញុំសួរ! ចេះតែថាក្បត់ជាតិ បាត់កោះបាត់ស្អី បើមិនទាន់មានការ ឯកភាពផងហ្នឹង។ ហើយឱ្យប្តឹងទៅ អាយស៊ីជេ ម៉េច! បើយើងមិនទាន់មានការឯកភាពស្អីផង ប្តឹងស្អី គេសួរប្តឹងរឿងអី ហើយរដ្ឋាភិបាល មិននៅស្ងៀម ឱ្យរដ្ឋាភិបាលលើក តតាំងរឿង ទៅពន្យល់អាយស៊ីជេស្អី វាអត់មានរឿង រឿងផ្ទះគេសោះ»។
ផ្ទុយពីលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ ឯណោះវិញ នៅថ្ងៃទី៤ ខែវិច្ឆិកា បានចេញមុខប្រកាសនៅមុខទីស្ដីការគណៈរដ្ឋមន្រ្តីថៃ ដោយបង្ហាញមហិច្ចតាច្បាមយកកោះកុត ដោយប្តេជ្ញាថាមិនឱ្យធ្លាក់លើដៃកម្ពុជានោះទេ។
បន្ថែមលើនេះកងទ័ពជើងទឹកថៃ ក៏គ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ខាងមុខផងដែរ។
ជុំវិញជម្លោះដែនសមុទ្រនេះ តំណាងរាស្រ្តគណគបក្សសង្រ្គោះជាតិ លោក អ៊ំ សំអាន បញ្ជាក់ថា បច្ចុប្បន្នភាគីថៃបានបោះមូលដ្ឋានយោធា និងបានរៀបចំប្រព័ន្ធរដ្ឋបាលនៅលើកោះគុតនេះ បាត់ទៅហើយដែលផ្ទុយពីការអះអាងរបស់លោក ហ៊ុន ម៉ាណែត ទាំងស្រុង។
អ្នកឃ្លាំមើលញ្ហាព្រំដែនរូបនេះ គូសបញ្ជាក់ថា ភាគីថៃបានចូលកាន់កាប់កោះគុត និងផ្នែកដែនសមុទ្រខ្មែរនៅតំបន់ «ត្រួតស៊ីគ្នា» នោះ បន្ទាប់ពីលោក ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ សម័យវៀតណាមត្រួត្រាកម្ពុជាមកម្លេះ។
លោកក៏បានទម្លាយភស្តុតាងដែរថា បើពិនិត្យតាមរយៈផែនទីភ្ជាប់ជាមួយអនុសារណៈនៃការយោគយល់ឆ្នាំ២០០១ ជាមួយថៃ កោះគុតត្រូវបានកាត់ឆ្វៀលទៅឱ្យប្រទេសថៃ ដោយឧបនាយករដ្ឋមន្ត្រី លោក សុខ អាន កាលនៅមានជីវីត តាមបញ្ជារបស់លោក ហ៊ុន សែន ជាហេតុធ្វើឱ្យមេដឹកនាំគ្រួសារហ៊ុនមិនហ៊ាននិយាយការពារកោះគុត ជារបស់ខ្មែរទេ។
លោកថា៖«ផែនទីភ្ជាប់ហ្នឹង យើងឃើញថា ក្នុងផែនទីហ្នឹងបានគូសវាងកោះគុត ឆ្វៀលកោះគុតចេញ អត់យកកោះគុតមកក្នុងទឹកដី កម្ពុជាទេ។ អនុសារណៈ នៃការយោគយល់ឆ្នាំ២០០១ ហ្នឹង អត់ទាន់បានក្លាយទៅជាសន្ធិសញ្ញា អត់ទាន់បានក្លាយជាកិច្ចព្រមព្រៀង កំណត់ព្រំដែននោះទេ គ្រាន់តែចុះអនុសារណៈនៃការយោគយល់ដើម្បីឈានទៅដល់ការចរចាកំណត់ព្រំដែនសមុទ្រ »។
លោកបន្តថា៖ «ដូចច្នេះរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មានសិទ្ធិ ដើម្បីលុបចោលអនុសារណៈ នៃការយោគយល់គ្នាឆ្នាំ២០០១ ហើយអាចប្តឹងថៃ ទៅកាន់តុលាការអន្តរជាតិបាន ដើម្បីទាមទារយកកោះគុតមកវិញ។ អាហ្នឹង បើសិនជាលោក ហ៊ុន ម៉ាណែត មានឆន្ទៈ ក្នុងការទាមទារយកកោះគុតមកវិញ។ ប៉ុន្តែយើងមើលឆន្ទៈសព្វថ្ងៃនេះ របបត្រកូលហ៊ុនមិនចង់ប្តឹងទៅតុលាការអន្តរជាតិទេ លើកលែងតែប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោក ធ្វើបាតុកម្មដូច CLV ទើបត្រកូលហ៊ុនព្រមប្តឹងទៅតុលាការអន្តរជាតិយកកោះគុតមកវិញ»។
យោងតាមសៀវភៅភូមិវិទ្យាកម្ពុជា មានចំណងជើងថា ភូមិសាស្ត្រប្រទេសកម្ពុជា ដែលត្រូវបានបោះពុម្ពអំឡុងឆ្នាំ២០១៥ បានបញ្ជាក់នៅក្នុងជំពូក១ ដោយបង្ហាញលើផែនទីថា កោះគុត គឺជាកម្មសិទ្ធិរបស់ខ្មែរ។ កោះនេះលាតសន្ធឹងលើផ្ទៃដីទំហំ ១០៥គីឡូម៉ែត្រការ៉េ ដែលមានបណ្តោយប្រវែង ២៥គីឡូម៉ែត្រ និងទទឹងទំហំ ១២គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកោះកុង។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ សរសេរសារលើហ្វេសបុករបស់ខ្លួនថា កម្ពុជាអាចប្រើប្រាស់យន្កការដោះស្រាយការរំលោភយកកោះគុតពីភាគីថៃ ដោយប្រើប្រាស់មាត្រា៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
បើតាមមាត្រា៥ នៃកិច្ចព្រមព្រៀង២៣តុលា បញ្ជាក់ថា បើមានការការគំរាមកំហែងរំលោភលើអធិបតេយ្យភាពកម្ពុជា បណ្តាភាគីក្នុងកិច្ចព្រមព្រៀងនេះត្រូវពិគ្រោះជាបន្ទាន់ដើម្បីអនុម័តរាល់វិធានការសមស្រប ដើម្បីដោះស្រាយរាល់ការរំលោភទាំងនេះតាមមធ្យោបាយសន្តិវិធី។
វិធានការដោះស្រាយ រួមមាន រាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសសហប្រជាជាតិ ឬប្រើប្រាស់មធ្យោបាយដំណោះស្រាយនូវទំនាស់ដោយសន្តិវិធីយោងតាមមាត្រា៣៣ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយភាគីពាក់ព័ន្ធក៏អាចសុំការឧបត្ថម្ភពីសហប្រធាននៃសន្និសិទទីក្រុងប៉ារីសស្តីពីកម្ពុជា រួមមានប្រទេសបារាំង និងប្រទេសឥណ្ដូណេស៊ីផងដែរ។
ជាងនោះទៅទៀត ក្នុងករណីរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សនៅកម្ពុជា ភាគីនៃកិច្ចព្រមព្រៀងត្រូវស្នើដល់អង្គការមានសមត្ថកិច្ចនៃអង្គការសហប្រជាជាតិ អោយចាត់វិធានការដទៃទៀតដែលសមស្របដើម្បីទប់ស្កាត់ និងលុបបំបាត់ការរំលោភបំពាន ស្របតាមច្បាប់អន្តរជាតិដែលពាក់ព័ន្ធ។ បើតាមលោក បណ្ឌិត ឡៅ ម៉ុងហៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបញ្ជាក់យ៉ាងច្បាស់ថា ម្ចាស់ហត្ថលេខីទាំង ១៨ប្រទេស ដែលជាសាក្សីនៃកិច្ចព្រមព្រៀងនេះរួមទាំងប្រទេសថៃផង ត្រូវទទួលស្គាល់ និងគោរពគ្រប់បែបយ៉ាងទាំងអស់ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា៕
ដោយ៖ លោក សែន សច្ចៈ