ក្រសួងសេដ្ឋកិច្ច និងសមាគមគ្រូបង្រៀន​ពិភាក្សាគ្នា​លើសំណើរ​លើកលែង​ការ​ពិន័យ

មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាគ្នា​ជាមួយ​សមាគម​គ្រូបង្រៀនកម្ពុជា​ឯករាជ្យ ពាក់ព័ន្ធ​នឹង​ការស្នើ​អោយ​លុបចោល​ការផាក​ពិន័យជិត ១៩លានរៀល ដែល​សមាគម​ចាត់​ទុក​ថា ជាការ​ដាក់​ទោសទណ្ឌ​ដោយ​ខុសគោល​ការណ៍​នៃច្បាប់។

នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នេះ តំណាង​សមាគម​កម្ពុជា​ឯករាជ្យចំនួន ៣រូប បាន​ជួបប្រជុំ​តទល់​នឹង​មន្រ្តី​និយ័តករ​គណនេយ្យ និងសវនកម្ម​ចំនួន ៦រូប នៅទីស្ដីការ​ក្រសួងសេដ្ឋកិច្ច អំពី​សំណើរ​សុំ​និរាកណ៍​ការ​សម្រេច​ពិន័យ​អន្តរការណ៍ ជាទឹកប្រាក់ ១៨,៨ លានរៀល។

ប្រធាន​សមាគមគ្រូ​បង្រៀន​កម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី អះអាងថា មុន​នឹង​ដាក់ពិន័យ​លើ​សមាគម ក្រសួង​សេដ្ឋកិច្ច​ពុំ​ដែល​កោះ​ហៅ​សមាគម​អោយ​ចូលរួម​ប្រជុំ​អោយ​បាន​ដឹង បានឮ ពាក់ព័ន្ធ​នឹងព័ត៌មាន និង​ការ​ផាក​ពិន័យឡើយ ដោយ​ផ្ទុយ​ពី​គោលការណ៍​សម្រាប់​អង្គការ​សង្គម​ស៊ីវិលផ្សេងៗទៀត។

អ្នកស្រី បានអះអាងបន្ត​ថា សមាគម​របស់អ្នកស្រី ពុំ​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​បង់​ការ​ពិន័យ​រាប់លាន​បែបនេះ​នោះទេ ហើយអ្នកស្រី ចាត់ទុកថា នេះ​គឺជា​ទង្វើ​គំរាមកំហែង និង​ជំរិត​ទារប្រាក់​ពី​សមាគម​អោយ​ស្រប​តាមច្បាប់​ប៉ុណ្ណោះ។

អ្នកស្រី និយាយថា៖ «គឺជាការ​ចាប់ជំរិត​ស្របច្បាប់ ហើយ​ដែល​សមាគម​មិនបាន​រកប្រាក់​ចំណេញ​ផងនោះ មិន​បាន​រកប្រាក់​ចំណេញ។ យើង​ឃើញថា អ្វីដែល​ក្រសួង​គួរ​តែធ្វើ​អ្វីទៅលើសមាគម អង្គការ​នានា​ហ្នឹង គឺអោយ​ទូលាយ​ទាំងអស់គ្នា គឺហៅទៅ កុំ​គិត​ពី​និន្នាការ កុំ​គិត​ពី​អី។​ បើ​យើង​ផ្សព្វ​ផ្សាយ​ពីអ្វី​ដែល​ជា​គោលការណ៍ ហើយ​សមាគម​មិន​អនុវត្ត ទើប​សមាគម​ខុស ប៉ុន្តែនេះ សមាគម​មិនបាន​ដឹង​ឮ ហើយ​ក៏​មិន​បាន​ផ្សព្វផ្សាយ​ដល់​សមាគម អោយ​ទៅ​រៀនសូត្រ​ ឬទៅ​ទទួល​ព័ត៌មាន​ថ្មីៗ​។ ហើយ​មក​ផាក​ពិន័យ​បែបនេះ គឺជា ការចាប់​ជំរិត​ក៏ដូចជា ការ​ដែល​គំរាម​កំហែង ដែល​ដឹង​ថា​សមាគម​មិន​រក​ប្រាក់​ចំណេញ​នោះ»

បន្ថែមពីលើនេះ អ្នកស្រី បានបញ្ជាក់ថា ការងាររបស់សមាគម​ពុំមានប្រាក់ឧបត្ថម​ដល់​បុគ្គលិកនោះ​ទេ គឺ​ពួកគេ​បាន​បម្រើ​ការងារ​ដោយស្មគ្រ​ចិត្ត ដោយ​ចង់​ឃើញលក្ខខណ្ឌ​ការងារ​គ្រូបង្រៀន​ មាន​ភាព​ល្អ​ប្រសើរ មាន​ប្រាក់បៀវត្ស​សមរម្យ និង​លុប​បំបាត់​អំពើពុករលួយ។

ផ្អែក​តាម​ការរៀប​រាប់ខាងលើ អ្នកស្រី ឆាយ៉ាវី សង្ឃឹមថា ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹង​ពិចារណា​លើ​ការ​លើកលែង​ការផាកពិន័យ នូវចំនួន​ទឹក​ប្រាក់ដ៏ច្រើន​លើស​លប់នេះ។

កាលពីដើមខែវិច្ឆិកានេះ សមាគម​គ្រូបង្រៀន​កម្ពុជាឯករាជ្យ បាន​ដាក់​លិខិត​មួយ​ទៅ​កាន់​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមនុរ័ត្ន ដោយ​ស្នើ​សុំ​លុប​ចោល​ការ​ពិន័យ​ជា​ទឹក​ប្រាក់​ជិត​១៩លានរៀល ក្រោម​ហេតុផលថា សមាគម​មិន​ស្ថិត​ក្នុងលក្ខណៈ​វិនិច្ឆ័យ និង​មិន​ជាប់​កាតព្វកិច្ច​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ​អោយរង​សវនកម្ម​ឯករាជ្យឡើយ។

មន្រ្តី​ជាន់ខ្ពស់​នៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក ឡេង សេងហុង ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​នៅព្រឹកនេះ ថ្លែងថា ក្រោយ​ការពិភាក្សា និយ័តករ​គណនេយ្យ និងសវនកម្ម យល់​ព្រម​ទទួល​យក​សំណើរ​របស់សមាគម ដោយ​ដាក់​ជូន​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច ដើម្បី​ពិនិត្យ និងបន្ធូរ​បន្ថយ ឬ​លើក​លែង​ការ​ពិន័យ។

វីអូឌី នៅពុំ​ទាន់​អាចសូម​ការអត្ថាធិប្បាយពីលោក មាស សុខសេនសាន អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​បាន​នៅ​ឡើយទេ គិតត្រឹម​ម៉ោងផ្សាយនេះ។ កាលពីពេលថ្មីៗនេះ សភាសហភាពអឺរ៉ុប​ បានអនុម័ត​សេចក្តីសម្រេច​មួយដោយ​ជំរុញឱ្យកម្ពុជា បញ្ចប់​ការ​បង្រ្កាប​លើអង្គការ​សង្គមស៊ីវិល ដោះលែង​អ្នកទោស​នយោបាយ និងបញ្ឈប់​ការ​យាយី​សកម្មជន។ សេចក្ដី​សម្រេចនេះ ក៏បាន​ស្នើ​សហភាព​អឺរ៉ុប ពិនិត្យ​មើល​ឡើង​វិញ ចំពោះការ​ផ្ដល់​ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែល​នៅមាន​ ៨០% ដើម្បី​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាលកម្ពុជាបន្ថែមទៀត រហូត​ដល់​អ្នកទោស​​នយោបាយ​​ទាំង​អស់​ត្រូវ​បាន​ដោះលែង​។

ដោយ៖ លោក ប៉ុល សម្បត្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ