កម្ពុជា​កាត់ទោស​ស្ត្រីហ្វីលីពីន ១៣នាក់​ពពោះ​ជំនួស​ឱ្យជាប់ទោស៤ឆ្នាំ

តុលាការ​កម្ពុជា កាត់​ទោស​​ស្ត្រី​​ហ្វីលី​ពីន​​ចំនួន ​១៣​នាក់ ដែល​ពពោះជំ​នួស​​ឱ្យ​ជាប់​​ទោស​​ម្នាក់​​៤ឆ្នាំ ​តែ​អនុវត្ត​​​​ទោ​ស​​ក្នុង​​ពន្ធនាគារ ​រយៈពីរ​ឆ្នាំ និង​​២​​ឆ្នាំ ​ត្រូវ​​ព្យួរ​​ទោស​ឬ​ទទួល​ទោស​នៅ​ក្រៅ​ឃុំ​ជុំវិញ​បទ «ប៉ុនប៉ង​ក្នុង​អំ​ពើ​​​លក់​ដូរ​មនុស្ស សម្រាប់នាំឆ្លងដែន»។

ចំណែក​ស្ត្រី​ខ្មែរម្នាក់​ ជាអ្នក​សំអាត​ផ្ទុះ តុលាការ​កាត់​ឱ្យ​ជាប់​ទោស ៦ខែ អនុវត្ត​ទោស ២ខែ ទោស ៤ខែ​ទៀត​ត្រូវ​អនុវត្ត​ទោស នៅ​ក្រៅ​ពន្ធនាគារ ឬទោស​ព្យួរ​ដូចគ្នា។ នេះ​បើតាម​​សេចក្តី​​ប្រកាស​ព័ត៌មាន សាលា​ដំបូង​ខេត្ត​កណ្តាល ចុះថ្ងៃទី២ ខែធ្នូនេះ។

បើ​តាម​តុលាការ​ខេត្តកណ្តាល ស្ត្រី​ជនជាតិ​ហ្វីលីពីន​ទាំង ១៣នាក់​ នោះ រង​ការ​ចោទ​ថា​បាន​ប្រព្រឹត្ត​បទល្មើស​ស៊ី​ឈ្នួល​ពពោះ​ជំនួស នៅ​ក្នុង​បុរីវិមាន​ភ្នំពេញ ក្នុង​ឃុំព្រែ​កអញ្ចាញ ស្រុក​មុខ​កំពូល​ ខេត្ត​កណ្តាល កាល​ពីខែ​មីនា ដល់​ខែ​កញ្ញា ឆ្នាំ២០២៤។

តុលាការ កម្ពុជា​ចាត់​ទុកថា ទង្វើ​របស់​ជន​ជាប់​ចោទ ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​ជា​មនុស្ស​របស់​ទារក និងកុមារ ដែល​ត្រូវ​គាំពារ​ដោយ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ រួម​ទាំង​ប៉ះ​ពាល់​ដល់​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ។

តុលាការ​បាន​អះអាងថា ខ្លួន​មាន​ភស្តុតាង​ ដែលបញ្ជាក់ថា​ស្ត្រីហ្វីលីពីន​ទាំង ១៣នាក់នេះ មាន​ចេតនា​ពពោះ​​ជំនួស ដើម្បី​បង្កើត​ទារក ក្នុង​គោល​បំណង​លក់​ដូរ​ទៅ​ឲ្យ​អ្នក​ទី៣ ជា​ថ្នូរ​នឹង​ប្រាក់ ហើយ​អំពើ​នេះ​ត្រូវ​បាន​​កំណត់​ថា ជា​បទ​ល្មើស​លក់​ដូរ​មនុស្ស។

ស្ត្រី​​ហ្វីលីពីន​ទាំង ១៣នាក់​ ដែល​ត្រូវ​កាត់ទោស​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​ស្ត្រី​ជនជាតិ​ហ្វីលីពីនចំនួន ២០នាក់ ដែ​ល​​សមត្ថកិច្ច​ចុះបង្ក្រាប កាល​ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងខេត្តកណ្តាល។ ក្នុងនោះ ស្រ្តីហ្វីលីពីន ៧នាក់ ដែល​មិន​ទាន់​មាន​ផ្ទៃពោះ ត្រូវ​បាន​បញ្ជូន​ទៅប្រទេស​ហ្វីលីពីន​វិញ។

ប្រ​​ហាក់​ប្រហែល​នេះ​ដែរ កាលពីឆ្នាំ២០១៨ ស្រ្តី​ខ្មែរ​មាន​ផ្ទៃពោះជាង​ ៣០នាក់ ត្រូវ​បាន​ឃាត់​ខ្លួន ដោ​យ​​សារ​ផ្តល់​សេវា​ពពោះ​ជំនួស​នេះ និង​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ «អំពើលក់-ជួញ​ដូរ​មនុស្ស​ស​ម្រាប់​នាំឆ្លងដែន»។ បន្ថែម​ពី​នេះ អំឡុង​ឆ្នាំ២០១៧ តុលាការ​កម្ពុជា ក៏​ធ្លាប់​បាន​ផ្តន្ទាទោស​ស្រ្តី​ជនជាតិ​អូស្រ្តាលី​ម្នាក់ ដាក់​ពន្ធ​នាគា​រ១៨ ខែ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ជួល​ស្រ្តី​ខ្មែរ​ឱ្យ​ពពោះ​ជំនួស​នេះដែរ៕

ដោយ៖ លោក ប៉ុល សម្បត្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ