សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានរក្សាបទចោទមេដឹកនាំសហជីព លោក ម៉ម រិទ្ធី ឱ្យមានទោស ១៨ខែ ជុំវិញការចេញមុខទាមទារយុត្តិធម៌ ឱ្យបុគ្គលិកកាស៊ីណូម្នាក់ជាស្ត្រី ដែលរងការចោទពីក្រុមហ៊ុនចិនមួយនៅខេត្តកំពង់សោម។
ការរក្សាបទចោទរបស់តុលាការនេះ ជំរុញឱ្យសង្គមស៊ីវិល ដាក់ការសង្ស័យទៅលើភាពឯករាជ្យរបស់តុលាការ ដែលកាត់សេចក្តីរឿងនេះ បន្ទាប់ពីបានរកឃើញពីភាពមិនប្រក្រតីមួយចំនួននៃនីតិវិធីចាប់ខ្លួន និងការចោទប្រកាន់លើមេដឹកនាំសហជីពរូបនេះ។
លោក ម៉ម រិទ្ធី អាយុ៣៥ឆ្នាំ និងជាអនុប្រធានទី២ នៃសហភាពការងារកម្ពុជា (CLC) ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោង៦ល្ងាច កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅការិយាល័យសហភាពការងារកម្ពុជា ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃដដែលនោះ បានកាត់ទោសកំបាំងមុខ ដោយផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១៨ខែ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទ «ធ្វើឱ្យបាត់បង់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ» និងពិន័យជាប្រាក់ពីរលានរៀល (ប្រមាណ ៥០០ដុល្លារ)។
ក្រោយការកាត់ទោសកំបាំងមុខនេះ មេធាវីការពារសិទ្ធឱ្យលោក ម៉ម រិទ្ធី បានប្តឹងជំទាស់ទៅនឹងសាលក្រមកំបាំងមុខនេះ ទើបតុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការអង្គសេចក្តីឡើងវិញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនិងប្រកាសសាលក្រមនៅថ្ងៃពុធនេះ។
ប្រធានសហភាពការងារកម្ពុជា លោក គង់ អាទិត្យ មានប្រសាសន៍ថា តុលាការបានសម្រេចតម្កល់ការចោទប្រកាន់ទៅលើលោក ម៉ម រិទ្ធី ដដែល និងបន្តឃុំខ្លួនគាត់នៅពន្ធនាគារ។ លោកបង្ហាញការសោកស្តាយចំពោះការសម្រេចនេះ ដោយថា សកម្មភាពរបស់ លោក ម៉ម រិទ្ធី ធ្វើឡើងដើម្បីការពារសិទ្ធិដល់កម្មករជាសមាជិករបស់ខ្លួន ក្នុងនាមជាថ្នាក់ដឹកនាំសហជីពមួយរូប មិនមែនជាការប្រព្រឹត្តបទល្មើសណាមួយដែលឈានទៅដល់ការចាប់ខ្លួន ឬឃុំខ្លួនរូបគាត់នោះទេ។
លោកថា៖ «ការបន្តតម្កល់ហ្នឹង គឺអត់មានយុត្តិធម៌សម្រាប់គាត់ទេ ធ្វើឱ្យសហជីពផ្សេងទៀត គាត់ភ័យខ្លាចដែរ គាត់អត់ហ៊ានធ្វើការ ការពារសិទ្ធិកម្មករ គាត់អត់ហ៊ានធ្វើការបញ្ចេញមតិអីផ្សេងទៀត[…] និយាយទៅ យើងចែកចេញជាពីរឱ្យដាច់គ្នា ការប្រព្រឹត្តរឿងព្រហ្មទណ្ឌដោយបុគ្គលម្នាក់ៗជារឿងផ្សេង តុលាការមានសិទ្ធិក្នុងការចាត់វិធានការក្នុងរឿងហ្នឹង ប៉ុន្តែពាក់ព័ន្ធរឿងសហជីព តុលាការគួរតែមើលឱ្យបានច្បាស់ ហើយនិងសម្រេចចិត្តឱ្យបានចំវិជ្ជាជីវៈ ព្រោះយើងមានច្បាប់ការងារច្បាប់អីក្នុងការសិទ្ធិសេរីភាព ក៏ដូចជាអនុសញ្ញា ILO ក្នុងការ ការពារសិទ្ធដែរ»។
ប្រធានសហភាពការងារកម្ពុជា រូបនេះ យល់ថា ប្រសិនបើលោក ម៉ម រិទ្ធី បញ្ចេញមតិទៅមានការលើសលួសត្រង់ណា គួរតែឱ្យគាត់ធ្វើការកែតម្រូវ ជាជាងការចោទប្រកាន់ និងដាក់ទោស។ ជាមួយគ្នានេះ លោកបានស្នើដល់តុលាការពិចារណាឡើងវិញ និងដោះលែងលោក ម៉ម រិទ្ធី ឱ្យមានសេរីភាពវិញ ដើម្បីឱ្យគាត់បានបន្តការងារ ការពារសិទ្ធិកម្មករ។
អ្នកស្រី គង់ សុដា ភរិយារបស់លោក ម៉ម រិទ្ធី ក៏បានបង្ហាញការខកចិត្តចំពោះការសម្រេចរបស់តុលាការដូចគ្នាដែរ ដោយថាស្វាមីរបស់អ្នកស្រី ធ្វើការដើម្បីតែការពារសិទ្ធិ និងផលប្រយោជន៍កម្មករប៉ុណ្ណោះ។ អ្នកស្រីបន្តថា ការបន្តចោទប្រកាន់ និងឃុំខ្លួនលោកម៉ម រិទ្ធី ដែលជាបង្គោលក្នុងគ្រួសារនេះ បានធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់អ្នកស្រី ធ្លាក់ចុះយ៉ាងខ្លាំង។
អ្នកស្រីថា៖ «សុំស្នើទៅខាងតុលាការ រដ្ឋាភិបាល សុំឱ្យបានសម្រាលទោសគាត់ លើកលែងទោសឱ្យគាត់ ឱ្យគាត់បានត្រឡប់ទៅផ្ទះវិញឆាប់ៗ ដើម្បីជួបជុំគ្រួសារ ពីព្រោះនៅក្នុងគ្រួសារ ពេលដែលបាត់បង្គោលមួយគឺពិបាកខ្លាំង នៅពេលដែលខ្ញុំជាស្ត្រីម្នាក់ឯង វាពិបាកក្នុងការរ៉ាប់រង និងទទួលមើលខុសត្រូវកូន៤នាក់ ជាពិសេសហិរញ្ញវត្ថុក្នុងគ្រួសារមានការពិបាកខ្លាំង»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងលោក ប្លង់ សុផល បានទេ។
លោក ម៉ម រិទ្ធី ត្រូវបាននគរបាលចាប់ខ្លួនបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃស កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ក្នុងសាលក្រមតុលាការ បានបង្ហាញថា លោក រិទ្ធី បានប្រព្រឹត្តបទល្មើសតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
លោក រិទ្ធី តាមចោទថា បានឡាយតាមបណ្តាញសង្គមហ្វេសប៊ុករិះគន់កាស៊ីណូ ជីនប៉ី ២ ក្នុងខេត្តព្រះសីហនុ ដោយថាក្រុមហ៊ុននេះបានចោទប្រកាន់បុគ្គលិកម្នាក់ឈ្មោះ ម៉ម ស្រីលក្ខណ៍ ថាបានជួយភ្ញៀវបន្លំឈ្នះប្រាក់ប្រមាណ ១៨ ០០០ដុល្លារ ហើយភ្ញៀវនោះលែងមកលេងកាស៊ីណូទៀត។ អំឡុងពេលនោះ លោក រិទ្ធី ក៏បានរិះគន់តុលាការផងដែរ ចំពោះការឃុំខ្លួនអ្នកនាង ម៉ម ស្រីលក្ខណ៍ ដោយគ្មានភស្តុតាង និងបានស្នើឱ្យតុលាការបញ្ចេញវីដេអូ ដែលតុលាការយកមកចោទប្រកាន់លើរូបនាង។
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក យី សុខសាន្ត ដែលតាមដានសំណុំរឿងនេះ បានដាក់ការសង្ស័យទៅលើភាពឯករាជ្យរបស់តុលាការ ក្នុងការកាត់សេចក្តីរឿងនេះ ដោយលោកសង្កេតឃើញមានភាពមិនប្រក្រតីមួយចំនួននៃនីតិវិធីចាប់ខ្លួន និងចោទប្រកាន់ប្រធានសហជីពលោក ម៉ម រិទ្ធី។
លោកថា៖ «អ្វីដែលជាចម្ងល់ គឺតុលាការខេត្តកំពង់សោមហ្នឹង លោកអត់មានចាត់ការអីបន្តទៀតទេ នៅពេលដែលដោះលែងស្ត្រីម្នាក់ឱ្យនៅក្រៅឃុំហើយ ហើយមេធាវីខាងក្រុមហ៊ុន គេបានដកពាក្យបណ្តឹងពីតុលាការហើយ តែអ្វីដែលជាចម្ងល់ហ្នឹង សាលាដំបូងរាជធានីភ្នំពេញ បែរជាយករឿងហ្នឹង យកមកធ្វើ ឬហៅថាបើកសវនាការដោយកំបាំងមុខកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤»។
លោកថា៖ «សាលក្រមនេះ គឺហាក់ដូចជាធ្វើទៅតាមគេហៅថាសេចក្តីសម្រេចរបស់សាលក្រមពីមុន ដែលគេចាត់ទុកថាជាខុសច្បាប់ វាមិនសមតាមនីតិវិធី បែរជាតម្កល់យកអាណុងទុកជាបានការ ហើយអ្វីដែលយើងគួរសោកស្តាយ រឿងដែលគាត់បានបញ្ចេញមតិនេះ សមត្ថកិច្ចក៏ដូចជាតុលាការ គួរស្រាវជ្រាវរឿង ថាតើរឿងដែលលោក ម៉ម រិទ្ធី ដែលលោកមានប្រសាសន៍នៅក្នុងវិទ្យុ ក៏ដូចក្នុងបណ្តាញសង្គម តើវាមានមែនឬអត់ បើសិនអត់មានមែន អាហ្នឹងចាំចោទគាត់ថាញុះញង់ ឬបរិហាកេរ្តិ៍អីចឹងទៅ ប៉ុន្តែរឿងនេះរឿងពិត អានេះបើយើងនិយាយទៅ សមត្ថកិច្ចមិនបានទៅរកអង្គហេតុ ថាតើមូលហេតុអីបានលោក ម៉ម រិទ្ធី នៅសុខៗគាត់ទៅនិយាយរឿងហ្នឹង អីចឹងគាត់យកតែរឿងមួយកំណាត់ទេ អារឿងពិតឬមិនពិតនៅកាស៊ីណូហ្នឹង គាត់អត់ស្រាវជ្រាវទេ»។
លោក ម៉ម រិទ្ធី ជាប្រធានសហព័ន្ធសហជីពកម្មករ វិស័យនិយោជិកទេសចរណ៍ និងសេវាកម្មកម្ពុជា (CTSWF) និងជាអ្នកតស៊ូមតិយ៉ាងសកម្ម ដើម្បីការពារអត្ថប្រយោជន៍ឱ្យកម្មករ ក្នុងវិស័យដឹកជញ្ជូន។ ក្រោយការចាប់ខ្លួនរូបលោក មន្ត្រីអង្គការសង្គមស៊ីវិល សហជីព និងសាច់ញាតិ បានចេញសេចក្តីថ្លែងការណ៍ និងអំពាវនាវជាបន្តបន្ទាប់ដល់ប្រមុខរាជរដ្ឋាភិបាល និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រួមទាំងស្ថាប័នពាក់ព័ន្ធ ពិនិត្យមើលករណីនេះឡើងវិញឱ្យបានហ្មត់ចត់ និងតម្លាភាព ដើម្បីផ្តល់យុត្តិធម៌ឱ្យថ្នាក់ដឹកនាំសហជីពរូបនេះ៕
ដោយ៖ កញ្ញា កែវ មរកត