រដ្ឋាភិបាលបញ្ចេញ​ព័ត៌មានលើវិធាន​ទប់ស្កាត់​ល្បែង​អនឡាញ​ ចំពេល​បញ្ហា​ព្រំដែន​កំពុង​ឡើង​កម្តៅ

រដ្ឋាភិបាល បាន​បញ្ចេញព័ត៌មាន​ពីការ​តាំងចិត្ត បង្ក្រាប​បទ​ល្មើស​ល្បែង​អនឡាញ​ខុស​ច្បាប់ ដែល​ថា​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​គោលនយោបាយ ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព ដោយ​ចាត់​ទុក​ថា បញ្ហា​នេះ កំ​ពុង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ និងសុវត្ថិភាពសង្គម។

ការ​បញ្ចេញ​ព័ត៌មាន​នេះ ក៏​ចំ​ពេល​ដែល អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម និង​ក្រុម​អ្នក​នយោបាយ​ជំទាស់​នៅ​ក្រៅ​ប្រទេស កំពុង​ធ្វើយុទ្ធនាការ​ជំរុញ​ឱ្យ​មេ​ដឹក​នាំ​ប្រើប្រាស់យន្តការ​អន្តរជាតិ​ ប្តឹង​បញ្ហា​កោះគុត​ ដែល​ថៃកំ​ពុង​គ្រប់​​គ្រង ទៅតុលាការ​អន្តរជាតិ ដើម្បី​ការពារ​បូរណភាព​ទឹកដី។

ក្រៅ​​ពី​នេះ ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ខ្លះ កំពុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្តារ​ប្រជាធិបតេយ្យ ដើម្បី​រក្សា​អំ​ណោយ​ផល​ប្រព័ន្ធ​អនុគ្រោះ EBA ៨០ភាគរយ របស់​សហភាពអឺរ៉ុប​កុំឱ្យ​របូត​ទាំង​ស្រុង ក្រោយ សភា​អឺរ៉ុប ជំរុញ​ឱ្យ​សើរ​រើ​ និងដាក់​ទណ្ឌកម្ម ដែល​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ដែល​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន មិនអើ​​ពើ​ស្តារ​ប្រជាធិបតេយ្យ​ច្រើន​ឆ្នាំ​មកនេះ។

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា និយាយ​ក្នុង​សារាចរ​ណែនាំ ស្តី​ពី​ការ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែ​ង​ស៊ីសង​ខុសច្បាប់​ ចុះថ្ងៃទី៤ ខែធ្នូនេះថា ល្បែង​ស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អនឡាញ (Online) ត្រូវ​បាន​​គេ​ផ្សព្វផ្សាយ​ជាចំហ លើបណ្តាញ​សង្គម​ក្នុង​នោះ​មាន​ទាំង​បុគ្គល​មាន​ប្រជាប្រិយ​ភាព និង​អ្នក​ផលិត​មាតិកា​សង្គម​មួយ​ចំនួន​ផងដែរ។

លោក ស សុខា គូសញ្ជាក់​ថា បញ្ហា​នេះ ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ដែល​លោក​បញ្ជា​ទៅ​មន្ត្រី​ក្រោមឱវាទ ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​បុគ្គល​ណា​ដែល​​នៅ​​តែ​បន្ត​ប្រព្រឹត្ត​សកម្មភាព​ខុស​ច្បាប់នេះ ដែល​ជា​ផ្នែក​មួយ​នៃការ​អនុវត្ត​​គោល​នយោបាយ «ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព» របស់​រាជ​រដ្ឋាភិបាល។

យ៉ាងណា ល្បែង​អនឡាញ​ខុសច្បាប់ រួម​ទាំង​បទឧក្រិដ្ឋ ចាប់​ជំរិត បង្ខាំង​មនុស្ស ត្រូវ​បាន​គេមើល​ឃើញ​ថា​វា​បាន​កើនឡើង​យ៉ាង​គំហុក​ នាប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទោះ​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ល្បែង​អនឡាញ​នេះ​ច្រើន​ឆ្នាំទៅហើយក្តី។

បញ្ហា​នេះ សារព័ត៌មាន​ល្បីៗខ្លះ​បាន​ទាញ​ភ្ជាប់​ទៅ​នឹង​ខ្សែ​ស្រឡាយ​អ្នក​មាន​អំណាច និង​អំពើ​ពុក​រលួយ​បែប​ប្រទាក់​ក្រឡា​គ្នា​ នៃរបប​ដឹក​នាំ​បែប​គ្រួសារ​និយម​របស់​គ្រួសារហ៊ុន។

កាស៊ីណូ​ដែល​មាន​បណ្តាញ​នឹង លោក ហ៊ុន តូ ក្មួយប្រុល​លោក ហ៊ុន សែន ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ខែឧសភា ឆ្នាំ២០២៤នេះថា បាន​ដំណើរការ​ល្បែង​អនឡាញ​បំពាន​បម្រាម​រដ្ឋាភិបាល ទាំង​គ្មាន​ការ​រំខាន​ពី​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិ​បាល។ ព័ត៌មាន​ស៊ើប​អង្កេត​នោះ​បាន​អះអាងថា កាស៊ីណូ WM ក្នុង​ក្រុង​ព្រះសីហនុ បាន​បន្ត​ល្បែង​អនឡាញ​ បំពាន​បម្រាម​រដ្ឋាភិបាល​កម្ពុជា ដោយ​ប្រើ​ប្រាស់​អគារ​លួច​លាក់​មួយ។ នៅ​ខាង​ក្នុង​អគារ​នេះ មាន​ការ​រៀប​ចំ​យ៉ាង​ស្អាត ដើម្បី​ថត​ស្រ្តី​ខ្មែរ​រាប់​សិប​នាក់ សម្រាប់​កាស៊ីណូ​ផ្សាយ​ផ្ទាល់។ ក្រៅ​​ពី​កាស៊ីណូ WM គេ​ក៏​បាន​រក​ឃើញ​កាស៊ីណូ​ជាង ១០ទៀត ក្នុង​ប្រទេស​នៅ​បន្ត​ប្រតិបត្តិការ​ល្បែង​អនឡា​ញ​ខុស​ច្បាប់​នេះ ក្នុង​នោះ​មាន​កាស៊ី​ណូ Crown ក្នុង​ក្រុង​បាវិត​ របស់លោក​ឧកញ៉ា កុក អាន សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជនកម្ពុជា​ផងដែរ។

ដោយ៖ លោក ញឹម សុខន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ