ភស្តុតាងថ្មី​បង្ហាញពី លោក ស៊ាន បូរ៉ាត់ រួមដៃ​ជាមួយ​អ្នកស្រី ឡេង ចាន់ណា ក្នុង​អំពើ​ឆបោក

លោក ស៊ាន បូរ៉ាត់ មន្រ្តី​ស្និទ្ធ​លោក ហ៊ុន ម៉ាណែត ត្រូវ​ជន​រង​គ្រោះ​បន្ត​ទម្លាយ​ពីសកម្មភាព​បញ្ជុះបញ្ជូល​យុវជន​នៅ​តាមសាលា​ឱ្យ​ចូលរួម​ក្នុង​ក្រុមហ៊ុន​ឆបោក​របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា ដែល​ការ​ទម្លាយ​នេះ ដើម្បី​បង្ហាញ​ថា មន្រ្តីរូបនេះ​ជាមេ​គំនិត​នៅ​ពីក្រោយ​អំពើ​ឆបោក​នេះ​មិនមែន​ត្រឹមតែ​ជាសាក្សី​ដូច​តុលាការ​កោះ​ហៅ​ទេ។

តាម​រយៈភស្តុតាង​ជាវីឌីអូ ដែល​ជន​រងគ្រោះ​ប្រគល់​ឱ្យ VOD បង្ហាញថា លោក ស៊ាន បូរ៉ាត់ ប្រើ​អំណាច​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា និយាយ​ឃោសនា​អូសទាញ​សិស្ស​ឱ្យចូលរួម​រកស៊ី​ក្នុង​ក្រុមហ៊ុន​ឆបោក​របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា។

ក្នុង​វិឌីអូ​នោះ គេឃើញ អ្នកស្រីឡេង ចាន់ណា គ្រូបង្រៀន និងកងកម្លាំង​ផង អង្តុយ​នៅ​ក្រោយ​លោក ស៊ាន បូរ៉ាត់ រីឯ​សិស្សសាលា​រាប់សិបនាក់​ត្រូវបាន​គេ​រៀបចំ​ឱ្យ​អង្គុយ​ស្តាប់​ការ​ឃោសនា​របស់​រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា​រូបនេះ តាម​រយៈ​ប្រព័ន្ធ​បំពង​សំឡេង​ក្នុង​បរិវេណ​សាលារៀន​នោះ។

លោកថា៖ «ទីផ្សារ​ប្រ៊ីលាន ដែលទីផ្សារ​នេះ​បើក​ទូលំ​ទូលាយ​ទូទាំង​ប្រទេស និង​ពិភពលោក។ ចឹង​គឺ​ខ្ញុំ​សុំ​បញ្ជាក់​ប៉ុណ្ណឹង ដើម្បី​ឱ្យ​ប្អូនៗ​ទាំងអស់​ថ្ងៃ​ក្រោយ​មាន​ការ​ចាប់​អារម្មណ៍​ ចូល​ជា​សមាជិក​សមាគម ប៉ុន្តែ​ទាល់​អាយុ​ ១៨ឆ្នាំឡើង បាន​ឱ្យ​ចូល​ ហើយ​មុន​ហ្នឹង​ចូល​ទាល់តែ អ្នក​ដែល​មាន​ចំណេះ​ដឹង ខាង​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ ដើម្បី​ឱ្យ​ដឹង​ថា​ទី​ផ្សារ​សម្រាប់​រកស៊ី​វា​យ៉ាង​ម៉េច»

សកម្មភាព​អូសទាញ​យុវជន​ក្នុង​វិស័យ​អប់រំ​នេះ អ្នកស្រី​ឡេង ចាន់ណា ក៏​ធ្លាប់​បញ្ជាក់​ថា តាមរយៈ​វីឌីអូ​ដែល​ជនរង​គ្រោះ​ធ្លាប់​ថត​បាន​ ដោយ​អ្នក​ស្រី​និយាយ​ថា លោក ស៊ាន បូរ៉ាត់ បាន​ដើរ​ឃោសនា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ ដែរ​ដើម្បី​កៀរ​គរ​យុវជន​ឱ្យដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ឆបោក​របស់​ខ្លួន។

លោកថា៖ «សិស្ស CUS ទាំងអស់ សិស្ស​អាស៊ីអឺរ៉ុប​ទាំងអស់ គឺ​នៅ​ក្រោម​របស់​គាត់​ទាំង​អស់ អ្នក​ណា​កុំម្មង់​ទំនិញ​ គឺ​បង​បូរ៉ាត់​បាន​អូ​តូ​ម៉ា​ទិច​ ក្នុង​ហ្នឹង​មាន​ពិន្ទុ​ចាប់​គូ​ មាន​អី​ៗច្រើន​ទៀត។ ចឹង​សាកល​វិទ្យាល័យ​ណា​ក៏​ដោយ ឱ្យ​តែ​បង​បូរ៉ាត់​គាត់​រៀប MOU អាហ្នឹង​បង្កើត​អតិថិជន»

បើតាមជនរងគ្រោះ ល្បិច​បោកប្រាស់​អូសទាញ​យុវជនជ្រកក្រោម​វិស័យអប់រំនេះ ព្រោះតែលោក ស៊ាន បូរ៉ាត់ ជា​រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា ដែល​អាចមាន​ឥទ្ធិពល​លើការ​សម្រេច​ផែនការ​ប្រមូល​លុយបានលឿន​តាម​ការ​គ្រោងទុក។

ការលាត​ត្រដាង​ពីអំពើ​ទុច្ចរិត​របស់លោក ស៊ាន បូរ៉ាត់ នេះ ចំពេល​តុលាការ​ខេត្តសៀមរាប ចាត់​ទុក​លោក ស៊ាន បូរ៉ាត់ ជា​សាក្សី ​ដែល​ត្រូវ​ចូល​បំភ្លឺពាក់​ព័ន្ធអំពើ​ឆបោក​ជា​មួយ​អ្នក​ស្រី ឡេង ចាន់ណា។

តុលាការបាន​បង្គាប់​ឱ្យលោក ស៊ាន បូរ៉ាត់ ចូលឆ្លើយ​បំភ្លឺ​ក្នុងនាម​ជាសាក្សី​នៅទី១៨ ខែធ្នូ ឆ្នាំ២០២៤ ពីដំណើរ​រឿង​ឆបោកមាន​ស្ថាន​ទម្ងន់​ទោស​ជា​ក្រុម​មាន​ការ​ចាត់​តាំង​ បទ​សម្អាត​ប្រាក់ និង​បទ​ចោទ​មិន​បំពេញ​កាតព្វ​កិច្ច ចំពោះ​ឧបករណ៍​ដែល​អាច​ជួញ​ដូរ​បាន។ មន្រ្តីម្នាក់​ទៀតគឹ លោក ស ថាវី អនុរដ្ឋ​លេខាធិការ​ ក្រសួង​ការពារជាតិ ក៏​ត្រូវ​ចូល​ខ្លួន​មក​ឆ្លើយ​បំភ្លឺ​ដូចគ្នា​ដែរ។

ចំ​ពេល​ជា​មួយ​គ្នា​នេះ អ្នកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីលោក ហ៊ុន សែន បាន​បញ្ជេញ​មតិ​លើ​ហ្វេសបុក​ដែល​ខ្លួនថា គាត់​ធ្លាប់​រង​ការ​គំរាម​ប្តឹង​ពី​លោក ស៊ាន បូរ៉ាត់ នៅ​ពេល​និយាយ​ពី​អំពើ​ឆបោក​របស់​អ្នកស្រី ​ឡេង ចាន់ណា និងលោក​ ស៊ាន បូរ៉ាត់ កាលពីផ្ទុះ​រឿង​ឆបោក​ដំបូង។

អ្នក​ស្រី​សរសេរថា៖  «ពេល​នោះ​លោក ស៊ាន បូរ៉ាត់ ឲ្យឡេង ចាន់ណា ប្ដឹង​ពួក​យើង​ដែល​ចេញ​និយាយ​ក្នុង​រឿង​រាស្ត្រ​ខេត្ត​សៀមរាប​នោះ។ ខ្ញុំមកដល់​ពេលនេះ​ចាំ​មិន​ភ្លេច​ទេ​មាន​អ្នក​ធំ​ឆាត​មក​មីង​ ថា​កុំ​ប៉ះ​ ស៊ាន បូរ៉ាត់ មនុស្ស​គាត់​មិន​ពាក់​ព័ន្ធ​ទេ»។

ការ​លើកឡើង​របស់ប្អូនស្រី លោក ហ៊ុន សែន រូបនេះ ហាក់​ស៊ីគ្នា​ទៅនឹង​សំឡេង​ឆ្លើយឆ្លង​គ្នាតាម​ប្រព័ន្ធ​ទូរសព្ទ​ ដែល​ជនរង​គ្រោះផ្តល់ឱ្យ VOD ដែលលោក ស៊ាន បូរ៉ាត់ បញ្ជា​ឱ្យ​អតីត​ឧកញ៉ា ឡេង ចាន់ណា ប្តឹង​អ្នក​ដែល​ហ៊ាន​លាត​ត្រដាង​ពី​អំពើ​ឆបោក​តាមផ្លូវច្បាប់នេះ។

លោកថា៖ « ប្រាកដ​ជា​ជាប់​ទោស​ហើយ​ សាក​ទៅ! កុំឆ្លើយ​ថា អត់​ដឹង បើ​គ្មាន​ការ​បញ្ជា​ពី​ពួក​អ្នកឯង​ទេ មិន​អាច​មក​បង្ហោះ​បា​នទេ ព្រោះ​គ្មាន​អាណា​គេ​ចង់​ជួល​គុក​ជំនួស​អ្នក​ឯង​ទេ។ ប៉ុន្តែ​បើ​អ្នក​ចង់​បន្ត​ទៀត​អត់​អីទេ យើង​លេង​តាម​សម្រួល​តើ មានអី មិនបាច់និយាយអីបង្ខំទេ! អូនឯងធ្វើចឹង រៀប​ចំ​តាម​ផ្លូវ​ច្បាប់​ដាក់​ម៉ង​ទៅ»។ 

លោក ស៊ាន បូរ៉ាត់ ជាអនុប្រធាន​យុវជន​គណបក្សប្រជាជនកម្ពុជា​ថ្នាក់កណ្ដាល​មាន​លោក ហ៊ុន ម៉ាណែត ជាប្រធាន។ ក្នុង​ជួរដ្ឋាភិបាល​វិញ លោកជា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា និង​ជា​អនុប្រធាន​អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ​ផងដែរ។

VOD បាន​ព្យាយាម​សុំការ​ឆ្លើយតប​ពី លោក សយ ច័ន្ទវិចិត្រ អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​តែ​គ្មាន​អ្នក​លើក​ទូរសព្ទ នៅ​ពេល​ហៅ​ចូល​ជា​ច្រើន​លើក។

ប៉ុន្តែ​អ្នក​នាំពាក្យ​រូបនេះ​ធ្លាប់ប្រាប់ VOD ថា ករណី​ក្រុមហ៊ុន​ប្រីលាន​ស៊ីធី​នេះ​ជនសង្ស័យ​មិន​ជាប់​ពាក់ព័ន្ធ​បទ​ល្មើស​ ពាក់​ព័ន្ធ​អំពើ​ពុករលួយ​ឡើយ ហើយ​ការ​ចោទ​លោក ស៊ាន បូរ៉ាត ថា​ជាប់​ពាក់ព័ន្ធ​ក្រុមហ៊ុន​ប្រ៊ីលានស៊ីធីគឺគ្មានមូលដ្ឋាន​ច្បាស់លាស់ទេ។

យ៉ាងណា ជនរងគ្រោះ​ម្នាក់ លោក សោម សៅ វ័យ៧០ឆ្នាំ ប្រាប់ថា ដោយសារ​វត្តមាន លោក ស៊ាន ប៊ូរ៉ាត់ ក្នុង​ក្រុមហ៊ុន​ប្រ៊ីលាន​ស៊ីធី​របស់អតីតឧកញ៉ាឡេង ចាន់ណានេះ ទើប​លោក​ហ៊ាន​ខ្ចីលុយធនាគារ ១ម៉ឺន ៤ពាន់​ទៅ​វិនិយោគ​ធ្វើឱ្យផុង​ខ្លួន​ក្នុង​វិបត្តិ​បំណុល​វន្តករ​ដល់សព្វថ្ងៃ។

លោកថា៖ «ឡេង ចាន់ណា គាត់​និយាយ​មិន​ដាច់​ពី​មាត់​ទេ បងបូរ៉ាត់ បងបូរ៉ាត់ ទន្ទេញ​មិន​ដាច់​ពី​មាត់ បង​បូរ៉ាត់​នេះ​ជា​អ្ន​ក​បង្កើត​ក្រុមហ៊ុន។ ឡេង ចាន់ណាហ្នឹងគាត់និយាយ ពួកខ្ញុំ​នឹង​ឃើញ​ថា អ្នក​ធំ​គេ​នៅ​ យ៉ាង​ណា​គេ​មិន​ធ្វើ​បាបប្រជាជន ក្រីក្រដែរ។ ខ្ញុំ​នឹក​ស្មានមិនដល់ថា មាន ឧកញ៉ាធំៗ មក​ធ្វើបាប​រាស្រ្ត ខ្ញុំនឹង​ស្មាន​មិន​ដល់ណាស់ ជឿជាក់​លើ​ពួក​គាត់​ហ្នឹងឯង​បានដាក់​លុយដាក់​កាក់»

ដោយឡែក អ្នកចាញ់​បោក​ម្នាក់ទៀត​អស់​ប្រមាណ ៣ម៉ឺនដុល្លាអាមេរិក បាន​ប្រាប់ VOD ក្នុង​លក្ខខណ្ឌ​មិន​បញ្ជេញ​ឈ្មោះថា លោក ស៊ាន បូរ៉ាត់ នៅពេល​និយាយ​អូស​ទាញ​មនុស្ស​ឱ្យ​ចូល​រួម​យកលុយ​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ប្រ៊ីលាន​ស៊ីធីម្តងៗ តែងតែហាមមិនឱ្យថតសំឡេងនោះឡើយ។

លោកថា៖ «បើគាត់(លោក ស៊ាន បូរ៉ាត់) និយាយ​វិញ​សំលេង​របស់​គាត់​ច្រើន​ណាស់ ប៉ុន្តែយើង​អត់​បាន​ថត​សំឡេង គាត់។ សំឡេង​ដែល​បែកធ្លាយ​ហ្នឹង សំឡេងតិច​ៗ​ទេ ប៉ុន្តែ​សំឡេង ដែល​មិន​បែក​ធ្លាយ​វា​ច្រើន សូម្បី​តែ​ឯកឧត្តម ស៊ាន បូរ៉ាត់ គាត់​និយាយថា លុយហ្នឹង ក្រុមហ៊ុនហ្នឹងយ៉ាងម៉េច​ក៏​ដោយ​ក៏ មិន​ឱ្យ​បាត់​លុយ​យើង​ម៉ាកាក់​ ម៉ា​សេន​ដែរ សូម្បី​តែ​ឯកឧត្តម ស៊ាន បូរ៉ាត់ គាត់​និយាយ​ចឹង​ដែរ បើ​ប្រជុំ​ម្តងៗ​គាត់​មិន​ឱ្យថ​ត​ (សំឡេង) »

ក្រុមហ៊ុន​ប្រ៊ីលាន​ស៊ីធី​ របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា បាន​បង្កើត​ល្បិច​បោក​ពលរដ្ឋ តាមរយៈការអូសទាញ​មនុស្ស​ជា​ប្រព័ន្ធ តាម​យុទ្ធសាស្រ្ត​ប្រមូល​លុយ​ដោយ​សន្យា​ឱ្យការ​ប្រាក់ ៤ភាគរយ ក្នុង​មួយ​ខែ​នៃ​ប្រាក់​ដើម រួម​ទាំង​មានគម្រោង​លក់​ផលិតផល​សុខភាព ដីឡូរ និង​ការ​បញ្ជូន​ពលក​រ​ទៅ​ប្រទេស​កូរ៉េ។

អតីត​ឧកញ៉ា​រូប​នេះ ធ្លាប់​បានបង្ហាញ​ភាពស្និទ្ធ​ស្នាល​ញឹក​ញាប់​ ជាមួយនាយករដ្ឋ​មន្ត្រី លោក ហ៊ុន ម៉ាណែត តាមវេទិការ​ឃោសនាបក្ស និងធ្លាប់​ប្រកាស​ដោយ​ចំហរ​ថា មេដឹក​នាំ​រូបនេះ​ជា​ខ្នង​បង្អែក​នៃ​ការ​រក​ស៊ី​របស់​ខ្លួន។

អ្នកស្រីថា៖ «ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្តដ៏ឧត្តុងឧត្តម និងថ្លៃថ្លាសម្រាប់ក្រុមហ៊ុន ប្រ៊ីលានស៊ីធីវើលដ៍ ដែល​ទទួល​បាននូវ​ការ​យកចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាវ​ជ្រៅ​បំផុត​ពី​សំណាក់​ឯកឧត្តមបណ្ឌិតប្រធាន ហ៊ុន ម៉ាណែត បាន​ចាត់​តាំង​ឯកឧត្តម បណ្តិត ស៊ាន បូរ៉ាត់ ជាតំណាងដ៏​ខ្ពង់ខ្ពស់ មក​ចូល​រួម​ជាអធិបតី សម្ពោធ​ផលិតផល​ស្គីន​ឃែ​ជា​ផ្លូវការ នៃ​ក្រុមហ៊ុន​ប្រ៊ីលាន​ស៊ីធីវើលដ៍»

ប៉ុន្តែ​កាល​ពីថ្ងៃទី​២១ ខែកុម្ភៈ ក្រោយផ្ទុះ​ការ​តវ៉ា​ពី​ពលរដ្ឋ ខុទ្ធការល័យ លោក ហ៊ុន ម៉ាណែត បាន​ចេញ​លិខិ​តមួយថា​ច្រាន​ចោល​ថា លោក ហ៊ុន ម៉ាណែត មិន​ពាក់​ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​នេះ​ទេ។

លុះ​ជាង ២ខែក្រោយ​មក ពោល​គឺ​នៅថ្ងៃ​ទី​ថ្ងៃ​ទី​១៥ ឧសភា លោក ហ៊ុន ម៉ាណែត បានប្រគល់​ភារកិច្ច​ឱ្យលោក គី តិច មេធាវី​រដ្ឋាភិបាល​ការពា​រក្តីឱ្យ​ជន​រងគ្រោះ តែ​ចាប់​ពី​មេធាវី​រូបនោះ​ជួយ​ការពារ​ក្តី​ជិត​មួយ​ឆ្នាំ​ទៅ​នេះ ជន​រង​គ្រោះនៅ​តែ​មិន​ទទួល​បាន​សំណង​មក​វិញ ខណៈ​ពួក​គេ​កំពុង​ជួប​វិបត្តិ​បំណុលវ័ន្តករ។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត កត់​សម្គាល់​ថា បើ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដែល​មាន​ប្រព័ន្ធ​ច្បាប់​រឹង​មាំ រឿងក្តី​បោក​ប្រាស់​ទំហំ​រាប់​រយលាន​ដុល្លានេះ លោក ហ៊ុន ម៉ាណែត ក៏​មិន​រួច​ខ្លួន​ពី​ការ​ស៊ើប​អង្កេត​ពីតុលាការដែរ រីឯលោក ស៊ាន បូរ៉ាត់ វិញ​គឺ​មិនមែន​ជា​សាក្សី​ដូច​តុលាការ​កោះ​ហៅ​នោះ​ទេ​ ពោល​គឺ​ជាមេខ្លោង​បោកប្រាស់​តែម្តង​ព្រោះ​មានភស្តុតាង​ជាច្រើន​ដែល​អាច​ដាក់​បន្ទុក​មន្រ្តីរូប​នេះ​បាន។

លោកថា៖ «ពួកជនឆបោក​អស់ហ្នឹង រក​លុយ​ឱ្យ​មេដឹកនាំ។ ឡេង ចាន់ណា​ហ្នឹង​រក​លុយឱ្យ ហ៊ុន ម៉ានី ហ៊ុន ម៉ាណែត ធ្វើអង្គរ​សង្រ្កាន ធ្វើបោះ​ឆ្នោត កន្លង​ទៅ​ហ្នឹង។ ដល់​ពេល​ឡុង​ចុង​ទៅ ធ្លាក់​ខ្លួន​បែក​សាច់រឿង​​ទៅ​​បាន​​ចាប់​​ខ្លួន​មនុស្ស​ពីរ បីនាក់ ដាក់គុក​ចឹងទៅ ហើយ​អារឿង​សំណង​ទូទាត់​អី គ្មាន​ជូន​ប្រជាពលរដ្ឋ​អី រហូត​ដល់​មាន​ប្រជាពលរដ្ឋ​ធ្វើអន្តឃាត​ស្លាប់​ខ្លួន​អីហូរហែរដោយសារ អារឿងបំណុលវ័ន្តក ហើយការដោះស្រាយ​បែបចឹង វាមិន​អាច​ផ្តល់​យុត្តិធម៌ ឱ្យ​ប្រជា​ពលរដ្ឋ​បាន​ស្ងប់​ចិត្ត​ទេ ម្លោះហើយ​ ហ៊ុន ម៉ាណែត ក៏គួរ​ត្រូវបាន​ស៊ើប​អង្កេត ដោយ​យុត្តិធម៌​ដែរ ពី​ការ​ពាក់​ព័ន្ធ​អំពើ​ឆបោក​ហ្នឹង​» 

អតីត​ឧកញ៉ា ឡេង ចាន់ណា ត្រូវ​បាន​ចាប់​ខ្លួន​នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោយ​ពី​ជន​រង​គ្រោះ​ផ្ទុះ​ការ​តវ៉ា​ជា​បន្ត​បន្ទាប់​រយៈពេល ប្រមាណ ១ខែ ដែល​មាន​អ្នក​ចាញ់​បោក​ប្រមាណ ៧០០០គ្រួសារ គិត​ទឹក​ប្រាក់ជាង ៣០០លាន​ដុល្លារ​អាមេរិក។

បើតាម​តុលាការ​ខេត្ត​សៀមរាប អ្នកស្រី ឡេង ចាន់ណា ត្រូវ​ជាប់​ចោទ​ច្រើន​បទ​ល្មើស រួម​មាន បទ ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស ជា​ក្រុម​មាន​ការ​ចាត់​តាំង បទ​សម្អាត​ប្រាក់ និង​បទ​មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន។ អ្នក​ឃ្លំា​មើល​សង្គម វិភាគថា រឿងក្តីអ្នកស្រី ឡេង ចាន់ណា ដែល​ជំពាក់​ជំពិន​ជាមួយ​នាយក​រដ្ឋមន្រ្តី រួម​ទាំង​មន្រ្តី​គ្រាក់ៗ​ដូច លោក ស៊ាន បូរ៉ាត់នេះ អាច​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​កប់ចោល បើ​ជន​រងគ្រោះ​រក្សា​ភាព​ស្ងៀមស្ងាត់ មិនចេញ​តវ៉ា​រកកិច្ច​អន្តរាគមន៍​ដោយ​ខ្លួនឯង ខណៈ ប្រព័ន្ធ​តុលាការ​កម្ពុជា​ត្រូវគេ​មើល​ឃើញ​ថា​គ្រាន់​តែ​ជាកូន​អ៊ុក​របស់​អ្នក​មាន​អំណាច​តែ​ប៉ុណ្ណោះ។

ដោយ​៖ លោក​ សែន សច្ចៈ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ