លោក ហ៊ុន សែន បានថ្លែងជាបន្តបន្ទាប់ បន្ទាប់ពីសហគមន៍អឺរ៉ុប បានប្រកាសព្យួរ EBA ២០% ចាប់តាំងពីឆ្នាំ២០២០ មកថា «មិនត្រឹមតែ ២០% ទេ បើគេចង់យក ១០០% គឺជារឿងរបស់គេ ព្រោះយើងមិនអាចយកច្បាប់របស់យើង អធិបតេយ្យជាតិរបស់យើង ទៅដោះដូរជាមួយនឹងភាពអនុគ្រោះណាទាំងអស់»។
អ្នកឃ្លាំមើលសង្គមបានថ្លែងថា ទាំងសហភាពអឺរ៉ុបក្តី សហគមន៍អន្តរជាតិផ្សេងៗទៀតក្តី គេគ្រាន់តែជំរុញឱ្យរដ្ឋាភិបាលកម្ពុជា គោរពរដ្ឋធម្មនុញ្ញរបស់ខ្លួន កតិកាសញ្ញា សន្ធិសញ្ញា សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ឬក៏ច្បាប់អន្តរជាតិនានា ដែលកម្ពុជាបានផ្តល់សច្ចាប័នតែប៉ុណ្ណោះ គេមិនមានអ្វីត្រូវដោះដូរជាមួយអធិបតេយ្យភាពកម្ពុជានោះទេ។
លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនទៀតបូករួមទាំងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាផងដែរ តែងតែលើកយកប្រយោគរបស់លោក ហ៊ុន សែន មកពន្យល់ឆ្លើយតបទៅកាន់អ្នកកាសែត នៅពេលអ្នកកាសែតស្នើសុំធ្វើអត្ថាធិប្បាយចំពោះការរិះគន់ និងការថ្កោលទោសពីសហគមន៍អន្តរជាតិ។
សំណួរដែលបានចោទសួរ រដ្ឋាភិបាលកម្ពុជា ពីបានធ្វើទុក្ខបុកម្នេញ និងចាប់ឃុំខ្លួនអ្នកនយោបាយ និងសកម្មជននយោបាយប្រឆាំង សកម្មជនបរិស្ថាន និងសកម្មជនអង្គការសង្គមស៊ីវិលតាមទំនើងចិត្ត និងទាមទារឱ្យដោះលែងជាមួយនឹងការព្រមានដាក់ទណ្ឌកម្មផ្សេងៗ។
លោក ប៉ែន បូណា បានថ្លែងជាថ្មីទៀតនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ថា៖ «រាជរដ្ឋាភិបាលកម្ពុជាមានជំហរច្បាស់លាស់ណាស់ គឺមិនយកអធិបតេយ្យជាតិទៅដោះដូរជំនួយ ឬក៏ប្រព័ន្ធអនុគ្រោះពន្ធណាមួយទេ។ លោកសូមឱ្យដៃគូអភិវឌ្ឍន៍គិតគូរឡើងវិញអំពីអ្វី ដែលរាជរដ្ឋាភិបាលបានធ្វើ»។
ការលើកឡើងរបស់ លោក ប៉ែន បូណា នេះគឺឆ្លើយតបទៅនឹងវិធានការថ្មីរបស់សភាអឺរ៉ុប។ សភាអឺរ៉ុប ដែលបណ្តុំទៅដោយប្រទេសរីកច្រើនជាង ២០ប្រទេស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចថ្មីមួយ ដោយជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប ពិនិត្យសើរើឡើងវិញ ចំពោះការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសល់ចំនួន ៨០% ជាមួយកម្ពុជា និងពិចារណាដាក់ទណ្ឌកម្មជាក់លាក់លើក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលពាក់ព័ន្ធនឹងការរឹតដ្បិតផ្នែកនយោបាយ ធ្វើឱ្យដំណើរការប្រជាធិបតេយ្យធ្លាក់ចុះ រហូតទាល់តែអ្នកទោសនយោបាយ សកម្មជនអ្នកការពារសិទ្ធិមនុស្ស អ្នកកាសែត និងតួអង្គសង្គមស៊ីវិលដទៃទៀតទាំងអស់ ដែលត្រូវបានចោទប្រកាន់ ក្រោមបទចោទដែលមានចរិតនយោបាយ ត្រូវបានដោះលែង។
តើពាក្យ «អធិបតេយ្យភាព» មានន័យដូចម្តេច? តើការដែលសហភាពអឺរ៉ុប បូករួមទាំងសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិជំរុញ ឬក៏អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិមនុស្ស សិទ្ធិការងារ និងត្រូវដើរតាមគន្លងប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញា សន្ធិសញ្ញាអន្តរជាតិនានាជាដើមនោះ ជាការរំលោភអធិបតេយ្យភាពកម្ពុជា ឬកម្ពុជាត្រូវប្តូរអធិបតេយ្យភាពរបស់ខ្លួនយ៉ាងដូចម្តេច?
នៅក្នុងសទ្ទានុក្រមនៃបច្ចេកស័ព្ទរបស់វិទ្យាសាស្ត្រនយោបាយនិងការទូត ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានកំណត់ និងឱ្យនិយមន័យពាក្យថា «អធិបតេយ្យភាព» មានន័យថា ជាអំណាចខ្ពស់បំផុតនៅក្នុងរដ្ឋ ដែលមានសិទ្ធិគ្រប់គ្រង កំណត់ និងត្រួតពិនិត្យកិច្ចការនានារបស់រដ្ឋ ដោយគ្មានការជ្រៀតជ្រែកពីអ្នកដទៃ។ អធិបតេយ្យភាពនៃរដ្ឋមួយ មានទិដ្ឋភាពពីរ គឺទិដ្ឋភាពខាងក្នុង និងទិដ្ឋភាពខាងក្រៅ។ ទិដ្ឋភាពខាងក្នុង គឺរដ្ឋមានអំណាចពេញលេញក្នុងការគ្រប់គ្រងប្រជាជនទាំងអស់នៅក្នុងរដ្ឋ។ ទិដ្ឋភាពខាងក្រៅ គឺរដ្ឋមានឯករាជ្យភាព ឬមិនចំណុះការគ្រប់គ្រងរបស់បរទេស និងទាមទារឱ្យមានការទទួលស្គាល់ពីរដ្ឋដទៃ។
ឧទាហរណ៍ ក្រោយពីបានទទួលឯករាជ្យពីបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រទេសកម្ពុជាមានអធិបតេយ្យភាពពេញលេញ។
ចំពោះការសម្រេចព្យួរ EBA ២០% កាលពីលើកមុន និងការព្រមានដក EBA ៨០% ទៀត ឬដកទាំងស្រុងរបស់សភាអឺរ៉ុបលើកចុងក្រោយនេះ ប្រសិនបើកម្ពុជានៅតែមិនព្រមបើកលម្ហប្រជាធិបតេយ្យ ស្តារសិទ្ធិមនុស្សឡើងវិញ និងមិនព្រមដោះលែងអ្នកទោសនយោបាយ ឬអ្នកទោសមនសិការទេនោះ សម្រាប់អ្នកឃ្លាំមើលសង្គម និងអ្នកនយោបាយក្រៅរដ្ឋាភិបាល មើលមិនឃើញពីចំណុចណាមួយដែលថា សហគមន៍អឺរ៉ុបលូកដៃចូលក្នុងអធិបតេយ្យភាពរបស់កម្ពុជា ឬកម្ពុជាត្រូវដោះដូរអធិបតេយ្យភាពរបស់ខ្លួនដើម្បីទទួលបាន EBA នោះឡើយ។
លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់បានលើកឡើងថា រដ្ឋាភិបាលមិនមានអ្វីត្រូវពិបាកដោះស្រាយលើបញ្ហាដែលស្នើឡើងដោយសភាអឺរ៉ុបនោះទេ ពីព្រោះនៅក្នុងលក្ខន្តិកៈប្រព័ន្ធអនុគ្រោះពន្ធEBA ឬក៏ GSP គឺគេតម្រូវឱ្យកម្ពុជាគោរពរដ្ឋធម្មនុញ្ញខ្លួនឯង ហើយគោរពទៅលើកតិកាសញ្ញា សទ្ធិសញ្ញា សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស ឬក៏ច្បាប់អន្តរជាតិនានា ដែលកម្ពុជាផ្តល់សច្ចាប័ន។ ដូច្នេះវាមិនមានអ្វីដែលថា កម្ពុជាបាត់បង់អធិបតេយ្យភាពនោះទេ គឺគេគ្រាន់តែឱ្យរដ្ឋាភិបាលគោរពសិទ្ធិពលរដ្ឋខ្លួនឯង ដែលមានចែងនៅក្នុងច្បាប់ប៉ុណ្ណោះ តែបើបកស្រាយថា ធ្វើឱ្យបាត់បង់អធិបតេយ្យភាពគឺមិនត្រូវទេ។
លោកថា៖ «ការបាត់បង់អធិបតេយ្យភាព ទាល់តែមានជនបរទេសណាមួយមកបង្កចលនានៅប្រទេសកម្ពុជា ឧទាហរណ៍ដូចជនជាតិចិនកន្លងមកអ៊ីចឹង គាត់មកចាប់ជម្រិតគ្នាមកប្លន់ មកកាប់សម្លាប់គ្នាក្នុងប្រទេសហើយប្រសិនបើកម្ពុជាមិនអាចមានសមត្ថកិច្ចនៅក្នុងការទៅបង្ក្រាបអីបាន ទាល់តែអាជ្ញាធរចិនគេអនុញ្ញាតឱ្យបង្ក្រាប អាហ្នឹងបានយើងបាត់បង់អធិបតេយ្យភាព។ ប៉ុន្តែប្រសិនបើយើងនៅតែអាចបង្ក្រាបបាន អីបាន អាហ្នឹងវាអត់មានបាត់បង់អធិបតេយ្យភាពអីទេ។ ហើយជាពិសេសរឿងការគោរពសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋខ្លួនឯង វាអត់មានការបាត់បង់អធិបតេយ្យភាពអីទេ ពីព្រោះវាជាកាតព្វកិច្ចរបស់រដ្ឋ ក្នុងការធានាឱ្យមានការគោរពសិទ្ធិពលរដ្ឋខ្លួនឯង»។
ចំណែកលោកបណ្ឌិត ប៉ា ចន្ទរឿន ប្រប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី២ខែធ្នូថា ការធ្វើឱ្យប្រសើរឡើងនៃការគោរពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យ វាមិនមែនជារឿងថ្មីដែលថា រំលោភបំពានដល់អធិបតេយ្យភាពរបស់ប្រទេសកម្ពុជានោះទេ ពីព្រោះការទទួលបាន EBA គឺជា លក្ខខណ្ឌសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
លោក ចន្ទរឿន លើកឡើងទៀតថា ក្នុងលក្ខខណ្ឌផ្តល់ EBA ក៏បានចែងដែរថា បើប្រទេសណាមួយរំលោភលក្ខខណ្ឌទាំងអស់ហ្នឹង អាចប្រឈមមុខទៅនឹងការសើរើ ឬក៏ការបាត់បង់ EBA មួយផ្នែក ឬក៏បាត់បង់ទាំងស្រុង។
លោកថា៖ «តាមពិតទៅការធ្វើឱ្យប្រសើរឡើងរឿងគោរពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនេះវាមិនមែនជារឿងថ្មីអីដែលថា ទៅរំលោភបំពានទៅដល់អធិបតេយ្យភាពរបស់ប្រទេសកម្ពុជាទេ ពីព្រោះរឿងការទទួលបាន EBA នេះ គេមានលក្ខខណ្ឌរបស់គេគឺគេចងរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនឹងឯង ហើយរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនឹងក៏មានចែងនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ របស់យើងដែរ ដែលប្រទេសកម្ពុជាយើងកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានការគោរពសិទ្ធិមនុស្ស»។
យ៉ាងណាក្តី លោក អ៊ូ ចន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បច្ចុប្បន្នជាសហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលើកឡើងថា ជាទូទៅកាលណាសេដ្ឋកិច្ចយើងមិនខ្លាំង មិនរឹងមាំ តែងតែនៅក្រោមឥទ្ធិពលប្រទេសមហាអំណាចនេះ មហាអំណាចនោះ គឺចៀសមិនរួចនោះទេ។
ប៉ុន្តែត្រូវជ្រើសរើសថា តើយើងត្រូវធ្វើយ៉ាងដូចម្តេច ត្រូវងាកមករកកណ្តាលដើម្បីកុំឱ្យមានឥទ្ធិពលទាំងសងខាងខ្លាំងពេក ឬក៏យ៉ាងម៉េច? លោកថា ស៊ីសងទៅលើការពិចារណារបស់ថ្នាក់ដឹកនាំ។
លោក ចន្ទរ័ត្ន លើកឡើងទៀតថា បើសេដ្ឋកិច្ចយើងនៅទន់ខ្សោយប្រទេសយើងតូច យើងមិនអាចងាយចៀសរួចពីការទទួលរងឥទ្ធិពលនយោបាយពីប្រទេសធំៗបានទេ គ្រាន់តែថា តើទទួលរងទៅវាបានផលប្រយោជន៍ដល់ជាតិ ដល់ប្រជាពលដ្ឋប៉ុណ្ណា ហើយបើទទួលរងហើយអត់ទទួលបានផលប្រយោជន៍ដល់ជាតិដល់ប្រជាពលរដ្ឋទេ វាជាការខាតបង់ធំធេងសម្រាប់ប្រយោជន៍ជាតិ និងពលរដ្ឋ។
លោកថា៖ «ចំពោះអធិបតេយ្យភាពជាតិ អធិបតេយ្យនយោបាយក្តីអីក្តី វាអាស្រ័យទៅលើសេដ្ឋកិច្ចរបស់យើងរឹងមាំប៉ុនណាដែរ ទោះបីថា យើងមិនដូរជាមួយនឹងអធិបតេយ្យភាពជាតិ ប៉ុន្តែដល់ពេលយើងមិនសហការជាមួយអឺរ៉ុប យើងមកបន្ទន់ឥរិយាបទជាមួយនឹងប្រទេសចិនប្រទេសអីវិញ អាហ្នឹងវាដូចតែគ្នាទេ តែថា តើមួយណាចំណេញជាង តើមួយណាដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋហ្នឹងខ្លាំងជាង ម្ល៉ោះហើយអ្នកនយោបាយត្រូវតែគិត»។
សភាអឹរ៉ុបបានអនុម័តសេចក្តីសម្រេចឱ្យសើរើប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជាដែលនៅសេសសល់ចំនួន ៨០% កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាទណ្ឌកម្មដ៏ធំមួយ ចាប់តាំងពីលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី តពីឪពុករបស់លោកមក។
សហភាពអឺរ៉ុបបានដកហូតប្រព័ន្ធអនុគ្រោះនេះ ២០% ពីកម្ពុជាកាលពីពាក់កណ្តាលឆ្នាំ២០២០ ក្រោយពីអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានបើកយុទ្ធនាការជាប្រព័ន្ធ រំលាយគណបក្សសង្គ្រោះជាតិ ដែលមានប្រជាពលរដ្ឋគាំទ្រស្ទើតែកន្លះប្រទេស និងបានចាប់ឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្ស ក្រោមការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ជាបទចោទដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិចាត់ទុកថា ជារឿងនយោបាយ។
បើតាមអង្គការសិទ្ធិមនុស្សលីកាដូ គិតត្រឹមថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នេះ រដ្ឋាភិបាល និងស្ថាប័នអនុវត្តច្បាប់កម្ពុជាបាន និងកំពុងបន្តឃុំខ្លួនអ្នកទោសមនសិការ យ៉ាងហោចណាស់ ៧៦នាក់។
ជុំវិញបញ្ហានេះ លោក វិធិត មុនថាប៊ន អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា សហភាពអឺរ៉ុប សហរដ្ឋអាមេរិកជាដើមបានជំរុញ និងទាមទារឱ្យកម្ពុជាដោះលែងអ្នកទោសនយោបាយទាំងអស់ បញ្ចប់ការបង្ក្រាបលើសំឡេងប្រឆាំង និងចាត់វិធានការចាំបាច់នានា ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលមានការចូលរួមពីគ្រប់គណបក្សនយោបាយ។
ការជំរុញនេះ ក្រុមប្រទេស ប្លុកលោកសេរីមើលឃើញថា វិធានបង្ក្រាបទៅលើក្រុមសំឡេងជំទាស់ ពីសំណាក់មេដឹកនាំបក្សកាន់អំណាច មានចរិតនយោបាយ ជាទង្វើប្រាសចាកពីគន្លងប្រជាធិបតេយ្យ បំពានរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ។ ជាងនេះទៅទៀត លោក មុនថាប៊ន បាននិយាយចំៗ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៥៧ នៅទីក្រុងហ្វ្សឺណែវ អំឡុងដើមខែតុលា ឆ្នាំ២០២៤ នេះថា ការផ្ទេរអំណាចនៅកម្ពុជា ក្នុងឆ្នាំ២០២៣ ធ្វើឡើងតែនៅក្នុងរង្វង់ក្រុមគ្រួសារ គឺជាការបន្តក្តោបក្តាប់អំណាចដោយគ្មានលក្ខណៈប្រជាធិបតេយ្យ និងតម្លាភាពឡើយ៕
ដោយ៖ កញ្ញា កែវ មរកត