កម្តៅនយោបាយនៅកូរ៉េខាងត្បូងប៉ុន្មានថ្ងៃនេះបានជំរុញឱ្យមានការប្រៀបធៀបភាពអសកម្មរបស់រដ្ឋសភានៅកម្ពុជាដែលអង្គុយចំាតែលើកដៃបើកប្រាក់ខែរាស្ត្រម្នាក់ ៥ពាន់ដុល្លារ ពីមួយអាណត្តិទៅមួយអាណត្តិ បើទោះបីកម្ពុជារងការស្តីបន្ទោសពីសហគមន៍អន្តរជាតិ ជុំវិញការំលោភសិទ្ធិមនុស្សក្តី។
បញ្ហានេះអ្នកឃ្លាំមើលនិយាយថា មូលដ្ឋានគ្រឹះជំរុញឱ្យមេដឹកនាំប្រទេសកូរ៉េខាងត្បូងដកថយ មិនប្រើច្បាប់អាជ្ញាសឹក ដោយសារសភាតំណាងរាស្ត្រគេខ្លាំង រួមទាំងចំនុចពិសេសមួយចំនួនទៀត។
ការលើកឡើងនេះក្រោយប្រធានាធិបតី លោក យូន សុកយោល ពីថ្ងៃទី៣ ខែធ្នូ បានប្រកាសប្រើច្បាប់អាជ្ញាសឹក ដាក់ប្រទេសក្នុងគ្រាអាសន្ន បានប្រមាណតែ ៣ម៉ោង ក៏ប្រកាសលុបចោលវិញ ក្រោមសម្ពាធពីការតវ៉ារបស់សមាជិកសភា និងរលកតវ៉ាពីពលរដ្ឋ។
ជុំវិញព្រឹត្តិការណ៍នយោបាយអន្តរជាតិនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ថ្លែងកោតសរសើចំពោះការស្រុះដៃគ្នាពីពលរដ្ឋកូរ៉េ មន្រ្តីបក្សប្រឆាំង រួមទាំងសមាជិកសភាពីបក្សកាន់អំណាចផង បានងើបតាវ៉ាទាំងយប់ ដោយតម្តល់ប្រយោជន៍ជាតិជាធំ ការពារប្រជាធិបតេយ្យក្នុងប្រទេសខ្លួនដែលកម្ពុជាគួររៀនសូត្រតាម។
ជ្រុងមួយនៃព្រឹត្តិការណ៍នេះ លោកកត់សម្កាល់ថា គ្រាដែលប្រធានាធិបតីកូរ៉េបញ្ចេញកងទ័ពឡោមព័ទ្ធរដ្ឋសភាទាំងកណ្តាលយប់ តែសមាជិកបក្សប្រឆាំងនៅប្រទេសកូរ៉េ មិនរត់ចោលរដ្ឋសភានោះទេ ពោលគឺនៅតែអង្កុយប្រជុំដើម្បីជំទាស់លើការសម្រេចរបស់មេដឹកនាំប្រទេសកូរ៉េ ដែលនេះហាក់ផ្ទុយពីបក្សប្រឆាំងនៅកម្ពុជាដែលនៅមានភាពទន់ជ្រាយនៅឡើយ។
លោកថា៖ «ការពាររដ្ឋធម្មនុញ្ញរបស់គេ ការពារភាពត្រឹមត្រូវនៃច្បាប់ គេអត់ខ្លាចដាក់អីដាក់ទៅ គឺគេនៅតែប្រឆាំង អាហ្នឹងជាទង្វើចាស់ទុំរបស់គេ ហើយ បញ្ជាក់ពីភាពត្រឹមត្រូវខាងផ្លួវច្បាប់ក្នុងនាមគេជាសមាជិកសភា តំណាងរាស្រ្តរបស់ប្រទេសជាតិ មានការទទួលខុសត្រូវខ្ពស់ណាស់។ ដោយឡែក នៅកម្ពុជាវិញការទទួលខុសត្រូវ បក្សប្រឆាំងនៅមានកំរិតមិនមែនគាត់មិនស្រលាញ់ជាតិទេ គាត់ស្រលាញ់ប៉ុន្តែឱ្យតែឃើញគេ គំរាមបន្តិចបន្តួចហ្នឹង អ្នកខ្លះត្រង់កន្ទុយបាត់ សុខមិនសុខចុះចូលជាមួយគេទៀត »។
ជាងនេះទៅទៀត លោក ម៉ែន ណាត កត់សម្គាល់ឃើញថា មន្រ្តីរាជការខ្មែរ រួមមាន សមាជិកសភា ព្រឹទ្ធសភាបក្សកាន់អំណាច រាជការខ្មែរវិញក៏គិតតែប្រយោជន៍ផ្ទាល់ខ្លួន ជាជាងប្រយោជន៍ជាតិ ដែល ផ្ទុយពីមន្រ្តីបក្សកាន់អំណាចនៅប្រទេសកូរ៉េ ដែលមានទាំងមនសិការជាតិខ្ពស់ និងភាពក្លាហានផងដែរ។
លោកថា៖ «ហើយពួកតំណាងរាស្រ្ត ពួកមន្រ្តីរាជការស្អីអស់ហ្នឹង គឺរួញក្បាល ដូចក្បាលអណ្តើកចឹង ឃើញស្ថានភាពមិនល្អលាក់ខ្លួនក្នុងស្នូកបាត់។ បញ្ហាវាប្រឈម ឃើញទេលោក ហ៊ុន សែន បានដៃកំទេចប្រជាធិបតេយ្យ កំទេចស្ថានភាពសិទ្ធិមនុស្ស រំលោភរដ្ឋធម្មនុញ្ញ ហើយពួកមន្រ្តីសមាជិកសភា ពួកព្រឹទ្ធសភា ពួករដ្ឋាភិបាលអស់ហ្នឹងបន្ទរតាមលោក ហ៊ុន សែន ម្លោះហើយធ្វើឱ្យប្រទេសជាតិវាធ្លាក់ចូលក្នុងវិបត្តិ»។
ព្រឹត្តិការណ៍នយោបាយនៅកូរ៉េនេះ សារពត៌មាន BBC ចុះផ្សាយថា ស្ថិតក្នុងស្ថានភាពជ្រួលច្របល់ទាំងយប់ ស្ត្រីម្នាក់បានឈរ តទល់នឹងកាណុងកាំភ្លើងរបស់កងទ័ព ដោយភាពក្លាហាន ថែមទាំងបានរុញច្រានកាំភ្លើងរបស់កងទ័ពចេញ ហើយនិយាយថា “យើងត្រូវតែបញ្ឈប់រឿងនេះ”។
ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសប្រើច្បាប់អាជ្ញាសឹកនេះ ដោយលើកហេតុផលថា ក្រុមប្រឆាំងដែលមាននិន្នាការគាំទ្រកូរ៉េខាងជើង បានរៀបចំសកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។
ប៉ុន្តែចំណាត់ការនេះ ត្រូវបានប្រជាពលរដ្ឋកូរ៉េ រួមទាំងគណបក្សប្រឆាំង និងសមាជិកសភាមកពីបក្សកាន់អំណាចផងដែរ ចាត់ទុកថា ជាភាពផ្តាច់ការ ប្រាសចាករដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង។
ក្រោមសម្ពាធតវ៉ាពីពលរដ្ឋរាប់ពាន់នាក់ ប្រមាណ៣ម៉ោងក្រោយ មេដឹកនាំរូបនេះប្រកាសលុបចោលច្បាប់អាជ្ញាសឹងនេះវិញ ខណៈរដ្ឋមន្រ្តីការពារជាតិកូរ៉េ រដ្ឋមន្រ្តីក្រសួងអប់រំ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាដើមបានប្រកាសលាឈប់ពីតំណែងផងដែរ ដោយពួកគេថា មិនអាចបំរើមេដឹកនាំផ្ដាច់ការបានទេ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រារជ្រាវ លោក សេក សុជាតិ កត់សម្គាល់ឃើញថា ប្រទេសកូរ៉េខាងត្បូងមានគ្រឹះរឹងមាំខ្លាំង ផ្នែកប្រជាធិបតេយ្យ ខណៈពលរដ្ឋមានចំណេះដឹងខ្ពស់ និងភាពក្លាហាន ហ៊ានប្រឆាំងទង្វើអ្នកនយោបាយរូបណាដែលដើរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ។
បើតាមលោកសេក សុជាតិ បានគូសបញ្ជាក់ថា ទាំងពលរដ្ឋ និងអ្នកនយោបាយគ្រប់ភាគី បើចង់ឱ្យកម្ពុជា ជាប្រទេសមាននីតិរដ្ឋរឹងមាំដូចកូរ៉េខាងត្បូង ត្រូវតែផ្លាស់ប្តូឥរិយាបទរបស់ខ្លួនធ្វើយ៉ាងណាយកគំរូតាមជនជាតិកូរ៉េ ហើយមន្រ្តីរាជការ ជាពិសេសសមាជិកសភា គួរធ្វើខ្លួនឱ្យសាកសមនឹងប្រាក់ខែដែលទទួលបានពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ ដូចដែលសមាជិកសភាកូរ៉េបានកោះប្រជុំបន្ទាន់ទោះមានការពង្រាយកងទ័ពក្តី។
លោកថា៖«មេដឹកនាំទោះបីជាមានឥទ្ធិពល ឬក៏មានអំណាចធំទី១ នៅក្នុងប្រទេសក៏ដោយ ក៏ប៉ុន្តែពួកគាត់មិនអាចធ្វើការសម្រេចចិត្តដោយអន្តនោម័តណាមួយទេ នៅពេលប្រជាពលរដ្ឋ មានចំណេះដឹង មានការយល់ដឹងទាក់ទងជាមួយនឹងច្បាប់ ហើយនិងសិទ្ធិរបស់គាត់ក្នុងនាមជាម្ចាស់អំណាច »។
លោកបន្ថែមថា៖ «ដូចច្នេះនេះជាបទពិសោធន៍មួយដ៏ល្អ ហើយអ្នកនយោបាយកម្ពុជារួមទាំងមន្រ្តីរាជការគ្រប់ឋានានុក្រមទាំងអស់ គួរពិចារណា តម្កល់ផលប្រយោជន៍រួមរបស់សង្គម ហើយនិងប្រទេសជាតិ ជាពិសេសគឺលើកកម្ពស់ សិទ្ធិរបស់ម្ចាស់អំណាច ដែលជាប្រជាពលរដ្ឋ ដែលគាំទ្រឱ្យពួកគាត់ក្លាយទៅជាថ្នាក់ដឹកនាំប្រទេស ហើយនិងជាអ្នកទទួលបានប្រាក់បៀវត្សពីពួកគាត់តាមរយៈការបង់ពន្ធ»។
ជាមួយគ្នានេះ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក សម រង្សី បញ្ចេញមតិលើហ្វេសប៊ុកលោកថា អ្វីដែលអាចរៀនបានពីប្រទេសកូរ៉េខាងត្បូងគឺ ពេលវេលាមួយដ៏ត្រឹមត្រូវ ត្រូវក្រោកឈរឡើងទាំងអស់គ្នា រួមគ្នាអាចបង្ខំមេដឹកនាំដកថយដើម្បីស្វែងរកដំណោះស្រាយរួមសម្រាប់ប្រទេសទាំងមូលរួមគ្នា។ លោកសង្គត់ធ្ងន់ថា ប្រទេសជាតិគឺជារបស់ប្រជាជនទាំងអស់គ្នា មិនមែនជាកម្មសិទ្ធផ្តាច់មុខរបស់មេដឹកនាំ ឬគ្រួសារណាមួយឡើយ ពោលគឺត្រូវសម្រេចអនាគតប្រទេសជាមួយគ្នា មិនប្រគល់ប្រទេសឲ្យគ្រួសារណាមួយមកសម្រេចជំនួសនោះទេ។
ដោយ៖ លោក សែន សច្ចៈ